ភ្នំពេញៈ អង្គការ​សុខភាព​ពិភពលោក (WHO) បានចេញ​វិធានការ​បន្ទាន់​ទៅដល់​បណ្ដា​ប្រទេស​ទាំងអស់ ត្រូវ​រឹត​បន្ដឹង​ការនាំ​ចូល ការចែក​ចាយ និង​ការផ្សព្វផ្សាយ​លក់​បារី​អេ​ឡិច​ត្រូ​និក​គ្រប់​ប្រភេទ​នៅលើ​ទីផ្សារ និង​ប្រព័ន្ធ​បណ្ដាញ​សង្គម ជាពិសេស​ហាមឃាត់​ការប្រើប្រាស់​បារី​នេះ​ឱ្យបាន​ដូចគ្នា​ទៅនឹង​ថ្នាំជក់​។​


​អង្គការ​ ​WHO បាន​លើក​ឡើង​ថា វិធានការ​បន្ទាន់​ដែល​បណ្តា​ប្រទេស​ទាំងអស់ ហាម​ឃាត់​ការលក់​បារី​អេឡិចត្រូនិក គឺ​ត្រូវ​ពង្រឹង​ការអនុវត្ត​ការនាំ​ចូល និង​បន្ត​ការត្រួតពិនិត្យ និង​ឃ្លាំមើល​ឱ្យបាន​រឹងមាំ ដើម្បី​ធានា​ដល់​ការគាំទ្រ​កិច្ច​អន្តរាគមន៍​ផ្នែក​សុខភាព​សាធារណៈ​។

​ក្រៅពីនេះ បណ្ដា​ប្រទេស​នានា ត្រូវអនុវត្ត​ច្បាប់​ឱ្យបាន​តឹងរ៉ឹង​បំផុត ចំពោះ​ការធ្វើ​ពាណិជ្ជកម្ម​លក់ នាំចូល ចែក​ចាយ និង​ផលិត​បារី​អេ​ឡិច​ត្រូ​​និក​គ្រប់​រសជាតិ ជាពិសេស គឺ​ការបង្កើន​ការបង់ពន្ធ​។ នេះ​បើ​យោងតាម​សេចក្ដីប្រកាស​របស់​អង្គការ​សុខភាព​ពិភព​លោក (WHO) បានឱ្យដឹង​កាលពី​ថ្ងៃទី​ ១៤ ខែធ្នូ ឆ្នាំ​ ២០២៣​។​


​សេចក្ដីប្រកាស​របស់ WHO បានឱ្យដឹង​ទៀតថា ជាមួយនឹង​ការអនុវត្ត​វិធានការ​បន្ទាន់​ទាំងនេះ រួមទាំង​វិធានការ​ត្រួត​ពិនិត្យ​ថ្នាំជក់​ផងដែរ វា​អាចធ្វើឱ្យ​បញ្ឈប់​ការនាំ​ចូល ការចែក​ចាយ ការផ្សព្វផ្សាយ និង​ការ​ផលិត​បារី​អេឡិចត្រូនិក​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។​

​លោក Tedros Adhanom Ghebreyesus អគ្គនាយក​អង្គការ​ WHO បានលើកឡើង​តាមរយៈ​សេចក្តីប្រកាស​ព័​ត៌​មាន​ថា បារី​អេឡិចត្រូនិក​មាន​ជាតិ​នីកូទីន​ដែលមាន​ឥទ្ធិពល​ខ្លាំង ហើយ​វា​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​ដូចជា ខួរក្បាល បេះដូង សួត និង​បង្ក​ជា​ជំងឺមហារីក​ជាដើម​។


​លោក​បានបញ្ជាក់​ឱ្យដឹងថា​៖ «​កុមារ កំពុង​ត្រូវបាន​ក្លាយជា​ជន​គោលដៅ​សម្រាប់​ប្រើប្រាស់​បារី​អេឡិចត្រូនិក ហើយ​អាច​ជាប់ទាក់ទង​នឹង​ជាតិ​នីកូទីន​។ ដូច្នេះ​ខ្ញុំ​ជំ​រុញឱ្យ​ប្រទេស​នានា អនុវត្ត​វិធានការ​ទាំងនោះ​ឱ្យបាន​តឹងរ៉ឹង ក្នុងការ​ទប់ស្កាត់​ការ​កើនឡើង​អ្នកប្រើប្រាស់​បារី​អេឡិចត្រូនិក ដើម្បី​ការពារ​ពលរដ្ឋ​របស់​ខ្លួន ជាពិសេស​កុមារ និង​យុវជន​»​។​

​ចំណែក លោក Ruediger Krech ប្រធាន​នាយកដ្ឋាន​លើកកម្ពស់​សុខភាព​រប​ស់​អង្គ​ការ​សុខភាព​ពិភពលោក ក៏បាន​លើកឡើង​ដែរ​ថា ការកើនឡើង​គួរឱ្យ​ព្រួយបារម្ភ នៃ​ការ​​ប្រើប្រាស់​បារី​អេឡិចត្រូនិក​ក្នុងចំណោម​កុមារ គឺមាន​អត្រា​លើសពី​ការប្រើប្រាស់​មនុស្សពេញវ័យ​នៅក្នុង​បណ្ដា​ប្រទេស​ជាច្រើន​។​

​លោក​ថ្លែងថា​៖«​បារី​អេ​ឡិច​ត្រូ​និក​កំណត់​គោលដៅ​លើ​កុមារ​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម និង​អ្នកមាន​ឥទ្ធិពល​ក្នុងសង្គម យ៉ាងហោចណាស់​មាន​ជាង ១​ ម៉ឺន​រសជាតិ ខណៈដែល​ផលិតផល​ទាំងនេះ​ខ្លះ​ប្រើ​តួអក្សរ តុក្កតា និង​មានការ​រចនា​យ៉ាង​ស្រស់ស្អាត ដើម្បី​ទាក់ទាញ​មនុស្ស​ជំនាន់​ក្រោយ​»​។​

​លោក មុំ គង់ នាយក​ប្រតិ​​ប​ត្តិ​ការ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា បាន​ថ្លែង​ឱ្យដឹង​ដែរ​ថា សេចក្ដីណែនាំ​របស់​អង្គការ​សុខភាព​ពិភពលោក វា​ជា​កត្តា​ជំរុញ​មួយ​ផងដែរ ដើម្បីឱ្យ​ប្រទេស​នីមួយៗ​ដែលជា​សមាជិក ត្រូវខិតខំ​បន្ថែមទៀត​ក្នុងការ​ទប់ស្កាត់​ការប្រើប្រាស់​បារី​អេឡិចត្រូនិក​។​

​លោក​បាន​បន្តថា កន្លងមក កម្ពុជា បាន​ចូលរួម​សកម្មភាព​ទប់ស្កាត់​ការប្រើប្រាស់​បារី​អេ​ឡិច​ត្រូ​និ្ក​គ្រប់​ប្រភេទ​នេះ ដោយ​ធ្វើការ​ហាមឃាត់​ការចែក​ចាយ ការនាំ​ចូល និង​ការប្រើប្រាស់​ជាដើម ប៉ុន្តែ​បច្ចុប្បន្ននេះ នៅតែមាន​ជនល្មើស​ឆ្លៀតឱកាស ប្រើប្រាស់​បណ្ដាញ​សង្គម ធ្វើការ​ផ្សព្វផ្សាយ​លក់​បារី​អេ​ឡិច​​ត្រូ​និក​គ្រប់​ប្រភេទ ក្នុង​រូបភាព​ទាក់ទាញ​កុមារ និង​យុវជន​។​

​លោក គង់ បានបញ្ជាក់​បន្ថែមថា​៖ «​ការអនុវត្ត​សកម្ម​ភាព​ហាមឃាត់​របស់​យើង​ហ្នឹង​នៅមានកម្រិត ដូច្នេះហើយ​ប្រសិនជា​បន្ត​ឱ្យមាន​ការប្រើ​ប្រាស់​បារី​អេឡិចត្រូនិក ជា​ពិសេស​ចំពោះ​កុមារ និង​យុវ​​ជន វា​ប៉ះពាល់​យ៉ាងខ្លាំង​ក្លា​ទៅដល់​ធនធានមនុស្សរ​បស់​កម្ពុជា​យើង​តែម្ដង ពីព្រោះ​សារធាតុ​នីកូទីន​ដែល​នៅក្នុង​បារី​អេឡិចត្រូនិក បាន​ទៅ​បំផ្លាញ​ការលូតលាស់​ខួរក្បាល និង​សរសៃប្រសាទ​របស់​កុមារ​ជាដើម​»​។​

​បើតាម​លោក មុំ គង់ អ្វីដែល​កម្ពុជា​គួរ​ធ្វើ ក្រៅពី​ការអនុវត្ត​សកម្មភាព​ហាមឃាត់ គឺ​ត្រូវដាក់​ទោសទណ្ឌ​ទៅដល់​ជន​​ល្មើស​ដែល​ធ្វើការ​នាំចូល ចែក​ចាយ និង​ផ្សព្វផ្សាយ​បារី​អេឡិចត្រូនិក​នេះ​ឱ្យបាន​តឹងរ៉ឹង​បំផុត ដើម្បី​កុំឱ្យ​មានការ​ផ្សព្វ​ផ្សាយ ទាក់ទាញ​ជា​បន្តទៀត ពីព្រោះ​បារី​អេឡិចត្រូនិក​នេះ ប៉ះពាល់​ធ្ងន់ធ្ងរ​ណាស់​ទៅដល់​ធនធានមនុស្សរ​បស់​កម្ពុជា​នាពេល​អនាគត​។​

​យោងតាម​ការស្រាវជ្រាវ​របស់​ក្រសួងសុខាភិបាល កាលពី​ឆ្នាំ​ ២០២២ ​បាន​បង្ហាញថា អត្រា​អ្នក​ជក់បារី​នៅក្នុង​ប្រទេស​កម្ពុជា គឺ​បាន​ថយចុះ​ពី ​៣២% កាលពី​ឆ្នាំ​២០១៤ មក ​២៨% ក្នុង​ឆ្នាំ​ ២០២២ ក្នុងចំណោម​មនុស្សពេញវ័យ​។ ឆ្នាំ​ ២០១៤-២០២២ អត្រា​អ្នក​ជក់បារី​ថយចុះ​ចំនួន​ ៤%៕