ភ្នំពេញៈ ក្រសួង​មុខងារ​សាធារណៈ រួមជាមួយ​ក្រសួង​​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានធ្វើ​ការប្រឡង​ជ្រើសរើស​មន្ត្រី​កសិកម្ម​ឃុំ ឆ្នាំ​ ២០២៣ នៅ​សាកល​វិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញ នៅ​ថ្ងៃទី​ ១៧ ខែធ្នូ ឆ្នាំ​ ២០២៣ ដែលមាន​បេក្ខជន​ចូលរួម​ប្រឡង​ចំនួន ៣ ៣៨១ ​នាក់​។​


​លោក ហ៊ុន ម៉ា​នី រដ្ឋមន្ត្រី​ក្រសួង​មុខងារសាធារណៈ និង​ជា​ប្រធាន​គណៈកម្មការ​ប្រឡង​ប្រជែង និង​លោក ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​អញ្ជើញ​បើក​វិញ្ញាសា​ប្រឡង​នេះ ដោយមាន​ការចូលរួម​ពី​តំណាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ តំណាង​អង្គភាព​​ប្រឆាំង​អំពើពុករលួយ តំណាង​សាកលវិទ្យាល័យ​នានា រួម​ទាំង​មហាជន ដែល​បាន​ចុះ​ឈ្មោះ​សង្កេតការណ៍ និង​សហ​​ភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​.) ផងដែរ​។​

​លោក ហ៊ុន ម៉ា​នី បានឱ្យដឹង​ក្រោយ​ការបើក​វិញ្ញាសា​ប្រឡង​នោះ​ថា ការប្រឡង​ជ្រើសរើស​មន្ត្រី​កសិកម្ម​ឃុំ​លើកដំបូង​នេះ ត្រូវការ​ជ្រើសរើស​មន្ត្រី​កសិកម្ម​ឃុំ ២៥០​ នាក់ ដែល​ត្រូវ​បម្រើការ​នៅតាម​ទិសដៅ​ឃុំ​នីមួយៗ ក្នុងចំណោម ​១៧ ខេត្ត​។ ក្រសួង​មុខងារសាធារណៈ និង​ភាគី​ពាក់ព័ន្ធ បានរៀបចំ​គណៈ​កម្ម​ការប្រឡង​ធំ​មួយ ដែលមាន​អនុគណៈកម្មការ​ចំនួន​ ៨ ដែលមាន​ការជួប​ជុំគ្នា​តាំងពី​ម៉ោង​ ៦​ ព្រឹក​ថ្ងៃទី​ ១៧ ខែធ្នូ​នេះ ដើម្បី​រៀបចំ​វិញ្ញាសា​ភ្លាមៗ និង​ការ​​ប្រព្រឹត្តទៅ​នៃ​ការប្រឡង​។


​លោក​ប្រធាន​គណៈកម្មការ​ប្រឡង​បញ្ជាក់ថា ការប្រឡង​នេះ មាន​វិញ្ញាសា ​៣ ​ប្រភេទ គឺ វិញ្ញាសាសរសេរ​ជំនា​ញក​សិ​​កម្ម  វិញ្ញាសា​ពហុ​ចម្លើយ និង​វិញ្ញាសាសរសេរ​ភាសា​អង់​​គ្លេ​ស​។ អ្នកតាក់តែង​វិញ្ញាសា​មាន​ទាំង​អ្នកជំនាញ​កសិកម្ម ចំណេះដឹង​ទូទៅ និង​មុខងារ​សាធារណៈ​ផងដែរ​។

​លោក​ថ្លែងថា​៖ «​យើង​ធ្វើ​យ៉ាង​​ណា​ធានា​ឱ្យបាន​ថា មិនមាន​ការ​បែក​វិញ្ញាសា ពិសេស​ពាក់​ព័ន្ធ​នឹង​វិញ្ញាសា គឺ​យើង​ធ្វើ​នៅថ្ងៃនេះ​តែម្តង ជ្រើសរើស​ដោយមាន​ភាគី​ខុសៗ​គ្នា រួចហើយ​យើង​បានសម្រេច យើង print ភ្លាម ហើយ​ចាប់ផ្តើម​ដំណើរ​​ការ​ការប្រឡង​ភ្លាម​»​។​


​លោក​បញ្ជាក់​បន្ថែមថា ការ​កែ​វិញ្ញាសា នឹង​ចាប់ផ្តើម​ថ្ងៃទី ​១៨ ខែធ្នូ​នេះ នៅ​សាលា​ភូមិន្ទ​រដ្ឋបាល ដោយ​ធ្វើការ​កាត់​ក្បាល​វិញ្ញាសា និង​ចុះ​លេខ​​សម្ងាត់​យ៉ាង​ត្រឹមត្រូវ​បំផុត ដែល​ការកែ​នេះ​យ៉ាងយូរ​ប្រើ​រយៈពេល​ ៧ ​ថ្ងៃ​។ អ្នកតាក់តែង​វិញ្ញាសា និង​អ្នក​កែ​វិញ្ញាសា មិនមែនជា​មនុស្ស​តែមួយ​ឡើយ ហើយ​ការកែ​សំណេរ​នេះ​ទៀតសោត មានការ​ឃ្លាំ​មើល​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ និង​បើកឱកាស​ឱ្យ​អ្នកសង្កេតការណ៍​ផ្សេងៗ​ទៀតផង​ដែរ​។​

​លោក ឌិ​ត ទីណា បានឱ្យដឹងថា ជាការ​រំពឹងទុក ក្រសួង​​កសិកម្ម រុក្ខាប្រមាញ់ និង​នេ​សាទ សង្ឃឹមថា នឹង​ជ្រើស​រើស​បាន​មន្ត្រី​កសិកម្ម ដែលមាន​សមត្ថភាព​ពិតប្រាកដ សម្រាប់​ទៅ​បម្រើ​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​។​

​លោក​ថ្លែងថា​៖ «​គោលដៅ​ធំ​បំផុត គឺ​ធ្វើ​ម៉េច​ឱ្យបាន​មន្ត្រី​មាន​សមត្ថភាព អ៊ីចឹង​ក្នុង​ដំណើរការ​នៃ​ការរៀប​ចំការ​​ប្រឡង​ទាំងអស់ គឺមាន​ការគិត​គូរ​គ្រប់​គន្លាក់​ទាំងអស់​ដើម្បី​ធ្វើយ៉ាងណា​មិនឱ្យ​មាន​ភាព​​ចៃដន្យ​ណា ដែល​អាចធ្វើឱ្យ​អ្នក​មិនមាន​សមត្ថភាព​អាច​នឹងមាន​កត្តា​ចៃដន្យ​ក្លាយជា​មន្ត្រី​នោះទេ​»​។​

​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​មុខងារ​សា​ធាណៈ​បានឱ្យដឹងថា ក្នុងការ​ប្រឡង​នេះ​ហាម​ដាច់ខាត​នូវ​សកម្មភាព​មួយចំនួន​រួមមាន ហាម​យក​ឯក​សារ និង​ឧបករណ៍​អេឡិចត្រូនិក​គ្រប់​ប្រភេទ​ចូលក្នុង​មណ្ឌល​​ប្រឡង ហាម​មិនឱ្យ​ប្រព្រឹត្ត​សកម្មភាព​លួច​ចម្លង​តាម​គ្រប់​ទម្រង់​។ ជាមួយគ្នានេះ​បើ​អ​វត្ត​​មាន​មិនបាន​ប្រឡង​វិញ្ញាសា​ណាមួយ នឹងមិន​ត្រូវបាន​អនុញ្ញាត​ឱ្យ​ប្រឡង​វិញ្ញាសា​បន្តបន្ទាប់​ឡើយ​។​

​បេក្ខជន​ដែល​មិន​គោរព​ប្រតិបត្តិ​តាម​ការណែនាំ ឬ​គំរាម​កំហែង ឬ​ធ្វើឱ្យប៉ះពាល់​ដល់​កិត្តិ​​យស បូរណភាព​រូបរាងកាយ​មន្ត្រី​មាន​សមត្ថកិច្ច​ទាំង​ក្នុង​បន្ទប់​ប្រឡង និង​ក្រៅ​បន្ទប់​ប្រឡង នឹងត្រូវ​បញ្ឈប់​មិនឱ្យ​ប្រឡង​ជាបន្ទាន់​ក្នុងសម័យ​ប្រឡង​ដែល​កំពុង​ប្រព្រឹត្ត​នេះ និង​ហាមឃាត់​មិន​ឱ្យចូល​ប្រឡង​ប្រជែង ក្នុងការ​ជ្រើសរើស​មន្ត្រី​​រាជការ ព្រមទាំង​ទទួលខុសត្រូវ​តាម​វិធាន​ច្បាប់​ជា​ធរមាន​៕