​ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន ម៉ា​ណែ​ត បាន​ចូលរួម​ពិធី​បើក​កិច្ចប្រជុំ​កំពូល​រំឭក​ខួប​អនុ​ស្សាវ​រី​យ៍​អាស៊ាន​-​ជប៉ុន ដើម្បី​អបអរសាទរ ឆ្នាំ​ទី​៥០ នៃ​មិត្ត​ភាព និង​កិច្ចសហប្រតិបត្តិការ​អា​ស៊ាន​-​ជប៉ុន ដែល​ត្រូវបាន​ធ្វើឡើង​នាទី​ក្រុង​តូ​ក្យូ កាលពី​ព្រឹក​ថ្ងៃទី​ ១៧ ខែធ្នូ ឆ្នាំ ​២០២៣​។​


​ជាមួយគ្នានេះ​លោក​ ហ៊ុន ម៉ា​​ណែ​ត ក៏បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំពេញអង្គ​នៃ​កិច្ចប្រជុំ​កំពូល​រំឭក​ខួប​អនុស្សាវរីយ៍​អាស៊ាន​-​ជប៉ុន ​ជាមួយ​មេដឹកនាំ​ពី​ប្រទេស​អាស៊ាន​ផ្សេងទៀត​ផងដែរ​។​

​លោក​ ហ៊ុន ម៉ា​ណែ​ត​ និង​លោក​​ស្រី ពេ​ជ ចន្ទ​មុន្នី ហ៊ុន ​ម៉ា​ណែ​ត បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​ចាក​ចេញពី​កម្ពុជា ​កាលពី​ថ្ងៃទី ​១៥​ ខែធ្នូ ដើម្បី​ទៅ​​ចូលរួម​កិច្ចប្រជុំ​កំពូល​រំឭក​ខួប​អនុស្សាវរីយ៍​អាស៊ាន​-​ជប៉ុន​ ដើម្បី​អបអរសាទរ​ឆ្នាំ​ទី​៥០ នៃ​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​អា​ស៊ាន​-​ជប៉ុន ដែល​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​តូ​ក្យូ ចាប់ពី​ថ្ងៃទី ​១៦-១៨ ខែធ្នូ ឆ្នាំ​ ២០២៣​។ នេះ​បើ​យោងតាម​បណ្តាញ​តេ​ឡេ​ក្រាម​របស់លោក​ ហ៊ុន ម៉ា​ណែ​ត​។​


​ក្នុងអំឡុងពេល​ស្នាក់នៅ នៅ​ប្រទេស​ជប៉ុន​ លោក​ ហ៊ុន ម៉ា​ណែ​ត ក៏បាន​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ នៅ​ទីនោះ​កាលពី​ថ្ងៃទី​ ១៦ ខែធ្នូ​។​ លោក​បាន​ថ្លែង​ទៅកាន់​ពលរដ្ឋ​ថា រាជរដ្ឋាភិបាល​បើកឱកាស​សម្រាប់​ការរក​ការងារ​ធ្វើ​ជូន​ពលករ​ខ្មែរ​នៅក្រៅ​ប្រទេស​ដែល​នៅ​ឆ្នាំ​ ២០២៤​ ខាងមុខ គ្រោង​នឹង​បង្កើន​ចំនួន​ពលករ​ធ្វើការ​នៅ​ជប៉ុន​ដល់​ ៨​ ពាន់​នាក់​ទៀត​។​

​លោក​បាន​មានប្រសាសន៍ថា៖ «​អ្វីដែល​រាជរដ្ឋាភិបាល​បានធ្វើ មិន​ខុសពី​ប្រទេស​ផ្សេងៗ​ទៀត​ទេ គឺ​ការបង្កើត​ជម្រើស ហើយ​នៅ​ប្រទេស​ជប៉ុន​មកដល់​ម៉ោង​នេះ យើង​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ជិត​ ៣ ​ម៉ឺន​នាក់ ដែល​ភាគច្រើន​ជា​កម្មសិក្សាការី​យើង និង​សិស្ស​និស្សិត និង​បងប្អូន​ខ្មែរ​យើង​ផង​ដែរ​»​។​


​លោក​ ហ៊ុន ម៉ា​ណែ​ត​ បាន​បន្តថា​៖ «​យើង​កំពុងតែ​ចរចា ឆ្នាំក្រោយ​អាច​ពង្រីក​បន្ថែមទៀត​ម​ក​ជប៉ុន ដែល​អាច​បាន​ខ្ទង់​ ៨​ ពាន់​នាក់​បន្ថែមទៀត​។ សួរថា រដ្ឋាភិបាល​ខំ​ពង្រីក​នេះ ដើម្បីឱ្យ​ខ្មែរ​ធ្វើ​ខ្ញុំគេ​? គឺ​អត់​ទេ តែ​ដើម្បី​បង្កើត​ឱកាស​។ យើង​មិនមែន​បញ្ជូនទៅឱ្យ​លួច​ប្លន់​គេ​ទេ យើង​បញ្ជូន​ទៅធ្វើ​ការងារ​តាម​សមត្ថ​​ភាព​និង​សេចក្តីថ្លៃថ្នូរ​របស់​បង​ប្អូន ដើម្បី​បាន​ចំណូល បាន​ប្រាក់បៀវត្សរ៍​ចិញ្ចឹម​គ្រួសារ​ព្រមទាំង​បង្កើន​ជំនាញ​ផ្សេងៗ និង​បង្កើន​សមត្ថ​ភាព​កាន់តែ​រីកចម្រើន​នៅ​ថ្ងៃ​អនាគត​»​។​

លោកហ៊ុន ម៉ាណែត ថត​រូប​​ជាមួ​​យ​ពលរដ្ឋ​ខ្មែរ​នៅជប៉ុន​។ រូបថត STPM

​នាឱកាស​នោះដែរ លោក​ក៏បាន​លើកឡើង​ផង​ដែរ​ថា ម្ចាស់​ក្រុមហ៊ុន​ដែលមាន​កម្មសិក្សាការី​ធ្វើការ​ជាមួយ បាន​សរសើរ​ដល់​ប្រជាជន​ខ្មែរ​ស្លូត​ត្រង់ ស្មោះត្រង់ និង​ឧស្សាហ៍​ព្យាយាម ដែល​ទាំងនេះ​គឺជា​មោ​ទ​​ន​ភាព​របស់​កម្ពុជា និង​មោទនភាព​របស់​កូន​ខ្មែរ​។​

​លោក​ ហ៊ុន ម៉ា​ណែ​ត បញ្ជាក់ថា​៖ «​មូលហេតុ​ដែល​នឹង​បញ្ជូន​កម្មសិក្សាការី​ ៨ ​ពាន់​នាក់​ថែម​​ទៀត​នៅ​ឆ្នាំ​ក្រោយនេះ គឺ​មិនមែនជា​កត្តា​ចៃដន្យ​ទេ​។ បើសិន​​ជា​បងប្អូន​ពលករ ឬ​កម្មសិក្សា​ការី​យើង​មក​ទីនេះ​ដើម្បី​បង្ករឿង គេ​នឹង​មិនឱ្យ​បន្ថែម​៨​ពាន់​នាក់​ទៀត​ទេ តែដោយសារ​តែ​អំពើ​ល្អ និង​ការខិតខំ​របស់​បងប្អូន ទើប​ផ្តល់ឱកាស​ឱ្យ​បងប្អូន​យើង​ផ្សេងៗ​ទៀត​បាន​មកនេះ គឺជា​គុណបុណ្យ​ធំធេង​ណាស់​»​។​

​លោកនាយក​រដ្ឋមន្ត្រី ក៏​បានឱ្យ​ប្រជាពលរដ្ឋ​ជឿទុកចិត្ត​លើ​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧ ​ដែល​លោក​នឹង​នៅតែ​បន្ត​ដឹកនាំ​តាម​ចក្ខុវិស័យ​ដែល​អតីត​នាយក​រដ្ឋ​​មន្ត្រី លោក ហ៊ុន សែន បាន​កសាង​ប្រទេស ៤០​ ឆ្នាំ ជាមួយនឹង​ថ្នាក់ដឹកនាំ​ជំនាន់​មុន ដែល​បាន​កសាង​ប្រទេស​មក​បាន​ដូចនេះ​។ 

​លោក​បាន​ថ្លែងថា៖ «​នៅពេលដែល​យើង​មាន​សុខ​សន្តិ​ភាព និង​ការអភិវឌ្ឍ យើង​ត្រូវ​ថែ​​ទាំ​ឱ្យបាន ដែល​នេះ​ជាការ​ប្តេជ្ញាចិត្ត​ធ្វើយ៉ាងណា​ឱ្យ​ផល​ដែល​បាន​ត្រូវ​ទៅឱ្យ​ដល់​ប្រជាពលរដ្ឋ​បាន​គ្រប់​ទីកន្លែង មិនមែន​ប្រមូលផ្តុំ​ក្នុង​ដៃ​អ្នកណាម្នាក់​ឬ​ក្រុម​ណាមួយ​ទេ តែ​ត្រូវ​ចែក​ទៅឱ្យ​ដល់ដៃ​ប្រជាពលរដ្ឋ ជាពិសេស​ប្រជា​​ពលរដ្ឋ​ដែលមាន​ជីវភាព​ក្រីក្រ​ដែល​យើង​ត្រូវតែ​ជួយ​ឱ្យបាន​ច្រើន​»​។​

​លោក​បន្ថែមថា ពាក់ព័ន្ធ​ទៅនឹង​ជ្រុង​មួយ​នៃ​គោលនយោបាយ​សេដ្ឋកិច្ចកម្ពុជា គឺ​បង្កើត​ការងារ ទាំង​បរិមាណ និង​គុណភាព​ការ​ងារ​គ្រប់​វិស័យ​ដែល​ត្រូវ​ជំរុញ គ្រប់​ទីកន្លែង​ដែល​ត្រូវ​ជំរុញ​ក្នុងប្រទេស បូក​ជាមួយនឹង​ជម្រើស​នោះ​នៅក្រៅ​ប្រទេស​។​

​លោក ហ៊ុន ម៉ា​ណែ​ត ក៏បាន​ថ្លែង​ដែរ​ថា​៖ «​ឱ្យតែ​និយាយ​ពី​បងប្អូន​ទៅធ្វើ​ការ​នៅក្រៅ​ប្រទេស​គឺ​ដឹង​តែ​ចោទថា រដ្ឋាភិបាល​ខ្មែរ​បញ្ជូន​កូនចៅ​ទៅធ្វើ​ខ្ញុំគេ​។ នៅលើ​ពិភពលោក​នេះ គ្មាន​ប្រទេស​ណាមួយ​ដែល​គ្មាន​ប្រជាពលរដ្ឋ​ធ្វើការ​ក្រៅប្រទេស​ទេ រួមទាំង​ជប៉ុន​ផងដែរ ជប៉ុន​ទៅធ្វើ​ការ​ជាច្រើន នៅ​សហរដ្ឋអាមេរិក កូរ៉េ មក​ធ្វើការ​នៅ​ជប៉ុន ខ្មែរ​ទៅធ្វើ​ការ​នៅ​កូរ៉េ​»​។

​លោក មឿ​ន តុលា ប្រធាន​អង្គការ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ និង​សិទ្ធិមនុស្ស​ (​សង់​ត្រា​ល់​) បាន​ថ្លែង​នៅ​ថ្ងៃទី​ ១៧ ខែធ្នូ​ថា កម្ពុជា មិនទាន់​មានការ​ងារ​គ្រប់គ្រាន់​សម្រាប់​ពលរដ្ឋ​ខ្លួន ដូច្នេះ​ការផ្ដល់​ឱកាស​ឱ្យ​ពលរដ្ឋ​ខ្មែរ អាច​ទៅធ្វើ​ការបន្ថែម​នៅ​ជប៉ុន ជាការ​រួមចំណែក​ជួយ​សេដ្ឋកិច្ច​ដល់​ពលរដ្ឋ​ខ្មែរ​ដែលជា​ពលករ​ឱ្យ​ប្រសើរឡើង​។

លោក​បន្តថា ប៉ុន្តែ​អ្វីដែល​ត្រូវ​គិត​នោះ​គឺ​ពលករ​ដែល​ទៅធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន ពេល​ត្រឡប់មក​កម្ពុជា​វិញ ពួក​គាត់​មានភ្ជាប់​ជាមួយ​ជំនាញ​អ្វីខ្លះ ហើយ​ជំនាញ​ដែល​ភ្ជាប់​មកនេះ អាច​ប្រើប្រាស់​ក្នុងប្រទេស​របស់ខ្លួន​បានដែរ​ឬទេ​។ 

​លោក​បន្ថែមថា៖ «​ជាមួយគ្នានេះ កម្ពុជា ក៏​មិនទាន់មាន​គោលនយោបាយ ឬ​ផែនការ​ស្រង់​យក​ជំនាញ​របស់​ពលករ​ដែ​ល​ត្រឡប់មកវិញ​ដែរ ហេតុនេះ​ធ្វើឱ្យ​កម្ពុជា​ខ្វះ​ពលករ​ជំនាញ​ឬ​កម្មករ​ជំនាញ​ជាដើម​»​។​

​ទន្ទឹមនឹង​នេះដែរ លោក មឿ​ន តុលា ក៏បាន​លើកឡើង​ដែរ​ថា រដ្ឋាភិបាល​គួរ​បង្កើត​ការងារ​ឬ​មុខ​​របរ​ឱ្យ​ពលរដ្ឋ​ធ្វើ​នៅក្នុង​ប្រទេស​ឱ្យបាន​ច្រើន ហើយ​ទទួលបាន​ប្រាក់ចំណូល​សមរម្យ​ទើប​វា​សម​ជាទី​មោទនភាព​ជាង​ការបង្កើន​ការបញ្ជូន​ពលរដ្ឋ​រប​ស់​ខ្លួន​ទៅធ្វើ​ការ​ស្រុក​គេ​៕