ភ្នំពេញៈ បំពង់ពន្លត់អគ្គិភ័យមានសារៈសំខាន់ណាស់ក្នុងការទប់ស្កាត់គ្រោះអគ្គិភ័យបឋមនៅក្នុងផ្ទះឬតាមទីសាធារណៈខណៈរយៈពេល ៦ ខែ ឆ្នាំនេះមានអ្នកស្លាប់ដោយសារភ្លើងឆេះផ្ទះចំនួន ៤១ នាក់ របួស ៨៤ នាក់ និងឆេះផ្ទះអស់ ៤១៣ ខ្នង នៅរាជធានី-ខេត្តមួយចំនួនទូទាំងប្រទេស។ នេះបើតាមមន្ត្រីជំនាញពន្លត់អគ្គិភ័យ។
ការអះអាងរបស់មន្ត្រីជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិនេះក៏ស្របទៅនឹងការលើកឡើងរបស់អ្នកស្រី ឡុង គឹមម៉ារីតា បច្ចុប្បន្នរស់នៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញដែលបានប្រាប់ថា បច្ចុប្បន្នអ្នកស្រីប្រើបំពង់ពន្លត់អគ្គិភ័យប្រភេទម្សៅស្ងួតចំនួន ១ បំពង់ ទុកក្នុងផ្ទះតាំងពីអំឡុងឆ្នាំ ២០១៩ មកម្ល៉េះ។ ការដែលអ្នកស្រីទិញវាទុកក្នុងផ្ទះបែបនេះក៏ព្រោះតែគិតថាបំពង់ពន្លត់អគ្គិភ័យនេះ មានអត្ថប្រយោជន៍ខ្លាំងណាស់ នៅពេលមានហេតុការណ៍អាសន្នណាមួយកើតឡើងពាក់ព័ន្ធនឹងភ្លើងឆេះផ្ទះ។
អ្នកស្រី ម៉ារីតា បានប្រាប់ថា៖ «ជាក់ស្តែងផ្ទះខ្ញុំបានជួបរឿងបែបហ្នឹងដោយសារតែមានពេលមួយនោះ ក្នុងផ្ទះខ្ញុំមានទុស្សេខ្សែភ្លើងនិងឆេះពិតាន ហើយធ្លាក់កម្ទេចភ្លើងស្រក់មកក្រោម។ពេលហ្នឹងខ្ញុំស្រមៃថាបើនៅក្នុងផ្ទះខ្ញុំគ្មានអាបំពង់ពន្លត់អគ្គិភ័យហ្នឹងទេខ្ញុំពិបាកមែនទែនហើយ។ ពេលឆេះនោះខ្ញុំស្រមៃថានឹងយកអីមកពន្លត់បាន ស្របពេលដែលខ្ញុំបិទកុងតាក់ភ្លើងរួចហើយ ក៏វានៅតែឆេះហើយវានៅទីខ្ពស់ទៀត»។
អ្នកស្រីបន្តថា៖ «ពិតាននៅក្នុងផ្ទះរបស់ខ្ញុំដែលត្រូវភ្លើងឆេះនោះមានកម្ពស់ប្រហែល ៣ ម៉ែត្រ ហើយសូម្បីតែខ្ញុំយកទឹកទៅជះក៏ពិបាកក្នុងការជះដល់កន្លែងភ្លើងឆេះនោះដែរ។ដូច្នេះនៅពេលខ្ញុំនឹកឃើញថាមានបំពង់ពន្លត់អគ្គិភ័យបម្រុងទុកបែបនេះស្វាមីរបស់ខ្ញុំក៏បានស្ទុះទាញយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ ស្រាប់តែភ្លើងរលត់អស់តែម្តង»។
ដោយភាពជឿជាក់ អ្នកស្រី ម៉ារីតា បានផ្តល់ជាយោបល់ថា នៅគ្រប់ផ្ទះគួរតែទិញបំពង់ពន្លត់អគ្គិភ័យទុកតាមផ្ទះរៀងៗខ្លួន ១ ឬក៏ ២ ទៅតាមលទ្ធភាព តែយ៉ាងហោចណាស់ក៏មាន ១ ដែរក្នុង ១ ផ្ទះ ពីព្រោះនៅពេលមានអាសន្នពាក់ព័ន្ធនឹងអគ្គិភ័យឆេះផ្ទះគឺយើងមានបំពង់ពន្លត់អគ្គិភ័យស្រាប់ដើម្បីបាញ់ពន្លត់ការពារកុំឱ្យឆេះរាលដាលបាន។
ពាក់ព័ន្ធនឹងបំពង់ពន្លត់អគ្គិភ័យនេះលោក វ៉ាន់ សំណាង អនុប្រធាននាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា បច្ចុប្បន្នការប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យនៅតាមរាជធានី-ខេត្តក្រុង កំពុងមានកំណើនពី ១ ឆ្នាំទៅ ១ ឆ្នាំ។កំណើននេះក៏មកពីមានការយល់ដឹងកាន់តែទូលំទូលាយពីពលរដ្ឋតាមរយៈក្រុមការងារផ្នែកជំនាញអគ្គិភ័យនៃនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះបានដាក់កម្លាំងចុះផ្សព្វផ្សព្វនៅទូទាំងប្រទេស។
លោកបានឱ្យដឹងថា ពាក់ព័ន្ធបំពង់ពន្លត់អគ្គិភ័យដែលកំពុងប្រើប្រាស់នៅកម្ពុជាមាន ៣ ប្រភេទរួមមាន ប្រភេទ ABC ប្រភេទ BC(ABC និង BC ជាប្រភេទប្រើម្សៅស្ងួត) និងប្រភេទ CO2 ជាប្រភេទឧស្ម័ន។ ចំពោះប្រភេទម្សៅស្ងួត បើគេមិនទាន់ប្រើគឺអាចទុកបាន ៥ ឆ្នាំ តែបើខែក្តៅត្រូវឧស្សាហ៍ក្រឡុកបំពង់ តែបើប្រើរួច ទោះបីជាម្តងក្តីគឺត្រូវខូចគុណភាពហើយ។ រីឯប្រភេទ CO2 វិញ បើទោះជាគេប្រើរួចក៏ដោយ ក៏គេអាចរក្សាទុកប្រើបន្តទៀតបានដែរ។ បើទោះជាវាជាប្រភេទឧស្ម័ន តែបំពង់វាហ្នឹងគឺអត់ភាយខ្យល់ចេញមកខាងក្រៅបានទេ។
លោកបានបញ្ជាក់ថា៖ «ចំពោះប្រសិទ្ធភាពនៃការពន្លត់ភ្លើងដូចជាប្រភេទ ABC ប្រភេទ BC ហ្នឹងវាពន្លត់បានទៅលើវត្ថុរឹង វត្ថុរាវនិងឧស្ម័ន។ ដោយឡែកប្រភេទ CO2 ដោយសារវាជាប្រភេទឧស្ម័ន ដូច្នេះភាគច្រើនគឺពន្លត់ភ្លើងបានតែក្នុងបន្ទប់ដែលមានដាក់ឯកសារ ព្រោះកម្រិតត្រជាក់នៃឧស្ម័នមានរហូតដល់ដក ៧៩ អង្សារ»។
បើតាមលោក វ៉ាន់ សំណាង បំពង់ពន្លត់អគ្គិភ័យប្រភេទ ABC មានប្រសិទ្ធភាពពន្លត់លើចរន្តអគ្គិសនី។ តាមការស្រាវជ្រាវរបស់នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះឃើញថា ភ្លើងឆេះផ្ទះគឺមានមូលហេតុមកពីឆ្លងចរន្តអគ្គិសនីច្រើនជាងមូលហេតុផ្សេងៗទៀត។
លោកបន្តទៀតថា ពាក់ព័ន្ធនឹងបច្ចេកទេសនៃការប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យគឺក្រុមជំនាញរបស់នាយកដ្ឋានបានចុះផ្សព្វផ្សាយ អប់រំណែនាំពីរបៀប
ប្រើនិងទុកដាក់បំពង់ឱ្យមានសុវត្ថិភាពត្រឹមត្រូវ។ ការចុះផ្សព្វផ្សាយនេះគឺធ្វើតាមការស្នើសុំរបស់មូលដ្ឋាននីមួយៗ ជាពិសេសនៅតាមបណ្តាខេត្តដែលងាយរងគ្រោះដោយអគ្គិភ័យ ដូចជា នៅតាមតំបន់ដែលមានអគារខ្ពស់ៗ ឬមានរោងចក្រសហគ្រាសច្រើនជាដើម។
លោកបានបញ្ជាក់ថា៖ «បើមូលដ្ឋានហ្នឹងស្នើសុំគឺអគ្គស្នងការដ្ឋាននគរបាលជាតិតាមរយៈនាយកដ្ឋាននឹងឱ្យក្រុមជំនាញលោកចុះទៅមូលដ្ឋាននោះ។ដូចជាហ្វឹកហាត់ ពន្យល់ពីរបៀបប្រើប្រាស់ ពីវិធីជម្លៀសខ្លួននៅពេលមានបញ្ហាកើតឡើងថា តើយើងត្រូវជម្លៀសខ្លួនយ៉ាងម៉េចពេលមានអគ្គិភ័យដំបូងនិងធ្វើយ៉ាងម៉េចដើម្បីពន្លត់ឱ្យចំគោលដៅអ៊ីចឹងទៅ»។
បើតាមលោក វ៉ាន់ សំណាង ចំពោះតំបន់ដែលប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យច្រើនជាងគេមានដូចជា នៅរាជធានីភ្នំពេញ សៀមរាប ខេត្តព្រះសីហនុ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ តំបន់ទាំងនេះជាតំបន់ដែលមានមនុស្សប្រមូលផ្តុំគ្នារស់នៅច្រើនហើយសម្បូរអគារខ្ពស់ៗ។ ដូចនេះពេលក្រុមការងារជំនាញចុះទៅបានណែនាំឱ្យមានការប្រុងប្រយ័ត្នឬឱ្យបង្កើតច្រកសម្រាប់រំដោះខ្លួនតាមជណ្តើរចល័តឬជណ្តើរខ្សែអ៊ីចឹងទៅ។
ការណែនាំនេះ គឺសុទ្ធតែអនុវត្តតាមច្បាប់អគ្គិភ័យដែលបានកំណត់ ដូចជា តំបន់ដែលមានអគារកម្ពស់ ១០ ជាន់ឬ ១២ ជាន់ ត្រូវឱ្យមានប្រភពទឹក ១ ដើម្បីងាយស្រួលពេលមានឧបទ្ទវហេតុកើតឡើង។
ជាមួយគ្នានេះ ក្រុមជំនាញក៏បានណែនាំឱ្យមានការប្រុងប្រយ័ត្ន និងត្រូវបង្កើតជាក្រុមអគ្គិភ័យកាតព្វកិច្ចផងដែរ។លោកជាបញ្ជាក់ថា បច្ចុប្បន្នមានតែនៅរាជធានីភ្នំពេញនិងខេត្តព្រះសីហនុប៉ុណ្ណោះដែលមានរថយន្តពន្លត់អគ្គិភ័យដែលមានសមត្ថភាពបាញ់ទឹកពន្លត់បានកម្ពស់ ៥៤ ម៉ែត្រ។ ម្យ៉ាងវិញទៀតក៏ដើម្បីឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែងនៅបណ្តាខេត្តមួយចំនួនដែលមានសំណង់អគារខ្ពស់ៗផងដែរ។
ចំពោះនៅខេត្តណាដែលមិនទាន់មានរថយន្តពន្លត់អគ្គិភ័យដូចខាងលើគឺក្រុមជំនាញរបស់នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះតែងចុះទៅណែនាំឱ្យបង្កើតជាក្រុមពន្លត់អគ្គិភ័យកាតព្វកិច្ចប្រចាំអគារដោយមានការជួយបណ្តុះបណ្តាលពីក្រុមជំនាញរបស់នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ។
ទោះយ៉ាងណាមានរោងចក្រ សហគ្រាស និងតាមលំនៅឋានប្រជាពលរដ្ឋបានផ្តល់ការទុកចិត្តមកលើបំពង់ពន្លត់អគ្គិភ័យរបស់នាយកដ្ឋានហើយបានស្នើសុំជាវយកទៅប្រើប្រាស់ដែលមកទល់បច្ចុប្បន្នមានការកើនឡើងជាបន្តបន្ទាប់ពី ១ ឆ្នាំទៅ ១ ឆ្នាំ។
ចំពោះការលក់បំពង់ពន្លត់អគ្គិភ័យនេះ លោក វ៉ាន់ សំណាង បានឱ្យដឹងថា ដោយសាររាជរដ្ឋាភិបាលបើកសេដ្ឋកិច្ចទីផ្សារសេរី ដូចនេះទើបមានក្រុមហ៊ុនឯកជនមួយចំនួនបាននាំចូលពីបរទេសមកលក់នៅក្នុងប្រទេស ប៉ុន្តែរាល់បំពង់ពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុនឯកជនទាំងនោះមិនបានឆ្លងកាត់ការត្រួតពិនិត្យរបស់នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះទេ។ ហេតុដូចនេះលោកក៏មិនបានដឹងថាត្រូវទៅតាមស្តង់ដា និងត្រូវតាមលក្ខណៈបច្ចេកទេសឬយ៉ាងណាដែរ?
លោកថ្លែងថា៖ «យើងបានផ្តល់បទពិសោធន៍ជំនាញទៅដល់រោងចក្រសហគ្រាសដែលទី១ ត្រូវថែបំពង់កុំឱ្យខូចកុំឱ្យត្រូវថ្ងៃអ៊ីចឹងទៅ។ទី២ សំខាន់ត្រូវឱ្យគាត់ចេះប្រើប្រាស់ ព្រោះអគ្គិភ័យខ្លះវាឆេះឱ្យយើងមើលឃើញ តែអគ្គិភ័យខ្លះឆេះមិនឱ្យយើងដឹងទេ ហើយបើពន្លត់មិនរលត់ តើយើងត្រូវជម្លៀសខ្លួនយ៉ាងម៉េចគឺយើងបង្រៀនគាត់ឱ្យចេះជម្លៀសខ្លួន»។
ពាក់ព័ន្ធការប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យនេះដែរ លោកព្រហ្ម យ៉ន ប្រធានការិយាល័យបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឱ្យដឹងដែរថាការបង្កឡើងដោយអគ្គិភ័យឆេះផ្ទះគឺជាឧបទ្ទវហេតុមួយដែលធ្វើឱ្យខាតបង់ទ្រព្យសម្បត្តិ និងអាយុជីវិត ហើយតាមរយៈការិយាល័យបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញតែងតែផ្សព្វផ្សាយជាប្រចាំឱ្យបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នអំពីគ្រោះថ្នាក់អគ្គិភ័យនេះ។ សម្រាប់បងប្អូនប្រជាពលរដ្ឋរស់នៅតាមលំនៅឋានមានការប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យមានចំនួនកើនជាងឆ្នាំមុនៗ។
លោកបានថ្លែងថា៖ «ឥឡូវពេលគាត់មានបញ្ហាបន្តិចបន្តួចរឿងអគ្គិភ័យឆេះ គឺគាត់យកបំពង់ពន្លត់អគ្គិភ័យទៅពន្លត់ដោយខ្លួនគាត់ដែរហ្នឹង។ភាគច្រើននៅតាមខ្នងផ្ទះមានបំពង់ពន្លត់អគ្គិភ័យខ្លួនឯង»។
ពាក់ព័ន្ធអគ្គិភ័យឆេះផ្ទះនេះ ភ្នំពេញ ប៉ុស្តិ៍ បានសុំព័ត៌មានបន្ថែមពីលោកឧត្តមសេនីយ៍ឯក នេត វន្ថា ប្រធាននាយកដ្ឋានបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះដែរ តែលោកមិនឆ្លើយតបតាមទូរស័ព្ទ។ ក៏ប៉ុន្តែលោក នេត វន្ថា ធ្លាប់បានឱ្យដឹងតាមរយៈទូរទស្សន៍ BTV ថា គិតចាប់ពីខែមករារហូតដល់ខែមិថុនាឆ្នាំ ២០២៣ មានគ្រោះអគ្គិភ័យកើតឡើងចំនួន ៥១៦ លើក ហើយបើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២២ កើនឡើងចំនួន ១៤៤ លើក ខណៈឆ្នាំ ២០២២ មានចំនួន ៣៧២ លើក។
រីឯអ្នកស្លាប់ដោយសារគ្រោះអគ្គិភ័យរយៈពេល ៦ ខែ មានចំនួន ៤១ នាក់ របួស ៨៤ នាក់ឆេះផ្ទះចំនួន ៤១៣ ខ្នងនិងឆេះតូបលក់ដូររបស់អាជីវករចំនួន ៥៧ លើក។
លោកបានបញ្ជាក់ថា៖ «រាជធានីនិងខេត្តដែលរងគ្រោះដោយអគ្គិភ័យច្រើនជាងគេមានរាជធានីភ្នំពេញចំនួន ៧៦ លើក ខេត្តកណ្តាលចំនួន ៥៥ លើក កំពត ៣៩ លើក សៀមរាប ៣៧ លើក តាកែវ ៣៥ លើក និងខេត្តកែប ១ លើក»៕