​ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បាន​លើកឡើងថា រាជរដ្ឋាភិបាល​កម្ពុជា កំពុង​ជំរុញ​ការកែច្នៃ​ផលិតផល​កសិកម្ម ទៅជា​ផលិតផល​សម្រេច សម្រាប់​បម្រើឱ្យ​ការនាំចេញ ខណៈដែល​ក្រុមហ៊ុន​ជប៉ុន បានបង្ហាញ​ពី​បំណង​ក្នុង​ការពង្រីក​ការវិនិយោគ​លើ​ឧស្សាហកម្ម​កែច្នៃ ផលិតផល​កសិកម្ម​នៅ​កម្ពុជា​។​

​ការលើកឡើង​របស់លោក​នា​យក​រដ្ឋមន្ត្រី​ដូចនេះ ធ្វើឡើង​នៅក្នុង​ពេលដែល​លោក​បានអនុញ្ញាត​ឱ្យ​លោក អ៊ី​កា​វ៉ា ណា​អូ​គី (Ikawa Naoki) ប្រធាន​ក្រុមហ៊ុន Ehime Package ចូលជួប​សម្តែង​ការគួរសម​ កាលពី​ថ្ងៃទី ​១៦ ខែធ្នូ ឆ្នាំ​ ២០២៣ ពោលគឺ​នៅ​ឱកាស​ដែល​លោក​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​រំឭក​ខួប​អនុស្សាវរីយ៍​អាស៊ាន​-​ជប៉ុន លើក​ទី​ ៥០ ចាប់ពី​ថ្ងៃទី​ ១៥-១៩ ខែធ្នូ ឆ្នាំ ​២០២៣ នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន​។​


​យោងតាម​លទ្ធផល​នៃ​ជំនួប​ដែល​បាន​ផ្សាយ​តាមរយៈ​តេ​ឡេ​ក្រាម​របស់លោក ហ៊ុន ម៉ា​ណែ​ត បានឱ្យដឹងថា នា​ជំនួប​នោះ លោក អ៊ី​កា​វ៉ា ​ណា​អូ​គី (Ikawa Naoki) ប្រធាន​ក្រុមហ៊ុន Ehime Package បាន​លើកឡើងថា តាមរយៈ​បទពិសោធន៍​ល្អជា​មួយ​ប្រជាជន និង​ប្រទេស​កម្ពុជា គឺ​ក្រុមហ៊ុន​កំពុង​មានបំណង​ពង្រីក​ការវិនិយោគ​របស់ខ្លួន​ទៅក្នុង​ប្រទេស​កម្ពុជា​ ជាពិសេស​ក្នុង​ផ្នែក​ឧស្សាហកម្ម​ផលិត​ទ្បាំ​ង​ក្រដាស សម្រាប់ធ្វើ​ការនាំចេញ​។​

​ជាការ​ឆ្លើយតប លោក ហ៊ុន ម៉ា​ណែ​ត បាន​ស្វាគមន៍​ចំពោះ​វត្ត​​មាន​របស់​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន Ehime Package និង​អរគុណ​ចំពោះ​ការយល់ឃើញ​ប្រកបដោយ​សុទិដ្ឋិនិយម​ពី​សក្តានុពល​របស់​ប្រទេស​កម្ពុជា​។


លោក​នា​​យក​រដ្ឋមន្ត្រី​បាន​បន្ថែមថា លោក​បានលើកឡើង​ពី​គម្រោង​នៃ​ជំនួប​ទ្វេភាគី​ជាមួយ លោកនាយក​រដ្ឋ​មន្ត្រី​ជប៉ុន ដើម្បី​ពិភាក្សា​អំពី​ការពង្រឹង និង​ពង្រីក​កិច្ច​សហ​ប្រតិ​ប​ត្តិ​ការ​រវាង​ប្រទេស​ទាំង​ ២ ​ដោយ​ផ្តោតលើ​ប្រធានបទ​សំខាន់ៗ​មួយចំនួន​ដូចជា ទិសដៅ​នៃ​ការ​លើកកម្ពស់​ទំនាក់ទំនង​ផ្នែក​សេដ្ឋ​​កិច្ច និង​វិស័យ​ឯកជន​។

​លោក​ ហ៊ុន ម៉ា​ណែ​ត​​បញ្ជាក់ថា​៖ «​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន ក្នុង​ការផលិត​ក្រដាស​ចេញពី​ផលិតផល​កសិកម្ម ពិតជា​គួរឱ្យ​ចាប់អារម្មណ៍ ស្រប​ពេលដែល​វិស័យ​កសិកម្ម គឺជា​វិស័យ​អាទិភាព ដែល​រាជរដ្ឋាភិបាល​កំពុង​ជំរុញ​ការផលិត​ទិន្នផល​កសិកម្ម​ជា​ផលិតផល​សម្រេច​បម្រើឱ្យ​ការនាំចេញ​»​។​

​លោក​បន្តថា រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​យន្តការ និង​វិធានការ​មួយចំនួន រួមមាន​ជាអាទិ៍ ការពង្រាយ​មន្ត្រី​កសិកម្ម​នៅ​គ្រប់​ឃុំ ទូទាំងប្រទេស​ដើម្បី​ជួយ​ដល់​​ប្រជាកសិករ និង​ការបង្កើត​សហគមន៍​កសិកម្ម​ទំនើប​ជាដើម​។​

​លោក លឹម ហេង អនុប្រធាន​​សភាពាណិជ្ជកម្ម ដែល​បាន​អម​ដំណើរ លោក​ ហ៊ុន ម៉ា​ណែ​ត ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​រំឭក​ខួប​អនុស្សាវរីយ៍​អាស៊ាន​-​ជប៉ុន​បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​ ១៧ ខែធ្នូ​ថា នា​ប៉ុន្មាន​ថ្ងៃនេះ​មាន​ជំនួប​ពិភាក្សា​ការងារ​ច្រើន រវាង​នាយករដ្ឋមន្ត្រី​កម្ពុជា បណ្តា​ក្រុមហ៊ុន​ធំៗ​របស់​ជប៉ុន​ក្នុង​គោលបំណង​កៀរគរ​អ្នក​​វិនិយោគ​ពី​ជប៉ុន មកកាន់​កម្ពុជា​ឱ្យបាន​កាន់តែច្រើន​បន្ថែម​ទៀត​។​

​លោក​លើកឡើងថា ក្នុងនាម​ជា​វិស័យ​ឯកជន​សភាពាណិជ្ជកម្ម​កម្ពុជា តែងតែ​ធ្វើជា​សេនាធិការ​ដល់​រាជរដ្ឋាភិបាល​ក្នុងការ​ប្រមែ​ប្រមូល និង​ទាក់ទាញ អ្នកវិនិយោគ ជាពិសេស​វិនិយោគិន​ជប៉ុន​ដែល​តែងតែមាន​ការវិនិយោគ​ច្បាស់​លាស់​នៅ​កម្ពុជា​។​

​លោក លឹម ហេង បាន​បញ្ជាក់ថា​៖ «​ប៉ុន្មាន​ថ្ងៃនេះ សម្តេច​ធិបតី​ជួប​ក្រុមហ៊ុន​មួយចំនួន​ដូចជា ក្រុមហ៊ុន Pharma Foods International (PFI) របស់​ជប៉ុន​, ក្រុមហ៊ុន Yazaki Corporation,​ក្រុមហ៊ុន Sumitomo Corporation,​ក្រុមហ៊ុន Ehime Package ជាដើម ដែល​ភាគ​ច្រើន​ក្រុមហ៊ុន​ទាំងនេះ​ហាក់​មានបំណង​ពង្រីក​ការវិនិយោគ​​របស់ខ្លួន មកកាន់​ប្រទេស​កម្ពុជា ជាពិសេស​លើ​វិស័យ​កសិកម្ម​។ យើង​បានឃើញ​កិច្ចខិតខំ​ប្រឹង​ប្រែង​របស់​សម្តេច​នេះ ដែល​នេះ​ជាការ​ជំរុញ​ទឹកចិត្ត​ដល់​វិស័យ​​ឯកជន​យើង ក្នុង​ការជួយ​រាជ​រដ្ឋា​​ភិ​បាល​បំពេញបេសកកម្ម​នេះ​»​។​

​លោក​បានឱ្យដឹង​បន្ថែមថា ក្រៅពី​ជំនួប​ជាមួយ​ក្រុមហ៊ុន​ជប៉ុន​នានា លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​ចូលរួម​វេទិកា​សហ​ច្នៃប្រឌិត​សេដ្ឋកិច្ច​អាស៊ាន​-​ជប៉ុន ដែល​រៀបចំ​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ឧស្សាហកម្ម​ជប៉ុន នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន​ផងដែរ​។​

​លោក ​លឹម ហេង បន្តថា វេទិកា​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​វិស័យ​ឯកជន មកពី​បណ្តា​ប្រទេស​អាស៊ាន និង​ជប៉ុន ដែល​រៀបចំឡើង​ក្នុង​គោលបំណង​ជំរុញ​កា​រត​ភ្ជាប់​ពាណិជ្ជកម្ម​ឌីជីថល រវាង​ប្រទេស​អាស៊ាន និង​ប្រទេស​ជប៉ុន និង​ពិភាក្សា​លើ​ដំណើរការ​ក្នុង ការផ្លាស់ប្តូរ​ឌីជីថល (digital transformation)​ ព្រមទាំង​ចែក​រំលែក​អំពី​ស្ថានភាព​បច្ចុប្បន្ន​នៃ​ឌីជីថល បញ្ហា​ប្រឈម និង​កាលានុវត្តភាព ក្នុងការ​ផ្លាស់ប្តូរ​ឌីជីថល ប្រកប​ចីរភាព​ថែមទាំង​ផ្តោតជាសំខាន់​ទៅលើ​កិច្ចសហការ​ឱ្យ​កាន់តែ​ជិតស្និទ្ធ​រវាង​រដ្ឋាភិបាល និង​វិស័យ​ឯកជន​នៃ​បណ្តា​ប្រទេស​អាស៊ាន និង​ប្រទេស​ជា​ដៃគូ​អាស៊ាន​ផងដែរ​៕