​ភ្នំពេញៈ​​ ក្នុងឱកាស​ជួប​សំណេះ​សំ​ណា​ល​ជាមួយ​ថ្នាក់ដឹកនាំ​មន្ត្រី​រាជការ មន្ត្រី​ជាប់កិច្ចសន្យា នៃ​មន្ទីរ​ព័ត៌មាន​ខេត្តក្រចេះ នា​ថ្ងៃទី​​ ១៦ ខែធ្នូ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក​ នេត្រ ភក្ត្រា ថ្លែងថា ក្រសួង​ព័ត៌មាន​នឹងធ្វើ​បណ្ណ​សម្គាល់​អ្នក​សារព័ត៌មាន ដោយ​ភ្ជាប់ QR code ដើម្បី​បញ្ជាក់​ភាពច្បាស់​លាស់​របស់​អ្នកសារព័ត៌មាន​។​


​យោងតាម​គេហទំព័រ​ក្រសួង​ព័ត៌មាន​លោក នេត្រ ភក្ត្រា បាន​ណែនាំ​ឱ្យ​មន្ទីរ​ព័ត៌មាន ដែលជា​សេនាធិការ​ឱ្យ​ក្រសួង​ដែល​ធ្វើការ​លើ​ការងារ​គ្រប់គ្រង​វិស័យ​ព័ត៌មាន គឺ​គ្រប់គ្រង​ផ្នែក​ច្បាប់ ការចុះបញ្ជី​អ្នកសារព័ត៌មាន​សូម​ក្តាប់​ឱ្យបាន​ព័ត៌មាន​ដែល​កើតមានឡើង​ក្នុង​ខេត្ត​របស់ខ្លួន​។

លោក​ថ្លែងថា​៖ «​ជា​ជំហាន​បន្ត​ទៅមុខទៀត បណ្ណ​សម្គាល់​អ្នកសារព័ត៌មាន ត្រូវ​ចេញ​ដោយ​ក្រសួង​ព័ត៌មាន ហើយនឹង​មានភ្ជាប់ QR code ថែមទៀត​ដើម្បី​បញ្ជាក់​ភាពច្បាស់លាស់រ​បស់បង​ប្អូន​ជា​អ្នកសារព័ត៌មាន​»​។​


​លោក​ ហ៊ុយ វណ្ណៈ ប្រធាន​សហ​ភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា​ថ្លែងថា តាម​គោលការណ៍ អ្នកព័ត៌មាន​ជា​អ្នក​សេរី «​ខ្ញុំ​យល់ថា សារព័ត៌មាន​ជា​វិជ្ជាជីវៈ​សេរី ទាំង​ការគ្រប់គ្រង និង​ការអភិវឌ្ឍ​។ សារព័ត៌មាន​នេះ ត្រូវមាន​គោល​​ការណ៍​ច្បាស់​។ ម្ខាង​ជា​ក្រសួង​ធ្វើការ​នៅក្នុង​តួនាទី ជា​សេនាធិកា​របស់​រាជរដ្ឋាភិបាល​ក្នុងការ​​អភិវឌ្ឍ​ទស្សនទាន​លើ​ការ​ផ្សព្វ​ផ្សាយ ឱ្យមាន​គុណភាព ហើយ​ការធ្វើ QR code នេះ​មិនដឹងថា​ជា​វិធានការ​អ្វី​ទេ​យើង​រង់ចាំ​មើលថា​តើ​វា​ចេញ​ជា​ផល​អ្វី​ទៅវិញ​»​។​

​លោក​ ផុស សុវណ្ណ អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​ឱ្យដឹងថា ការធ្វើ​បណ្ណ​ភ្ជាប់ QR code នេះ​ក្រសួង​នឹង​ចាប់ផ្តើម​អនុវត្ត​ឱ្យប្រើ​ប្រាស់​នៅ​ឆ្នាំ​ ២០២៤ ខាងមុខ​តទៅ ខណៈ​នៅ​ចន្លោះ​ថ្ងៃទី ​១៥ ដល់​ថ្ងៃទី​ ២០ ខែធ្នូ ឆ្នាំ ​២០២៣ ក្រសួង​នឹង​រៀបចំ​បំពេញបែបបទ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​។ 


​លោក​សង្កត់ធ្ងន់ថា​៖ «​បណ្ណ​សម្គាល់​អ្នក​សារព័ត៌​​មាន ដែលមាន QR Code នេះ នឹង​បង្ក​ភាពងាយស្រួល​ដល់​អា​ជ្ញា​ធរ​មូលដ្ឋាន​ក្នុងការ​ត្រួតពិនិត្យ ឬ​អ្នកសារព័ត៌មាន​សម្រាប់​ប្រើ​​ប្រាស់​កុំឱ្យ​មាន​ក្លែងបន្លំ និង​បញ្ជាក់បាន​ពី​អត្តសញ្ញាណ ព្រមទាំង​ងាយស្រួល​ក្នុងការ​ការពារ​អ្នក​សារព័ត៌មាន​យើង​ផងដែរ​»៕