​ភ្នំពេញៈ លោកស្រី​ សយ បុប្ផា អនុ​រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​បាន​ថ្លែងថា វេទិកា​ធុរកិច្ច និង​វិនិយោគ​កម្ពុជា​-​ឥណ្ឌូនេស៊ី ជា​ផ្នែក​សំខាន់​ក្នុង​ការជំរុញ​កំណើន​ពាណិជ្ជកម្ម​រវាង​ប្រ​ទេស​ទាំង​ ២ ខណៈដែល​ប្រទេស​ទាំង​ ២ ​សម្រេចបាន​ទំហំ​ពាណិជ្ជកម្ម​ជា​​មួយ​គ្នា​ជិត ៩៥០​ លាន​ដុល្លារ ក្នុង​ឆ្នាំ​ ២០២២ កន្លងទៅ​។​

​លោកស្រី​សយ បុប្ផា បានលើកឡើង​បែបនេះ នៅក្នុង​វេទិកា​ធុរកិច្ច និង​វិ​និ​យោគ កម្ពុជា​-​ឥណ្ឌូនេស៊ី​ដែល​បានរៀបចំ​ឡើង​កាលពី​ថ្ងៃទី ​១៦ ខែធ្នូ ឆ្នាំ​ ២០២៣ នៅ​សណ្ឋាគារ​កាំបូឌី​យ៉ា​ណា នៅក្នុង​អំឡុងពេល​រៀបចំ​ពិ​ព័រ​ណ៍​ផលិតផល​ខ្មែរ និង​ទំនិញ​នាំចេញ​នាំចូល​កម្ពុជា លើក​ទី ១៦​។​


​នៅក្នុង​សុន្ទរកថា​របស់លោក​ស្រី​បាន​បន្ដថា វេទិកា​ធុរកិច្ច និង​វិនិយោគ​កម្ពុជា​-​ឥណ្ឌូនេស៊ី​ជា​ផ្នែក​សំខាន់​ក្នុង​ការជំរុញ​លើកកម្ពស់​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ឱកាស​វិនិយោគ​ថ្មីៗ រវាង​ប្រទេស​ទាំង ​២ ស្របទៅនឹង​វិស័យ​អាទិភាព​កម្មវិធី​ទី​ ៥ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​លើកស្ទួយ​ផលិត​កម្ម​រក​ទីផ្សារ និង​រក្សា​លំនឹង​ថ្លៃ​ក​សិ​ផល​សំខាន់ៗ​ក្នុង​កម្រិត​សមរម្យ​។​

​លោកស្រី សយ បុប្ផា បាន​បញ្ជាក់ថា​៖«​វេទិកា​ធុរកិច្ច និង​វិនិយោគ​កម្ពុជា​-​ឥណ្ឌូនេស៊ី ជា​ផ្នែក​មួយ​ដ៏​មាន​សារៈ​​សំខាន់ ដើម្បី​ជួយ​ជំរុញ និង​លើក​កម្ពស់​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ​រវាង​កម្ពុជា និង​សាធារណរដ្ឋ​ឥណ្ឌូនេស៊ី​ឱ្យ​កាន់តែ​ប្រសើរឡើង ជាពិសេស​ស្វែងរក​ដៃគូ និង​ឱកាស​វិនិយោគ​ថ្មីៗ​បន្ថែមទៀត រវាង​ប្រទេស​ទាំង​២ ស្របទៅនឹង​វិស័យ​អាទិភាព​កម្មវិធី​ទី​ ៥ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​លើកស្ទួយ​ផលិតកម្ម​រក​ទីផ្សារ និង​រក្សា​លំនឹង​ថ្លៃ​កសិផល​សំខាន់ៗ​ក្នុង​កម្រិត​សមរម្យ​»​។​


​លោកស្រី បាន​បន្តថា នៅក្នុង​ឆ្នាំ​ ២០២៣ ​នេះ នៅពេលដែល​ឥណ្ឌូ​នេ​​ស៊ី​ធ្វើជា​ប្រធាន​អាស៊ាន​រៀបចំ​កិច្ច​​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​ ៤៣ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នៅ​ទីក្រុង​ហ្សា​ការ​តា កាលពី​ខែកញ្ញា ឆ្នាំ ​២០២៣ ក្រសួង​ពាណិជ្ជកម្ម​នៃ​កម្ពុជា និង​ក្រសួង​ពាណិជ្ជកម្ម​ឥណ្ឌូនេស៊ី​បាន​ចុះ​អនុ​ស្ស​​រណៈ​នៃ​ការយោគយល់​គ្នា​នាំចេញ​អង្ករ​កម្ពុជា​ប្រមាណ ​២៥ ​ម៉ឺន​តោន​ទៅ​ប្រទេស​ឥណ្ឌូនេស៊ី​ក្នុង​រយៈពេល ​៤ ​ឆ្នាំ ហើយ​កាលពី​ថ្ងៃទី ​២ ខែវិច្ឆិកា ឆ្នាំ​ ២០២៣ កម្ពុជា​បាន​នាំចេញ​អង្ករ​ទៅ​ឥណ្ឌូនេស៊ី​ជា​លើកដំបូង​ចំនួន​ ២ ​លើក គឺ​លើក​ទី​ ១​ មាន​ចំនួន ​៣,៥​ ពាន់​តោន និង​ទី​ ២ ​មាន​ចំនួន ​១ ម៉ឺន​តោន​។​

​ជាមួយគ្នា​នោះ លោកស្រី Lauti Nia Astri អគ្គទីប្រឹក្សា​ពាណិជ្ជកម្ម​នៃ​ស្ថានទូត​ឥណ្ឌូនេស៊ី​ប្រចាំរាជធានី​​ភ្នំពេញ​ក៏បាន​ថ្លែង​ដែរ​ថា វេទិកា​នេះ​ជា​ឱកាសល្អ​សម្រាប់​វិនិយោគិន​ឥណ្ឌូ​នេ​ស៊ី និង​កម្ពុជា ពិភាក្សាគ្នា​ស្វែងរក​ដៃគូ​វិនិយោគ​ទៅវិញទៅមក​ដើម្បី​ជំរុញ​ការធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២​។​

​លោកស្រី​បាន​បញ្ជាក់ថា​៖ «​សូម​វិ​និ​យោគិន​ប្រទេស​ទាំង​ ២ និង​វិនិយោគិន​អន្តរជាតិ​បន្ត​ចូលរួម​ចាប់​ដៃគូ​ជាមួយគ្នា​ក្នុងការ​ដាក់ទុន​វិនិយោគ​នៅ​កម្ពុជា​ឱ្យបាន​កាន់តែច្រើន​។ យើង​សូម​លើកទឹកចិត្ត​ចំពោះ​វិនិយោគិន​គ្រប់រូប​និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទ្វេភាគី តំបន់ និង​ពិភពលោក​កាន់តែ​ទូលំទូលាយ​»​។​

​លោកស្រី​បាន​បន្តថា ក្នុង​បរិការណ៍​នៃ​សេដ្ឋកិច្ច​ទីផ្សារសេរី បានធ្វើ​ឱ្យមាន​លំហូរ​ទីផ្សារ ការវិនិយោគ​ដើម្បី​កំណើនសេដ្ឋកិច្ច​ក្នុងប្រទេស តំបន់ និង​ពិភព​លោក​។ វេទិកា​ធុរកិច្ច​នេះ នឹង​ជួយ​ជំរុញ និង​លើកកម្ពស់​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ​រវាង​កម្ពុជា និង​ឥណ្ឌូនេស៊ី​ឱ្យ​កាន់តែ​ប្រសើរឡើង​។​

​របាយការណ៍​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​បង្ហាញថា នៅក្នុង​រយៈពេល​ ១១ ​ខែ ឆ្នាំ​ ២០២៣ នេះ ការដោះដូរ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ឥណ្ឌូនេស៊ី សម្រេចបាន​ក្នុង​ទំហំ​ទឹកប្រាក់​ ៩៦៤ ​លាន​ដុល្លារ​កើនឡើង​ជាង​ ១៦ ​ភាគរយ បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ក្នុង​ឆ្នាំ ​២០២២​។​

​ផលិតផល​សំខាន់ៗ​ដែល​កម្ពុជា​នាំ​ចូល​មកពី​ឥណ្ឌូនេស៊ី រួមមាន ថ្នាំជក់ ធ្យូងថ្ម គ្រាប់​ធញ្ញជាតិ ត្រាក់ទ័រ ឱសថ គ្រឿង​ម៉ាស៊ីន ក្រណាត់​មាន​ព្រុយ ប្រេង​ចម្រាញ់​។​

​ដោយឡែក​ចំពោះ​ផលិតផល​ដែល​កម្ពុជា​នាំ​ចេញទៅ​ទីផ្សារ​ឥណ្ឌូនេស៊ី​វិញ មានដូចជា ផលិត​​ផល​សម្លៀកបំពាក់ កាត់ដេរ ស្បែកជើង ក្រណាត់​ចាក់​ឬ​ត្បាញ វ៉ា​លី​ស ក្រដាស​ផ្កា​កែវ គ្រឿង​អេឡិចត្រូនិក ផលិតផល​ប្លា​ស្ទិ​ក និង​ផលិតផល​បន្ទាប់បន្សំ​បម្រើឱ្យ​ការផលិត​កម្ម​ផ្សេងៗ​ទៀត​៕