​ភ្នំពេញៈ​ នគរ​បាល​ខណ្ឌ​ឫស្សីកែវ​នៅ​ថ្ងៃទី​ ១៨ ​ធ្នូ​ កំពុង​កសាង​សំណុំ​រឿង​បញ្ជូន​ស្ត្រី​ម្នាក់​ទៅ​តុលា​ការ​ បន្ទាប់ពី​បាន​ចាប់​ក្មួយ​ស្រី​បង្កើត​អាយុ​ ៦ ​ឆ្នាំ ​ចង​ស្លាបសេក និងប្រើហិង្សា ​កាលពី​យប់​ថ្ងៃទី​ ១៦ ​ធ្នូ ​នៅ​ភូមិ​ទួល​គោក សង្កាត់​ទួល​សង្កែ​ ខណ្ឌ​ឫស្សី​កែវ ​រីឯ​ស្ត្រី​ត្រូវជា​យាយ​បង្កើត​ម្នាក់​ទៀត​ដែលជាប់​ពាក់​ព័ន្ធ​កំពុង​ព្យាបា​ល​ជំងឺ​នៅ​មន្ទីរ​ពេទ្យ​។​


​លោក​ ហ៊ាង ថា​រ៉េត អធិការ​នគរ​បាល​ខ​ណ្ឌ​ឫស្សីកែវ​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី ​១៨​ធ្នូ​ថា​ស្ត្រី​សង្ស័យ​ឈ្មោះ ​ឃុន វ៉ាន់ដា ​អាយុ ​៣៨ ​ឆ្នាំ​ ដែល​បាន​ប្រើ​ហិង្សា​លើ​ក្មួយ​ស្រី​បង្កើត​របស់​ខ្លួន​កំពុង​ឃុំខ្លួន​បណ្តោះ​អាសន្ន​នៅ​អធិការ​ដ្ឋាន​នគរ​បាល​ខណ្ឌ​ឫស្សី​កែវ ​ដើម្បី​បញ្ជូន​ទៅ​តុលា​ការ​។​

​លោក​ប្រាប់​ថា​៖ «​ករណីនេះ​​សមត្ថ​កិច្ច​ជំនា​ញ​កំពុង​រៀបចំ​នី​តិវិធី​ដើម្បី​បញ្ជូន​ស្ត្រី​ម្នាក់នេះ​ទៅ​តុលា​ការ​អនុវត្ត​តាម​ច្បាប់​ហើយ​»​។ 


​លោក នង សា​បុ​ង នាយ​នគរ​បាល​ប៉ុស្តិ៍​ទួល​សង្កែ​ទី​១​ បាន​ស្រង់​សម្តី​ស្ត្រី​សង្ស័យ​ឱ្យដឹងថា​ហេតុ​ការណ៍​នេះ​បាន​​កើត​ឡើង​នៅ​ភូមិ​ទួលគោក​សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ឫស្សីកែវ​។ មុន​កើតហេ​តុ​វេលា​ម៉ោង ​៨ ​យប់​ថ្ងៃទី ​១៦​ ខែធ្នូ ​ឆ្នាំ​ ២០២៣ ​ស្ត្រី​ឈ្មោះ​ឃុន ​វ៉ាន់ដា​និង​ម្តាយ​របស់គា​ត់​បាន​ណែ​នាំ​ឱ្យ​ក្មេង​ស្រី​រងគ្រោះ​ដែល​ត្រូវជា​ក្មួយ​និង​ត្រូវជា​ចៅ​ឈ្មោះ​យ៉​.​ច​.​ល​.​រ​រៀន​ក្រោយ​ពី​ហូប​បាយ​រួច​។ 

លោក​បាន​បន្តថា​ដោយ​សារ​តែ​ក្មេង​ស្រី​មិន​ព្រមធ្វើ​​តាម​អ្នក​ទាំង ​២​ បាន​យក​ខ្សែ​ចង​ស្លាប​សេក​ក្មេងស្រី​ហើយ​យក​មក​ដាក់​នៅក្រៅ​របង​ទ្វារ​មុខ​ផ្ទះ​រួច​នាំគ្នា​ចូល​ទៅ​ខាង​ក្នុង​ផ្ទះ​វិញ​។​ នៅពេល​នោះ​ក៏មាន​ការថត​បង្ហោះ​តាម​បណ្តាញ​ទំនាក់​ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​ហើយក៏​ដឹង​ដល់​សមត្ថ​កិច្ច​របស់​លោក​ និង​ចុះទៅ​ឃាត់​ខ្លួន​ស្ត្រី​ម្ចាស់ផ្ទះ​ទាំង​ ២​ នាក់​តែម្តង​។​ បើតាម​សម្តី​របស់​ស្ត្រី​សង្ស័យ​ប្រាប់​លោក​ថា ក្មេងស្រី​ម្នាក់នេះ​បានរស់នៅ​ជាមួយ​ពួកគាត់​តាំងពី​តូច​មក​ម្ល៉េះ​ព្រោះ​ម្តាយ​ក្មេង​ស្រី​លែង​លះគ្នា​​ហើយ​បាន​ទៅ​ជួល​ផ្ទះ​នៅ​ម្នាក់​ឯង​នៅ​ខណ្ឌ​កំបូល​។​


​បើតាម​លោក សា​បុ​ង​ភ្លាមៗ​ក្រោយ​ឃាត់​ខ្លួន​ស្ត្រី​ជា​ម្តាយបង្កើត​របស់​ជន​សង្ស័យ​ឃុន​វ៉ាន់ដា​បាន​សន្លប់​ហើយ​ត្រូវបាន​សាច់ញាតិ​នាំទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​តែ​ខាង​សាច់ញាតិ​ស្ត្រី​សង្ស័យ​មិនបាន​ប្រាប់​ពី​ឈ្មោះ​មន្ទីរពេទ្យ​ទេ​។​

ចំណែក​ឯ​ម្តាយ​បង្កើត​របស់​ក្មេងរ​ងគ្រោះ​ដែល​ត្រូវជា​ប្អូនបង្កើត​របស់​ស្ត្រី​សង្ស័យ​វិញ​ក៏មិនបាន​ប្តឹង​ចោទ​បងស្រី​និង​ម្តាយ​របស់គាត់​ដែរ​។​ចំណែកឯ​ស្ត្រី​ចំណាស់​ជា​ម្តាយ​ស្ត្រី​សង្ស័យ​ក៏ត្រូវ​ប្រឈមមុខ​នឹង​ផ្លូវច្បាប់​ដែរ​តែ​សមត្ថកិច្ច​រង់ចាំ​ឱ្យ​គាត់​ចេញពី​មន្ទីរពេទ្យ​សិន​ដើម្បី​ទៅ​បង្ហាញ​មុខ​នៅ​តុលា​ការ​។​

​លោក​ថ្លែង​ថា​៖ «​ករណីនេះ​បើទោះជា​​ម្តាយ​ក្មេង​មិន​ប្តឹង​ក៏​សមត្ថកិច្ច​កសាង​សំណុំរឿង​របស់​ស្ត្រី​ទាំង​ ២​ នាក់​ម្តាយកូន​នោះ​ទៅ​តុលាការ​ដែរ​ពីព្រោះ​ពាក់ព័ន្ធ​នឹង​ផ្លូវ​ច្បាប់​»​។​

​ពាក់​ព័ន្ធ​ការប្រើ​អំពើ​ហិង្សា​លើ​កុមារ​នេះ​ លោក ប៊ិន បូរ៉ា ប្រធាន​អង្គការ​កម្ពុជា​ដើម្បី​កុមារ​ដែល​មាន​ការិយា​ល័យ​កណ្តាល​នៅ​រាជធានី​​ភ្នំពេញ​ប្រាប់​នៅ​ថ្ងៃទី​ ១៨ ​ធ្នូ​ថា​​ កុមារ​ប្រៀប​ដូចជា​ក្រដាស​សមិន​ទាន់​យល់​ន័យ​អ្វី​ទាំងអ​ស់​ហេតុដូ​ចនេះ​ប្រសិនបើ​ករណី​ណាមួយ​កើត​ឡើង​ចំពោះ​កុមារ​គឺ​មនុស្ស​ធំ​គួរតែ​អប់រំ​បែប​វិជ្ជមាន​វិញ​កុំ​ប្រើ​ហិង្សា ​ឬ​ធ្វើ​ទារុណកម្ម​គាត់​អី​។​

​លោក​បាន​បន្ត​ថា​៖ «​រូបភាព​នៃ​ការប្រើ​ហិង្សា​ចងស្លាបសេ​ក​អី​នេះ​វា​អាក្រក់​មើល​មែនទែន​ដែល​សឹង​ដូចជា​មនុស្ស​ធំ​អត់​យល់​អំពី​សិទ្ធិ​របស់​កុមារ​ច្បាស់​លាស់​។ ​ក្នុងនាម​​ខ្ញុំ​ធ្វើការ​ជាមួយ​កុមារ​ក៏​ប្រឆាំង​ដាច់​ខាត​ក្នុង​ការ​រំលោភ​បំពា​ន​ទៅលើ​កុមា​រដែ​រ ហើយ​យើង​រឹតតែ​មិន​ចង់​ឃើញ​​សកម្ម​ភាព​បែប​ហ្នឹង​តទៅ​ទៀត​ដែរ​»​។​

​លោកបា​ន​បញ្ជាក់​ថា​ ទោះយ៉ាងណា​ ​​តាមរយៈ​​អង្គការ​របស់​លោក​បានប្រើ​យន្តការ​ ១​ សម្រាប់​ការផ្សព្វ​ផ្សាយ​អំពី ​«​ការចិ​ញ្ចឹម​កូន​បែប​វិជ្ជមាន​» ​របស់​ក្រសួង​កិច្ចកា​រនារី​សម្រាប់​ផ្សព្វ​ផ្សាយ​ដល់​តួអង្គ​ពាក់​ព័ន្ធ​។​ ការ​ប្រដៅ​របស់​ឪពុកម្តា​យ​ប្រើ​អំពើ​ហិង្សា​វាយដំ​ឬ​មួល​ស្លឹកត្រ​ចៀក​ស្រែក​សម្លុត គឺ​ប៉ះពាល់​ដល់​អារម្មណ៍​ក្មេង​ជា​ខ្លាំង​ធ្វើឱ្យ​​ក្មេង​មាន​ស្មារតី​ភាំងៗ​ឬ​ភ្ញាក់ៗ​ជាដើ​ម​។​

សម្រាប់​អង្គការ​របស់​លោក​បាន​ផ្សព្វ​ផ្សាយ​ពី​ការចិញ្ចឹ​ម​កូន​បែប​វិជ្ជ​មាន​​នៅតាម​​តំបន់​គោល​ដៅ​ដូចជា​នៅ​ស្រុក​សំឡូត​ខេត្ត​បាត់​ដំបង​នៅ​តំបន់​សហគមន៍​ភ្នំ​ក្រវាញ​ខេ​ត្តពោធិ៍សាត់​និង​នៅ​ស្រុក​ជុំ​គិរី និង​ស្រុក​ដង​ទង់​ខេត្ត​កំពត​។​

​លោកបាន​បញ្ជាក់ថា​៖ «​ក្នុង​ ១ ​ឆ្នាំៗ​អង្គការ​របស់ខ្ញុំ​បាន​ចុះ​ធ្វើការ​ផ្សព្វផ្សា​យ​អប់រំ​អំពី​ការ​ចិញ្ចឹម​កូន​បែប​វិជ្ជមាន​បាន​ទាំង​កុមារ​ និង​មនុស្ស​ចាស់​ចំនួន​ប្រហែល​ពី ៧ ​ទៅ​ ៨​ ពាន់​នាក់​»៕