សៀម​រាបៈ​កីឡាករ​បរទេស​ចំនួន ​៦​ នាក់​ម​កពី​ ៤​ ប្រទេស​សុទ្ធ​តែ​ត្រូវ​បាន​អ្នក​លេង​គុន​ខ្មែរ វ៉ៃ​ឱ្យ​សន្លប់​នៅ​ក្នុង​មហា​ព្រឹត្តិ​ការណ៍«​រំឭក​គុណ​អង្គរ​២០២៣» ដែល​បាន​រៀ​បចំ​ជា​លើក​ដំបូ​ងដោយ​ស្ថានីយ​ទូរទស្សន៍​ជាតិ​កម្ពុជា (​ទ​ទក​) នៅ​មុខ​ព្រះ​លាន​ជល់​ដំរី ខេត្ត​សៀម​រាប​ ខណៈ​ព្រឹត្តិ​ការណ៍​នេះ​បាន​ឆ្លុះ​បញ្ចាំង​ឱ្យ​ពិភព​លោក​បាន​ឃើញ​កាន់​តែ​ច្បាស់​ពី​សិល្បៈ​ក្បាច់​គុន​ជា​អត្ត​សញ្ញាណ​ជាតិ​ដែល​មាន​ចារ​លើ​ផ្ទាំង​ប្រាង្គ​ប្រា​សាទ​រាប់​ពាន់​ឆ្នាំ​មក​ហើយ​។​

​លោក ​ម៉ុ​ល នី ប្រធាន​ផ្គូ​ផ្គង​របស់​សង្វៀន​ប្រដាល់​ទ​ទក បាន​ឱ្យដឹង​ថា ការ​ប្រកួត ​Krud Kun Khmer ដើម្បី​អប​អរ​សាទរ​ក្នុង​មហា​ព្រឹត្តិ​ការណ៍ «​រំឭក​គុណ​អង្គរ​ ២០២៣»​នេះ​ ជា​ការ​ប្រកួត​ដ៏​ធំ​មិន​ធ្លាប់​មាន​ដែល​យើង​បាន​សហ​ការ​ជា​មួយ​អាជ្ញា​ធរ​ខេត្ត​សៀម​រាប អាជ្ញា​ធរ​ជាតិ​អប្សរា​ និង​ស្ថា​ប័ន​ពាក់​មួយ​ចំនួន​ទៀតដើម្បី​រៀបចំ​ឱ្យមាន​ការ​ប្រកួត​ នៅ​មុខ​ព្រះ​លាន​ជល់​ដំរី ជា​លើក​ដំបូង​

​លោក​បាន​បន្ថែម​ថា​៖ «​កម្មវិធី​ប្រដាល់ ​Krud Kun Khmer ដែល​បាន​ធ្វើ​នៅមុខ​ព្រះ​លាន​ជល់​ដំរី​នេះ វា​បាន​ឆ្លុះ​បញ្ចាំង​ក៏​ដូចជា​គាស់​កកាយ​ពី​វប្បធម៌  អរិយ​ធម៌​ដ៏​រុង​រឿង​របស់​ខ្មែរ​នា​សម័យ​អង្គរ​ដើម្បី​ឱ្យ​ពិភព​លោក​បាន​ឃើញ និង​បាន​យល់​កាន់​ច្បាស់ ​ហើយ​ក្នុងនោះ​​ក្បាច់​គុន​ប្រដាល់​ខ្មែរ​ គឺជា​មរតក​ដ៏​មាន​តម្លៃ​ ដែល​បាន​បន្សល់​ទុក​ពី​ដូន​តា​របស់​យើង ដោយ​មាន​អាយុ​កាល​រាប់​ពាន់​ឆ្នាំ​មក​ហើយ​»​។​


​បន្ថែម​ទៅ​លើ​អត្ថ​ន័យ​ដ៏​ធំធេង​នេះ​ លោក​ ម៉ុល ​នី ​បាន​ឱ្យដឹង​ទៀត​ថា ការ​ប្រកួត​ Krud Kun Khmer នៅ​លើ​ទឹ​កដី​អង្គរ​នេះ ក៏​ជា​គោល​ដៅ​មួយ ​ដើម្បី​ស្រូប​ទាញ​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិ​មកលេ​ង​កម្ពុជា​ឱ្យ​កាន់តែ​ច្រើន​ផង​ដែរ ជា​ពិសេស​នៅ​តំបន់​រមណីយ​ដ្ឋាន​អង្គរ​។ 

​លោក​បាន​បញ្ជាក់​ថា​៖ «​ការ​ប្រកួត​នេះ មាន​អ្នក​ចូល​រួម​ទស្សនា​ផ្ទាល់​រាប់ម៉ឺន​នាក់​ ហើយ​នេះ​ជា​ចំនួន​ដ៏​ច្រើន​មិន​ធ្លាប់​មាន ​ដែល​បាន​បំបែក​ឯ​តទគ្គ​កម្ម​ជា​ប្រវត្តិ​សាស្ត្រ នៅ​ស្រុក​ខ្មែរ​។ នៅក្នុង​នោះ ​មាន​ភ្ញៀវ​បរទេស ​បាន​ចូល​រួម​ទស្សនា​យ៉ាង​ច្រើន​ អ៊ីចឹង​ព្រឹត្តិ​ការណ៍​នេះ​បាន​ក្លាយ​ជាការ​ផ្សព្វ​ផ្សាយ​មួយ​យ៉ាង​ធំ ​ចំណែក​ប្រជា​ពលរដ្ឋ​នៅ​ទីនោះ ជា​ពិសេស​អ្នក​លក់​ដូរ មា​នការ​រំភើប​ខ្លាំង ព្រោះ​តាម​រយៈ​ការ​ប្រកួត ​Krud Kun Khmer នៅ​អង្គរ ជា​លើក​ដំបូង​នេះ ​បាន​ជួយ​សម្រួល​ខ្លាំងដល់​មុខ​របរ​របស់​ពួក​គេ ​គឺ​គាត់​លក់​ដាច់​មែន​ទែន ​ហេតុ​នេះ​ពួក​គាត់​បាន​ស្នើ​សុំឱ្យ​មាន​ការ​ប្រកួត​បែប​នេះ ​ជា​បន្ត​ទៀត នៅ​អង្គរ​»​។​


​តាម​រយៈ​ការប្រ​កួត​២​យប់​ជាប់​គ្នា កាលពី​ថ្ងៃ​សៅរ៍ ​និង​អាទិត្យ ​កន្លងម​កនេះ ​កីឡាករ​លំដាប់​ជើង​ខ្លាំង​របស់​កម្ពុជា ឃីម​ បូរ៉ា​, ធន់ រិទ្ធី​, ប៊ុន សុធា​, តា​ញ់ មករា​,​លី ​រិទ្ធី និង​ជើង​ថ្មី បញ្ញា ​ហូយ​ហាក់ ​សុទ្ធ​តែ​បាន​ប្រើ​បច្ចេក​ទេស​ផ្ទាល់​ខ្លួន ​ផ្តួល​កីឡាករ​បរទេស​ឱ្យ​សន្លប់ រីឯ​ម្ចាស់​មេដាយ​មាស​ស៊ី​ហ្គេម ​ឡៅ ចិ​ត្ត្រា ​បាន​ឈ្នះ​ពិន្ទុ​កីឡាករ​តួក​គី គឺមាន​តែ សូត្រ ប៊ុន​ធី ម្នាក់​ទេ​ដែល​បាន​ត្រឹម​ស្មើ​ពិន្ទុ​កីឡាករ​បរទេស​នៅក្នុង​ការ​ប្រកួត​អន្តរ​ជាតិ​ទាំង​៨​គូ ក្នុង​មហា​ព្រឹត្តិ​ការណ៍​រំឭក​គុណ​អង្គរ​២០២៣​នេះ​។​

​ជា​មួយ​លទ្ធ​ផល​ដ៏​ល្អ​នេះ ​ឃីម បូរ៉ា​, តា​ញ់ មករា​ និង ​បញ្ញា ហូ​យ​ហាក់ សុទ្ធតែ​បាន​ប្រើ​ពេល​ខ្លីក្នុង​ការ​ផ្តួល​អ្នក​ប្រដាល់​បរទេស​ឱ្យ​សន្លប់ក្នុង​ទឹក​ទី​១ ដូច​គ្នា ​ដោយ​ក្នុង​នោះ​ ឃីម ​បូរ៉ា បាន​ម៉ាត់​ឱ្យ​កីឡា​ករមី​យ៉ាន់​ម៉ា MongkulPetch រាប់​នៅ​ដើម​ទឹក​ទី​១ រួច​បាន​បន្ថែម​ដោយ​ការ​ទាត់​ឆ្វេង​ចូល​ឆ្អឹង​ជំនីរ​ បណ្តាល​ឱ្យ​មីយ៉ាន់ម៉ាម្នាក់​នេះ​ សន្លប់​ក្រោក​លេង​រួច​នៅ​ចុង​ទឹក​តែ​ម្តង​។ 

​ចំណែក​ តាញ់ ​មករា​ បាន​ម៉ាត់​ឆ្វេង​ស្តាំ ​រហូត​កីឡា​ករ​មី​យ៉ាន់​ម៉ា AsinthyPumea អស់​លទ្ធ​ភាព​តដៃ ​និង​ត្រូវ​បាន​អាជ្ញា​កណ្តាល​បញ្ឈប់នៅ​ចុង​ទឹក​ទី​១​ដែរ ​បន្ទាប់ពី​បាន​ម៉ាត់​ឱ្យ​រាប់​ម្តងនៅ​ដើម​​ទឹក​។ រីឯ​កីឡាករ​ជើង​ថ្មី មិន​ទាន់​ស្គាល់​ការ​ចាញ់​សោះ ​បញ្ញា ​ហូយ​ហាក់ ​បាន​ម៉ាត់​ស្តាំ​បណ្តាល​ឱ្យ​​កីឡាករ​មី​យ៉ាន់​ម៉ា SaxaPumea សន្លប់​ធំ ​នៅ​ត្រឹម​ពាក់​កណ្តាល​ទឹក​ទី​១ សម្រាប់​ការ​ប្រកួត​វ៉ៃ​អំបោះ​ឆៅ​។​

​ជា​មួយ​គ្នានេះ​​ជើង​ខ្លាំង​មាន​រហស្ស​នាម «​អធិរាជ​អំបោះ​ឆៅ​» ធន់​ រិទ្ធី បាន​ប្រើ​កណ្តា​ប់ដៃ​ដ៏​ធ្ងន់​របស់​គេដាល់​ចំ​ផ្ទៃ​មុខ​កីឡា​ករ​មី​យ៉ាន់​ម៉ា TuyMinlatឱ្យ​សន្លប់ នៅ​ក្នុង​ទឹក​ទី​២ ​ចំណែក លី រិទ្ធី ​ដែល​ទើប​វិល​ត្រឡប់​មក​កាន់​សង្វៀន​ជា​ថ្មី​នោះបាន​បុក​ជង្គង់​បណ្តាល​ឱ្យ​កីឡា​ករ​វៀត​ណាម ​Lan Cheachen ចុក​ឆ្អល់ ​និង​ត្រូវ​អាជ្ញា​កណ្តាល​រាប់ នៅ​ដើម​ទឹក​ទី​២ ហើយ​រូប​គេ​បាន​ទាត់​ជើង​ក្រោម​ចំនួន​៣​ជើង​ទៀត ​ធ្វើ​ឱ្យ Lan Cheachen ដួល​ក្រោក​លែង​រួច នៅ​ពាក់​កណ្តាល​ទឹក​ទី​២​នេះ​តែ​ម្តង​។​

​ស្រដៀង​គ្នា​នេះ ​ជើង​ខ្លាំង​វាយ​មិន​ដក​ថយ​ ប៊ុន សុធា ​បាន​ព្យាយាម​វាយ​សម្រុក​ជា​មួយ​កីឡាករ​ឡាវ ​KhalatkhitKhomb​anglungយ៉ាង​ស្វិត​ស្វាញ​បំផុត ​ទម្រាំ​អាច​ផ្តួល​ដៃគូ​វ័យ​ក្មេង​ម្នាក់​នេះ​ឱ្យ​សន្លប់​បាន តាម​រយៈ​ការ​ទាត់​ជើង​ក្រោម​ រហូត​ដួល​ក្រោក​លែង​រួច ​ហើយ​ត្រូវ​បាន​អាជ្ញា​កណ្តាល​បញ្ឈប់​នៅ​ទឹក​ទី​៣​។

​ដោយ​ឡែក​ម្ចាស់​មេ​ដាយ​មាស​ស៊ី​ហ្គេម ​ឡៅ ចិ​ត្ត្រា បាន​ប្រកួត​ជាមួយ​កីឡា​ករ​តួក​គី​ឈ្មោះ ខេ​ណាន​ ផេ​ន​ឌិ​ក យ៉ាង​ស្វិត​ស្វាញ ​និង​បាន​យក​ឈ្នះ​ដោយ​ពិន្ទុ​ជា​ឯកច្ឆន្ទ ​ចំណែក ​សូត្រ ប៊ុន​ធី ដែល​ទើប​វិល​ត្រឡប់​កាន់​សង្វៀន​ជាថ្មី ​បន្ទាប់​ពី​ជា​ពីរ​បួស​នោះ បាន​ត្រឹម​ស្មើ​កីឡា​ករ​តួក​គី OnderOzen​។​

​បន្ទាប់​ពី​បាន​ចាញ់​ពិន្ទុ​ជើង​ខ្លាំង ​ឡៅ ចិ​ត្ត្រា សម្រាប់​ការ​ធ្វើដំណើរ​មក​ប្រកួត​នៅលើ​ទឹកដី​អង្គរជា​លើក​ដំបូង​នេះ កីឡាករ​ តួ​ក​គី ខេ​ណាន ​ផេ​ឌិ​ក បាន​និយាយ​ថា​៖ «​គុន​ខ្មែ​រ ពិតជា​អស្ចារ្យ​ ហើយ​ខ្ញុំ​ចង់​សិក្សា​ស្វែង​យល់​ពី​គុន​ខ្មែរ ព្រោះ​អាវុធ​ប្រើ​កែងនិង​ជង្គង់​នៃ​ក្បាច់​គុន​ប្រដាល់​ខ្មែរ ខ្ញុំ​ពិត​ជា​ចូល​ចិត្ត​ ចំណែក​ទឹកដី​អង្គរគឺ​ពិត​ជា​អស្ចារ្យ​ណាស់​»៕