ភ្នំពេញៈ​ លោក​ស្រី ភា​ណ សោ​ភ័ណ​ នាយិកា​អង្គ​ការ​អុក​ស្វា​ម​ថ្លែង​ថា កិច្ច​គាំពារ​សង្គម​ប្រកប​ដោយ​បរិ​យាប​ន្នឆ្លើ​យ​​តប​នឹង​យេនឌ័រ​មាន​លក​ក្ខ​ណៈ​សកល​គឺជា​កត្តា​ចំ​បាច់​ ទោះ​បីជា​កន្លង​មក​មាន​ការ​អនុវត្ត​ហើយ​ក្តី ប៉ុន្តែ​ទាម​ទារ​ឱ្យមាន​ការ​ជជែក​ពិភាក្សា​បន្ថែម​ដើម្បី​ធ្វើ​ឱ្យ​លទ្ធ​ផល​នៃ​ការ​អនុវត្ត​នោះ​ទៅ​ដល់​ក្រុម​គោល​ដៅ​ងាយ​រង​គ្រោះ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​។


លោ​ស្រី​ថ្លែង​បែប​នេះ​ក្នុងវេទិ​កា​ប្រចាំ​ឆ្នាំ​រវាង​បេឡា​ជាតិ​សន្តិ​សុខ​សង្គម​ជាមួ​យ​ថ្នាក់ដឹ​កនាំ​មូលដ្ឋា​ននិ​ង​តំណាង​កម្មករ​និយោ​ជិតក្រោម​ប្រធាន​បទ​«​ដំណើរ​ឆ្ពោះ​ទៅ​របប​សន្តិ​សុខ​ស​សង្គម​ប្រក​បដោយ​បរិ​យាប​ន្នឆ្លើយត​ប​យេនឌ័​រនិង​ជា​សកល​នៅ​កម្ពុជា​»ដែលវេទិ​កា​នេះ​ធ្វើ​ឡើង​នៅ​សណ្ឋា​គារ​សុខា​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី​១៨​ខែធ្នូ​​។


​ប្រភព​ដដែល​បាន​លើក​ឡើង​ថា ការ​ប្រែ​ប្រួល​អាកាស​ធាតុ​គ្រោះធម្ម​ជាតិ​ផ្សេងៗ​និង​បញ្ហា​វិបត្តិ​ជម្លោះ​សង្គ្រាម​ក្នុង​ពិភព​លោក​សុទ្ធ​តែជា​កត្តា​គំរាម​កំហែង​ដែល​អាច​ជះឥទ្ធិ​ពល​ដល់​ជីវភាព​ប្រជា​ពលរដ្ឋ​ជា​កសិករ​កម្មករ​និយោជិត​ដែល​ជា​ជន​ងាយ​រង​គ្រោះ។ហេតុ​នេះ​ការ​ទាម​ទារ​ឱ្យ​មាន​ការគិត​គូរ​ពិចារ​ណានិង​អនុវ​ត្តគោល​នយោ​បាយស​ម្រាប់​អ្នក​ទាំង​នោះដើ​ម្បី​ទទួល​បានកា​រ​គាំពារដែល​មាន​ប្រសិទ្ធ​ភាព​ជា​រឿង​មិន​អាច​ខ្វះ​បាន​។



​លោក​ស្រី​បាន​បញ្ជាក់​​ថា​៖ «​ការទ​ទួល​បានការ​គាំពារ​សង្គម​គឺមាន​សារៈ​សំខាន់​ណាស់​សម្រាប់​កម្មក​រនិយោជិត​និង​ក្រុម​គ្រួសារ​របស់​ពួក​គេ​ព្រោះវា​ជួយ​ទ្រទ្រង់​សុខុមាល​ភាព​របស់​ពួក​គេ​បង្កើន​ភាព​ធន់​និង​កាត់​បន្ថយ​ហានិភ័​យ​នានា​ដែល​បណ្តាល​ពី​គ្រោះ​មហន្ត​រាយឬ​ជំងឺ​រាត​ត្បាត​ជាស​កលនិង​ទប់​ស្កាត់​ការ​ធ្លាក់​ចូល​ទៅ​ក្នុង​ស្ថាន​ភាព​ក្រីក្រ​ជា​ដើម​»​។

​លោកស្រី​​ នាយិកា​អង្គការ​អុក​ស្វាម​បាន​បន្ត​ថា វេទិកា​ប្រចាំឆ្នាំ​លើក​ដំបូង​នេះរៀ​បចំឡើ​ង​ទៅ​តាម​សំណូម​ពរ​របស់​ថ្នាក់​ដឹក​នាំមូល​ដ្ឋាន​និង​តំណាង​កម្មករ​និ​យោជិត​តាមរយៈ​វេទិកា​ថ្នាក់​តំបន់​ចំនួន​៣​ធំៗ​ដែល​បាន​ធ្វើ​ជា​បន្ត​បន្ទាប់​កន្លង​មកនៅ​តំបន់​ប៉ូល​សេដ្ឋកិច្ច​សំខាន់ៗ​មាន​ដូច​ជាសៀម​រាបខេត្ត​ព្រះ​សីហនុ​និង​ខេត្ត​ស្វាយ​រៀង​ចាប់ពី​ខែ​កក្កដាដល់​ខែវិច្ឆិកា​ឆ្នាំ​២០២៣​។វេទិកា​ទាំង​នេះ​មាន​អ្នក​ចូល​រួម​ពី​ថ្នាក់​ដឹក​នាំ​មូល​ដ្ឋានតំណាង​កម្មករ​និយោ​ជិតសរុប​៨០០​នាក់​។



​លោក​ស្រី​បន្ថែម​ថា តាមរយៈ​វេទិកា​ទាំង​៣​នោះ​មាន​សំណួរ​និង​សំណូម​ពរ​មួយ​ចំនួន​ត្រូវ​បាន​កត់ត្រាដើ​ម្បី​យក​មក​ជជែក​ពិភាក្សា​ក្នុង​វេទិកា​ប្រចាំ​ឆ្នាំនេះ​ក្នុ​ងនោះ​សំណួរ​និង​សំណូ​មពរ​ភាគ​ច្រើនគឺ​ផ្ដោត​លើ​ការ​ពង្រីក​ដែន​គ្រប់​ដណ្ដប់​របស់​របប​សន្តិសុខ​សង្គមតាម​រយៈ​ការ​ពង្រឹង​កា​រចុះបញ្ជី​និង​បង់​ភាគ​ទាន​ការព​ង្រឹងនិង​ការ​ការពារ​មាតុភា​ពនិង​កម្ម​ការ​នី​មាន​ផ្ទៃពោះ​ពី​ការរើ​សអើង​និង​បំពាន​នៅ​កន្លែង​ការ​ងារ​និង​ការ​ស្នើសុំ​ឱ្យមាន​ការ​ពង្រឹង​ប្រព័ន្ធ​និង​គុណភា​ព​សេវាសុ​ខាភិបាល​ជូន​ដល់​អ្នកប្រើ​ប្រាស់​ប័ណ្ណ​សមា​ជិកប​.​ស​.​ស​។​


​ឆ្លើយ​តប​ចំពោះ​ការ​លើកឡើ​ង​នោះ​លោក​ ហេង សុផាន់​ណា​រិ​ទ្ធ អគ្គ​នាយក​រងបេ​ឡា​ជាតិ​សន្តិសុខ​សង្គម​នៃ​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជី​វៈបា​នថ្លែង​ថា ចំពោះ​បញ្ហា​សំណួរ​និង​សំណូម​ពរ​ទាំង​នោះ​បេឡា​ជាតិ​សន្តិ​សុខ​សង្គម​បាន​និង​កំពុង​ធ្វើ​ហើយ​មាន​សំណួរ​មួយ​ចំនួន​ក៏​បេឡា​ជាតិ​សន្តិ​សុខ​សង្គម​បាន​ធ្វើ​រួចហើ​យផង​ដែរ​។


​លោក​បាន​បញ្ជាក់​ថា ចំពោះ​កិច្ច​ពិភាក្សា​​បន្ថែម​ក្នុង​វេទិកា​នេះ​ប្រសិន​បើ​នៅ​មិន​ទាន់​បាន​ដោះ​ស្រាយ​ដោយ​ប្រកា​រណា​នោះ​លោក​នឹង​កត់​ត្រា​នាំ​យក​ទៅ​ជជែក​ពិភាក្សា​រក​ដំណោះ​ស្រាយ​ជា​មួយ​ក្រុមកា​រងារ​កិច្ច​ការ​ច្បាប់​បេឡា​ជិត​សន្តិ​សុខ​សង្គម​ក៏ដូច​ជា​លើក​សំណើ​ជូន​ក្រសួង​ការ​ងារ​ដើម្បី​ស្នើ​ទៅ​ក្រុម​ប្រឹក្សា​ជាតិ​គាំ​ពារ​សង្គម​បន្ត​ពិភាក្សា​​រក​ដំណោះ​ស្រាយ​។


​លោក​ថ្លែង​ថា​៖ «​យើង​នឹង​មាន​វេទិកា​ពិភាក្សាដោ​យ​ក្នុងនោះ​យើង​ឃើញ​ថា​មាន​តំណាង​មកពី​ក្រុម​ប្រ​ក្សា​ជាតិ​គាំពារ​សង្គម​ហើយ​តំណាង​ក្រសួង​សុខាភិ​បាល​ក៏មាន​ក្នុង​នេះ​ដែរ​បេឡា​ជាតិ​សន្តិ​សុខ​សង្គម​ក៏មានខ្ញុំ​សង្ឃឹម​ថាតំណាង​បេឡា​ជាតិ​សន្តិ​សុខ​សង្គមអាច​មាន​សមត្ថ​ភាព​ឆ្លើយ​តប​ទៅនឹ​ង​សំណួរ​ក៏ដូ​ចជា​សំណូម​ពរ​»៕