ភ្នំពេញៈ ​គណៈ​អចិ​ន្ត្រៃ​យ៍នៃ​គណៈ​កម្មាធិ​ការ​កណ្ដាល​ នៃ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ បាន​សម្រេច​ផ្លាស់​ប្តូរ​និមិត្ត​សញ្ញា ​ឬ​ Logo ​ថ្មី សម្រាប់​ការ​អបអ​រសាទរ​នៃ​ការ​ប្រារព្ធ​ខួប​អនុស្សា​វរីយ៍​លើក​ទី​៤៥ នៃ​ទិវា​ជ័យ​ជម្នះ​ ៧​ មករា ឆ្នាំ​ ២០២៤ ហើយ​ក៏​នឹង​ត្រូវ​បន្ត​ប្រើ​ប្រាស់​ទៅ​មុខ​ទៀត សម្រាប់​ការ​ឃោស​នាបោះ​ឆ្នោត ​ទាំង​សកល​និង​អស​កល​ផង​ដែរ​។​


​និមិត្ត​សញ្ញា ​ឬ​ ​Logo ថ្មី​នេះ ​មាន​ដាក់​រូប​ភាព​ថ្នាក់​ដឹក​នាំ ​៣​រូប​នៃ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ ដែល​ក្នុង​នោះ​មាន លោក ​ហ៊ុន សែន ប្រធាន​គណ​បក្ស​, លោក​ ហេង សំរិន​ ប្រធាន​កិត្តិ​យស និង​លោក ​ហ៊ុន ម៉ាណែត​ អនុ​ប្រធាន​គណ​បក្ស​ប្រជា​ជន​កម្ពុជា​។​

​យោង​តាម​លិខិត​ជម្រាប​ជូន​ប្រធាន​គណៈ​កម្មាធិ​ការ​គណ​បក្ស​រាជ​ធានី​ខេត្ត​និង​ក្រសួង​ ស្ថា​ប័ន ​ដែល​ចុះ​ហត្ថ​លេខា​ដោយ​លោក​ម៉ម​ សារិន ប្រធាន​ខុទ្ទកា​ល័យ​នៃ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ចុះ​ថ្ងៃទី​១៧ ​ខែធ្នូ​ ឆ្នាំ​២០២៣​ បាន​ឱ្យ​ដឹង​ថា ​សម្រាប់​ការ​ប្រារព្ធ​ខួប​អនុ​ស្សាវ​រីយ៍​លើក​ទី​៤៥នៃ​ទិវា​ជ័យ​ជម្នះ៧ ​​មករា​ ខាង​មុខ​ គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មាធិ​ការ​កណ្តាល​បាន​សម្រេច​ឱ្យ​ប្រើ​ប្រាស់​ Logo ថ្មី​ដែល​មាន​រូប​ថ្នាក់​ដឹក​នាំ​៣រូប​។ 


​លោក​បាន​បន្ត​ថា ៖ «​រូប​សម្តេច​ទាំង​៣នេះ​​ក៏ត្រូវ​បន្ត​ប្រើ​ប្រាស់​ទៅ​មុខទៀ​ត​សម្រាប់​ការ​ឃោស​នាបោះ​ឆ្នោត​ ទាំង​សកល ​និង​អស​កល​ផង​ដែរ​»​។​

​លោក​ សុខ ​ឥសាន​ អ្នក​នាំ​ពាក្យ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ បាន​ឱ្យ​ដឹង​នៅ​ថ្ងៃទី​១៨ ​ខែធ្នូ​ ឆ្នាំ​២០២៣​ ថា ការ​សម្រេច​ឱ្យប្រើ​ប្រាស់​និមិត្ត​សញ្ញា​ឬ​Logo ថ្មី​ដែល​មាន​រូប​លោក​ ហេង សំរិន​,​លោក ​ហ៊ុន សែន និង​លោក ​ហ៊ុន ម៉ា​ណែ​ត ​នេះ គឺជា​ការ​សម្រេច​ចិត្តរ​បស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា​។​


​លោក​បាន​បន្ត​ទៀត​ថា ​វា​ជា​រឿង​ធម្មតា​ទេ​ ដែលមាន​ប្រជា​ពលរដ្ឋ​មួយចំ​នួន​តូច​ចេញ​មុខ​មក​ប្រតិ​កម្ម ដោយ​សារ​ពួកគេ​មិន​យល់​ពី​អត្ថ​ន័យ​នៃ​ការ​ដាក់​និមិត្តស​ញ្ញា ឬ​Logo ថ្មី​នេះ​។​

​លោក ​សុខ ឥសាន បាន​បញ្ជាក់​ថា​៖«​យើង​យល់​ថា ​ប្រតិកម្ម​មា្ន​ក់ឬ​២​នាក់​ចំពោះ ​Logo ថ្មី​នេះ​ ជា​ទស្សនៈ​ផ្ទុយ​គ្នា ​ប៉ុន្តែ​សំឡេង​ភាគ​តិច ​វា​មិន​មាន​ឥទ្ធិ​ពល​អ្វី​ទេ និង​ជា​រឿង​ធម្មតា​នៅក្នុង​សង្គម​ប្រជាធិប​តេយ្យ​សេរី វា​តែង​តែមា​ន​អ្នក​ជំទាស់​ខ្លះ​ហើយ​»​។​

​ជា​មួយ​គ្នា​នេះដែ​រ លោក​សុខ ឥសាន ក៏បាន​អំពាវ​នាវ​ដល់​ពលរដ្ឋ​ទាំង​អស់​កុំឱ្យ​មាន​ការ​ភ័យព្រួ​យ​ចំពោះ​ការ​ផ្លាស់​ប្តូរ​Logo ថ្មី​នេះ ព្រោះ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ទទួលបា​ន​ការគាំ​ទ្រ​ពី​ប្រជា​ពលរដ្ឋ​ច្រើន​លើស​លប់ ​នៅក្នុង​ការ​បោះឆ្នោ​ត​នា​ពេល​កន្លង​មក​ តែង​តែ​​គិត​ឱ្យ​មាន​ផល​ចំណេញ ​និង​ផល​ប្រយោ​ជន៍​ជាតិ​។​

​ចំណែក ​លោក ​ថុង ម៉េង​ដាវី​ត ប្រធាន​ផ្នែក​ស្រាវ​ជ្រាវ​នៅ​វិទ្យា​ស្ថាន​ចក្ខុវិ​ស័យ​អាស៊ី ​(AVI)​នៅ​ថ្ងៃទី​១៨ ​ខែធ្នូ បាន​ថ្លែង​ថា ​ការ​សម្រេច​ឱ្យប្រើ​ប្រាស់ ​Logo ថ្មី​នេះ​មិន​មាន​ទាស់​ខុស​ និង​មិន​បង្ក​ឱ្យមាន​ចលា​ចល​នៅ​ក្នុង​សង្គម​នោះ​ទេ​។ 

​លោក​បាន​បន្ត​ថា រីឯ​ការ​ដាក់​រូប​លោក​ ហ៊ុន ម៉ា​ណែ​ត​ ហើយ​ត្រូវបាន​មជ្ឈ​ដ្ឋាន​មួយ​ចំនួន​តូច​ជា​ពិសេស​ក្រុម​ប្រឆាំង​រិះ​គន់​នោះ ​គឺ​ដើម្បី​បំបែក​បំបាក់​ផ្ទៃ​ក្នុង​របស់​គណ​បក្ស​ប្រជា​កម្ពុជា​តែប៉ុ​ណ្ណោះ​។ ការ​ដាក់​លោក​ ហ៊ុន​ ម៉ា​ណែត ​ទន្ទឹម​គ្នា​នឹង​រូប​លោក​ហ៊ុន ​សែន ​និង​លោក ​ហេង​សំរិន ដែល​ជា​ប្រធាន​និង​ប្រធាន​កិត្ដិយស​គណ​បក្ស​ប្រជា​ជន​កម្ពុជា​នេះ ​ដោយ​សារ​តែ​លោក ​ហ៊ុន ម៉ាណែត គឺជា​អនុ​ប្រធាន​គណ​បក្ស​ដែល​ត្រូវ​បាន​សន្និ​បាត​គណៈ​កម្មា​ធិការ​កណ្តាល​គណ​បក្ស​ប្រជា​ជន​កម្ពុជា​លើក​ទី​៤៤ ​អាណត្តិ​ទី​៥ បោះ​ឆ្នោត​ជ្រើស​តាំង​ជា​អនុប្រ​ធាន​គណ​បក្ស​កាល​ពី​ពេល​ថ្មីៗ​នេះ​។​

​លោក ថុង​ ម៉េង​ដា​វីត​ បាន​ថ្លែងថា​​៖«​មិនជា​ទាស់​ខុស​ទេ​ចំពោះ​ការដាក់​រូប​សម្តេច​ធិបតី ​ហ៊ុន ម៉ា​ណែ​ត ទន្ទឹម​ នឹង​សម្តេច​តេ​ជោ ​ហ៊ុន សែន និង​សម្តេច​ ហេង សំរិន ព្រោះ​ថាស​ម្តេ​ចធិបតី ជា​អនុ​ប្រធាន​គ​ណ​បក្ស​ប្រជាជន​កម្ពុជា ហើយ​កា​ររិះ​គន់​ពី​ក្រុម​ប្រឆាំង ​គឺ​ក្នុង​ន័យ​ដើម្បី​បំបែក​បំបាក់​ផ្ទៃក្នុង​របស់​គណ​បក្ស​ប្រជាជ​ន​កម្ពុជា​ ប៉ុណ្ណោះ​»​។ 

​សូម​រំឭកថា​ លោកនា​យក​​រដ្ឋមន្ត្រី​ហ៊ុន ម៉ា​ណែ​ត សមា​ជិក​គណៈ​អចិន្ត្រៃយ៍ ​នៃ​គណៈ​កម្មាធិ​ការ​កណ្តាល​ និង​ជា​ប្រធាន​យុវ​ជន​គណ​បក្ស​ថ្នាក់​កណ្តាល ​ត្រូវ​បាន​សន្និ​បាត​គណៈ​ក​ម្មា​ធិ​ការ​កណ្តាល​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ លើក​ទី​៤៤ ​អាណត្តិ​ទី​៥ បាន​បោះ​ឆ្នោត​ជ្រើសតាំ​ង ជា​អនុ​ប្រធាន​គណ​បក្ស​ប្រជា​ជន​កម្ពុជា​កាល​ពី​ថ្ងៃទី​១០​ ខែធ្នូ​ ឆ្នាំ​២០២៣​។​

​មហា​សន្និ​បាត​វិសា​មញ្ញ​តំណាង​ទូទាំង​ប្រទេស​គណ​បក្ស​ប្រជាជន​កម្ពុជា ​ក្រោម​អធិបតី​ភាព​លោក ​ហ៊ុន សែន ប្រធាន​គណ​បក្ស និង​លោក​ ហេង សំរិន ប្រធាន​កិត្តិ​យស​គណ​បក្ស​ប្រជា​ជន​កម្ពុជា​មាន​រយៈ​ពេល​២​ថ្ងៃគឺ​ថ្ងៃទី​៩-​១០​ ខែធ្នូ ឆ្នាំ​២០២៣នៅ​ស្នាក់​ការ​កណ្ដាល​គណ​បក្ស​ប្រជា​ជន​កម្ពុជា​៕