ភ្នំពេញៈ សមាជិក សមាជិកា និង​ក្រុមប្រឹក្សាឃុំ​សង្កាត់​ជាប់ឆ្នោត ព្រមទាំង​ថ្នាក់ដឹកនាំ​គណបក្ស​ភ្លើងទៀន នៅ​ថ្នាក់មូលដ្ឋាន​ប្រមាណ​ជាង ១០០​ នាក់ ​មកពី​បណ្តា​ឃុំ​សង្កាត់​នៅក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ត បាន​ប្រមូល​ផ្តុំគ្នា​ធ្វើការ​តវ៉ា​នៅមុខ​ទី​ស្នាក់​គណបក្ស​ភ្លើងទៀន នៅ​ភូមិ​បឹង​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០២៣​។​


គោលបំណង​នៃ​ការធ្វើ​បាតុកម្ម​នេះ ដើម្បី​ទាមទា​ឱ្យ​លោក ទាវ វ​ណ្ណុល ប្រធាន​គណបក្ស​ភ្លើងទៀន និង​លោក លី សុធា​រ៉ា​យុ​ត្តិ អគ្គលេខាធិការ​គណបក្ស​ចុះ​ចេញពី​តំណែង និង​បញ្ឈប់​ជាបន្ទាន់​នូវ​ការគំរាមកំហែង និង​ដកហូត​តួនាទី​សមាជិក សមាជិកា និង​ក្រុមប្រឹក្សាឃុំ សង្កាត់​ជាប់ឆ្នោត​របស់​គណបក្ស​នៅ​ថ្នាក់ក្រោម​ជាតិ តាម​ទំនើងចិត្ត​។​

លោក ជា សេង​លី អតីត​សមាជិក​ក្រុមប្រឹក្សា​ជាប់ឆ្នោត​គណបក្ស​ភ្លើងទៀន នៅ​សង្កាត់​បឹងទំពុន​ទី​២ ខណ្ឌមានជ័យ​ដែល​បាន​ចូលរួម​ធ្វើបាតុកម្ម​នេះ បាន​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា លោក​បាន​ចូលរួម​ជាមួយ​គណបក្ស​ប្រឆាំង ចាប់តាំងពី​គណបក្ស​សម រង្ស៊ី​ក្រោយមក​គណបក្ស​សង្គ្រោះ​ជាតិ រហូតមកដល់​គណបក្ស​ភ្លើងទៀន​នេះ ហើយ​បាន​ចូលរួម​ការបោះឆ្នោត​ឆ្នាំ​២០២២​។ 


លោក​បាន​ប្រាប់ទៀតថា ការដែល​រូបលោក រួម​ជាមួយនឹង​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់​ផ្សេងទៀត​នេះ មក​តវ៉ា នៅមុខ​ទីស្នាក់ការ​គណបក្ស​ភ្លើងទៀន​នេះ ដោយសារ​តែមាន​ប្រធានស្តីទី​ប្រតិបត្តិ​គណបក្ស​រាជធានី​ភ្នំពេញ លោក ឃឹម ចាន់​វណ្ណៈ មិន​គោរព​គោលការណ៍​គណបក្ស និង​លក្ខខណ្ឌ​គណបក្ស និង​មិនដែល​កោះប្រជុំ​ផង​បានសម្រេច​ដក​លោក​ចេញពី​តំណែង​ឆៅៗ​តែម្តង​។​

លោក ជា សេង​លី​បាន​បញ្ជាក់ថា ជាមួយគ្នានេះ លោក ទាវ វ​ណ្ណុល ប្រធាន​គណបក្ស បាន​លុបឈ្មោះ​លោក ចេញពី​បញ្ជី​គណបក្ស​យ៉ាង​អយុត្តិធម៌​បំផុត​ព្រោះ​លោក​បាន​ចំណាយ​ទាំង​លុយ និង​ពេលវេលា​ជាមួយ​គណបក្ស​ដោយ​មិនបាន​សួរនាំ​ទេ តែ​លុបឈ្មោះ​ចេញ​តែម្តង​។​


លោក​បាន​ថ្លែងថា​៖«​ទាំង​ខ្ញុំ​នៅ​ខណ្ឌមានជ័យ និង​មាន​អ្នក​នៅតាម​បណ្តា​ខណ្ឌ​ផ្សេង​នៅក្នុង​រាជធានី​ភ្នំពេញ ក៏បាន​ដកចេញ​យ៉ាង​អយុត្តិធម៌​បំផុត​។​ខ្ញុំ​លើកគ្នា​មក​តវ៉ា​នេះ ដើម្បី​រក​យុត្តិធម៌ ព្រោះ​គណបក្ស​យើង​មាន​ឯកសារ​តម្កល់ នៅ​ក្រសួងមហាផ្ទៃ​ទាំងអស់ ហេតុ​អី​គាត់​មក​ដក​ខ្ញុំ​ឆៅៗ ដោយ​អត់​មាន​ហេតុផល​ទាំងអស់​»​។​

លោក ជា សេង​លី បាន​បន្តថា​៖«​ពួក​ខ្ញុំ​ខំតស៊ូ ជិះ​កង់​តាម​ចិញ្ចើមថ្នល់ ហូបបាយ​តាម​ចិញ្ចើមថ្នល់ ដើម្បី​រក​សំឡេងឆ្នោត​ជូន​គណបក្ស ហើយ​គិតថា គណបក្ស​នេះ មាន​បាវចនា សីលធម៌ សច្ចធម៌ និង​យុត្តិធម៌ តើ​ឥឡូវ​សីលធម៌ យុត្តិធម៌ និង សច្ចធម៌​នៅ​កន្លែង​ណា​?»​។​

​ជុំវិញ​បញ្ហា​នេះ លោក ទាវ វ​ណ្ណុល និង លោក លី សុធា​រ៉ា​យុ​ត្តិ មិនអាច​ទាក់ទង​សុំ​ធ្វើ​អត្ថាធិប្បាយ​បានទេ នៅ​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០២៣ ប៉ុន្តែ លោក គីម​សួរ ភិ​រិ​ទ្ធ អតីត​អ្នកនាំពាក្យ​គណបក្ស​ភ្លើងទៀន និង​បច្ចុប្បន្ន​ជា​បេក្ខជន​សមាជិក​ព្រឹទ្ធសភា របស់​គណបក្ស​ឆន្ទៈ​ខ្មែរ ដែលជា​សម្ព័ន្ធភាព​រប​ស់​គណបក្ស​ភ្លើងទៀន បាន​ប្រាប់ថា​ឱ្យតែ​ជិត​បោះឆ្នោត សកម្មភាព​បាតុកម្ម​និង​សកម្ម​ភាពមិនប្រក្រតី​កើតមាន​ច្រើន​ចំពោះ​គណបក្ស​ភ្លើងទៀន​។ 

ទោះជា​យ៉ាងណា​លោក គីម​សួរ ភិ​រិ​ទ្ធ ទទួលស្គាល់ថា អ្នក​ដែល​ចូលរួម​បាតុកម្ម​នៅមុខ​ទីស្តីការ​គណបក្ស​នេះ កាលពីមុន​ជា​សមាជិក​គណបក្ស​ភ្លើងទៀន ប៉ុន្តែ​បច្ចុប្បន្ននេះ មិនមែនជា​សមាជិក​គ​ណ​បក្ស​នេះ​ទៀត​ទេ ក្រោយ​ពេលដែល​ពួកគេ​ទៅ​ចូលរួម​ធ្វើជា​សមាជិក និង​ថ្នាក់ដឹកនាំ​របស់​គណបក្ស​កម្លាំង​ជាតិ និង​អ្នក​ខ្លះទៀត បាន​ឈរឈ្មោះ​ជា បេក្ខជន​សមាជិក​ព្រឹទ្ធសភា​របស់​គណបក្ស​ក​ម្លាំ​ង​ជាតិ​ថែមទៀត​។​

​លោក គឹម​សួរ ភិ​រិ​ទ្ធ បាន​ថ្លែងថា ៖ «​ការដែល​ពួកគាត់​ឡើងមក​តវ៉ា​នេះ ក្រោយពេល​ពួកគេ​ត្រូវបាន​បញ្ចប់​ពី​តួនាទី សមាជិក​ក្រុមប្រឹក្សាឃុំ​ស​ងា្ក​ត់​ជាប់ឆ្នោត​របស់​គណបក្ស​ភ្លើងទៀន ហើយ​ពួកគេ​មិន​គោរព​តាម​គោលការណ៍ និង​លក្ខខណ្ឌ​របស់​គណបក្ស និង​ថែមទាំង​ទៅ​បម្រើឱ្យ​គណបក្ស​កម្លាំង​ជាតិ​»​។​

លោក​បាន​បន្តថា ៖ «​អ៊ីចឹង ក្រោយ​ពេលដែល​យើង​ហៅ​មក​ណែនាំ ពួកគាត់​មិន​ស្តាប់​តាម យើង​ក៏​បញ្ចប់​តួនាទី ហើយ​នេះ ជា​រឿង​ធម្មតា​ទេ សូម្បីតែ​នៅក្នុង​គ្រួសារ​ក៏មាន​វិន័យ​ដែរ​។​ដូចគ្នានេះដែរ​គណបក្ស ឬ​ក្រុមហ៊ុន​ក៏​គេ​មាន​វិន័យ​ដែរ នៅពេលដែល​យើង​ធ្វើ​ការឱ្យ​ក្រុមហ៊ុន​មួយ ហើយ​លួច​ទៅធ្វើ​ការឱ្យ​ក្រុមហ៊ុន​មួយទៀត ហើយ​ស៊ីប្រាក់ខែ​ក្រុមហ៊ុន​នេះ​ទៀត​គេ​បញ្ឈប់​ហើយ​»​។​

ទោះជា​យ៉ាងណា លោក គីម​សួរ ភិ​រិ​ទ្ធ មិន​ជំទាស់​ចំពោះ​ការធ្វើ​បាតុកម្ម​តវ៉ា​នេះ​ទេ ព្រោះ​ពួកគេ​មាន​សិទ្ធិ​បញ្ចេញមតិ ប៉ុន្តែ ពួកគេ​ធ្វើ​មិន​ស្របតាម​លក្ខន្តិកៈ​របស់​គណបក្ស ខណៈ​អគ្គលេខាធិការ និង​ប្រធាន​គណបក្ស មាន​សិទ្ធិ​ក្នុងការ​សម្រេច​ក្នុងការ​បញ្ចប់​មុខតំណែង ឬ​តួនាទី​របស់​សមាជិក​នោះ​។​

លោក ជ័យ តិច អ្នកសិក្សា​ការអភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច បាន​ប្រាប់ឱ្យដឹង​ដែរ​ថា ចលនានយោបាយ​តែងតែ​កើតមាន​រាល់​ការបោះឆ្នោត​នៅ​កម្ពុជា រួមទាំង​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ បោះឆ្នោត​ជ្រើស​ក្រុមប្រឹក្សា បោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​ក្តី​។​

លោក​បាន​ថ្លែងថា​៖«​មូលហេតុ​នៃ​ការតវ៉ា​នៅថ្ងៃនេះ​វា​ផ្តើមចេញពី​ចលនានយោបាយ​នៅមុន​ការបោះឆ្នោត​ដូច​សព្វដង ដែល​មានមតិ​មួយចំនួន​យល់ថា​ជាការ​រៀបចំ​របស់​គណ​បក្ស​ដៃគូ​ប្រកួតប្រជែង​បើទោះបី​ការតវ៉ា​នៅថ្ងៃនេះ​បាន​និយាយ​ពី​ការមិន​ពេញចិត្ត​ចំពោះ​ថ្នាក់ដឹកនាំ​គណបក្ស​ភ្លើងទៀន មិន​ពេញចិត្ត​លើ​ការ​រឹតត្បិត​ដល់​សិទ្ធិ​របស់​សមាជិក និង​មានការ​ចោទថា​មានការ​ប្រកាន់​បក្ខពួក ភាពមិនប្រក្រតី​លើ​ការតែងតាំង ការដក​សមាជិក​»​។​

យោងតាម​ញត្តិ​ថ្កោលទោស​របស់​សមាជិក សមាជិកា និង​ក្រុមប្រឹក្សាឃុំ សង្កាត់​ជាប់ឆ្នោត ព្រមទាំង​ថ្នាក់ដឹកនាំ​គណបក្ស​ភ្លើងទៀន នៅ​ថ្នាក់មូលដ្ឋាន​ចុះ​ថ្ងៃទី​១៥​ ខែធ្នូ បានធ្វើការ​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​ចំពោះ លោក ទាវ វ​ណ្ណុល ប្រធាន​គណបក្ស និង លោក លី សុធា​រ៉ា​យុ​ត្តិ អគ្គលេខាធិការ​គណបក្ស​ភ្លើងទៀន​រួមទាំង​ថ្នាក់ដឹកនាំ​គណបក្ស​មួយចំនួនទៀត ដែល​បាន​ឃុបឃិត​គ្នា​ប្រើ​អំណាច​គណបក្ស​ទៅ​គំរាមកំហែង និង​ដកហូត​តួនាទី​សមាជិក សមាជិកា និង​ក្រុមប្រឹក្សាឃុំ សង្កាត់​ជាប់ឆ្នោត​របស់​គណបក្ស​នៅ​ថ្នាក់ក្រោម​ជាតិ តាម​ទំនើងចិត្ត យ៉ាង​អយុត្តិធម៌​។​

ញត្តិ​ថ្កោលទោស​នេះ​បានសរសេរថា​៖«​យើងខ្ញុំ​ទាំងអស់គ្នា ស្នើឱ្យ​លោក ទាវ វ​ណ្ណុល និង​លោក លី សុធា​រ៉ា​យុ​ត្តិ បញ្ឈប់​ជាបន្ទាន់​នូវ​ការគំរាមកំហែង និង​ការប៉ុនប៉ង​ដកហូត​តួនាទី​សមាជិក សមាជិកា និង​ក្រុមប្រឹក្សាឃុំ សង្កាត់​ជាប់ឆ្នោត​គណបក្ស​ភ្លើងទៀន​នៅ​ថ្នាក់មូលដ្ឋាន និង​ស្នើឱ្យ​គោរព​សិទ្ធិ​សមាជិក សមាជិកា​គណបក្ស ក្នុង​ការធ្វើ​សេចក្តីសម្រេចចិត្ត​ដោយផ្ទាល់​ខ្លួន ដោយ​សេរី គ្មាន​ការរើសអើង គ្មាន​ការបង្ខិតបង្ខំ គ្មាន​ការ​បង្ខាំង និង​គ្មាន​ការដក​តួនាទី​តាម​ទំនើងចិត្ត​ជាដាច់ខាត​»​។​

ប្រភព​ដដែល​បន្តថា ដើម្បី​រក្សា​នូវ​សាមគ្គីភាព និង​ឯកភាព​ផ្ទៃក្នុង ព្រមទាំង​រក្សា​នូវ​ស្មារតី​ ដើម​របស់​គណបក្ស ភ្លើង​ទៀន សមាជិក និង​ថ្នាក់ដឹកនាំ​នៅ​មូលដ្ឋាន បាន​ស្នើឱ្យ​ថ្នាក់ដឹកនាំ​គណបក្ស​ទាំង​២​ គឺលោក ទាវ វ​ណ្ណុល និង​លោក លី សុធា​រ៉ា​យុ​ត្តិ ចុះ​ចេញពី​តំណែង​ក្នុង​គណបក្ស ដោយ​ឥត​លក្ខខណ្ឌ ចាប់ពី​ថ្ងៃនេះ​តទៅ​៕