ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មបានថ្លែងថា ជំនួបពាណិជ្ជកម្មរវាងធុរជនកម្ពុជា និងធុរជនបរទេសគឺជាការផ្លាស់ប្តូរនិងលើកកម្ពស់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងវិស័យឯកជនកម្ពុជានិងបរទេសដើម្បីជំរុញការនាំចេញផលិតផលសក្តានុពលកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ ក៏ដូចជាបើកឱកាសឱ្យវិនិយោគិនបរទេសមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាកាន់តែច្រើន។
លោកអ៊ុំ កុសល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានថ្លែងដូចនេះក្នុងពិធីបើកជំនួបពាណិជ្ជកម្មស្តីពីការជំរុញការនាំចេញផលិតផលសក្តានុពលកម្ពុជាទៅកាន់ទីផ្សារ អន្តរជាតិ អំឡុងពេលពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលកម្ពុជា លើកទី១៦កម្រិតអន្តរជាតិដែលមានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ខែធ្នូឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ។
លោកបានបញ្ជាក់ថា ជំនួបពាណិជ្ជកម្មនាពេលនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់វិនិយោគិន ធុរជនកម្ពុជា និងបរទេសអាចស្វែងរកព័ត៌មានពាក់ព័ន្ធទាំងអស់នៃការធ្វើអាជីវកម្ម និងឱកាសវិនិយោគ ជាពិសេសដៃគូអាជីវកម្មនៅកម្ពុជា។
លោកអ៊ុំ កុសល បានបន្ថែមថា វាជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំនិងមានសារៈសំខាន់សម្រាប់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាង ធុរជនកម្ពុជា និងធុរជនបរទេសជាមិត្ត ដើម្បីជំរុញការលើកស្ទួយសហគ្រាស សហគ្រិនភាព និងការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការបន្តធ្វើឱ្យប្រសើរឡើងដែលរួមចំណែកដល់កំណើនសេដ្ឋកិច្ចនិងការបង្កើតការងារ។
លោកបានបញ្ជាក់ទៀតថា៖ «ព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់វិនិយោគិន ធុរជនកម្ពុជា និងបរទេសអាចស្វែងរកព័ត៌មានពាក់ព័ន្ធទាំងអស់នៃការធ្វើអាជីវកម្ម និងឱកាសវិនិយោគ ជាពិសេសដៃគូអាជីវកម្ម ក្នុងនាមក្រសួងពាណិជ្ជកម្ម ខ្ញុំសូមយកឱកាសនេះស្វាគមន៍ធុរជន និងវិនិយោគិនបរទេសទាំងអស់ដែលមានគម្រោងប្រកបអាជីកម្មនិងវិនិយោគនៅកម្ពុជា»។
លោកបានបន្តថា រាជរដ្ឋាភិបាលកម្ពុជាក៏បានដាក់ចេញនូវទស្សនវិស័យវែងឆ្ងាយនិងច្បាស់លាស់ដើម្បីប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ខាងមុខដោយបានបង្កើតច្បាប់វិនិយោគថ្មីរបស់កម្ពុជា មានគោលបំណងសម្រួលបរិយាកាសសម្រាប់អាជីវកម្ម និងការវិនិយោគដែលនេះគឺជាសមិទ្ធផលថ្មីៗរបស់កម្ពុជាសម្រាប់កំណើនសេដ្ឋកិច្ចជាតិ ជំរុញពាណិជ្ជកម្មទ្វេភាគី និងពហុភាគី ព្រមទាំងទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស។
លោក ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានឱ្យដឹងដែរថា ក្រៅពីការចូលរួមការតាំងពិព័រណ៍សម្រាប់ផលិតផលអង្ករ នៅកោះពេជ្រហើយលោកក៏បានចូលរួមនៅក្នុងជំនួបពាណិជ្ជកម្មដែលបានរៀបចំឡើងដោយក្រសួងពាណិជ្ជកម្មដែលនេះជាមោទនភាពសម្រាប់សហព័ន្ធស្រូវអង្ករកម្ពុជាដែលមានឱកាសក្នុងការការផ្លាស់ប្តូរបទពិសោធន៍ជាមួយសមាគមពាណិជ្ជកម្មបរទេសមួយចំនួន ។
លោកបានបញ្ជាក់ថា៖«យើងអរគុណចំពោះការខិតខំប្រឹងប្រែងរបស់ភាគីពាក់ព័ន្ធចំពោះការប្តេជ្ញាចិត្ត និងកិច្ចសហប្រតិបត្តិការល្អ ក្នុងការរៀបចំព្រឹត្តិការណ៍នេះឡើងនិងសូមលើកទឹកចិត្តឱ្យបន្តរៀបចំកម្មវិធីបែបនេះជាប្រចាំដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាង វិស័យឯកជនកម្ពុជា និងបរទេស»។
សូមជម្រាបថា ព្រឹត្តិការណ៍ពិព័រណ៍នេះមានរយៈពេល ៤ ថ្ងៃចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែធ្នូ ដោយមានការគាំទ្រនិងចូលរួមយ៉ាងច្រើនពីប្រទេសជាមិត្តដូចជា ប្រទេសឥណ្ឌូនេស៊ី ភូមា ហ្វីលីពីន ថៃ វៀតណាម ឡាវ ម៉ាឡេស៊ី ចិន សាធារណរដ្ឋកូរ៉េ ប៉ាគីស្ថាន ឥណ្ឌា តួកគី ជប៉ុន នូវែលសេឡង់ អូស្ត្រាលី បារាំងអាល្លឺម៉ង់ ព្រមទាំងវិស័យសាធារណៈ និងឯកជនក្នុងស្រុក។ក្នុងនោះមានក្រុមហ៊ុននិងសហគ្រាសចូលរួមសរុបចំនួន ១៣៦ ក្រុមហ៊ុន សហគ្រាសក្នុងនោះមានក្រុមហ៊ុនក្នុងស្រុកចំនួន ៨៦ និងមានស្តង់សរុបចំនួន ២៣២ ស្តង់ ឯស្តង់ក្នុងស្រុកចំនួន ១៦៤ ស្តង់៕