​ភ្នំពេញៈ​ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន ម៉ា​ណែត ​ បាន​សម្រេច​ដាក់​ឱ្យ​អនុវត្ត​សាក​ល្បង​ការ​ផ្តល់​សេវា​បណ្ណ​ព្រំដែន​កម្ពុជា​-​ថៃ​ នៅ​រដ្ឋ​បាល​ក្រុង ​ស្រុកនៃ​ខេត្ត​ជាប់​ព្រំដែន​ជា​មួយ​ប្រទេស​ថៃ​ សម្រាប់​រយៈ​ពេល ៦​ ខែ​ ដោយ​គិត​ចាប់​ពី​ថ្ងៃទី​១ ខែ​មក​រា ឆ្នាំ​២០២៤ ​​តទៅ​។

​សេចក្តី​សម្រេច​ដោយ​លោក ហ៊ុន ម៉ា​ណែ​ត ចុះ​ថ្ងៃទី​២២​ ខែវិច្ឆិកា ឆ្នាំ​២០២៣ ​បាន​ឱ្យដឹង​ថា ក្នុង​រយៈ​ពេល​អនុវត្ត​សាក​ល្បង​នេះ អភិ​បាល​ក្រុង ​ស្រុក​នៃ​ខេត្ត​ជាប់​ព្រំដែន​ជា​មួយ​ព្រះរាជា​ណា​ចក្រ​ថៃ​ត្រូវ​បាន​ធ្វើ​ប្រតិភូ​កម្ម​អំណាច​ឱ្យ​ក្នុង​ការ​ពិនិត្យ​សម្រេច​ និង​ចុះ​ហត្ថ​លេខា​លើ​បណ្ណ​ព្រំដែន​កម្ពុជា​-​ថៃ​ ជូន​ប្រជា​ពលរដ្ឋ​ខ្មែរ​ដែល​មាន​លំនៅ​ឋាន​អចិន្ត្រៃយ៍​នៅ​ក្នុង​ដែន​សមត្ថ​កិច្ច​របស់​ខ្លួន​។​


​បើ​តាម​សេចក្តី​សម្រេច​នេះ ​ក្នុង​ការ​អនុវត្ត​សាក​ល្បង​នេះ​នឹង​ត្រូវ​បន្ត​ដោយ​ស្វ័យ​ប្រវ​ត្តិ ប្រសិ​នបើ​ពុំមាន​ការ​សម្រេច​ផ្សេង​ណាមួ​យ​ពី​រាជ​រដ្ឋាភិ​បាល​កម្ពុជា​។​

​សេចក្តី​សម្រេច​នេះ​បាន​បញ្ជាក់​ថា​៖ «​រដ្ឋបាល​ក្រុង​ស្រុក ​ត្រូវ​រៀបចំ​ការ​ផ្តល់​សេវា​បណ្ណ​ព្រំដែន​កម្ពុជា​-​ថៃ ​ជូន​ប្រជា​ពលរដ្ឋ​ខ្មែរ តាម​រយៈ​ការិ​យា​ល័យ​ច្រក​ចេញ​ចូល​តែមួយ​នៃ​រដ្ឋ​បាល​ក្រុង​ ស្រុក ​និង​ទីតាំង​ផ្សេង​ទៀត​តាម​ការចាំ​បាច់​ដែល​កំណត់​ដោយ​រដ្ឋ​បាល​ក្រុង​ស្រុក​សាមី ​ដោយ​ប្រើ​ប្រាស់​កម្ម​វិធី​ព័ត៌​មាន​វិទ្យា​សម្រាប់​គ្រប់​គ្រង​ និង​ផ្តល់​សេវា​ក្នុង​អង្គ​ភាព​ច្រក​ចេញ​ចូល​តែ​មួយនិង​ប្រព័ន្ធ​គ្រប់​គ្រង​បណ្ណ​ព្រំដែន​កម្ពុជា​»​។​


​ជុំវិញ​បញ្ហា​នេះ​ លោក ​អំ ​សំអាត​ នាយក​កិច្ច​ការ​ទូទៅ​អង្គការ​លីកាដូ​បាន​ថ្លែង​នៅ​ថ្ងៃទី​១៨ ខែធ្នូ​ថា សេចក្តី​សម្រេច​ការ​ដាក់​ឱ្យ​អនុវត្ត​សាក​ល្បង​ការ​ផ្តល់​បណ្ណ​ព្រំដែន​កម្ពុជា​-​ថៃ​នេះ​ អាច​ទទួល
ជោគ​ជ័យ​ទៅ​បាន​លុះ​ត្រា​តែ​ការ​ធ្វើ​ប្រតិ​ភូកម្ម​អំណាច​បាន​លឿន​។​

​លោកបាន​បន្ត​ថា ​អាជ្ញាធរ​រដ្ឋ​បាល​ក្រុង​ ស្រុក​ ជាប់​ព្រំដែន​ត្រូវ​រៀបចំ​ការិយា​ល័យ​ច្រក​ចេញ​ចូល​ឱ្យបាន​ល្អ ​បណ្តុះ​បណ្តាល​មន្ត្រី​ជំនាញ ​មាន​ឧបក​រណ៍ និង​បរិក្ខារ​គ្រប់​គ្រាន់ ការ​ផ្តល់​សេវា​កម្ម​បាន​ឆាប់​រហ័ស ​ការ​កំណត់​តម្លៃ​តាម​សេវា​ថោក​តាម​ប្រកាស ​ឬ​អនុ​ក្រឹត្យ​ រាជ​រដ្ឋាភិ​បាល​ មិន​មាន​អំពើ​ពុក​រលួយ ​និង​ឥរិយាបថ​​មន្ត្រី​ដែល​ជា​ផ្តល់​សេវា​ត្រូវ​ទទួល​ខុស​ត្រូវ​ខ្ពស់​ និង​ផ្តល់​សេវា​ដោយ​ការ​បំពេញ​កាតព្វ​កិច្ច​កា​រងារ​ជា​ម​ន្ត្រី​បម្រើ​សេវា​សា​ធារណៈ ​និង​មិន​រើស​អើង​។​


​លោក​បាន​ថ្លែង​ថា​៖ «​ប៉ុន្តែ​ដោយ​សេវា​នៃ​ការ​ផ្តល់​បណ្ណ​ព្រំដែន​នេះ​បង្កើត​ថ្មី​ក្នុងការ​សាក​ល្បង ​ដូច្នេះ​អង្គការ​សង្គម​ស៊ីវិល​នឹង​តាម​ដាន​លើ​ការ​រៀបចំ​នៃ​ការផ្តល់​សេវា​ថ្មី​នេះ​មាន​ប្រសិទ្ធ​ភាព​ដល់​កម្រិត​ណា ​ហើយ​អ្នក​ទទួល​សេវា​មាន​ការ​ងាយស្រួល​ជាង​មុន​ ឬ​យ៉ាង​ណា​»​។​

អ្នក​នាំ​ពាក្យ​រដ្ឋ​បាល​ខេត្ត​ឧត្តរ​មាន​ជ័យ​ លោក​ ប៉ិច​ រតនៈ​ នៅ​ថ្ងៃទី​១៨​ ខែធ្នូ​ បាន​ថ្លែងដែរ​ថា ​ ក្រោយ​ទទួល​បាន​សេចក្តី​សម្រេច​នេះ រដ្ឋ​បាល​ខេត្ត​នឹង​រៀបចំ​ចាត់​ចែង​អនុវត្ត ​ឱ្យ​បាន​ត្រឹ​មត្រូវ​ដើម្បី​ធ្វើយ៉ាង​ណា​បង្ខិត​សេវាឱ្យ​កាន់តែ​ខិត​ជិត​ប្រជា​ពលរដ្ឋ​នៅក្នុ្ង​ង​ខេត្ត​។​

លោក​បាន​បញ្ជាក់​ថា៖«​ការ​ដាក់​ឱ្យ​អនុវត្ត​សាក​ល្បង​ការ​ផ្តល់​សេវា​បណ្ណ​ព្រំដែន​កម្ពុជា​-​ថៃ នៅ​រដ្ឋ​បាល​ក្រុង​ ស្រុកនៃ​ខេត្ត​ជាប់​ព្រំដែន​ជា​មួយ​ថៃ​សម្រាប់​រយៈ​ពេល​៦ ​ខែ នេះ នឹង​ធ្វើ​ឱ្យ​មាន​ភាព​ងាយស្រួ​ល និង​ចំណាយ​តិច​សម្រាប់​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ខេត្ត​»៕