ភ្នំពេញៈ ​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​យាង​បំពេញ​ព្រះរាជទស្សនកិច្ច​នៅ​ខេត្ត Fujian នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន រយៈពេល​ ៣ ​ថ្ងៃ​ចាប់ពី​ថ្ងៃទី​១៩ ដល់​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០២៣​។​


យោងតាម​ព្រះរាជសារ​របស់​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី នៅ​ថ្ងៃទី​១៨ ខែធ្នូ បានឱ្យដឹងថា ព្រះអង្គ​នឹង​អវត្តមាន​ពី​មាតុប្រទេស នៅ​ថ្ងៃទី​១៩-២០-២១ ខែធ្នូ ឆ្នាំ​២០២៣ ដើម្បី​យាង​បំពេញ​ព្រះរាជទស្សនកិច្ច​នៅ​ខេត្ត Fujian នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​

ព្រះអង្គ​មាន​ព្រះរាជបន្ទូល​ថា​៖ «​នៅក្នុង​ឱកាស​អវត្តមាន​របស់​ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ​ខាងលើនេះ សម្តេច​វិបុល សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នឹង​ទទួល​ជួយ​ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ​ក្នុងឋានៈ​ជា​ប្រមុខរដ្ឋស្តីទី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​»​។


លោក គិ​ន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​ប្រាប់​ឱ្យដឹងថា ជា​ការពិត​ទំនាក់ទំនង​ចិន​ត្រូវបាន​កត់សម្គាល់​ដោយ​ការផ្លាស់ប្តូរ​ទស្សនកិច្ច​ផ្លូវរដ្ឋ និង​ផ្លូវការ​ញឹកញាប់​ជា​ប្រក្រតី ដែល​ទាំងនេះ​ជា​សូចនាករ​បង្ហាញ​ពី​ភាព​ស៊ីជម្រៅ​គ្រប់​ជ្រុងជ្រោយ​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​២​ផងដែរ​។​

លោក​បាន​បន្តថា ដំណើរ​ទស្សនកិច្ច​រប​ស់​ព្រះមហាក្សត្រ​ទៅកាន់​ខេត្ត​ Fujian នេះ​គឺជា​តម្លៃបន្ថែម​មួយទៀត​ដែល​បង្ហាញឱ្យឃើញ​នូវ​ទំនាក់ទំនង​កម្ពុជា​-​ចិន​កាន់តែ​ស៊ីជម្រៅ ដែល​អាច​និយាយបានថា​ក្នុងចំណោម​ប្រទេស​ដែលមាន​ទំនាក់ទំនង​ជាមួយនឹង​កម្ពុជា​ដែលជា​ប្រទេស​មានការ​អភិវឌ្ឍ គឺ​មានតែ​ប្រទេស​ចិន​ ទេ​ដែល​ការផ្លាស់ប្តូរ​ទស្សនកិច្ច​ផ្លូវរដ្ឋ និង​ផ្លូវការ ញឹកញាប់​ជាប្រចាំ និង​អចិន្ត្រៃយ៍​រវាង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​ប្រទេស​ទាំង​២​។​


លោក គិ​ន ភា បាន​បញ្ជាក់ថា ៖ «​បើ​យើង​ពិនិត្យ​ជារួម​ទំនាក់ទំនង​កម្ពុជា​-​ចិន​មកដល់ពេលនេះ​គឺ​ដល់​កម្រិត​ខ្ពស់បំផុត​ដែល​មិន​ធ្លាប់មាន​នៅក្នុង​ប្រវត្តិសាស្ត្រ ដោយ​ឈរលើ​ទិដ្ឋភាព​នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន ជាពិសេស​គឺ​ទំនាក់ទំនង​លើ​វិស័យ​វប្បធម៌ ទំនៀមទម្លាប់​ប្រពៃណី​ចិន ដែល​ភាគច្រើន​ក៏បាន​រីកដុះដាល​នៅក្នុង​សង្គម​កម្ពុជា​ដែរ​»​។​

ជាងនេះទៀត លោក​ក៏បាន​លើកឡើង​ដែរ​ថា សម្រាប់​ទិដ្ឋភាព​នយោបាយ ប្រទេស​ទាំង​២ ​បាន​គាំទ្រ​គ្នា​ទៅវិញទៅមក​លើ​វេទិកា​ទាំង​ក្របខណ្ឌ​ទ្វេភាគី ពហុភាគី ហើយ​ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​២​ ក៏មាន​ទំហំ​ធំ​ឡើង​ ដោយមាន​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ទ្វេភាគី​កម្ពុជា​-​ចិន ហើយ​ប្រទេស​ទាំង​២ ​ជា​សមាជិក​នៃ​ក្របខ័ណ្ឌ​សេដ្ឋកិច្ច​តំបន់​គ្រប់​ជ្រុងជ្រោយ (RCEP) រួម​នឹង​យន្តការ​ពហុភាគី​ជាច្រើន​ទៀត​ដែល​ប្រទេស​ទាំង​២​ គាំទ្រ​គ្នា​។​

សូម​រំឭក​ដែរ​ថា ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី និង​សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ បាន​យាង​ធ្វើដំណើរ​ទៅ​ទីក្រុង​ប៉េកាំង នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដើម្បី​ពិនិត្យ​ព្រះរាជសុខភាព​កាលពី​ចុងខែ​សីហា ឆ្នាំ​២០២៣​កន្លងទៅ​៕