ភ្នំពេញៈ យោង​តាម​របាយ​ការណ៍​របស់​ក្រសួង​បរិស្ថាន បាន​ឱ្យ​ដឹង​ថា ក្នុង​រយៈ​ពេល ៣ ​ខែ មាន​រោងចក្រ​ជាង ២០០​រោងចក្រ ដែល​មាន​កម្មករ​ ក​ម្មការិនី​ជាង ១៨​ ម៉ឺន​​នាក់ បាន​​ចូល​រួម​យុទ្ធនាការ​កាត់​បន្ថយ​ការ​ប្រើ​ប្រា​ស់ប្លា​ស្ទិ​ក​​ជា​មួយ​ក្រសួង​។


​​ក្រសួងប​រិស្ថាន បាន​ឱ្យ​ដឹង​ថា គិត​ចាប់​ពីដា​ក់​ចេញ​យុទ្ធនាការ​នេះ កាល​ពីថ្ងៃ​​ទី​១ ខែ​កញ្ញា ដល់ថ្ងៃ​ទី១​៥ ខែ​ធ្នូ ឆ្នាំ​២០២៣នេះ ​​​កម្មករ​​​កម្មការិនី​សរុប​ចំនួន​ ១៨២ ០២៨​នាក់ ដែល​មាន​រោងចក្រ សហគ្រាស​ចំនួន ២៦១​រោងចក្រ នៅទូ​​ទាំង​ប្រទេស បាន​ប្តេជ្ញា​ចូល​រួម​យុទ្ធនា​ការ​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ប្លាស្ទិក ក្រោ​ម​ប្រធាន​បទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»។

ក្នុង​​នោះ​​ក្រសួង​​បរិស្ថាន ក៏​បាន​​ចុះធ្វើ​​ការ​ផ្សព្វ​ផ្សាយបាន​ចំ​នួន ៣១៦​លើក នៅក្នុ​ង​ខេត្ត​កំពត ខេត្តព្រះសីហ​នុ ខេត្ត​តាកែវ ខេត្តកំ​ពង់​ស្ពឺ និង​ខេត្ត​កណ្ដាល​។ 


ក្រៅ​ពី​នេះ ក្រសួង​ក៏បា​ន​ចុះ​ធ្វើ​ការ​ផ្សព្វផ្សា​យ​នៅក្នុ​ង​ខេត្តស្ទឹង​ត្រែ​ង ខេត្ត​​បាត់​ដំ​ប​ង​ ខេត្តកំពង់ឆ្នាំ​ង​ ​ខេត្ត​កំ​ពង់​ចា​ម​ ខេត្ត​បន្ទាយ​មាន​ជ័យ ខេត្តត្បូងឃ្មុំ ខេត្តរតន​គិរី ខេត្តកំព​ង់​ធំ និងខេត្ត​ស្វាយ​រៀង រួមទាំង​រាជធា​នីភ្នំពេញ​ផង​ដែរ។ 

ក្រសួង​បរិស្ថាន​​បន្ត​​ថា ៖ «ខណៈ​ដែល​មាន​ការ​ចូល​រួម​ពីក​ម្មករ​​ កម្មការិនី​រោង​ចក្រ ក្នុង​យុទ្ធនាការ​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ប្លាស្ទិក​នេះ ក៏​មាន​ការចូ​ល​រួម​ពីលោ​កគ្រូ​​​អ្នក​គ្រូ​សរុបចំ​នួន ១២២​ ៥២៩នាក់ និងសិ​ស្សានុសិស្ស​សរុប​ចំនួនជាង ៣លាននាក់ ដែល​មាន​សាលា​រៀនស​រុប​ចំនួន ៧ ៥១២សាលា ហើយ​និង​អ្នក​​ចូល​រួម​ផ្សេងៗ​ទៀត​សរុប​​ចំនួន ៤១៤ ២៥១នាក់ ក្នុង​នោះ​មាន​វត្តអារាម ៣៤​កន្លែង និង​សហគមន៍​ទី​ប្រជុំជន​ចំនួន ៧៧​កន្លែង នៅ​ទូទាំ​ង​ប្រទេស​កម្ពុជា​»។​


កាល​ពីចុ​ង​ខែ​តុលា​កន្លង​ទៅនេះ​លោក អ៊ាង សុផល្លែត រដ្ឋ​​មន្រ្តី​​ក្រសួង​​បរិស្ថាន ​​បានចេ​ញ​លិខិត​អំពាវនាវ និ​ង​ស្នើ​ទៅ​ដល់វិស័យ​​ឯកជន​​ទាំង​​អស់ ចូល​​រួម​​ដឹក​នាំ​កម្មករ និង​បុគ្គលិក​របស់​ខ្លួន អនុវត្ត​យុទ្ធនាការ​កាត់​ប​ន្ថ​យ​ការ​ប្រើ​ប្រាស់​ប្លាស្ទិកនេះ​នៅ​តាមស្ថា​ប័ន​របស់​ខ្លួន​​ ក្រោយ​ពេល​​ក្រសួង បាន​​ធ្វើ​​យុទ្ធនាការ​កាត់​​បន្ថយ​​ការ​​ប្រើ​ប្រាស់​ប្លាស្ទិក​​នេះ នៅ​តាម​សាលារៀន​ក្នុងខេ​ត្តមួ​យ​ចំនួន​។​

​លោក ហេង គឹមហុង ប្រធាន​កម្មវិធី​ផ្នែក​ស្រាវ​ជ្រាវ  និង​តស៊ូ​មតិ នៃ​សមាគ​ម​បណ្តាញ​យុវជន​កម្ពុជា (CYN) បាន​​ថ្លែង​នៅថ្ងៃទី១៨ ខែធ្នូ​ថា បញ្ហាកា​រ​ប្រើ​ប្រាស់​ប្លាស្ទិក​នៅ​ប្រទេស​កម្ពុជា គឺ​មាន​ភាព​ទូលំទូ​លាយ​ខ្លាំង និង​ងាយ​ស្រួលប្រើ​​ប្រាស់ ខណៈ​ដែលមក​ដល់​ពេល​នេះ​លោក​ថា មិន​​​ទាន់​​ឃើញ​មាន​យន្ត​ការ​ណា​​មួយពី​ក្រសួង​បរិស្ថាន ក៏​ដូចជា​​​ស្ថាប័ន​រាជរដ្ឋាភិបាល ធ្វើ​ការ​បង្កើន​តម្លៃ​​ប្លាស្ទិក​​នៅ​​​លើ​ទីផ្សារ និង​បញ្ឈប់​​ការ​ចែក​ចាយ​ប្លាស្ទិក​ដោយ​ឥត​គិត​ថ្លៃជាដើម។

លោកបាន​​បញ្ជាក់​ថា៖ «​ខ្ញុំសូ​ម​លើក​ទឹក​ចិត្ត​ឱ្យក្រ​សួង​បរិស្ថាន ក៏​ដូច​ជាស្ថា​ប័ន​រាជរ​ដ្ឋាភិបាល រៀប​ចំ​យន្តកា​រ​មួយ​ចំនួន​ក្នុង​ការ​ដំឡើង​ពន្ធ ឬ​ក៏​វិធានការ​ទីផ្សារ​ក្នុងការ​​ប្រឆាំងជា​មួ​យ​នឹង​ការ​នាំ​ចូលប្លា​ស្ទិក​ហ្នឹង​»​។ 

លោកហេង គឹមហុង បាន​​បន្ថែមថា​​ ប្រ​សិន​ជាកា​លណា​​ប្លាស្ទិកនៅ​តែ​​បន្ត​មាន​តម្លៃធូ​រ​ថ្លៃ និង​ងាយ​ស្រួ​ល​ក្នុង​ការ​នាំ​ចូល នោះ​យុទ្ធនាការកា​ត់​បន្ថយការប្រើប្រាស់ប្លាស្ទិក​ដែល​ក្រសួង​ដាក់​ចេញ និងកំ​ពុង​ធ្វើ​​ជា​មួយ​វិស័យ​ឯកជន រោងចក្រ សហ​គ្រាស និង​សាលា​រៀន វា​អាចនឹង​​ពិបាក ដើម្បី​ទប់​ស្កាត់​។

សូមបញ្ជាក់​ថា ក្នុងអាណត្តិទី៧នេះ ​រដ្ឋ​មន្រ្តី​ក្រសួង​បរិស្ថាន បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្រ្ត​ចក្រា​វិស័យ​បរិស្ថា​ន​ឆ្នាំ​២០២៣​-​២០២៨ ដែល​យុទ្ធសាស្រ្ត​ស្នូល​នេះ ផ្តោត​លើ​មុំ​សំខាន់​៣ គឺ​ភាព​ស្អាត ភាព​បៃតង ​និង​ចីរភាព ដើម្បី​ឆ្លើយ​តប​នឹង​បញ្ហា​សកល​នៃ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​៕