ភ្នំពេញៈ យុវជន​ម្នាក់​កំពុង​ឈរ​និយាយ​អំពី​រូបភាព ដែល​ខ្លួន​បាន​ថត​ពាក់ព័ន្ធ​នឹង​ប្រធានបទ​ «​អំពើពុករលួយ និង​ផលប៉ះពាល់​» ពន្យល់​ទៅដល់​អ្នកចូលរួម​ជា​ច្រើន​ដែល​បាន​ដើរ​មើល​រូបថត និង​រូបគំនូរ​ដែល​ដាក់តាំង​នៅក្នុង​សាល​ធំ​នៃ​សណ្ឋាគារ​ ១​ នៅជាប់​មាត់ទន្លេ​ក្នុង​រាជធានី​ភ្នំពេញ​។​


​មាន​យុវជន​ដទៃទៀត​ជាច្រើន​ក៏បាន​ចូលរួម​ដាក់តាំង​រូបភាព​របស់ខ្លួន​ផងដែរ​។ សកម្មភាព​នៃ​ការចូលរួម​របស់​យុវជន​យ៉ាងនេះ​អាច​ដោយសារតែ​បញ្ហា​អំពើ​ពុក​រលួយ​នៅតែ​បន្ត​កើតមាន​នៅក្នុង​សង្គម​ក​ម្ពុ​ជា​។

កាលពី​ថ្ងៃទី​ ៨ ខែធ្នូ ឆ្នាំ​ ២០២៣ អង្គការ​តម្លាភាព​កម្ពុ​ជា បានរៀបចំ​ការ​ប្រកួតប្រជែង​រូបថត និង​គំនូរ​ក្រោម​ប្រធានបទ «​អំពើពុករលួយ និង​ផលប៉ះពាល់​» ​ដើម្បី​ចូលរួម​ប្រារព្ធ​ទិវា​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ ៩ ធ្នូ​។ 


​ពេលព្រឹក​ថ្ងៃ​រៀបចំ​កម្មវិធី​នេះ យុវជន យុវតី​ដែល​បាន​ថតរូប និង​គូររូប​ពាក់់ព័ន្ធ​នឹង​ប្រធានបទ​បាន​រូតរះ​ទៅដល់​មុន​កម្មវិធី​ចាប់​ផ្តើម និង​បានរៀបចំ​ដាក់តាំង​រូប​ភាព​រៀងៗ​ខ្លួន ដើម្បី​បង្ហាញ​ដល់​អ្នកចូលរួម​ជាច្រើន​ដែល​មកពី​អង្គការ​សង្គម​ស៊ីវិល សហគមន៍ អ្នកសិក្សា​ស្រាវជ្រាវ និង​ស្ថាប័ន​រាជរដ្ឋាភិបាល​ក្នុង​បំណង​ទាក់​ទាញ​ចំណាប់អារម្មណ៍​ក្នុង​ការចូលរួម​លុបបំបាត់​អំពើពុករលួយ​។

​កញ្ញា វ៉ែ​ង ជី​វៃ និស្សិត​ទើប​បញ្ចប់​ការសិក្សា​ពីសា​កល​វិទ្យា​​ល័យ​ភូមិន្ទ​វិចិត្រសិល្បៈ បាន​និយាយ​ក្នុង​កាយវិការ និង​ពាក្យ​សម្តី​ទន់ភ្លន់​ទៅកាន់​អ្នក​ចោមរោម​មើលរូប​គំនូរ​របស់​នាង ដែល​បង្ហាញ​ពី​ដើមឈើ​មាន​ខ្លឹម​ល្អ​ ១​ ដើម ដួល​ដេក​ដល់​ដី​ដោយសារ​ដង្កូវ​ពណ៌​សៗ​ស៊ី​រូង​ដើមឈើ​នោះ​។


ជី​វ៉ៃ ប្រាប់ថា ដង្កូវ​ដែល​ស៊ី​ដើមឈើ​មាំ​ ១​ ដើម​រហូត​ដួល​នេះ ប្រៀបដូចជា អំពើពុករលួយ​ដែល​កំពុង​កើតមាន​ក្នុងសង្គម បើសិនជា​គ្រប់គ្នា​មិន​ចាប់អារម្មណ៍ មិន​ចូលរួម​និយាយ មិន​បដិសេធ ឬ​បញ្ចេញ​សកម្មភាព​លុបបំបាត់​ទេនោះ វា​នឹង​កាន់តែ​រីក​រាលដាល​ខ្លាំង​ឡើងៗ ទីបំផុត​សង្គម​ទាំង​មូល​នឹងត្រូវ​រលាយ​។ 

​ជី​វៃ​និយាយថា​៖ «​ការចូលរួម​ប្រឡង​របស់ខ្ញុំ គឺ​ចង់បង្ហាញ​អំពី​ការយកចិត្ត​ទុក​ដាក់​ចូលរួម​លុបបំបាត់​អំពើពុករលួយ ហើយ​ក្នុងនាម​ខ្ញុំ​ជា​យុវជន​ ១ ​រូប ក្រៅពី​ការ​ខំរៀន ខ្ញុំ​ត្រូវតែ​ធ្វើ​អ្វី​ល្អៗ​ដែល​អាចជួយ​សង្គម​បាន​ដូចជា​ការលើកស្ទួយ​សង្គម​ជាតិ​មិនត្រូវ​ប្រើ​ចំណេះដឹង​ដែល​បាន​រៀន​ទៅ​កេងប្រវ័ញ្ច​គាបសង្កត់​អ្នកដទៃ ស៊ីសំណូក សូកប៉ាន់​អី​ទេ ត្រូវធ្វើ​យ៉ាងណា​ឱ្យមាន​ភាពជា​គំរូ​ល្អ​»​។  

​មិន​ឆ្ងាយ​ពីគ្នា​ប៉ុន្មាន កញ្ញា ហី ចាន់នី និស្សិត​ឆ្នាំ​ទី​៣ នៅ​សាកលវិទ្យាល័យ ​១ ​នៅ​រាជធានី​ភ្នំពេញ ក៏បាន​បង្ហាញ​រូបគំនូរ​ផ្ទាល់ដៃ​របស់​នាង​ផងដែរ​។

កញ្ញា​ទទួលស្គាល់ថា បច្ចុប្បន្ន​រាជរដ្ឋាភិបាល​ក៏បាន​យកចិត្តទុកដាក់​ក្នុងការ​លុបបំបាត់​បញ្ហា​អំពើពុករលួយ​នៅក្នុង​សង្គម​​ជាតិ​ផងដែរ ប៉ុន្តែ​អំពើពុករលួយ​ដែល​នៅតែ​កើតមាន​អាច​បណ្តាលមកពី​អ្នកធំ អ្នកមាន​លុយ មានអំណាច​មួយចំនួន ហេតុនេះ​ការ​ដក​ឫសគល់​អ្នក​ទាំង​នោះ​ឱ្យអស់​អាចជា​វិធី​មាន​ប្រសិទ្ធភាព​មួយ​។

​កញ្ញា​និយាយថា​៖ «​បើសិនជា​អ្នកធំ​ប្រព្រឹត្ត​អំពើពុករលួយ យើង​គួរតែ​កម្ចាត់​ឫសកែវ​នោះ​ឱ្យបាន ព្រោះ​បើសិនជា​អ្នកធំ​នៅតែ​ធ្វើ អ្នកតូច​ក៏​មិន​ឈប់​ដែរ​»​។

​កញ្ញា​ឆាយ ពេ​ជ​ ជេ​ស៊ីកា សិស្ស​ថ្នាក់​ទី​១២​ នៅ​សាលារៀន​ជំនាន់​ថ្មី​នៃ​វិទ្យាល័យ​ព្រែក​លាភ បានបង្ហាញ​ពី​រូប​គំនូរដៃ​ម្ខាង​របស់​មនុស្ស​កាន់​ជញ្ជីង​ថ្លឹង​ដែល​ម្ខាង​ផ្ទុក​ដោយ​បេះដូង និង​ម្ខាង​ទៀត​គឺ​លុយ​។ កញ្ញា​ប្រាប់​ពី​អត្ថន័យ​គំនូរ​នេះ​ថា មិន​សំដៅ​ដល់​តុលា​ការ​ទេ ប៉ុន្តែ​សំដៅលើ​សង្គម​ទាំងមូល ដែល​ផ្តល់​តម្លៃ​លើទឹក​លុយ​ខ្លាំង​ជាង​ទឹកចិត្ត និង​សេចក្តី​ទៀងត្រង់​របស់​មនុស្ស​។ 

​កញ្ញា​បញ្ជាក់ថា​៖ «​ដើម្បី​លុបបំបាត់​ចំណុច​នេះ​ខ្ញុំ​គិតថា វា​ពាក់ព័ន្ធ​ជាមួយ​ការគិត​របស់​ប្រជាជន​យើង ដែល​រស់នៅក្នុង​សង្គម​ហ្នឹង​តែម្តង បើសិនជា​យើង​ឈប់​ឱ្យ​តម្លៃ​ទៅលើ​ទឹក​លុយ  ហើយ​បែរមក​ប្រើប្រាស់​គំនិត ការគិត ផ្តល់​តម្លៃ​សមគួរ​ដល់​អ្នកមាន​ស​ម​ត្ថ​ភាព​ទោះ​ក្នុង​កិច្ចការ​អ្វី​កន្លែង​ណា ទីណា​ក៏ដោយ នោះ​នឹង​នាំមក​នូវ​យុត្តិធម៌​សង្គម​មិន​ខាន​»​។

​លោក ភួង ខេមរា ជា​យុវជន​ម្នាក់ទៀត ដែល​បានដាក់​បង្ហាញ​ស្នាដៃ​ថតរូប​របស់ខ្លួន​អំពី​សកម្ម​​ភាព​ស៊ីសំណូកសូកប៉ាន់ ធ្វើ​នៅ​ទី​ងងឹត​ដោយ​រូបថត​បាន​រំលេច​ចេញ​តែ​ដៃ​មនុស្ស​កាន់​កញ្ចប់​លុយ​ហុច​ទៅ​ដៃ​មនុស្ស​ម្នាក់ទៀត​ជា​អ្នកទទួល​។

ខេមរា​ បញ្ជាក់​អត្ថ​ន័យ​រូបថត​នោះ​ថា មនុស្ស​មួយចំនួន​នៅក្នុង​សង្គម​បាន​គិតថា មាន​លុយ គឺមាន​អំណាច ដែលជា​ខ្សែ​សណ្តោង​ពួកគេ​ដើម្បី​បាន​តួនាទី និង​ប្រយោជន៍​។ ប៉ុន្តែ​អំពើ​មួយ​នេះ បាន​បំបាក់ទឹកចិត្ត​អ្នក ដែលមាន​សមត្ថភាព​ពិតប្រាកដ និង​ធ្វើឱ្យមាន​ភាពអយុត្តិធម៌ ក្នុងសង្គម​។​

​ដើម្បី​កុំ​ឱ្យមាន​សកម្មភាព​បែប​នេះ នៅតាម​ស្ថាប័ន​សាធារណៈ​ទាំងអស់​ត្រូវតែ​ធ្វើការ​ជ្រើសរើស​មន្ត្រី​ដើម្បី​ទទួលបាន​អ្នកមាន​សមត្ថភាព​ពិតប្រាកដ តាមរយៈ​ការធ្វើ​តេស្ត​សមត្ថ​ភាពជា​ក់​ស្តែង និង​មើល​ពី​ប្រវត្តិរូប​បុគ្គល​ឱ្យបាន​ច្បាស់លាស់ ចៀសវាង​ផ្តល់​មុខ​តំណែង តួនាទី ដោយ​ការប្រើ​​ប្រាស់​សំណូក​។

លើសពីនេះ​ទៀត សង្គមជាតិ​លែងមាន​អំពើពុករលួយ​ទៅបាន លុះត្រាតែ​គ្រប់គ្នា ស្អប់​អំពើពុករលួយ​មានការ​ប្តេ​ជ្ញា​ចិត្ត​ខ្ពស់​ឈប់​ពាក់ព័ន្ធ​រឿង​ស៊ី​សំណូក​សូកប៉ាន់​ទោះ​ក្នុង​រូបភាព​ណាក៏ដោយ​។ 

​លោក​ខេមរា​ថ្លែង​ទៀតថា​៖ «​អំពើពុករលួយ​អាច​បញ្ចប់​បាន គឺ​ផ្តើមចេញពី​យើងទាំងអស់គ្នា​មិនមែន​ទាល់តែ​រាជ​​រដ្ឋាភិបាល​ដាក់​គោលដៅ​លុប​បំបាត់​អំពើពុករលួយ​ហើយ អំពើ​នោះ​នឹង​បញ្ចប់​ទេ​។ បើសិនជា​រាជរដ្ឋាភិបាល​ដាក់​គោលដៅ​ហើយ ប៉ុន្តែ​ប្រជាជន​នៅតែ​ប្រព្រឹត្ត​អំពើ​ហ្នឹង​ទៀត នោះ​អំពើពុករលួយ​នៅតែ​បន្ត​មាន​»​។

​លោកស្រី ​ប៉ុក ម៉ា​រី​ណា ប្រធាន​ក្រុមប្រឹក្សាភិបាល​អង្គការ​ត​ម្លា​ភាព​កម្ពុជាថ្លែងថា រូបភាព​ដែល​បានដាក់​តាំង​បង្ហាញ​ធ្វើការ​ប្រកួត​ប្រជែង​ដោយ​យុវជន​ទាំងនេះ​គួរឱ្យ​ចាប់អារម្មណ៍​ជាខ្លាំង​ដោយ​សារ​រូប​ទាំងនោះ​មើលទៅ​មានគុណ​ភាព​ក្នុង​ការងារ​សិល្បៈ ក៏ដូចជា​ការផ្សារភ្ជាប់ រវាង​ក្មេងៗ​ជំនាន់​ថ្មី​ជាមួយនឹង​សង្គម​ទាក់​ទង​នឹង​អំពើពុករលួយ​។

​អំពើពុករលួយ​ គឺជា​ជំងឺ​មួយ​ដែល​នៅ​រ៉ាំរ៉ៃ ហើយ​ពិតណាស់​វា​បាន​ប៉ះពាល់​យ៉ាងច្រើន​ទៅលើ​អាទិភាព​របស់​មនុស្សជាតិ ព្រម​ទាំង​ប៉ះពាល់​ទៅលើ​សេដ្ឋកិច្ច បរិស្ថាន និង​នយោបាយ​ផងដែរ​។ ជាមួយគ្នា​នោះ អំពើពុករលួយ​ក៏​អាចធ្វើឱ្យ​ការទទួលបាន​ធនធាន​សាធារណៈ​មាន​កម្រិត ប៉ះពាល់​ដល់​ការអភិវឌ្ឍ​របស់​ប្រទេសជាតិ​។​

​លោកស្រី​ថ្លែងថា​៖ «​ជំហាន​សំខាន់​ដែល​យើង​ត្រូវតែ​ចាប់​ផ្តើមធ្វើ គឺ​ស្វែងរក​មធ្យោបាយ​ដើម្បី​កាត់បន្ថយ​អំពើពុករលួយ ដែល​យើង​ត្រូវផ្តោត​ទៅលើ​វប្បធម៌​ឱ្យមាន​ទំនុកចិត្ត​រវាង​ប្រជាពលរដ្ឋ និង​រដ្ឋាភិបាល​ក្នុងការ​បង្កើត​សង្គម​មួយ​ដែល​យុត្តិធម៌​ទៀង​​ត្រង់​ស្មើគ្នា ដែល​គ្រប់គ្នា​ទទួល​បាន​សារប្រយោជន៍ ស្មើគ្នា​ពី​ការអភិវឌ្ឍ​ប្រទេស​»​។

​សារលិខិត​របស់លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ា​ណែ​ត នៅក្នុង​ទិវា​ប្រឆាំង​អំពើពុករលួយ ៩​ ធ្នូ បានឱ្យដឹងថា នៅ​កម្ពុជា មិនមែន​មានតែ​ស្ថាប័ន​ប្រឆាំង​អំពើពុករលួយ​តែឯង ដែល​បំពេញបេសកកម្ម​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​នោះទេ​។ រាជរដ្ឋាភិបាល គ្រប់​ស្ថាប័ន ថ្នាក់ជាតិ ថ្នាក់ក្រោម​ជាតិ វិស័យ​ឯកជន សង្គម​ស៊ីវិល អ្នក​សារព័ត៌មាន និង​ប្រជាជន​បានរួម​គ្នា​មិន​ឈប់ឈរ អស់​រយៈពេល ៦​ អាណត្តិ មកហើយ​។  

​លោក​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​អាណត្តិ​មុន បាន​អនុវត្ត​ជា​បន្ត​បន្ទាប់​នូវ​កំណែទម្រង់​ស៊ីជម្រៅ​ជាច្រើន ដែល​បាន​នាំ​ភាព​រីក​ចម្រើន មាន​កំណើនសេដ្ឋកិច្ច​ខ្ពស់​។

បាវចនា​ដ៏​ប្រជាប្រិយ​ដែល​គេ​ងាយ​ចាំ ងាយ​យល់ ងាយ​អនុវត្ត ងាយ​នាំគ្នា​កែទម្រង់​នោះ​គឺ​ពាក្យ «​ឆ្លុះកញ្ចក់​ងូតទឹក​ដុសក្អែល​ព្យា​​បាល និង​វះកាត់​» ដែលជា​ពាក្យ​របស់លោក​ហ៊ុន សែន​។

លោក​ថា​៖ «​ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ​ក៏​នៅតែ​បន្ត​ហើយ​លើកកម្ពស់​បន្ថែមទៀត​នូវ​បាវចនា ៥ ​ពាក្យ​នេះ ហើយ​ប្រាកដ ណាស់​បើ​យើង​ឆ្លុះកញ្ចក់​ងូតទឹក​ដុសក្អែល​ព្យាបាល និង​វះកាត់​បានជា​ប្រចាំ សង្គម​យើង នឹង​បន្ត​ទទួលបាន​ភាព​ស្អាតស្អំ​ក្នុងការ​អភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច​»​។

​លោក ឱម យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ថ្លែង​ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​អបអរ​សាទរ​ទិវា​ជាតិ​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើពុករលួយ​នា​ថ្ងៃទី​ ៩ ​ធ្នូ នៅមុខ​សាល​មហោស្រព​កោះ​ពេជ្រ កាលពី​ថ្ងៃទី ​៦ ខែធ្នូ ឱ្យដឹងថា សម្រាប់​ឆ្នាំនេះ​អង្គភាព​ប្រឆាំង​អំ​ពើ​ពុករលួយ បានរៀបចំ​ពិធី​អប់រំ​ផ្សព្វផ្សាយ​ពី​បញ្ហា​អំពើពុករលួយ នៅតាម​សាលារៀន​មួយចំនួន​ទាំង​នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត ដោយមាន​ទាំង​ការប្រគំ​តន្ត្រី​ខ្នាតតូច ការសម្តែង​សៀក សំណួរ​ចម្លើយ​យក​រង្វាន់ ការចង​បដា​មូលដ្ឋាន ទីផ្សារ ទី​រមណីយដ្ឋាន ក្រុមហ៊ុន និង​តាម​ដងផ្លូវ​ផងដែរ​។​

​លោកស្រី ម៉ែន សំអន ឧ​ត្ត​ម​​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ជា​អនុប្រធាន​ក្រុម​ប្រឹក្សាជាតិ​ប្រឆាំង​អំពើពុករលួយ ថ្លែងថា បច្ចុប្បន្ន​អំពើពុករលួយ​នៅតែ​ជា​កម្មវត្ថុ​មួយ​ដែល​គ្រប់ៗ​គ្នា​ត្រូវ​យកចិត្តទុកដាក់ ក្នុង​ការចូលរួម​ប្រយុទ្ធប្រឆាំង​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​។

បើទោះបី​សកម្មភាព​ខ្លះ​មើលទៅ​ហាក់ដូចជា​សាមញ្ញ​ក្តី តែ​ក៏​កំពុង​ក្លាយទៅជា​ចំណុច​ត្រូវតែ​កែប្រែ​ឱ្យទៅជា​ទម្លាប់​ថ្មី ដែល​ទម្លាប់​ថ្មី​នេះ​ត្រូវតែ​ដុសខាត់​ដោយ​លិខិត​បទ​​ដ្ឋា​ន​ច្បាប់ និង​វិធានការ​ទប់ស្កាត់ ផងដែរ​។

ប្រភព​ដដែល​បន្ថែមថា រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ នៃ​រដ្ឋសភា បាន​ជំរុញ​ការកែទម្រង់​ឈានឆ្ពោះ​ទៅរក​អភិបាលកិច្ច​ល្អ ដែល​បានកំណត់​យ៉ាងច្បាស់​ពី​ការពង្រឹង​ការប្រយុទ្ ធប្រឆាំង​អំពើពុករលួយ​ដោយ​ឆន្ទៈ​មុត​​ស្រួច និង​ការប្តេជ្ញា​ខ្ពស់​តាមរយៈ​ការលើកកម្ពស់​ការអនុវត្ត​វិធានការ​ស្នូល​ទាំង​ ៣​។ 

​លោកស្រី​ថ្លែងថា​៖ «​វិធានការ​ស្នូល​ទាំង​ ៣ ​នះ គឺ​ការអប់រំ បង្ការ ទប់ស្កាត់ និង​អនុ​​វត្ត​ច្បាប់​ប្រឆាំង​អំពើពុករលួយ ដើម្បី​ធានា​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​ច្បាប់​លើកស្ទួយ​ភាព​ស្អាតស្អំ ក្នុង​រដ្ឋបាល​សាធារណៈ និង​វិស័យ​ឯកជន​លើកកម្ពស់​អភិ​​បាល​កិច្ច និង​ការត្រួតពិនិត្យ​ផ្ទៃក្នុង ការចូលរួម​ជាមួយ​ស​ហគ​មន៍​អន្តរជាតិ​លើ​ការប្រយុទ្ ធប្រឆាំង​អំពើពុករលួយ និង​ប្រឆាំង​ការ​សម្អាត​ប្រាក់​»​។​

​ក្នុងឱកាស​នោះដែរ​លោកស្រី​ ម៉ែន សំអន ក៏បាន​អំពាវនាវ​ដល់​រដ្ឋបាល​គ្រប់​ជាន់ថ្នាក់ ត្រូវ​ពង្រឹង​ភាព​ស្អាតស្អំ និង​ការទទួលខុសត្រូវ​រប​ស់​ខ្លួន ព្រមទាំង​រៀបចំ និង​ពង្រឹង​យន្តការ​គ្រប់​​គ្រង​ផ្តល់​សេវាសាធារណៈ​ប្រកប​ដោយ​លក្ខណៈ​ទំនើប​ឆាប់រហ័ស និង​តម្លាភាព ចៀសវាង​ពី​អំពើពុករលួយ ការបំពាន​ក្រម​សីល​ធម៌ វិជ្ជាជីវៈ ឬ​បំពាន​អំណាច​ក្នុងការ​អនុវត្ត​តួនាទី និង​ភារកិច្ច​របស់ខ្លួន​៕