ភ្នំពេញៈ មន្ទីរពេទ្យ​គន្ធបុប្ផា បានទទួល​ថវិកា​ជាង​ ១៥២ ​លាន​រៀល​ ពី​ព្រឹត្តិការណ៍​រាត្រីសមោសរ សប្បុរសធម៌ ដែល​បានរៀបចំ​ដោយ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ហើយ​រាល់​ថវិកា​បរិច្ចាគ​ពី​សប្បុរសធម៌ បានរួម​ចំណែក​ជួយសង្គ្រោះ​អាយុជីវិត​កុមារ​កម្ពុជា​។​


​លោក យ៉ៃ ចន្ទ​នា ប្រធាន​មន្ទីរ​ពេទ្យ​ជ័យ​វរ្ម័នទី​៧ ឬ​គន្ធបុប្ផា​ទី​៣ បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី ​១៨ ខែ​​ធ្នូ​ថា មន្ទីរពេទ្យ​គន្ធបុប្ផា បានទទួល​ចំនួន​ទឹកប្រាក់​បរិច្ចាគ​ចំនួន ១៥២ ​លាន​រៀល ពី​ព្រឹត្តិការណ៍​រាត្រីសមោសរ​សប្បុរសធម៌​ដែល​រៀបចំ​ដោយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។

ថវិកា​បរិច្ចាគ​នេះ នឹង​ចាត់ចែង​ជួយសង្គ្រោះ​ទៅដល់​កុមារ​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ទាំងអស់​ក្នុងប្រទេស​កម្ពុជា ក្នុងនោះ​រួមមាន​៖ មន្ទីរពេទ្យ​គន្ធបុប្ផា​សៀមរាប និង​មន្ទីរពេទ្យ​គន្ធបុប្ផា​​ភ្នំពេញ​ជាដើម​។​


​លោក​បញ្ជាក់ថា​៖ «​រាល់​ថវិកា​ដែល​ទទួលបាន​ពី​សប្បុរសធម៌ ទាំង​មន្ទីរពេទ្យ​គន្ធបុប្ផា​សៀមរាប និង​ភ្នំពេញ គឺ​យើង​យកទៅ​បម្រើសេវា​ព្យាបាល​ជំងឺ និង​ពិនិត្យ​ជំងឺ​ទាំង​ក្នុង និង​ក្រៅ ក្នុង ១ ​ថ្ងៃ​ មាន​កុមារ​ចូលមក​ពិនិត្យ​ជំងឺ​ពី ៣ ០០០​ នាក់ ទៅ​ ៥ ០០០​ នាក់ ហើយ​កុមារ​មក​សម្រាក​នៅក្នុង​មន្ទីរពេទ្យ​ពី​ ៤០០ ​នាក់ ទៅ ៥០០​ នាក់ ជា​មធ្យម​រៀងរាល់ថ្ងៃ​»​។​

​បើតាម​លោក យ៉ៃ ចន្ទ​នា ក្រៅពីនេះ ទាំង​នៅក្នុង​មន្ទីរពេទ្យ​គន្ធ​បុប្ផា​សៀមរាប និង​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ភ្នំពេញ ក្នុង​ ១ ​ថ្ងៃ​មាន​កុមារ​ចូលមក​វះកាត់​ពី ៥០ ​ករណី ទៅ ៦០​ ករណី​ក្នុងនោះ​មាន​កុមារ​ចូលមក​វះកាត់​បេះដូង​នៅ​មន្ទីរពេទ្យ​ទាំង ​២​ នេះ ក្នុង ១ ​ថ្ងៃ ៥ ​ករណី​។ លើសពីនេះ​ក៏មាន​ស្ដ្រី​ចូលមក​សម្រាលកូន​ក្នុង ១ ​ថ្ងៃ ៧០ ​នាក់ និង​ពិនិត្យ​ផ្ទៃពោះ​ជា​មធ្យម​ក្នុង ១​ ថ្ងៃ​មាន​ពី ៣០០​ នាក់ ទៅ ៥០០ ​នាក់​។


លោក​បន្តថា ដូច្នេះ​រាល់​ការព្យាបាល​ទាំងអស់ រួម​ទាំង​ការវះកាត់​កុមារ និង​ការ​ព្យាបាល​ស្ដ្រី​សម្រាលកូន គឺ​មិនមាន​ការគិតថ្លៃ​ទេ ជាពិសេស​ក្រុមគ្រូពេទ្យ ដែលជា​បុគ្គលិក​បម្រើការ​ងារ​នៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ទាំង​ភ្នំពេញ និង​ខេត្ត​សៀម​រាប គឺ​ពួកគាត់​អត់​មាន​សិទ្ធិ​ទៅ​បើក​មើលជំងឺ​ខាងក្រៅ​ឡើយ​។​

​លោក​បន្ថែមថា​៖ «​រាល់​ជំនួយ​របស់​សប្បុរសធម៌​ទាំង​ជាតិ និង​អន្តរជាតិ និង​តាមរយៈ​ការរៀបចំ​កម្មវិធី​ផ្សព្វផ្សាយ​ផ្សេងៗ នឹង​ធ្វើឱ្យ​មន្ទីរពេទ្យ​គន្ធបុប្ផា​ទាំងអស់ នៅ​បន្តដំណើរ​ការល្អ​ដដែល និង​បន្ត​អភិវឌ្ឍ​ការព្យាបាល វះកាត់ និង​ការព្យាបាល​ជំងឺមហារីក​ជូន​ទៅដល់​កុមារ បាន​រហ័ស និង​ឆ្លើយ​តប​ទាន់ពេលវេលា​ក្នុងការ​សង្គ្រោះ​អាយុជីវិត​កុមារ​កម្ពុជា​»​។​

​បើតាម​ហ្វេ​ស​ប៊ុ​ក​ក្រសួង​វប្ប​ធម៌ និង​វិចិត្រសិល្បៈ ព្រឹត្តិការណ៍​រាត្រីសមោសរ​សប្បុរសធម៌​ដែលមាន​ឈ្មោះថា​​«​សេចក្តីស្រឡាញ់​ដ៏​ធំធេង​របស់​ខ្មែរ​​រាត្រីសមោសរ​សប្បុរស​ធម៌​» ត្រូវបាន​ប្រារព្ធ​ឡើង​យ៉ាង​ឱឡារិក​នៅ​ប្រាសាទ​​បា​ភួ​ន ក្នុង​ក្រុង​សៀមរាប ក្រោម​កិច្ចសហការ​រៀបចំ​ដោយ​ក្រសួង​វប្បធម៌ សមាគម​ក្រុមប្រឹក្សា​វប្បធម៌​ឌីជីថល​អង្គរ និង​មូល​​និ​ធិ ឌី​ភី​ប៊ី កាលពី​ថ្ងៃទី​ ១៣ ខែធ្នូ ឆ្នាំ ​២០២៣​។​

​លោកស្រី​ ភឿង ស​កុ​ណា រដ្ឋ​​មន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​ថ្លែង​ក្នុង​ព្រឹត្តិការណ៍​រាត្រីសមោសរ​សប្បុរសធម៌​ថា អនាគត​របស់​ជាតិ គឺ​ពឹង​ទៅលើ​កុមារ ហើយ​បើកាលណា​កុមារ​កម្ពុ​ជាមាន​សុខភាព​ល្អ ក្នុងការ​សិក្សា​រៀនសូត្រ វា​អាចជា​អ្នក​បន្តវេន​ដឹកនាំ​ប្រទេស​ដើម្បី​រួម​ចំណែក​ធ្វើឱ្យ​សង្គមជាតិ​នៅពេល​អនាគត​កាន់តែ​មាន​ភាព​រីកចម្រើន​។​

​លោកស្រី​ថ្លែងថា​៖ «​យើង​សង្ឃឹមថា រាត្រីសមោសរ​នេះ នឹង​អាច​បន្ត​ទៅតាម​លទ្ធភាព​ជា​រៀងរាល់ឆ្នាំ​ដែល​យើង​អាចធ្វើ​បាន មិន​សំខាន់​ថា ការចូល​​រួម​តិចក្ដី ច្រើនក្ដី ប៉ុន្តែ​វា​ជា​ទឹក​ចិត្ត​បរិច្ចាគ​របស់​យើង​ដែល​អាចជួយ​ទៅដល់​អ្នក​លំបាក​ក្នុង​មន្ទីរ​ពេទ្យ ជាពិសេស​កុមារ​»​។​ 

​សូមបញ្ជាក់ថា កាលពី​ឆ្នាំ​ ២០២២ ក្រសួង​វប្បធម៌​ក៏បាន​រៀបចំ​ព្រឹត្តិ​​ការណ៍​រាត្រីសមោសរ​សប្បុរស​ធម៌ ដោយ​ទទួលបាន​ថវិកា​បរិច្ចាគ​ទៅឱ្យ​មន្ទីរពេទ្យ​គន្ធបុប្ផា​ជាង ៨ ​ម៉ឺន​ដុល្លារ​ផងដែរ​៕