ភ្នំពេញៈ​ ប្រធានរដ្ឋសភា លោកស្រី ឃួន សុ​ដា​រី​ បាន​លើកឡើងថា បញ្ហា​ជំងឺមិនឆ្លង​ជា​បញ្ហា​រួម ដែល​មិនត្រូវ​មើលរំលង ហើយ​មាន​ភាព​ប្រទាក់ក្រឡា​និង​ពហុ​វិស័យ ខណៈ​លោកស្រី​ក៏បាន​ស្នើឱ្យ​ភាគី​ពាក់ព័ន្ធ​បន្ត​ផ្សព្វផ្សាយ​ពី​ហា​និ​ភ័យ និង​វិធីសាស្ត្រ​បង្ការ​ជំងឺមិនឆ្លង​ដល់​ពលរដ្ឋ​ឱ្យបាន​កាន់​ផុលផុស​ច្រើន​។​


​លោកស្រី​បន្តថា ត្រូវ​ចាត់ទុក​ជំងឺមិនឆ្លង​ជា​បញ្ហា​រួម​និង​គ្រប់​ពហុ​វិស័យ​ជាពិសេស​ក្នុងចំណោម​ស្ត្រី រួម​នឹង​ការបង្ក​លក្ខណៈ​ងាយស្រួល​សម្រាប់​ការពិនិត្យ​សុខភាព និង​តម្លៃ​សមរម្យ​ផងដែរ​។​

​លោកស្រី ឃួន សុ​ដា​រី លើកឡើង​ដូចនេះ​ក្នុង​ពិធី​បើក​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្តីពី «​វិធីសាស្ដ្រ​បង្ការ​ជំងឺមិនឆ្លង និង​ការកាត់បន្ថយ​គម្លាត​យេនឌ័រ​ដែល​បណ្ដាលមកពី​ជំងឺមិនឆ្លង​» ដែល​ប្រារព្ធ​ធ្វើ​នា​ថ្ងៃទី​​ ១៨ ខែធ្នូ ឆ្នាំ ​២០២៣​។​


​តាមរយៈ​ហ្វេ​ស​ប៊ុ​ក លោកស្រី ឃួន​ សុ​ដា​រី បាន​លើកឡើងថា ៖ «​បញ្ហា​ជំងឺមិនឆ្លង​ជា​បញ្ហា​រួម ដែល​មិនត្រូវ​មើលរំលង​ហើយ​មាន​ភាព​ប្រទាក់ក្រឡា​និង​ពហុ​វិស័យ​។ គ្មាន​ប្រទេស​ណាមួយ​អាច​រីកចម្រើន​ទៅ​កើត​នោះទេ ពេលដែល​ពលរដ្ឋ​រប​ស់​ខ្លួន​គ្មាន​សុខភាព​ល្អ​។ ជំងឺមិនឆ្លង​ជា​បន្ទុក​ដ៏​ធ្ងន់ធ្ងរ​របស់​សង្គមជាតិ​ហើយ​ជា​ជំងឺ​ដែល​អាច​បង្ការ​បាន​»​។​

​លោកស្រី​ក៏​ស្នើឱ្យ​មានការ​គិតគូរ​ពី​លទ្ធភាព ក្នុង​ការធ្វើ​យុទ្ធនាការ «​ពលរដ្ឋ​មាន​សុខភាព​ល្អ កម្ពុជា​បវរ​រុងរឿង (Healthy Life, Healthy Cambodia)» ដោយមាន​ការបញ្ចូល​សារៈសំខាន់​នៃ​ការបរិភោគ​អាហារ មាន​ជីវជាតិ​គ្រប់គ្រាន់ មិនសូវមាន​ជាតិ​ប្រៃ មាន​ខ្លាញ់​ទាប​និង​ការធ្វើ​កាយសម្បទា​ជាប្រចាំ​ផងដែរ​។​


​ការអប់រំ​សុខភាព​មិនគួរ​ផ្តោត​ត្រឹមតែ​ការ​ផ្តល់ព័ត៌មាន​ដល់​សហគមន៍ នូវ​អ្វីដែល​ពួកគេ​អាចធ្វើ​បាន ឬ​ធ្វើ​មិនបាន​នោះឡើយ តែ​ត្រូវ​គិតគូរ​លើ​ការរស់នៅ និង​ការហូបចុក​ជាដើម​ផងដែរ​។

លោក​​ស្រី​មានប្រសាសន៍ថា​៖ «​យើង​ត្រូវមាន​វិធាន​បែប​សន្តិ​និយម ដែលមាន​ការគិតគូរ​ដល់​ការផ្លាស់ប្តូរ​ឥរិយាបថ របៀបរបប​រស់នៅ របៀបរបប​ហូបចុក​និង​បរិស្ថាន​រស់នៅ ដោយ​ប្រើប្រាស់​ទិន្នន័យ​និង​បច្ចេកវិទ្យា រួមទាំង​ធ្វើ​យុទ្ធនាការ​ឱ្យមាន​ការគាំទ្រ​ពី​ភ្នាក់ងារ សុខាភិបាល​និង​សហគមន៍ ដូចជា​អ្នកស្ម័គ្រចិត្ត​ជាដើម ដល់​អ្នក​ដែល​រស់នៅ​តំបន់​ដាច់ស្រយាល ពិបាក​ទទួលបាន​សេវា​សុខាភិបាល​នានា​»​។​

​នាឱកាស​នោះដែរ លោកស្រី​ក៏បាន​ស្នើ​អាជ្ញាធរ​សុខាភិបាល​ជាតិ​ធ្វើការ​រួមគ្នា​ជាមួយ​ស្ថាប័នរដ្ឋ វិស័យ​ឯកជន និង​ដៃគូ​នានា ក្នុងការ​ចែករំលែក​ព័ត៌មាន ទិន្នន័យ កម្មវិធី​បណ្តុះបណ្តាល និង​ការ​អនុវត្ត​ល្អៗ ដើម្បី​បង្កើត​ភាពជា​ដៃគូ​ពហុ​វិស័យ ក្នុងការ​ស្រាវជ្រាវ និង​បង្ការ​ជំងឺមិនឆ្លង​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​។​សូមជម្រាបថា ជំងឺមិនឆ្លង​មានដូចជា​៖ ជំងឺ​សរសៃឈាម​បេះដូង ជំងឺ​ទឹកនោម​​ផ្អែម ជំងឺ​ផ្លូវដង្ហើម​រ៉ាំរ៉ៃ ជំងឺផ្លូវចិត្ត និង​ជំងឺមហារីក​។

យោងតាម​ទិន្នន័យ​អង្គការ​សុខភាព​ពិភពលោក​បានបង្ហាញ​ថា មនុស្ស​គ្រប់​វ័យ និង​គ្រប់​ទីកន្លែង​ទាំងអស់ សុទ្ធតែ​រង​ផលប៉ះពាល់​ដោយសារ​ជំងឺមិនឆ្លង​នេះ ដែល​រៀងរាល់ឆ្នាំ មនុស្ស​ប្រមាណ ​១៧ លាន​នាក់​នៅលើ​សកល​​លោក​បាន​ស្លាប់ មុនពេល​ឈានចូល​ដល់​វ័យ ៧០ ឆ្នាំ ដោយសារ​ជំងឺមិនឆ្លង​នេះ​។​

​ចំនួន​នៃ​កត្តា​ហានិភ័យ​នៃ​ជំងឺមិនឆ្លង បាននិងកំពុង​កើនឡើង​គ្រប់​ទីកន្លែង​ទាំង​នៅ​ទីក្រុង និង​តំបន់​ជនបទ ដោយ​ពួក​​គេ​បាន​ប្រើប្រាស់​ថ្នាំជក់ សេព​គ្រឿង​ស្រវឹង​គ្រឿងញៀន ទទួលទាន​បន្លែ​ផ្លែ​ឈើ​មិន​គ្រប់គ្រាន់ ឬ​បន្លែ និង​ផ្លែឈើ​មាន​សារ​ធាតុគីមី​ខ្ពស់ និង​មិនសូវ​ហាត់​កីឡា​ជាដើម​។

​បើតាម​លោកស្រី ឃួន សុ​ដា​រី រាជរដ្ឋាភិបាល​បាន​បន្ត​បង្កើន​កញ្ចប់​ថវិកាជាតិ​រហូតដល់​ ៥៥០​ លាន​ដុល្លារ​សម្រាប់​ឆ្នាំ ២០២៤ សម្រាប់​ទ្រទ្រង់​វិស័យ​សុខាភិបាល​។

លោកស្រី​ថា​៖ «​រដ្ឋសភា​កម្ពុជា​បាន​អនុវត្ត​តួនាទី​របស់ខ្លួន​យ៉ាងសកម្ម ក្នុងការ​រួមចំណែក​ការពារ និង​លើកកម្ពស់​សុខភាព​ប្រជាជន​។ រដ្ឋ​សភា​បានអនុម័ត​ច្បាប់ ដែលមាន​លក្ខ​ណៈ​ទូលំទូលាយ និង​គ្របដណ្តប់​ឆ្លើយតប​នឹង​ការបង្ការ​គ្រប់គ្រង​ជំងឺមិនឆ្លង និង​ដោះស្រាយ​វិសមភាព​យេនឌ័រ នៅក្នុង​គោលនយោបាយ​សាធារណៈ ដូចជា ច្បាប់​ស្តីពី​ការត្រួត​ពិនិត្យ​ថ្នាំជក់ ច្បាប់​ស្តីពី​កិច្ចការពារ​អ្នក​​ប្រើប្រាស់ ច្បាប់​ស្តីពី​សុវត្ថិភាព​ម្ហូបអាហារ និង​ច្បាប់​ស្តីពី​ការការពារ​រុក្ខជាតិ​និង​ភូតគាម​អនាម័យ​ជាដើម​»​។

​សូមជម្រាបថា សិក្ខាសាលា​ពិគ្រោះ​​យោបល់​នេះ សហការ​រៀបចំ​ដោយ​គណៈកម្មការ​សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​និង​កិច្ចការនារី នៃ​រដ្ឋសភា​និង​មានការ​គាំទ្រ​ថវិកា​ដោយ វិទ្យាស្ថាន​សភា​អាស៊ី​។

សិក្ខាសាលា​នេះ ​គឺជា​វេទិកា​មួយ​ក្នុងការ​រួមចំណែក​ដល់​ការអនុវត្ត និង​ពង្រឹង​ក្របខ័ណ្ឌ​ច្បាប់ និង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ សម្រាប់​ការបង្ការ និង​ទប់ស្កាត់​ជំងឺមិនឆ្លង នៅ​កម្ពុជា ក៏ដូចជា​នៅក្នុង​តំបន់​។​

​យោងតាម​ការអង្កេត​សេដ្ឋកិច្ច សង្គម​កម្ពុជា​ឆ្នាំ​ ២០១៩-២០២០ រកឃើញ​ ១៦,៥% នៃ​សមាជិកគ្រួសារ​ចំនួន ៤៤ ៥៤៨​ នាក់ មាន​ជំងឺ​ក្នុង​រយៈពេល​ ៣០ ​ថ្ងៃ​ចុងក្រោយ​មុនពេល​ការធ្វើអង្កេត ហើយ​ក្នុងនោះ ​៣១% (២ ២៧១​នាក់​) មាន​ជំងឺមិនឆ្លង​។

ជំងឺមិនឆ្លង​ទាំង​៥​ប្រភេទ​ដែលមាន​ផលប៉ះពាល់​ដល់​មនុស្ស​ច្រើន​បំផុត រួមមាន​៖ ជំងឺ​សម្ពាធ​ឈាម​ឡើង​ខ្ពស់ (៤០%) ជំងឺ​ក្រពះ ពោះវៀន​/​រលាក​ក្រពះ (១៣%) ជំងឺ​បេះដូង (១០%) ជំងឺ​ទឹកនោមផ្អែម (៩%) ជំងឺ​ឈឺសន្លាក់ (៦%) និង​ជំងឺមិនឆ្លង​ផ្សេងៗ​ទៀត (២១%)៕