ភ្នំពេញៈ​ កម្ពុជា​-​ជប៉ុន​ បានបញ្ជាក់​ជាថ្មី​ពី​ការប្ដេជ្ញាចិត្ត​បន្ត​ពង្រឹង​ និង​ពង្រីក​ទំនាក់ទំនង​ទ្វេភាគី​ និង​កិច្ច​សហ​ប្រតិ​ប​ត្តិ​ការ​រ​ពហុ​វិស័យ​ដែល​កំពុង​រីកចម្រើនរ​វាង​ប្រទេស​ទាំង​ ២ រួមមាន វិស័យ​នយោបាយ ការពារជាតិ សេដ្ឋកិច្ច ខណៈ​ភាគី​ទាំង​ ២ ​នឹងមាន​កិច្ចប្រជុំ​អន្តរក្រសួង​មួយ​នៅ​ក្រុមប្រឹក្សា​អភិ​វឌ្ឍន៍​កម្ពុជា នៅ​ដើមឆ្នាំ​ ២០២៤​។​


​ការបញ្ជាក់​ជំហរ​ជាថ្មី​នេះ ធ្វើឡើង​តាមរយៈ​ជំនួប​ទ្វេភាគី​រវាង​លោក ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តា​សោភា រដ្ឋមន្ត្រីការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ ជាមួយ​លោកស្រី កា​មិ​កា​វ៉ា យ៉ូ​កុ រដ្ឋមន្ត្រីការបរទេស​ជប៉ុន​នៅ​ទីស្ដីការ​ក្រសួងការបរទេស​ជប៉ុន​កាលពី​ថ្ងៃទី​ ១៧ ខែធ្នូ ឆ្នាំ​ ២០២៣​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​ចុះ​ថ្ងៃទី​ ១៨ ​ខែធ្នូ បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេស​ទាំង​ ២ ​បាន​រំឭក​ពី​ជំនួប​ប្រកប​ផ្លែផ្កា​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃទី​ ៣០ ខែតុលា​កន្លងទៅ និង​ទទួលស្គាល់ថា ឆ្នាំ ​២០២៣ គឺជា​ឆ្នាំ​ដ៏​មាន​អត្ថន័យ​សម្រាប់​កម្ពុជា និង​ជប៉ុន ដោយសារ​ជា​ឆ្នាំ​ខួប​លើក​ទី​៧០​ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​របស់ខ្លួន​ផង​និង​ជា​ឆ្នាំ​ដែល​ប្រទេស​ទាំង ​២ ​បាន​ដំឡើង​កម្រិត​ទំនាក់ទំនង​ទៅជា​ «​ភាព​​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​»​។​


​សេចក្តីប្រកាស​ព័ត៌មាន​បញ្ជាក់ថា​៖ «​រដ្ឋមន្ត្រីការបរទេស​ទាំង​ ២ បាន​ប្ដេជ្ញា​ចិត្ត​បន្ត​ពង្រឹង​និង​ពង្រីក​បន្ថែម​នូវ​ទំនាក់ទំនង​ទ្វេភាគី​និង​កិច្ច​សហប្រតិបត្តិ​ការ​ពហុ​វិស័យ​ដែល​កំពុង​រីកចម្រើនរ​វាង​ប្រទេស​ទាំង​ ២ រួមមាន វិស័យ​នយោបាយ សេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ ការពារជាតិ និង​សន្តិសុខ ការ​បោសសម្អាត​មីន ការផ្លាស់ប្ដូរ​រវាង​ប្រជាជន និង​ប្រជាជន ការអភិវឌ្ឍ​ឌីជីថល និង​សន្តិសុខ​អ៊ីន​ធឺ​ណិ​ត​ជាដើម​»​។​

​នាឱកាស​នោះដែរ ភាគី​ទាំង​​ ២​​ ក៏បាន​អបអរសាទរ​ចំពោះ ជោគជ័យ​នៃ​កិច្ច​ពិគ្រោះ​យោបល់​ថ្នាក់​ឧ​ត្ត​ម​មន្ត្រី​លើក​ទី​១ រវាង​ក្រសួងការបរទេស​ទាំង ​២ ​កាលពី​ខែវិច្ឆិកា ឆ្នាំ​ ២០២៣ និង​បានបញ្ជាក់​ពី​សារៈសំខាន់​នៃ​ការរៀបចំ​កិច្ចប្រជុំ​នេះ​ឱ្យបាន​ទៀងទាត់​។​


​លោក​ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តា​សោភា បានបញ្ជាក់​សាជាថ្មី​ដោយ​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន ដែល​បានរួម​ចំណែក​ដល់​ដំណើរការ​សន្តិភាព​នៅ​កម្ពុជា ព្រមទាំង​ផ្ដល់ជំនួយ និង​ការគាំទ្រ​ដ៏​ថ្លៃថ្លា​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​កម្ពុជា​។​

​សេចក្តីប្រកាស​ព័ត៌មាន​បាន​បន្តថា ចំពោះ​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​រវាង​ជប៉ុន និង​កម្ពុជា រដ្ឋមន្ត្រី​ទាំង​ ២ ទន្ទឹងរង់ចាំ​លទ្ធផល​ជា​ផ្លែផ្កា​នៃ​កិច្ច​​ប្រជុំ​អន្តរក្រសួង​កម្ពុជា​-​ជប៉ុន ដែល​គ្រោង​រៀបចំ​ដោយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​នៅ​ទីក្រុង​ភ្នំពេញ​នៅ​ដើមឆ្នាំ ​២០២៤ ដើម្បី​ពិនិត្យ​សម្រេច​លើ​សេចក្តីព្រាង​គោលនយោបាយ​ជំនួយ​ដល់​កម្ពុជា​សម្រាប់​រយៈពេល​ ៥ ​ឆ្នាំ​ ២០២៤-២០២៨​។​

​លោក យង់ ពៅ អគ្គលេខាធិការ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​បាន​ថ្លែងថា ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន​ក្ នុងសម័យ​ទំនើប​នេះ ពោលគឺ​ចាប់តាំងពី​កម្ពុជា​ក្រោយ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ជប៉ុន​តែងតែ​ជួយ​កម្ពុជា​ចាប់តាំងពី​ដំណើរការ​ស្វែងរក​សន្តិ​ភាព រហូតដល់​កម្ពុ​ជាមាន​សន្តិភាព​ពេញលេញ និង​ការអភិវឌ្ឍ ដែល​ជប៉ុន​នៅជាប់​​ជាមួយ​កម្ពុជា​។​

​លោក​បាន​បន្តថា ជា​ករណី​ពិសេស​សម្រាប់​ជប៉ុន​ក្នុង​បញ្ហា​ជម្លោះ​ន​យោ​បាយ​នៅ​កម្ពុជា​គឺ​ជប៉ុន​បាន​បញ្ជូន​កង​ទ័ព​មួក​ខៀវ​របស់ខ្លួន​មក​ថែរក្សា​នៅ​កម្ពុជា ក្រោយ​ពេលដែល​អ៊ុនតាក់​មក​រៀបចំ​សណ្តាប់ធ្នាប់​ដើម្បី​បោះឆ្នោត​នៅ​កម្ពុជា​លើកដំបូង​ឆ្នាំ ​១៩៩៣​។​

​លោក យង់ ពៅ បាន​បញ្ជាក់ថា​៖ «​អ៊ីចឹង​!​នេះ​ជា​ករណី​មួយ​ដែល​ជប៉ុន​មិនដែល​បញ្ជូន​កងទ័ព​ខ្លួន​ទៅ​បរ​ទេសណា​ទេ​​គឺ​មានតែ​បញ្ជូនមក​កម្ពុជា ដោយសារតែ​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ​មិនអាច​អនុញ្ញាតឱ្យ​ជប៉ុន​មាន​ទ័ព​អន្តរាគមន៍​ជា​អន្តរជាតិ​ទេ ប៉ុន្តែ​ចំពោះ​កម្ពុជា គឺ​ជប៉ុន​បាន​បញ្ជូនមក​សម្រាប់​ថែរក្សា​សន្តិភាព​»​។​

​លោក​បាន​បន្តទៀតថា ចំពោះ​ទំនាក់​ទំនង​ការទូត​កម្ពុជា​-​ជប៉ុន វិញ មិនដែល​មាន​ភាព​រកាំ​រ​កូ​សនឹង​គ្នា​ទេ គឺ​ភាគី​ទាំង ​២ ​តែង​ប្រើប្រាស់​នយោបាយ​ការទូត​ទន់ភ្លន់​ទាំងសងខាង បើទោះជា​កម្ពុជា​ស្ថិតក្នុង​ស្ថានការណ៍​ន​យោ​បាយ​បែបណាក៏ដោយ ក៏​ជប៉ុន​មិនដែល​បង្ហាញ​ឥរិយាបថ​នយោបាយ​ការទូត​អវិជ្ជមាន​ចំពោះ​កម្ពុជា​ដែរ​។​

​រីឯ​ទំនាក់ទំនង​សង្គម និង​អភិ​វ​ឌ្ឍ​វិញ លោក យង់ ពៅ បាន​លើកឡើងថា ជប៉ុន​បាន​ផ្តល់ជំនួយ​អភិ​​វឌ្ឍន៍​ដល់​កម្ពុ​ជាច្រើន​ដែលជា​ប្រ​ទេស​នាំមុខ​ក្នុងការ​ផ្តល់ជំនួយ​ដល់​កម្ពុជា​លើ​ហេដ្ឋារចនាសម្ព័ន្ធ​សង្គម និង​ច្បាប់​ជាដើម​។​

​សូម​បញ្ជាក់ដែរថា រដ្ឋមន្ត្រីការបរទេស​ទាំង ​២ (​កម្ពុជា​-​ជប៉ុន​)​ ក៏បាន​ឯកភាព​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំង ២ ​បន្ថែមទៀត​នៅក្នុង​ក្របខ័ណ្ឌ​តំបន់ និង​អន្តរជាតិ រួមមាន អង្គការសហប្រជាជាតិ និង​អាស៊ាន​-​ជប៉ុន​។​

​ភាគី​ទាំង ​២ ក៏បាន​ផ្លាស់ប្តូរ​ទស្សនៈ​គ្នា​ពាក់ព័ន្ធ​បញ្ហា​តំបន់​និង​អន្តរជាតិ​ដែលជា​ក្តីបារម្ភ​រួម​ដូចជា ស្ថានភាព​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា សមុទ្រ​ចិន​ខាងត្បូង និង​ខាងកើត កូរ៉េខាងជើង និង​ជម្លោះ​អ៊ី​ស្រា​អែល​ហា​ម៉ាស់​ជាដើម​៕