​ភ្នំពេញៈ រដ្ឋបាល​ជលផល នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ជូនដំណឹង​ពី​ការ​ចាប់ផ្តើម​ត្រូវ​ត្រី​ប្រហុក​ចាប់ពី​ថ្ងៃទី​ ១៩ ដល់​ថ្ងៃទី​ ២៥ ខែធ្នូ​ដោយ​ត្រី​ត្រូវ​ខ្លាំង​មាននៅ​ដាយ​ត្រី​តាម​ដង​ទន្លេសាប​ក្នុងភូមិ​សាស្ត្រ​ខេត្ត​កណ្តាល និង​រាជធានី​ភ្នំពេញ​។


​សេចក្តីជូនដំណឹង​ចេញ​ថ្ងៃទី​ ១៨ ខែធ្នូ​ឱ្យដឹងថា ត្រី​សម្បូរ​ដោយសារ​ត្រី​ចាប់ផ្តើម​ផ្លាស់​ទី​ចេញពី​បឹង​ទន្លេសាប បឹង ស្ទឹង និង​ព្រែក​នានា​ចូល​ទន្លេសាប ទន្លេមេគង្គ និង​ទន្លេបាសាក់​។ យ៉ាងណាក្តី​ត្រី​សម្បូរ​នេះ គឺ​អា​ស្រ័យ​ក្នុងករណី​មេឃ​ស្រឡះ​គ្មាន​ភ្លៀង​កក់ខែ ឬ​មិន​ទទួលរង​ឥទ្ធិ​ពល​ពី​ព្យុះភ្លៀង​ប៉ុណ្ណោះ​។

រដ្ឋបាល​ជលផល​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ដែលមាន​បំណង​ធ្វើ​ត្រី​ប្រហុក ត្រីឆ្អើរ ឬ​ទឹកត្រី សម្រាប់​ទុក​បរិភោគ ត្រូវ​រួសរាន់​មក​ទិញ​ត្រី​តាម​ពេលវេលា និង​ទីតាំង​ដែល​បានបញ្ជាក់​ខាងលើ​។ ជាមួយគ្នា​នោះអាជ្ញាធរ​មូលដ្ឋាន ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ ត្រូវ​ជួយ​បង្កលក្ខណៈ​ងាយស្រួល​ក្នុងការ​ធ្វើដំណើរ​របស់​ពលរ​ដ្ឋ ការ​ស្នាក់​​នៅ និង​ដឹកជញ្ជូន​ផល​ត្រី ក្នុងអំឡុងពេល​ត្រី​ត្រូវ​នេះ​ផង​។


​លោក​ ហេង សុភា​រិ​ទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តកណ្តាល បានឱ្យដឹងថា  តាម​ការ​ពិនិត្យ​ជាក់ស្តែង​នៅ​ថ្ងៃទី ​១៨ ខែ​​ធ្នូ ត្រី​ចាប់ផ្តើម​សម្បូរ​ហើយ ប៉ុន្តែ​ត្រី​ចាប់ផ្តើម​ចេញ​បើកមុខ​នេះ សុទ្ធតែជា​ត្រី​តូចៗ​ល្អិតៗ ហើយ​លើក​ម្តង​បានតែ​ប្រមាណ​ជាង ​១០០ ទៅ ​២០០ ​គីឡូក្រាម​ប៉ុណ្ណោះ ខណៈ​តម្លៃ​ត្រី​មានតម្លៃ​ថោក គឺ ​១ ​គីឡូ​តែ​ប្រមាណ ​៩០០ ​រៀល​។ ត្រី​ល្អិតៗ​ចេញ​បើកមុខ​ដំបូង​នេះ ភាគច្រើន​គេ​យកទៅ​ធ្វើជា​ចំណី​​ត្រី​សម្រាប់​វារីវប្បកម្ម ដោយសារតែ​ត្រី​តូចៗ​ទាំងនោះ គេ​មិនអាច​យកទៅ​ធ្វើ​ត្រី​ប្រហុក​បានទេ​។

​ចាប់ពី​ថ្ងៃទី​ ១៩ ខែធ្នូ​នេះ​តទៅ ត្រី​អាច​នឹងមាន​ការផ្លាស់​ទី​ចេញ​កាន់តែច្រើន និង​អំណោយផល​សម្រាប់​ការទិញ​ត្រី យកទៅ​ធ្វើ​ប្រហុក ផ្អក ឬ​ទឹកត្រី​។ ទីតាំង​ត្រី​សម្បូរ​សម្រាប់​ខេត្តកណ្តាល​មាននៅ​ដាយ​ត្រី​ក្នុងស្រុក​ពញាឮ​ដែលមាន​គន្លង​ដាយ​ត្រី​ចំនួន​ ២៤​។​


​លោក​ សុភា​រិ​ទ្ធ ថ្លែងថា ត្រី​ត្រូវ​នេះ​នឹង​បញ្ចប់​ត្រឹម​ថ្ងៃ​ ១៣ ​កើត ត្រូវ​នឹង​ថ្ងៃទី ២៥ ខែធ្នូ ហើយ​ត្រី​នឹង​ឡើង​ទៅដល់​ទន្លេមេគង្គ​លើ ចេញទៅ​ស្រុក​មុខកំពូល ខ្សាច់កណ្តាល ខេត្តកំពង់ចាម ក្រចេះ និង​ខេត្តស្ទឹងត្រែង​។​

​លោក ​ងិន ឌី នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​រាជធានី​ភ្នំពេញ ឱ្យដឹងថា សម្រាប់​ទីតាំងនៅ​រាជធានី​ភ្នំពេញ មាន​គន្លង​ដាយ​ត្រី​ចំនួន ​១៥ ដែល​ប្រជាពលរដ្ឋ​អាច​ទិញ​ត្រី​ប្រហុក​សម្បូរ​នៅ​គីឡូម៉ែត្រ​លេខ​ ៩ ក្នុង​សង្កាត់​ច្រាំង​ចំរេះ​។ ពលរដ្ឋ​អាច​ទិញ​ត្រី ហើយ​ជួល​ឱ្យគេ​ធ្វើ​ត្រី ឬ​វាយ​ត្រី​ប្រហុក​មួយ​ស្អាត​នៅជាប់​មាត់ទន្លេ​ទីនោះ​។​

​លោក​ថ្លែងថា​៖ «​ត្រី​ស្លឹក​ឫស្សី​មាន​តិចតួច​ទេ ភាគច្រើន​គឺមាន​ត្រី​រៀល​តែម្តង ដែល​អំណោយផល​ដល់​ការធ្វើ​ត្រី​ប្រហុក​។ ថ្ងៃនេះ​ត្រី​ទើប​ចាប់ផ្តើម​ទេ ហើយ​បើតាម​ចំណាំតែ​កាលណា​ត្រី​ចាប់ផ្តើម​មាន​ហើយ គឺ​ថ្ងៃ​បន្តបន្ទាប់​ទៅនឹង​កើន​ច្រើនជាង​ហ្នឹង​»​។

​លោក​បាន​ឱ្យដឹងទៀតថា  ​ត្រី​ត្រូវ​ដំបូងដៃ​សម្រាប់​ថ្ងៃទី​ ១៨ ខែ​ធ្នូ គឺ​នៅ​សង្កាត់​ច្រាំង​ចំរេះ មានតម្លៃ​ហាក់​ថ្លៃ​បន្តិច​គឺ ​១ ​គីឡូ​ពី ​១ ៨០០​ រៀល ទៅ​ជាង​ ២ ០០០​ រៀល​។ ប៉ុន្តែ​លោក​បញ្ជាក់ថា តម្លៃ​ត្រី​ឡើង​ចុះ​ជាក់ស្តែង​គឺ​វា​អាស្រ័យ​លើ​ត្រី​បុក​ឡើង​ច្រើន ឬ​តិច​ប៉ុណ្ណោះ​៕