​ភ្នំពេញៈ កម្ពុជា​-​ជប៉ុន​ បាន​ចុះ​អនុស្សរណៈ នៃ​ការយោគយល់​គ្នា​លើ​ឯកសារ​សំខាន់ៗ​ចំនួន ​៧ ពាក់ព័ន្ធ​ការលើក​កម្ពស់​រដ្ឋាភិបាល​អេឡិចត្រូនិក គម្រោង​ផ្គត់ផ្គង់​ទឹកស្អាត និង​គម្រោង​អាទិភាព​ផ្សេងទៀត ខណៈដែល​ក្រុមហ៊ុន​ជប៉ុន​មានបំណង​បង្កើន​ការ​នាំចូល​គ្រាប់​ស្វាយចន្ទី និង​ផលិតផល​ម្រេច​បន្ថែមទៀត ពី​ប្រទេស​កម្ពុជា​។​


​ការចុះ​អនុស្សរណៈ​នេះ​បាន​ធ្វើឡើង​នា​ជំនួប​ពិភាក្សា​ការងារ​ទ្វេភាគី​រវាង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត និង​គី​ស៊ី​ដា ហ្វូ​មី​អូ (KISHIDA Fumio) នាយករដ្ឋមន្ត្រី​ជប៉ុន នា​រសៀល​ថ្ងៃទី​ ១៨ ខែធ្នូ ឆ្នាំ​ ២០២៣ ក្នុង​ឱកាសលោក ហ៊ុន ម៉ា​ណែ​ត បាន​ចូលរួម​កិច្ចប្រជុំ​កំពូល​រំឭក​ខួប​អនុស្សាវរីយ៍​អាស៊ាន​-​ជប៉ុន លើក​ទី៥០ និង​កិច្ចប្រជុំ​ប្រមុខ​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​សមាជិក​សហ​គម​ន៍​បំ​ភាយ​ឧស្ម័ន​កម្រិត​សូន្យ​អាស៊ី (The Asia Zero Emission Community leaders Meeting-AZEC) ចាប់ពី​ថ្ងៃទី ​១៥-១៩ ខែធ្នូ ឆ្នាំ​ ២០២៣ នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន​។​

​យោងតាម​លទ្ធផល​នៃ​ជំនួប​ដែល​បាន​ផ្សាយ​តាមរយៈ​ហ្វេ​ស​ប៊ុ​កលោក ហ៊ុន ម៉ា​ណែ​ត បានឱ្យដឹងថា លោក ​គី​ស៊ី​ដា ហ្វូ​មី​អូ បាន​សម្តែង​នូវ​កិច្ច​ស្វា​គម​ន៍​ចំពោះ​វត្តមាន​របស់លោក ហ៊ុន​ ម៉ា​ណែ​ត និង​គណៈប្រតិភូ​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ប្រទេស​ជប៉ុន​នាពេលនេះ​។​


​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន ក៏បាន​សម្តែង​នូវ​ការ​អរគុណ​ចំពោះ​ប្រទេស​កម្ពុជា ដែល​បាន​ផ្តល់នូវ​កិច្ច​សហ​​ប្រតិបត្តិការ​យ៉ាង​ជិតស្និទ្ធ​លើ​គ្រប់​វិស័យ ហើយ​ដែល​ចុងក្រោយ​នេះ គឺ​កិច្ចសហការ​រួម​ក្នុង​ការជួយ​បណ្ដុះបណ្ដាល ដល់​អ្នកជំនាញ​ដោះមីន​របស់​អ៊ុយ​ក្រែ​ន​។​

​ជា​កិច្ច​ឆ្លើយតប លោក ហ៊ុន ម៉ា​ណែ​ត ក៏បាន​អបអរសាទរ​ចំពោះ​ជោគជ័យ​របស់​ប្រទេស​ជប៉ុន នៅក្នុង​ការធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​ទាំង​ ២ និង​បានបង្ហាញ​នូវ​ការគាំទ្រ​ចំពោះ​គំនិត​ផ្តួចផ្តើម​របស់​ប្រទេស​ជប៉ុន​ពាក់​​ព័ន្ធ​នឹង AZEC ក៏ដូចជា​គំនិត​ផ្តួចផ្តើម​ចំនួន ៣​ ផ្សេងទៀត​ផងដែរ​។​


​ប្រភព​ដដែល​បាន​បន្តថា​៖ «​ដើម្បី​ចូលរួម​អបអរសាទរ​ខួប​ ៧០ ឆ្នាំ​នៃ​ចំណង​ការទូត​កម្ពុជា​-​ជប៉ុន និង​ជា​ឆ្នាំ​នៃ​ការដំឡើង​កម្រិត​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង ​២ ទៅជា​ដៃគូ​យុទ្ធ​​សាស្ត្រ​គ្រប់​ជ្រុងជ្រោយ សម្តេច​ធិបតី​ក៏បាន​លើកឡើង​នូវ​ទិសដៅ​កិច្ច​សហ​ប្រតិបត្តិការ​មួយចំនួន​សំដៅ​ពង្រឹង​បន្ថែមទៀត​នូវ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ ២ ​នៅក្នុង​វិស័យ​ការពារជាតិ និង​សន្តិសុខ​, ពាណិជ្ជកម្ម និង​វិនិយោគ​, ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់ និង​ការបើក​ឡើងវិញ​នូវ​ជើងហោះហើរ​ត្រង់​រវាង​កម្ពុជា និង​ជប៉ុន ជាដើម​»​។​

​ក្នុងជំនួប​នេះ​ផងដែរ ថ្នាក់ដឹកនាំ​ទាំង ២ ​ក៏បាន​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​ផ្លាស់ប្តូរ​ឯកសារ​កិច្ច​សហប្រតិបត្តិ​ការ​ចំនួន ​៧ រួមមាន​៖ ១-​គម្រោង​អភិ​​វឌ្ឍន៍​មជ្ឈមណ្ឌល​ផ្ទុក​ទិន្នន័យ​ជាតិ​ឆ្ពោះទៅរក​ការលើកកម្ពស់​រដ្ឋាភិបាល​អេឡិចត្រូនិក​; ២-​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធគ្រប់គ្រង​ការផ្គត់ផ្គង់​ទឹកស្អាត​បែប​ឌីជីថល​ក្នុង​តំបន់​ទីប្រជុំជន​។​ទី​៣-​គម្រោង​ស្នើសុំ​នាវា​សម្រាប់​វាស់​​ស្ទង់​ជលធារសាស្ត្រ សម្រាប់​ផលិត​ផែនទី​នាវាចរណ៍​អេឡិចត្រូនិក​; ទី​៤-​កំណត់ហេតុ​រួម​រវាង​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​ក្រសួង​កិច្ចការ​​ផ្ទៃក្នុង និង​គមនាគមន៍​ជប៉ុន ស្ដីពី​កិច្ច​សហប្រតិបត្តិការ​សម្រាប់​ការ​អភិ​វ​ឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​ក្នុងប្រទេស​កម្ពុជា​។​ទី​៥-​អនុស្សរណៈ​នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​ធនាគារ​​ជាតិ​កម្ពុជា និង​ក្រសួង​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​ជប៉ុន ស្តី​​ពី កិច្ចសហប្រតិបត្តិការ​នៃ​ការទូទាត់​ឆ្លងដែន​តាមរយៈ ​QR Code; ៦-​អនុ​ស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​ក្រ​​សួង​រ៉ែ និង​ថាមពល ជាមួយ​ក្រុមហ៊ុន Minebea Mitsumi និង​ក្រុមហ៊ុន SchneiTec ស្តីពី​កិច្ច​សហប្រតិបត្តិ​កា​រលើ​គម្រោង​ថាមពលព្រះអាទិត្យ (​សូ​ឡា​) និង​៧-​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​ក្រសួង​រ៉ែ និង​ថា​ម​ពល ជាមួយនឹង ក្រុមហ៊ុន erex Co. Ltd និង​ក្រុមហ៊ុន SPHP (Cambodia) ស្ដីពី​កិច្ចសហប្រតិបត្តិការ​លើ គម្រោង​ថាមពលជីវម៉ាស​។​

​ដោយឡែក នា​ជំនួប​ពិភាក្សា​ការ​ងារ​ទ្វេភាគី​រវាង​លោក ហ៊ុន ម៉ា​ណែ​ត និង​លោក អ៊ីម៉ា​មូរ៉ា ម៉ាសា​ហ៊ី​រ៉ូ (IMAMURA Masahiro) ប្រធាន​សម្ព័ន្ធ​សភា​មិត្តភាព​ជប៉ុន​-​កម្ពុជា​,​ ភាគី​ជប៉ុនបាន​លើកឡើងថា ក្រុមហ៊ុន​ជប៉ុន​មានបំណង​បង្កើន​ការនាំ​ចូល​គ្រាប់ស្វាយ​ចន្ទី និង​ផលិតផល​ម្រេច​បន្ថែមទៀត ពី​ប្រទេស​កម្ពុជា​។​

​លោក​ អ៊ី​ម៉ា​មូរ៉ា ម៉ាសា​ហ៊ី​រ៉ូ បាន​ថ្លែងថា កន្លងមក​សម្ព័ន្ធ​សភា​បាន​សហ​ការបំពេញ​ការងា​រយ៉ា​ង​ជិតស្និទ្ធ​ជា​មួយ​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ជប៉ុន ដើម្បី​បង្កើន​កិច្ច​សហប្រតិបត្តិ​ការ​ជប៉ុន​-​កម្ពុជា ឱ្យ​កាន់តែ​ស្អិតល្មួត​ថែមទៀត ជាពិសេស​លើ​វិស័យ​អាទិភាព​មួយចំនួន រួមមាន​ជាអាទិ៍ វិស័យ​កសិកម្ម សុខាភិបាល ថាមពល ការ​បោសសម្អាត​មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ជាដើម​។

ជាការ​ឆ្លើយតប​លោក ហ៊ុន ម៉ា​ណែ​ត បាន​សម្តែង​នូវ​ក្តី​សោមនស្ស​រីករាយ ដែល​បាន​ជួប​លោក អ៊ី​ម៉ា​មូរ៉ា ម៉ាសា​ហ៊ី​រ៉ូ សាជាថ្មី បន្ទាប់ពី​ជំនួប​ចំនួន ២​ លើក​កន្លងមក នៅពេលដែល​លោក​បំពេញ​កិច្ចការ​យុវជន និង​ក្នុង​មុខតំណែង​ជា​មេ​បញ្ជា​ការ​កងទ័ពជើងគោក​នៃ​កង​យោធ​ពល​ខេមរភូមិន្ទ​។​

​លោក ម៉ា​ណែ​ត ថ្លែងថា​៖ «​គោល​នយោបាយ​របស់​រាជរ​ដ្ឋា​ភិ​បាល នីតិ​កាល​ទី​៧ នៃ​រដ្ឋសភា ចំពោះ​ប្រទេស​​ជប៉ុន ត្រូវបាន​រក្សា​ដូច​អាណត្តិ​មុនៗ​ផងដែរ គឺ​ការបន្ត​រក្សា​និរន្តរភាព និង​សង្គតិភាព នូវ​ទំនាក់ទំនង​ដែលមាន​ស្រាប់ ព្រមទាំង​បន្ត​ពូន​ជ្រំ​អភិវឌ្ឍន៍​ទំនាក់ទំនង​ដ៏​ល្អប្រសើរ​នេះ ឱ្យបាន​កាន់តែ​រឹងមាំ​បន្ថែមទៀត​»​។​

​ប្រធាន​ផ្នែក​ស្រាវជ្រាវ​នៅ​វិទ្យាស្ថាន​ចក្ខុ​វិស័យ​អាស៊ី (AVI)​ លោក ថុង ម៉េង​ដា​វិត ថ្លែងថា ជប៉ុន​នៅតែ​ផ្តល់​តម្លៃ​ខ្ពស់​ដល់​អាស៊ាន​ក្នុងនាម​ជា​ដៃគូ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព និង​និរន្តរភាព​ដែល​ជប៉ុន​ក៏​ជា​តួអង្គ​ដ៏​សំខាន់​ក្នុងការ​ពង្រឹង​សន្តិសុខ និង​ពង្រីក​កិច្ច​សហប្រតិបត្តិ​ផ្នែក​សន្តិសុខ នយោបាយ សេដ្ឋកិច្ច និង​វប្បធម៌​ជាមួយ​អាស៊ាន​។

«​ខ្ញុំ​យល់ឃើញថា ជប៉ុន ​គឺជា​តួអង្គ​ដ៏​សំខាន់​ដែល​ជំរុញ​ដល់​សេដ្ឋកិច្ច​កម្ពុជា​មានការ​រីកលូតលាស់​តាម​ការផ្តល់​ជា​ជំនួយ​បច្ចេកទេស ក៏ដូចជា​កិច្ច​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច សង្គម ការអភិវឌ្ឍ​ធនធានមនុស្ស​ដែល​នេះ​ឆ្លុះបញ្ចាំង​ថា​ កម្ពុជា​នៅតែ​ជា​មិត្ត​ល្អ​របស់​ប្រទេស​ជប៉ុន និង​ប្រជាជន​ជប៉ុន​»៕