ភ្នំពេញ: នៅក្រោមដំបូលតង់ធំមុខបរិវេណសាលកោះពេជ្រ អមដោយស្តង់តូចៗរាប់រយតម្រង់ជួរទាំងសងខាង ពិព័រណ៍សៀវភៅប្រចាំឆ្នាំលើកទី១០ បានទាក់ទាញអ្នកនិយមការអានរាប់ម៉ឺននាក់។
អ្នកស្រឡាញ់ និងអ្នកអានសៀវភៅបានបង្ហាញទឹកមុខសប្បាយរីករាយក្នុងការជ្រើសរើសសៀវភៅអានរាប់ម៉ឺនប្រភេទក្នុងពិព័រណ៍រយៈពេល ៤ថ្ងៃចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែធ្នូកន្លងទៅ។
ពិព័រណ៍សៀវភៅនេះមិនគ្រាន់តែជាទីផ្សារលក់ដូរសៀវភៅប៉ុណ្ណោះទេ ប៉ុន្តែវាជាកន្លែងបង្ហាញពីការកើនឡើងនៃវប្បធម៌អំណានក្នុងសង្គមដែលមានប្រវត្ដិអក្សរសាស្ត្រដ៏យូរអង្វែង។
ក្រោមបរិយាកាសពោរពេញទៅដោយរូបភាពចម្រុះនៃសៀវភៅ សិស្សស្រី១ក្រុមមកពីវិទ្យាល័យបាក់ទូក បាននាំគ្នាដើរទស្សនាពីស្តង់១ទៅស្តង់១ បំណងរកមើលសៀវភៅដែលពួកគេចូលចិត្ដ។
កញ្ញា សុធា កញ្ជនា បាននិយាយថា៖ «ខ្ញុំកំពុងស្វែងរកសៀវភៅមេរៀន ដើម្បីពង្រឹងភាសាអង់គ្លេសរបស់ខ្ញុំ។ បន្ទាប់មកខ្ញុំចង់ទិញសៀវភៅប្រលោមលោកមួយចំនួន។ ខ្ញុំចូលចិត្តអានមនោសញ្ចេតនា និងវិទ្យាសាស្ត្រ»។
ក្នុងឱកាសនៃការបើកសម្ពោធ ពិព័រណ៍សៀវភៅថ្នាក់ជាតិលើកទី១០ ក្រោមប្រធានបទ «សរសេរចំណាន អានចំណាប់ ចាប់យកចំណេះ» ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួនណារ៉ុន បានរំឭកដល់ប្រវត្តិសាស្ត្រខ្មែរតាំងពីបុរាណមក ដែលតែងតែគាំទ្រដល់ការសិក្សា ស្រាវជ្រាវ តែងនិពន្ធដូចដែលមានបន្សល់ទុកលើសិលាចារឹកជាង ២ពាន់ផ្ទាំង។
លោកបានបង្ហាញពីក្ដីសង្ឃឹមថា ពិព័រណ៍សៀវភៅកម្ពុជានេះ នឹងក្លាយជាជង្រុក វប្បធម៌មួយ សម្រាប់លើកកម្ពស់ការតែងនិពន្ធ និងការអាន ក្នុងយុគសម័យថ្មី សតវត្សរ៍ទី២១ គឺជាការអានដែលចេះវិភាគ ទស្សនៈអ្នកនិពន្ធ ស៊ីជម្រៅ ដើម្បីទទួលយកបំណិនវិជ្ជា និងជាការអាន ដើម្បីបង្កើតអ្វីដែលថ្មី។
លោក កុក រស់ ប្រធាននាយកដ្ឋានសៀវភៅ និងការអាននៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា៖ «ពិព័រណ៍សៀវភៅកម្ពុជាលើកទី១០ បានបញ្ចប់ទៅយ៉ាងជោគជ័យ ជាមួយនឹងកំណត់ត្រាថ្មីនៃចំនួនអ្នកចូលទស្សនាដែលកើនដល់២០ម៉ឺននាក់»។
លោកបានបន្ដថា៖ «សូមអគុណគ្រប់ស្ថាប័ន និងដៃគូទាំងអស់ ជាពិសេសយុវជនកម្ពុជាដ៏ច្រើនកុះករ ដែលចាប់អារម្មណ៍លើសៀវភៅ និងការអាន»។
លោកបានឱ្យដឹងថា ការរៀបចំពិព័រណ៍សៀវភៅថ្នាក់ជាតិនេះ មានគោលបំណងសំខាន់គឺការអភិវឌ្ឍវិស័យអំណាន និងការបោះពុម្ព ដោយខាងក្រសួងព័ត៌មានក៏មានផ្នែកបោះពុម្ព ដូចជា ទស្សនាវដ្ដី កាសែតបែបព័ត៌មាន ហើយខាងក្រសួងអប់រំ មានការបោះពុម្ពសៀវភៅសិក្សាផ្សេងៗ ខណៈខាងក្រសួងវប្បធម៌ ពាក់ព័ន្ធនឹងការបោះពុម្ពទូទៅ។
ជាមួយការចូលរួមក្នុងកិច្ចការពិព័រណ៍សៀវភៅនេះចាប់ពីឆ្នាំ២០១៨ លោក រស់ បានកត់សម្គាល់ឃើញថា សម្ទុះនៃការទិញសៀវភៅអានមានការកើនឡើងច្រើន។ ប៉ុន្ដែចំពោះភាគច្រើនចំនួនប៉ុន្មាននោះ លោកមិនបានដឹងទេ ដោយសារតែមិនមានស្ថិតិច្បាស់លាស់។
លោកបានប្រាប់ភ្នំពេញប៉ុស្ដិ៍ក្រោយបញ្ចប់ការបើកសម្ពោធថា៖ «បើប្រៀបធៀបជាមួយប្រទេសគេ យើងនៅមិនទាន់ដូចគេទេ។ ប៉ុន្ដែទំនោរនៃការអានសៀវភៅជាទូទៅនៅប្រទេសយើងមានការកើនឡើងហើយ។ ការកើនឡើងនេះ វាអាស្រ័យទៅលើប្រភេទសៀវភៅដែលក្មេងៗចូលចិត្ដនៅឡើយ ដោយមិនមានការកើនឡើងចំពោះមនុស្សចាស់ទេ»។
លោកបានលើកឡើងថា នៅគ្រឹះស្ថានបោះពុម្ពសៀវភៅទទួលបានការចាប់អារម្មណ៍ទិញច្រើនលើប្រភេទសៀវភៅបែបលើកទឹកចិត្ដ ការបង្កើតអាជីវកម្មជាដើម។
រយៈពេលនៃការរៀបចំនៅលើបរិវេណផ្ទាល់ នៅឆ្នាំ២០១៨ មានចំនួន ១៤០ស្ដង់, ឆ្នាំ២០១៩ មានចំនួន ២០០ស្ដង់ បន្ទាប់មកមានការខកខានដោយសារវិបត្ដិកូវីដ ១៩។ នៅឆ្នាំ២០២២ មានការរៀបចំឡើងវិញ ដោយមានជាង ២០០ស្ដង់ ហើយចុងក្រោយបំផុតនាឆ្នាំ២០២៣នេះ មានស្ដង់ជាង ៣០០ ដោយមានស្ដង់ម្ចាស់ឧបត្ថម្ភកម្មវិធី រួមទាំង ស្ដង់ម្ហូប និងភេសជ្ជៈថែមទៀតផង។
លោក រស់ បាននិយាយថា៖ «ចំពោះការរៀបចំឆ្នាំនេះ មានក្រុមយុវជនស្ម័គ្រចិត្ដមានចំនួនប្រមាណ ២០០នាក់ ដោយពួកគេធ្វើការផ្លាស់ប្ដូរវេនគ្នាអាស្រ័យលើពេលវេលាក្រៅពីការសិក្សារបស់ពួកគាត់»។
លោក ខៀវ កាញារីទ្ធ អតីតរដ្ឋមន្ដ្រីក្រសួងព័ត៌មាន និងបច្ចុប្បន្នជាអ្នកតំណាងរាស្ដ្រគណបក្សប្រជាជនកម្ពុជា គឺជាអ្នកនិយមនៃការអានសៀវភៅមួយ ហើយលោកតែងតែមានវត្ដមានរៀងរាល់ព្រឹត្ដិការណ៍ពិព័រណ៍សៀវភៅ។
កាលពីថ្ងៃទី១៨ ខែធ្នូ នេះ លោកបានបង្ហោះសារលើបណ្ដាញសង្គម ដោយបានបង្ហាញថា៖ «ពី ១ឆ្នាំទៅ ១ឆ្នាំ (លើកលែងតែសម័យកូវីដ១៩) ខ្ញុំសប្បាយនឹងទៅចូលរួមពិព័រណ៌សៀវភៅ។ ឆ្នាំនេះ ទោះមិនមានការអញ្ជើញក្តី ក៏ខ្ញុំនៅតែចូលរួម ហើយខ្ញុំសប្បាយចិត្តដែលឃើញប្រជាជនយើងកាន់តែច្រើនឡើងៗបានទៅចូលរួម ជាមួយនឹងចំនួនសៀវភៅដែលកាន់តែមានច្រើនមុខ ច្រើនបែប ច្រើនប្រភេទ។
លោកបន្ដថា៖ «វាជាសុបិនខ្ញុំកាលពីនៅជាយុវជនទសវត្សរ៍ ៦០ ចង់ឃើញស្រុកខ្មែរមានសៀវភៅច្រើន និងមានគុណភាពមិនចាញ់បរទេស។ បើគេសួរខ្ញុំថា តើចូលចិត្តមើលសៀវភៅបែបណា ខ្ញុំសូមប្រាប់ថា ខ្ញុំចូលចិត្តមើលសៀវភៅគ្រប់ប្រភេទ គ្រាន់តែមិនមើលសៀវភៅស្រាវជ្រាវពេលមុនគេងតែប៉ុណ្ណោះ»។
លោកបានថ្លែងក្នុងឱកាសបើកការតាំងពិព័រណ៍សៀវភៅ Big Bad Wolf Book ក្នុងខែកុម្ភៈថា សៀវភៅនៅតែមានប្រយោជន៍សូម្បីតែក្នុងយុគសម័យអេឡិចត្រូនិក ហើយការអានមានសារៈសំខាន់ណាស់ក្នុងការក្លាយជាមនុស្សដែលមានការអប់រំ បន្ថែមពីលើការទទួលបានចំណេះដឹងពីគ្រូនៅសាលា។
អ្នកស្រី ហួត សុជាតា ជាស្ថាបនិកគ្រឹះស្ថានបោះពុម្ពផ្សាយ អវតា ដែលបានបោះពុម្ពសៀវភៅជាភាសាខ្មែរ ដោយផ្ដោតលើសៀវភៅប្រលោមលោក ដូចជា ប្រលោមលោកបែបស៊ើបអង្កេត ប្រឌិតវិទ្យាសាស្ដ្រ និងតួអង្គសត្វ ក៏ដូចជា ឆាករូបភាព យកលំនាំតាមឥស្សរជនល្បីៗ។
អ្នកស្រី បានប្រាប់ភ្នំពេញប៉ុស្ដិ៍អំឡុងពេលរៀបចំសៀវភៅក្នុងស្ដង់ថា៖ «នេះជារឿងប្រលោមលោកបែបរូបភាពនៃរឿងរាជិនីសំឡេងមាស រស់ សេរីសុទ្ធា មានទាំងរូបភាព និងសំឡេងចម្រៀង ៤៧បទ ដែលយើងអាចស្គេន QR Code ស្ដាប់ចម្រៀងបណ្ដើរ និងមើលរូបភាពបណ្ដើរ»។
អ្នកស្រី សុជាតា ទទួលស្គាល់ថា ការរៀបចំពិព័រណ៍សៀវភៅពិតជាឥទ្ធិពលក្នុងការទាក់ទាញប្រិយមិត្ដអ្នកអាន ក៏ដូចជា ទិវាជាតិអំណាន ឬទិវាសំខាន់ៗ។ ទាំងអស់នេះ លើកទឹកចិត្ដឱ្យយុវជនគិតដល់ការអានខ្លាំង យល់ច្បាស់អំពីតម្រូវការនៃការអាន។
យ៉ាងណាមិញ អ្នកស្រី បានលើកឡើងថា ប៉ុន្ដែគួរឱ្យស្ដាយ ការផលិតសៀវភៅដែលមានគុណភាពដោយមានការលួចចម្លងពីគ្នា និងមិនយកលំនាំតាមគេ ធ្វើឡើងមិនទាន់តម្រូវការ។
អ្នកស្រី សុជាតា មើលឃើញថា បញ្ហានៃការអានសៀវភៅនៅមានគម្លាតខ្លាំងរវាងអ្នកនៅទីក្រុង និងជនបទ។ អ្នកនៅទីក្រុងមានលទ្ធភាពអាចជ្រើសរើសសៀវភៅទៅតាមចំណង់ចំណូលចិត្ដ ខណៈអ្នកនៅជនបទផ្ដោតសំខាន់ទៅលើតម្លៃជាជាងគុណភាព។
ស្ថាបនិកអវតា បាននិយាយថា៖ «យើងយល់ពីពួកគាត់ដែលចង់រកសៀវភៅមានតម្លៃថោក ដោយសារអាចមកពីកត្ដាជីវភាព។ មួយវិញទៀត ពួកគាត់មិនសូវមានទម្លាប់ និងមិនគិតថា សៀវភៅជាផ្នែកមួយនៃតម្រូវការប្រចាំថ្ងៃ។ ជាក់ស្ដែង សៀវភៅជាផ្នែកមួយនៃការអប់រំ ជាការបណ្ដុះប្រាជ្ញា»។
លោក រស់ បានណែនាំអំពីបទពិសោធថា ដើម្បីបង្កើតទម្លាប់នៃការអាន ទាល់តែឪពុកម្ដាយមានទម្លាប់អានសៀវភៅមុន។ បើឪពុកម្ដាយអង្គុយចុចតែទូរស័ព្ទ វាប្រាកដជាឆ្លងទម្លាប់ទៅកូនៗ។ នៅតាមផ្ទះនីមួយៗ គួរតែមានការតាំងសៀវភៅគ្រប់ច្រកល្ហកតាមជណ្ដើរឡើងរហូតដល់បន្ទប់គេង។
លោកបានបន្ថែមថា ទោះបីជាអាន ឬមិនអាន ការតាំងបង្ហាញឱ្យបានឃើញសិន។ ចេញចូលៗរៀងរាល់ថ្ងៃ លែងអីមិនលើកដៃទាញយកសៀវភៅមកអាន?។
លោក រស់ បានចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនថា លោកបានដាក់តាំងសៀវភៅប្រមាណ ២ពាន់ក្បាលនៅគ្រប់ទីកន្លែង ដែលអាចទុកដាក់សៀវភៅបាន។ នៅពេលអានចប់ លោកបានផ្លាស់ប្ដូរសៀវភៅថ្មីចូល។
លោក រស់ ដែលមានកូន ២នាក់កំពុងរៀនថ្នាក់ទី១១ និងថ្នាក់ទី៨ បានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «កូនរបស់ខ្ញុំមិនចុចទូរស័ព្ទទេ នៅពេលទំនេរ ហើយគាត់ទារលុយទិញសៀវភៅអាន ជាពិសេស កម្មវិធីពិព័រណ៍សៀវភៅបែបនេះ»។
យុវតី កញ្ឆនា មានបំណងចង់ឱ្យមានពិព័រណ៍សៀវភៅបែបនេះបន្ថែមទៀត ដែលមិនត្រឹមតែដាក់តាំងសៀវភៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបំផុសគំនិតចងក្រងមាតិការបស់ខ្មែរផ្ទាល់ផងដែរ។
កញ្ញាបាននិយាយថា៖ «វាមានសារៈសំខាន់ណាស់ក្នុងការលើកទឹកចិត្តអ្នកនិពន្ធ និងអ្នកបោះពុម្ពផ្សាយរបស់យើងឱ្យបង្កើតរឿងដែលកើតចេញពីបទពិសោធន៍ផ្ទាល់របស់យើង»។
អ្នកស្រី សុជាតា ក៏បានលើកឡើងពីឧបសគ្គរាំងស្ទះក្នុងការបង្កើតទម្លាប់នៃការអាន រួមមាន បច្ចេកវិទ្យា ដែលមានទូរស័ព្ទដៃ ទូរទស្សន៍ ថេប្លេត និងឧបករណ៍ផ្សេងៗទៀត។ ក្នុងសម័យនេះ អ្នកចង់អានសៀវភៅ ត្រូវជម្នះចិត្ដខ្លួនឯងខ្លាំងបំផុត។
ទាំងនេះជាអ្វីដែលអ្នកស្រីចង់ឱ្យមានកម្មវិធីជំនួបអ្នកអាន ដោយចែករំលែកបទពិសោធន៍ ផ្ដល់យោបល់ ជាពិសេស ការបង្កើតក្លិបអំណាន៕