សៀមរាបៈ​ ក្រសួង​វប្ប​ធម៌ និង​វិចិត្រ​សិល្បៈ ​បាន​ឱ្យដឹង​ថា ​រយៈ​ពេល​ត្រឹម​តែ ​១០ ​ថ្ងៃ​ប៉ុណ្ណោះ​ មាន​ភ្ញៀវ​ទេសច​រ​ជិត ​៨​ ម៉ឺន​នាក់​ បាន​មក​ទស្សនា​ពិព័រណ៍ និ​ង​ការ​សម្តែង​ទស្ស​នីយ​ភាព​សិល្បៈ​ចម្រុះ​នានា ​ក្នុង​ព្រឹត្តិ​ការណ៍​រំឭក​គុណ​អង្គរ ដែល​ប្រារព្ធ​ធ្វើ​ឡើង​នៅ​រមណីយ​ដ្ឋា​ន​អង្គរ​ ខេត្ត​សៀម​រាប ​ខណៈ​អ្នក​ជំនាញ​ទេស​ចរណ៍​ថា ​ព្រឹត្តិ​ការណ៍​សំខាន់ៗ​ ជា​ការ​ជួយ​ស្រោច​ស្រង់​វិស័យ​ទេស​ចរណ៍​ផង​ដែរ​។​


​យោង​តាម​ហ្វេ​ស​ប៊ុ​ក​របស់​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​កាល​ពី​ថ្ងៃទី​១៨​ ខែធ្នូ ​បាន​ឱ្យដឹង​ថា រយៈ​ពេល​ត្រឹមតែ​១០​ថ្ងៃ​ប៉ុណ្ណោះ​ មាន​ភ្ញៀវ​ទេសច​រ​ជិត​៨​ម៉ឺន​នាក់ ​បាន​មក​ទស្សនា​ពិព័រណ៍ ​និង​កា​រសម្តែង​ទស្សនីយ​ភាព​សិល្បៈ​ចម្រុះ​នានា​ក្នុង​ព្រឹត្តិ​ការណ៍​រំឭក​គុណ​អង្គរ​ ចាប់​ពី​ថ្ងៃទី​៧ ដល់​ថ្ងៃ​១៦ ខែធ្នូ ឆ្នាំ​២០២៣​។​

​ចំនួន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរ​ជាតិ​ ដែល​បាន​ចូល​ទស្សនា​រោង​ពិព័រណ៍​របស់​អាជ្ញា​ធរ​ជាតិ​អប្សរា​ រយៈ​ពេល​១០​ថ្ងៃ​នេះ ​មាន​សរុប​ចំនួន ​៩ ៦៤៣ ​នាក់​ក្នុង​នោះ​មាន​ភ្ញៀវ​ជាតិ​មាន​ចំនួន ​៤ ៥៩៥ ​នាក់ (​ព្រះ​សង្ឃ​១២៦​អង្គ​) និង​ភ្ញៀវ​ទេស​ចរ​បរទេស​ចំនួន ​៥ ០៤៨​នាក់​។ 


​ប្រភព​ដដែល​បាន​បន្ត​ថា សម្រាប់​កម្មវិធី​ល្ខោន​យីកេ​មហា​ជន​ ល្ខោន​ស្បែក​ធំ និង​ល្ខោន​ខោល​រឿង​រាម​កេ​រ្តិ៍ ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​ខាង​ត្បូង​ប្រាសាទ​អង្គរ​វត្ត​ រយៈ​ពេល​៣​ថ្ងៃ ​ចាប់ពី​ថ្ងៃទី​១៣ ​ដល់ទី​១៦ ​ខែធ្នូ​ មាន​អ្នក​ទស្សនា​សរុប​ចំនួន​១ ៤៣៩​នាក់​ដែល​ក្នុង​នោះ​ភ្ញៀវ​ជាតិ​ចំនួន ​១ ៣៨៦​នាក់ (​ព្រះសង្ឃ​១៨​អង្គ​) និង​ភ្ញៀវ​បរទេស​ចំនួន​៣៥​នាក់​។ 

​ដោយ​ឡែក​ក្នុង​កម្មវិធី​រាត្រី​ច​ងចាំ ​សិល្បៈ​ចម្រុះ ​ល្ខោន​បុរាណ​ពោល​ស្រី និង​ប្រដាល់​ក្បាច់​គុន​បុរាណ​ខ្មែរ​ ដែល​បាន​ប្រព្រឹត្ត​ទៅនៅ​​ព្រះ​លាន​ជល់​ដំរី​មាន​ភ្ញៀវ​ចូល​ទស្សនា​សរុប ​ចំនួន​ ៦៩ ០០៥​នាក់ ក្នុង​នោះ​មាន​ភ្ញៀវ​ជាតិ​ចំនួន ​៦៨ ៧០៥នាក់ និង​ភ្ញៀវ​បរទេស​ចំនួន ​៣០០នាក់​។ 


​ក្រសួង​វប្បធម៌ ​និង​វិចិត្រ​សិល្បៈ បាន​បញ្ជាក់​ថា ៖ «​ក្នុង​រយៈ​ពេល​១០​ថ្ងៃ នៃ​ព្រឹត្តិការណ៍​រំឭក​គុណ​អង្គរ​ ក្រៅ​ពី​ការ​ប្រារព្ធ​នូវ​ពិធី​បែប​សា​សនា ​ដើម្បី​សម្តែង​នូវ​ការ​ដឹង​គុណ ​ចំពោះ​អង្គ​ព្រះ​មហា​ក្សត្រ​ខ្មែរ​គ្រប់​ជំនាន់ ​និង​បុព្វ​ការី​ជន​ទាំង​អស់​ដែល​លោក​បាន​ខិតខំ​កសាង​និង​ថែរក្សា​ប្រាសាទ​បុរាណ​ទាំងអ​ស់នៅ​ក្នុង​រមណីយ​ដ្ឋាន​អង្គរ​ ដោយ​បាន​ផ្តល់​អត្ថ​ប្រយោ​ជន៍​ជា​ច្រើន ដល់​ជាតិ​មាតុ​ភូមិ​តាំង​ពី​ដើម​រហូត​ដល់​ស​ព្វ​ថ្ងៃនេះ​»​។​

​លោក​ ហូ ​វណ្ឌី ​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ​សមា​គម​ទេស​ចរណ៍​កម្ពុជា ​នៅ​ថ្ងៃទី​១៩ ​ខែធ្នូ ឆ្នាំ​២០២៣ ​បាន​បង្ហាញ​ការ​កោត​សរសើរ​ចំពោះ​អាជ្ញាធរ​ជាតិ​អប្សរា​ និង​ក្រសួង​វប្បធម៌ ​និង​វិចិត្រ​សិល្បៈ ដែ​ល​បាន​បង្កើត​កម្ម​វិធី​ដ៏​ល្អ​នេះ​។​

​លោក​បាន​បញ្ជាក់​ថា ៖ «​កម្មវិធី​នេះ​ល្អ ដោយ​សារ​វា​ជាការ​រំឭក​គុណូប​ការៈ​ទៅដ​ល់​បុព្វ​ជិត ក៏ដូចជា​អ្នក​មា​នគុណ ជាពិ​សេស​វិញ្ញាណ​ក្ខន្ធ​ព្រះ​មហា​ក្ស​ត្រ ក៏ដូ​ចជា​ព្រះបាទ​ជយ​វរ្ម័នទី​៧ ដែល​បាន​ព្រះអង្គ​បាន​កសាង​ប្រា​សាទ​អង្គរ ដែល​បើ​មិន​មាន​ប្រា​សាទ​ទេ កម្ពុជា​ក៏​នឹង​ពិបាក​ក្នុងការ​ទាក់ទា​ញ​ភ្ញៀវទេ​សច​រ​មក​ខ្លាំងណា​ស់​»​។​

​លោក ​ហូ វណ្ឌី បាន​បន្ត​ទៀត​ថា៖ «​យើង​ក៏​សូម​អរគុ​ណ​ដល់​រាជ​រដ្ឋាភិបា​ល​កម្ពុជា​ផងដែ​រ ដែល​លោក​តែង​តែ​យក​ចិត្ត​​ទុកដា​ក់​ពាក់​ព័ន្ធ​នឹង​ការ​ផ្សព្វ​ផ្សាយ​ទេស​ចរណ៍ ទោះបី​ជា​ព្រឹត្តិកា​រណ៍​នេះ​ទាក់​ទាញ​ទេសចរ​នៅ​ក្នុង​ស្រុក​ក្តី ​ក៏ប៉ុន្តែ​វា​ក៏បាន​ជួយ​ស្រោច​ស្រង់ ​ជួយ​សាយ​ភាយ​ក៏ដូចជា​​ជួយ​បានផ្តល់​ចំណូល​ចូល​បងប្អូន​ប្រជា​ពលរដ្ឋ​ក្នុង​ខេត្ត​សៀម​រាប​ទាំង​មូល​ផង​ដែរ​»​។​

​មួយ​វិញទៀ​តប្រ​សិនបើ​ព្រឹត្តិកា​រណ៍​ទាំងនេះ​​កើតមា​នឡើ​ង​ខុសៗ​គ្នា​នៅ​តំបន់​ផ្សេងៗ​ដែរ​ដើម្បី​ទាក់​ទាញ​ភ្ញៀវទេ​សចរ​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​បាន​ដឹង និង​បានឃើ​ញ​ផង​ដែរ​ ព្រោះ​នៅ​ពេល​ដែល​មាន​ទេស​ចរ​ទៅ​ដល់ ​នោះ​ពួក​គាត់​នឹង​មាន​ការ​ចាយ​វាយ ​ស្នាក់នៅ​ និង​ការ​ទទួល​ទាន​ជា​ដើម​ ដែល​ទាំង​នេះ​គឺជា​ព្រឹត្តិ​ការណ៍​រក​ចំណូល​ចូល​ប្រជា​ពល​រដ្ឋ និង​រដ្ឋ​ផងដែ​រ​។ លោក ​ហូ វណ្ឌី បញ្ជាក់​បន្ថែម​។​

​សូម​បញ្ជាក់​ផងដែ​រ​ថា ព្រឹ​ត្តិកា​រណ៍ «​រំឭក​គុណ​អង្គរ​» ឆ្នាំនេះ​មានកា​រ​សម្តែង​វប្បធម៌​ផ្សេងៗ​ជាច្រើ​ន​ដូច​ជា ក្បួន​ព្យុហ​យា​ត្រា កម្មវិធី​រាត្រី​សមោស​រ រាត្រី​ចង​ចាំ ការ​សម្តែង​ល្ខោន ​យីកេ និង​សិល្បៈ​ទស្ស​នីយ​ភាព​នានា​។ 

​ក្រៅ​ពីនេះ​ក៏មាន​ការ​បើក​ចំហ​ឱ្យ​សា​ធារណ​ជន​ចូលទៅ​​ទស្សនា​នៅតាម​ការ​ដ្ឋាន​ដែល​ជា​ទីកន្លែង​ក្រុម​ការងារ​ជំនាញ​ជួស​ជុល​ប្រាង្គ​ប្រាសាទ​ក៏​ដូចជា​សារ​មន្ទីរ​ដែល​បង្ហាញ​នូវ​តឹក​តាង​ប្រវត្តិ​សាស្ត្រ ​បង្ហាញ​នូវ​សកម្ម​ភាព​ការ​ងារ​ដែល​ពាក់​ព័ន្ធ​ជា​មួយ​ការអ​ភិរក្ស និង​អភិ​វឌ្ឍ​នៅ​ក្នុង​រមណីយ​ដ្ឋាន​អង្គរ​ផង​ដែរ​៕