​ភ្នំពេញៈ ​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ និង​អង្គ​ការ​ដៃគូ​គ្រោង​ធ្វើ​យុទ្ធ​នាការ «​ហានិភ័​យ​ទាប​ក្នុង​ការ​ចម្លង​មេរោគ​អេដស៍​» ទៅ​ដល់​ពលរដ្ឋ​នៅ​ក្នុង​រាជ​ធានី​-ខេត្ត​ចំនួន​ ៤ ដើម្បី​ជំរុញ​លើក​ទឹក​ចិត្ត​ដល់​អ្នក​ដែល​សង្ស័យ​ថា ​ប្រឈម​នឹង​មេរោគ​អេដស៍​ត្រូវ​ប្រញាប់​មក​ធ្វើ​តេស្ត និង​ព្យា​បាលក្នុង​ការ​បញ្ឈប់​ការ​ចម្លង​ទៅ​ដៃគូ​។​


​លោក​ ឈឹម​ ឃិន​ដា​រ៉េត អគ្គ​លេខាធិ​ការ​នៃ​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ បាន​ឱ្យ​ដឹង​នៅ​ថ្ងៃទី​១៩ ខែធ្នូ​ថា យុទ្ធនា​ការ​ឃោ​សនា «​ម​=​ម​» ដែល​មាន​ន័យ​ថា​«​ហានិ​ភ័យ​ទាប​ក្នុងការ​ចម្លង​មេរោគ​អេដស៍​» នេះ​ គឺ​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ និ​ង​អង្គ​ការ​ដៃគូ​ បាន​ធ្វើ​វា​ជា​យូរ​មក​ហើយ ​ប៉ុន្តែ​នៅ​ថ្ងៃទី​២០ ​ខែធ្នូ​ ​ដៃគូ​ពាក់​ព័ន្ធ​នឹង​រៀបចំ​រំឭក​យុទ្ធ​នាការ​នេះ នៅ​ក្នុង​ខេត្តសៀ​មរាប​ បន្ទាយ​មាន​ជ័យ បាត់​ដំបង ​និង​រាជ​ធានី​ភ្នំពេញ​។ 

​លោក​បាន​បន្ត​ថា ការធ្វើ​យុទ្ធ​នាការ​នៅ​ក្នុង​ខេត្ត​សៀម​រាប​នេះនឹងមាន​ចូលរួម​ពី​អាជ្ញាធរ​ពាក់​ព័ន្ធ​នៅ​តាម​បណ្ដា​ខេត្ត​ផ្សេងៗ​ទៀត ​និង​រួមទាំង​ប្រជា​ពលរដ្ឋ​ទូទៅ និង​ប្រជា​ពលរដ្ឋ​គន្លឹះ​ ក្រោម​កិច្ច​សហ​ការ​រៀបចំ​ដោយ​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​អេដស៍​ មជ្ឈ​មណ្ឌល​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​អេដស៍​ សើ​ស្បែក និង​កាម​រោគ​ ក៏​ដូច​ជា​អង្គ​ការ​សហ​ប្រជា​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ (UNIADS) ផង​ដែរ​។​


​លោក​ឈឹម ​ឃិន​ដា​រ៉េត​ បាន​បញ្ជាក់ថា​​៖ «​យុទ្ធនា​ការឃោស​នា ​ម​=​ម ជា​យុទ្ធ​នាការ​ធ្វើឡើ​ង​ដើម្បី​ជំរុញ​ឱ្យ​អ្នក​ដែល​សង្ស័យ​ថា ​ខ្លួន​បាន​ឆ្លង​មេ​រោគ​អេដស៍ ត្រូ​វ​ប្រញាប់​ប្រញាល់​ទៅធ្វើ​តេស្ត​រក​មេរោគ​អេដស៍ ​ព្រោះ​នៅ​ពេល​ដែល​ឆាប់​ធ្វើ​តេស្ត ​នោះ​គឺ​ឆាប់​បាន​ទទួល​សេវា​ព្យា​បាល​ដោយ​ឱសថ​ប្រឆាំង​នឹង​មេរោគ​អេដស៍ ​ខណៈដែល​ឱសថ​នេះ គឺ​តម្រូវ​ឱ្យ​អ្នក​ឆ្លង​ត្រូវ​ប្រើ​ប្រាស់​ជា​ប្រចាំ​តាម​វេជ្ជ​បញ្ជា និង​ហាម​អ្នក​ឆ្លង​មិនត្រូវ​បញ្ឈប់​ការប្រើ​ប្រាស់​ឱសថ​ប្រឆាំង​នេះ​ឡើយ​»​។​

​លោក​បាន​បន្ត​ថា​៖ «​អ៊ីចឹង​ហើយ​ យុទ្ធនា​ការ​របស់​យើង​ធ្វើ​ឡើង​ក្នុង​គោល​ដៅ​ជំរុញ​ ផ្សព្វ​ផ្សាយ និង​លើក​ទឹក​ចិត្ត​ឱ្យ​បង​ប្អូន​ដែល​សង្ស័យ​ថា​ប្រឈម ​ត្រូវ​ប្រញាប់​មក​ធ្វើ​តេស្ត​ស្វែង​រក​មេរោគ​អេដស៍​ ហើយក៏​ជំរុញ​ឱ្យ​បង​ប្អូន​ត្រូវ​ប្រើ​ប្រាស់​ឱសថ​ជាប់​ជាប្រចាំ​តាម​វេជ្ជ​បញ្ជា​របស់​គ្រូ​ពេទ្យ​ ដែល​ធ្វើឱ្យ​គាត់​មាន​សុខ​ភាព​ល្អ​ជា​ពិសេស​មិន​ធ្វើឱ្យ​គាត់​អាច​ទៅ​ចម្លង​ជា​មួយ​ដៃគូ​ផ្សេង​ទៀត​បាន​»​។​


​បើ​តាម​លោក ​ឈឹម ឃិន​ដា​រ៉េត ​បច្ចុប្បន្ន​ក្នុង​១ថ្ងៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ​រកឃើញ​អ្នក​ឆ្លង​មេរោគ​អេដស៍​ចំនួន​៤​នាក់ ដូច្នេះ​មក​ដល់​ពេល​នេះ​អ្នក​ផ្ទុក​មេរោគ​អេដស៍​នៅ​កម្ពុ​ជាមាន​សរុប​ប្រហែល​ ៧​៦ ០០០​នាក់ ក្នុង​នោះ​មាន​អ្នក​ឆ្លង​ថ្មី​ចំនួន១ ៤០០​នាក់​ ហើយ​អ្នក​ដែល​ទទួល​កា​រព្យាបា​ល​មេរោគ​អេដស៍​នេះ​មាន​ប្រហែល​ជាង​ ៦៧ ​០០០​នាក់​។ 

​លោក​បាន​បន្តថា​ ហេតុនេះ​ហើយ​​តួលេខ​អ្នក​ឆ្លង​មេរោគ​អេដស៍ ​ត្រូវ​ទទួល​ការ​ព្យាបាល​រហូត​ មិនអា​ច​ចាក​ចេញ​ពី​ប្រព័ន្ធ​ព្យាបា​ល​នេះ​ទេ ហើយ​ប្រសិនបើ​ករណី​អ្នក​ឆ្លង​មេរោគ​អេដស៍ឈ​ប់​ទទួល​កា​រព្យា​បាល គឺ​សុខភា​ព​របស់​ពួក​គាត់នឹ​ងត្រូវ​ធ្លាក់​ចុះ​វិញ​។​

​លើស​ពីនេះ​ទៀត ​លោក​ថា កា​ររក​ឃើញ​អ្នក​ឆ្លង​ជំងឺ​អេដស៍​ក្នុង​១ថ្ងៃ​ចំនួន៤​នាក់​នេះ ភា​គច្រើន​កើតឡើ​ង​ទៅ​លើ​ក្រុម​ប្រជា​ជន​គន្លឹះ​រួម​មាន​ ក្រុម​បុរស​រួមភេទ​ជា​មួយ​បុរស ​ក្រុម​បំប្លែង​ភេទ​ ក្រុម​អ្នកប្រើ​ប្រាស់​និង​ចាក់​គ្រឿង​ញៀន ក្រុម​ស្ត្រី​បម្រើ​ការ​ងារ​ក្នុង​គ្រឹះ​ស្ថាន​កម្សាន្ត​សប្បាយ ​និង​ក្រុម​យុ​វវ័យ​ទាំង​ក្នុង​ប្រព័ន្ធ ​និង​ក្រៅ​ប្រព័ន្ធ​។​

​លោក​បាន​ថ្លែង​ថា​ ៖ «​ហេតុ​នេះ ដោយ​សារ​ពួកគា​ត់​ជា​ក្រុម​ដែល​ប្រឈម​ហានិភ័​យ​ខ្ពស់ ដូ​ច្នេះ​ទាំង​ក្រសួង​សុខា​ភិបា​ល និង​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ កំពុង​ធ្វើ​កិច្ច​អន្តរា​គមន៍​ដើម្បី​ធ្វើយ៉ាង​ណា​ឱ្យ​ក្រុម​ប្រជា​ជន​គន្លឹះ​ទាំង​នោះ ​បាន​ទទួល​ព័ត៌​មាន​ និង​ចូលរួម​ទប់​ស្កាត់​លើ​ខ្លួន​របស់​ពួកគា​ត់​បន្តទៀ​ត ដើ​ម្បី​កុំឱ្យ​ឆ្លង​»​។

​លោក ដា​រ៉េត បា​ន​ប្រាប់​ទៀត​ថា​៖ «​ការ​រកឃើ​ញ​អ្នក​ឆ្លង​ជំងឺ​អេដស៍​ចុង​ក្រោយ​នេះ ដែល​យើង​គិតថា​កំពុង​មាន​ហានិ​ភ័យ​ខ្លាំង​ គឺ​ក្រុម​បុរស​រួមភេទ​ជា​មួយ​បុរស​ ខណៈ​ដែល​យើង​ស្រង់​ទិន្ន​ន័យ​ឃើញ​ថា អត្រា​ឆ្លង​គាត់​កាល​ពីមុន​មាន​ប្រហែល​តែ ​៤​ភាគ​រយ​ទេ ប៉ុន្តែ​ឥឡូវ​ឡើង​៥,៥​ភាគ​រយ​ហើយ​»​។​

​កន្លង​មក​ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ​ក៏​បាន​ជំរុញ​ឱ្យ​រាជ​ធានី​-ខេត្ត​ ដែល​ជា​គណៈ​កម្មាធិ​ការ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ រួ​មទាំង​ឃុំ​-​សង្កាត់ និង​ក្រសួង​សុខាភិ​បាល ​ត្រូវ​ចូល​រួម​ទាំង​អស់​គ្នា​ជា​កម្លាំង​តែមួយ ​ដើម្បី​ផ្សព្វ​ផ្សាយ​និង​ប្រើ​គ្រប់​មធ្យោ​បាយ​ទាំង​អស់​រួម​មាន​ ទាំង​ការផ្សព្វ​ផ្សាយ​ព័ត៌មាន​លើ​បណ្ដាញ​សង្គម​ និង​ការប្រើ​ប្រាស់​ថ្នាំ​សម្រាប់​បង្ការ​ជូន​ដល់​ប្រជា​ពល​រដ្ឋ​ទូទៅ​ផង និង​ជា​ពិសេស​ក្រុម​ប្រជា​ជន​គន្លឹះ​។​

​សូម​បញ្ជាក់​ថា អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ​បាន​ដាក់​ចេញ​ផែន​ប្រតិបត្តិ​សម្រាប់​អនុវត្ត​ផែនការ​យុទ្ធ​សាស្ត្រ​ជាតិ​ទូលំ​ទូលាយ ​និង​ពហុ​វិស័យ​ឆ្លើយ​តប​នឹង​មេរោគ​អេដស៍ ​និង​ជំងឺអេ​ដស៍​លើក​ទី​៦​ ឆ្នាំ​២០២៤-​២០២៨ ឆ្ពោះ​ទៅ​សម្រេច​គោល​ដៅ ​៩៥-​៩៥-​៩៥ ​នៅ​ឆ្នាំ​២០២៥​៕