ភ្នំពេញៈ ក្រសួងទេសចរណ៍ បាន​បើក​កិច្ចប្រជុំ​បច្ចេកទេស​ដើម្បី​ពិនិត្យ និង​ផ្តល់យោបល់​លើ​ឯកសារ​គោលការណ៍​ណែនាំ​ស្តីពី «​ការរៀបចំ​ផែនការអភិវឌ្ឍន៍​ទេសចរណ៍ និង​ការវាយតម្លៃ​សមិទ្ធកម្ម​» សំដៅ​ពិនិត្យ​តាមដាន​វឌ្ឍនភាព​ការអភិវឌ្ឍ និង​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ពាក់ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍​។​


កិច្ចប្រជុំ​នេះ បានរៀបចំ​ធ្វើឡើង​កាលពី​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០២៣ ដែល​ដឹកនាំ​ដោយ លោក ម៉ែន ភារ​ម្យ អគ្គនាយករង​អភិវឌ្ឍ​ទេសចរណ៍ និង​សហប្រតិបត្តិការ​អន្តរជាតិ ដោយមាន​ការចូលរួម​ពី​អគ្គនាយករង ប្រធាន​នាយកដ្ឋាន អនុប្រធាន​នាយដ្ឋាន និង​មន្ត្រី​ជំនាញ ចំណុះ​អគ្គនាយកដ្ឋាន​អភិវឌ្ឍន៍​ទេសចរណ៍ និង​សហប្រតិបត្តិការ សរុប​ចំនួន ៥០​រូប​។

នេះ​បើ​យោងតាម​ហ្វេ​ស​ប៊ុ​ក​នាយកដ្ឋាន​ផែនការអភិវឌ្ឍន៍​ទេសចរណ៍ នៃ​ក្រសួងទេសចរណ៍​នា​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០២៣​។​


នាយកដ្ឋាន​ផែនការអភិវឌ្ឍន៍​ទេសចរណ៍ បាន​លើកឡើងថា គោលការណ៍​ណែនាំ​នេះ គឺជា​ឯកសារ​គន្លឹះ​សម្រាប់​តម្រង់ ទិស និង​ពង្រឹងសមត្ថភាព​ដល់រ​ដ្ឋ​បាល​ថ្នាក់ក្រោម​ជាតិ ជាពិសេស​មន្ត្រី​បង្គោល​ទទួលបន្ទុក​ការងារ​ផែនការ​របស់​មន្ទីរ​ទេស​ចរណ៍​រាជធានី​ខេត្ត លើ​ការកសាង​ផែនការអភិវឌ្ឍន៍​ទេសចរណ៍​រយៈពេល​៥​ឆ្នាំ របស់​រដ្ឋបាល​រាជធានី​ខេត្ត ការរៀបចំ​ផែនការ​គោល​/​ប្លង់គោល​អភិវឌ្ឍន៍រ​មណី​យ​ដ្ឋា​ន​ទេសចរណ៍ សំដៅ​ជំរុញ​ការអភិវឌ្ឍ​ទេសចរណ៍​ប្រកបដោយ​ភាព​ប្រកួតប្រជែង​ខ្ពស់ ចីរភាព និង​បរិ​យាប​ន្ន​។ 

តាម​ប្រភព​ដដែល​បានបញ្ជាក់​ទៀតថា​លើសពីនេះ​ទៀត ឯកសារ​គោលការណ៍​ណែនាំ​នេះ គឺ​បានចង្អុលបង្ហាញ​ពី​នីតិវិធី​វាយតម្លៃ​សមិទ្ធកម្ម នៃ​ការអនុវត្ត​ផែនការអភិវឌ្ឍន៍​ទេសចរណ៍​របស់​រដ្ឋបាល​រាជធានី​ខេត្ត សំដៅ​ពិនិត្យ​តាមដាន​វឌ្ឍនភាព​ការអភិវឌ្ឍ និង​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ផងដែរ​។​


លោក ជួប រតនា ប្រធាន​នាយកដ្ឋាន​ផែនការអភិវឌ្ឍន៍​ទេសចរណ៍នៃ​ក្រសួងទេសចរណ៍​ ដែល​បាន​ចូលរួម​កិច្ចប្រជុំ​នេះ បាន​ប្រាប់ឱ្យដឹង​បន្ថែម​នៅ​ថ្ងៃទី​១៩ ខែធ្នូ ថា គោលការណ៍​ណែនាំ​ស្តីពី «​ការរៀបចំ​ផែនការអភិវឌ្ឍន៍​ទេសចរណ៍ និង​ការវាយតម្លៃ​សមិទ្ធកម្ម​» គឺជា​ឯកសារ​គ​ន្លឺះ​យុទ្ធសាស្ត្រ មួយ​ដែល​ត្រូវបាន​រៀបចំ​ចងក្រង​ក្នុងការ​អភិវឌ្ឍន៍​ទេសចរណ៍​ទៅតាម​ជំ​ហ៊ាន​នីមួយៗ រួចហើយ​ចែកជូន​ទៅ​មន្ទីរ​ទេសចរណ៍​រាជធានី​ខេត្ត និង​រដ្ឋបាល​រាជធានី​ខេត្ត ជាពិសេស​មន្ត្រី​បង្គោល ដែល​រៀបចំ​ផែន​ការឱ្យ​ពួកគាត់​បាន​មើល​។​

លោក​ជួប រតនា បាន​ថ្លែងថា ៖«​យើង​សរសេរ​ចងក្រង​ឯកសារ​ហ្នឹង​១​ក្បាល​ជាការ​ណែនាំ ឬ​ជា ​Guideline ហើយ​យើង​នឹង​ចែកជូន​ដល់​មន្ទីរ​ទេសចរណ៍​ខេត្ត រដ្ឋបាលខេត្ត ក៏ដូចជា​មន្ត្រី​គ្រូ​បង្គោល​រៀបចំ​ផែនការ​ដោយ​ណែនាំ​ឱ្យ​សរសេរ​ផែនការ យ៉ាងណា ឬ​គួរតែ​អនុវត្តតាម​កម្មវិធី​ដូចម្តេច​ជាដើម​។​ដូច​ដឹង​ហើយ​ថា នៅ​ថ្នាក់​ខេត្ត មន្ត្រី​របស់​យើង​នៅមានកម្រិត​ដែរ​។ អ៊ីចឹង​ទេ បើ​ឱ្យ​គាត់​ចាប់ផ្តើម​សរសេរ​ផែនការ​តែម្តង មិនដឹងថា ចាប់ពី​ជ្រុង​ណា​ទេ​»​។​

បើតាម លោក ជួប រតនា គោលការណ៍​ណែនាំ​នេះ នឹង​ជួយ​ឱ្យ​មន្ត្រី​ទាំងនោះ មាន​ភាពងាយស្រួល​ក្នុងការ​សរសេរ​ផែនការអភិវឌ្ឍន៍​ទេសចរណ៍​នៅក្នុង​ខេត្ត​របស់​ខ្លួ​ម​ឱ្យមាន​ការរីកចម្រើន ប៉ុន្តែ​បើ​ពួកគាត់​មិនចេះ​សរសេរ​ផែនការអភិវឌ្ឍន៍​ទេសចរណ៍ នៅក្នុង​ខេត្ត​របស់ខ្លួន ក៏​មិនអាច​អភិវឌ្ឍ​ទេសចរណ៍​កើត​ដែរ​។​

លោក ធួន ស៊ីណាន ប្រធាន​សមាគម​ទេសច​រណ៍​អាស៊ី​ប៉ាស៊ីហ្វិក ក៏បាន​បង្ហាញ​ការស្វាគមន៍​ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់​មន្ត្រី​នៃ​ក្រសួងទេសចរណ៍ ដែល​បានចាប់ផ្តើម​ធ្វើ​ទំនើបកម្ម​សម្រាប់​មន្ត្រីរ​បស់​ខ្លួន សម្រាប់​ធ្វើការ​កំណែទម្រង់​ស៊ីជម្រៅ​វិស័យ​ទេសចរណ៍​ទាំង​នៅក្នុង​ស្រុក និង​ក្រៅ​ស្រុក​។  

លោក​បាន​ប្រាប់ថា​លោក​នឹង​ទន្ទឹងរង់ចាំ​មើល​លើ​ចក្ខុវិស័យ​របស់លោក សុខ សូកេន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ដែល​បានធ្វើ​កំណែទម្រង់​នេះ​។​

លោក ធួន ស៊ីណាន បាន​ថ្លែងថា​៖«​ទង្វើ​ល្អៗ របស់​រាជរដ្ឋាភិបាល និង​ក្រសួង យើង​ត្រូវតែ​លើកទឹកចិត្ត​។​យើង​គិតថា​សកម្មភាព​ណា​នាំទៅរក​ការផ្លាស់ប្តូរ​ក្នុង​ទម្រង់​វិជ្ជមាន ខ្ញុំ​សូម​គាំទ្រ និង​លើកទឹកចិត្ត​នូវ​រាល់​សកម្មភាព​ទាំងនោះ​»៕