​កំពង់ធំ: នៅ​វាលស្រែ វាលស្រូវ​ដ៏​ស្រស់បំព្រង​នៃ​ប្រទេស​កម្ពុជា ​ដែលជា​កន្លែង​មាន​ទេសភាព​ពណ៌​បៃតង​លាតសន្ធឹង​រហូតដល់​ជើងមេឃ សមាគម​កែលម្អ​ជីវភាព​កសិករ​ ​(FLIA) បាន​ក្លាយជា​ក្តីសង្ឃឹម និង​មាន​វឌ្ឍន​ភាព​សម្រាប់​សហគមន៍​ជន​បទ​នៅ​ក្នុងភូមិ​កំពង់ធំ សង្កាត់​​កំពង់​រទេះ ក្រុង​ស្ទឹងសែន ខេត្ដ​កំពង់ធំ​។​


​អ្នកដឹកនាំ​ការអភិវឌ្ឍ​សមា​គម​ក្នុង​វិស័យ​កសិកម្ម អ្នកស្រី ម៉ន លក្ខិណា គឺជា​ស្ត្រី​មេផ្ទះ​ធម្មតា​ម្នាក់​ដែល​បាន​ប្រែក្លាយជា​ប្រធាន​សមាគម​ស្ដ្រី​ប្រកប​​ដោយ​ថាមពល​។ លើសពី​វិស័យ​កសិកម្ម វា​ក៏បាន​លើកកម្ពស់​តម្លៃ​ស្ដ្រី និង​សមត្ថភាព​ក្នុងការ​​ដឹកនាំ​របស់​ស្ដ្រី​ទៀតផង​។​

​តួនាទី​របស់​អ្នកស្រី លក្ខិណា នៅក្នុង​សមាគម FLIA ដែល​ស្ដ្រី​រូបនេះ​បាន​ក្លាយជា​ប្រធាន​​ប្រឹក្សា​ភិ​បាល ត្រូវបាន​ធ្វើឡើង​តាមរយៈ​ការបោះឆ្នោត​យ៉ាង​ហ្មត់ចត់​ពី​ឃុំ សង្កាត់ រហូតដល់​ថ្នាក់ជាតិ​នៅ​ខេត្ត​គោលដៅ​ចំនួន​ ៧ ពាក់ព័ន្ធ​នឹង​ការដឹកនាំ​សមាគម​សម្រាប់​អាណ​ត្ដិ​រយៈពេល ​៣ ​ឆ្នាំ​។​


​លោក​ នី គឹម​សាន អនុប្រធាន​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ជាតិ​សម្រាប់​លេខាធិការ​​ដ្ឋា​ន​អភិវឌ្ឍន៍​តាមបែប​ប្រជា​ធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ ​(​គ​.​ជ​.​អ​.​អ​.) បានឱ្យដឹងថា អ្នកស្រី លក្ខិណា ធ្លាប់ជា​ស្ដ្រី​កាន់​បណ្ណ​ក្រីក្រ ប៉ុន្ដែ​ឥឡូវ វា​ពិតជា​អស្ចារ្យ​ណាស់​ដែល​លោក​បានឃើញ​អ្នកស្រី​ធ្វើជា​អ្នក​ដឹកនាំ​សមាគម​ដ៏​អស្ចារ្យ​។​

​លោក​បាន​និយាយថា​៖ «​ដំបូង​ឡើយ​នៅក្នុង​កម្មវិធី​អ្វីមួយ គាត់​គ្រាន់តែ​ជា​អ្នក​ស្តាប់​ប៉ុណ្ណោះ ប៉ុន្ដែ​ពេលនេះ គាត់​ក្លាយទៅជា​វាគ្មិន​ចូលរួម​យ៉ាងសកម្ម​ក្នុង​សកម្មភាព​ដើម្បី​ជួយ​សហ​​គម​ន៍​របស់គាត់ ជាពិសេស​គួរឱ្យកត់សម្គាល់ គឺ​តួនាទី​របស់​អ្នកស្រី​ជា​អ្នកដឹកនាំ​នៅក្នុង​សមាគម​ដែល​អនុវត្តតាម​នីតិ​​វិធី​បោះឆ្នោត​ជ្រើសរើស​មេ​ដឹក​នាំ​ដ៏​តឹងរ៉ឹង​»​។​


​ការបង្កើត​ក្រុម​កែលម្អ​ជីវភាព (LIGs) និង​សមាគម FLIA បាន​អនុវត្តតាម​គោលការណ៍​ណែនាំ​យេនឌ័រ​ដែល​បានរៀបចំ​យ៉ាង​ល្អ និង​ត្រូវបាន​យល់ព្រម​ពី​ធនាគារ អភិវឌ្ឍន៍អាស៊ី (ADB)​ ដើម្បី​ធានា​ឱ្យបាន​យ៉ាងហោច​ណាស់​មានការ​ចូលរួម​ពី​ស្ត្រី​ចំនួន ៣០ ​ភាគរយ​។​

​លោកស្រី Jyotsana Varma នាយិកា​ ADB ​ប្រចាំ​កម្ពុជា បានឱ្យដឹងថា របាយការណ៍​ត្រីមាស​ទី ​៣ នៃ​ឆ្នាំ ​២០២៣ បាន​បង្ហាញថា ស្ត្រី​តំណាងឱ្យ ៥៩​ ភាគរយ​នៃ​សមាជិក​គណៈកម្មការ LIG មាន​ចំនួន ​១ ៩០៦​ នាក់​។ មាន​ស្ត្រី​ ៦ ​នាក់ ​ក្នុងចំណោម​សមាជិក​ក្រុមប្រឹក្សាភិបាល​ទាំង​ ៧ ​នៃ​សមាគម​ FLIA ហើយ​ប្រធាន​ក្រុមប្រឹក្សា​ជាប់ឆ្នោត​របស់​សមាគម​គឺជា​ស្ត្រី​។​

​លោកស្រីបាន​ថ្លែងថា​៖ «​ស្ត្រី​ចំនួន​ ១១១​ នាក់​ឬ ​៤១ ​ភាគរយ​នៃ​អ្នកតំណាង ​FLIA ដែល​បាន​ជាប់ឆ្នោត​ចំនួន​ ២៧០ នៅ​ឃុំ​គោលដៅ​របស់ខ្លួន​គឺជា​ស្ត្រី​»​។​

​អ្នកស្រី លក្ខិណា បានឱ្យដឹងថា ក្នុងចំណោម​សមាជិក​សរុប​ជាង​ ៤៥ ០០០​ នាក់ មាន​ស្ដ្រី​រហូតដល់​ជាង ៣១ ០០០​ នាក់ ដោយសារតែ​ក្រុមគ្រួសារ​នីមួយៗ​​មាន​ស្ដ្រី​ចូលក្នុង​សមាគម​ជា​ស្ដ្រី​​មេម៉ាយ និង​មាន​ទំនាក់ទំនង​ក្នុងការ​ចូលរួម ក៏ដូចជា​ការខ្ចី​កម្ចី​ពី​សមាគម ខណៈ​បុរស​មាន​ការងារ​ធ្វើ​នៅ​ខាងក្រៅ​។​

​ប្រជាកសិករ​អភិវឌ្ឍ​ជាមួយ​សមាគម FLIA ជាមួយ​បេសកកម្ម​ ៧​ ខេត្ដ​គោលដៅ ក្រុមប្រឹក្សាភិបាល​ត្រូវបាន​ជ្រើសរើស​យ៉ាង​លម្អិត​ចាប់ពី​ក្រុម​កែលម្អ​ជីវភាព ដែល​ពួកគេ​មានចំណេះដឹង​នៅ​ថ្នាក់ ឃុំ ថ្នាក់ស្រុក និង​បន្ដ​ការជ្រើសរើស​រហូតដល់​ថ្នាក់​ខេត្ដ និង​ត្រូវបាន​សម្រាំង​យក​ប្រធាន​ក្រុមប្រឹក្សាភិបាល​ម្នា​ក់នៅ​ថ្នាក់​ជាតិ​ជាមួយ​អាណ​ត្ដិ​ម្ដង​ ៣ ​ឆ្នាំ​។​

​សមាគម​ FLIA ត្រូវបាន​បង្កើតឡើង​ដោយ​សមាជិក​ក្រុម​កែលម្អ​ជីវភាព​រស់នៅ​ចំនួន ​១ ៩០៦ ​នាក់ ហើយ​បច្ចុប្បន្ន​សមាជិក​សរុប​បាន​កើនឡើង​រហូតដល់​ ៤៥ ៧៣៣​នាក់​។​

​គំនិត​ផ្តួចផ្តើម​នេះ​ទទួលបាន​ការគាំទ្រ​ពី​គម្រោង​កាត់បន្ថយ​ភាពក្រីក្រ និង​អភិវឌ្ឍន៍​អ្នកតូច​តាច​នៅ​ទន្លេសាប ហិរញ្ញ​ប្ប​ទាន​បន្ថែម ​(TSSD-AF)​ ដំណាក់​​កាល​ទី​១ និង​២ ​ដែល​ឧបត្ថម្ភ​ដោយ​ធនាគារអភិវឌ្ឍន៍អាស៊ី ​(ADB) មូលនិធិ​អន្តរជាតិ​សម្រាប់​ការអភិវឌ្ឍ​កសិកម្ម​ (IFAD) និង​រាជរដ្ឋាភិបាល​កម្ពុជា​។​

​អ្នកស្រី លក្ខិណា បានឱ្យដឹងថា ចក្ខុវិស័យ​របស់​សមា​គម​គឺ​ចង់ឱ្យ​ប្រជាកសិករ​ជា​ម្ចាស់​គ្រប់គ្រង​ដោយ​ខ្លួនឯង​ទាំងស្រុង ដើម្បី​អភិវឌ្ឍ​ជីវភាព និង​ការរីក​​ចម្រើន​សេដ្ឋកិច្ច និង​សុខុមាលភាព​សង្គម​រប​ស់​កសិករ​។​

​អ្នកស្រី​បាន​បន្ដថា សមាគម​ត្រូវ​ពង្រឹង​ការអភិវឌ្ឍ និង​លើក​កម្ពស់​ក្រុម​កែលម្អ​ជីវភាព (LIGs) ដោយ​ផ្តល់ជូន​សេវាកម្ម​គ្រប់​គ្រង និង​សេវាកម្ម​ផលិតភាព​ដើម្បីឱ្យ​សមាជិក​អាច​បង្កើន​សមត្ថភាព​ចិញ្ចឹមជីវិត និង​អភិវឌ្ឍ​ជំនាញ​វិជ្ជាជីវៈ​កាន់តែ​ប្រសើរ​។​

​ដើម្បី​បម្រើ​ផលប្រយោជន៍​របស់​សមា​ជិ​ក​នៃ​ក្រុម​លើកកម្ពស់​ជីវភាព​រស់​នៅក្នុង​ស្រុក អ្នកស្រី លក្ខិណា បាន​ពន្យល់ថា គម្រោង​នានា​ត្រូវបាន​អនុវត្ត​ដើម្បី​បង្កើន​ប្រាក់ចំណូល​ប្រកបដោយ​ប្រសិទ្ធភាព និង​និរន្តរភាព និង​លើកកម្ពស់​កម្រិតជីវភាព រួមចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​។​

​ប្រធាន​សមាគម​រូបនេះ បាន​ថ្លែងថា​៖ «​មកទល់ពេលនេះ​សមាគម​មាន​សមាជិក​ចំនួន ៤៥ ៧៣៣​ គ្រួសារ ​(​មាន​បណ្ណ​​ក្រីក្រ​ធ្លាក់ចុះ​ពី ​៧៩ ​ភាគរយ​នៅ​ខែមីនា ឆ្នាំ​ ២០១៧ មក​នៅ​ ៤៥ ​ភាគរយ​ត្រឹម​ខែមីនា ឆ្នាំ ​២០២៣ ដែល​ខុសពី​ឆ្នាំ ​២០១៣ សមា​​ជិ​ក​កាន់​បណ្ណ​ក្រីក្រ​មាន​រហូតដល់​ ៨៤​ ភាគរយ​»​។​

​ផែនការ ​៥​ ឆ្នាំ​ទៅមុខ​រហូតដល់​ឆ្នាំ​ ២០២៨ សមាគម​នឹង​ប្រឹងប្រែង​ដើម្បី​នាំ​អត្ថប្រយោជន៍​ដល់​សមាជិក រួមមាន ការ​បន្ថយ​ភាពក្រីក្រ​ដោយ​បន្ថយ​អ្នក​ដែល​កាន់​បណ្ណ​ក្រី​ក្រពី​បច្ចុប្បន្ន​ ៤៥ ​ភាគរយ​ឱ្យមក​នៅត្រឹម​ ២០ ​ភាគរយ តាមរយៈ​ការជំរុញ​ក្រុម​សន្សំ ពង្រឹងសមត្ថភាព ពង្រីក​មុខរបរ​ក្រុម​ក៏ដូចជា ពង្រឹង និង​ពង្រីក​ភាពជា​ដៃគូ​។ បង្កើន​ទុន​សមាគម​តាមរយៈ​ការ​សន្សំ​ឡើង​ពី​បច្ចុប្បន្ន​ ១៧,២០ ​លាន​ដុល្លារ​ដល់​ ២៥ ​លាន​ដុល្លារ​។​

​សមាគម FLIA គាំទ្រ​ដោយ ADB និង​ដៃគូ​យោងតាម​លោកស្រី Varma សមាជិក​ក្រុម LIGs ត្រូវបាន​គាំទ្រ​ជាមួយនឹង​មូលនិធិ​បង្វិល​ចំនួន ​២៤០​ ដុល្លារ​ម្នាក់ៗ​រួមទាំង​ការកសាង​សមត្ថភាព​ដូចជា ការ​បង្វឹក និង​ការណែនាំ​អំពី​ការប្រើប្រាស់​មូលនិធិ​ប្រកប​ដោយ​ប្រសិទ្ធភាព ការរៀបចំ​ផែនការអាជីវកម្ម និង​ការបណ្តុះបណ្តាល​បច្ចេកទេស​កសិកម្ម​។​

​លោកស្រីបានឱ្យដឹងថា​៖ «​សមាគម​ FLIA កំពុង​អនុវត្ត​វិធីសាស្ត្រ​ស្រដៀង​គ្នា​នេះ​។ កម្ចី​ភាគច្រើន​ត្រូវបាន​ប្រើប្រាស់​សម្រាប់​ធ្វើស្រែ ចិញ្ចឹម​មាន់ និង​ផលិត​បន្លែ​។ ទំហំ​ប្រាក់កម្ចី​ដែល​ផ្តល់ គឺ​អាស្រ័យ​លើ​ផែនការអាជីវកម្ម​រប​ស់​សមាជិក​ខ្ចី​។ ពួកគេ​មាន​ចន្លោះ​ពី ៣០០ ទៅ ៥០០ ​ដុល្លារ​»​។​

FLIA ផ្តល់​សេវាកម្ម​ផ្សេងៗ រួមទាំង​ការធ្វើ​សវនកម្ម​ប្រចាំខែ​សម្រាប់​ក្រុម​កែលម្អ​ជីវភាព​ដែល​ខ្សោយ និង​សវនកម្ ម​២ ខែ សម្រាប់​ក្រុម​ខ្លាំង​ជាង​មុន រួមទាំង​គ្រប់​គ្រង​កិច្ចការ​ដូចជា​កិច្ចសន្យា​ប្រាក់កម្ចី​ជាដើម​។​

​ពួកគេ​ក៏​ធ្វើ​បច្ចុប្បន្នភាព​ទិន្ន​​ន័យ​សមាជិក​ក្រុម តាមដាន​ផែនការអាជីវកម្ម ផ្សព្វផ្សាយ​ប្រាក់​បញ្ញើ​ធនាគារ​ជា​ក្រុម និង​រៀបចំ​របាយការណ៍​សម្រាប់​អ្នកតំណាង​ក្រុម​ដើម្បី​កែលម្អ​ជីវិត​ប្រចាំថ្ងៃ​។​

​លើសពីនេះ វា​ផ្តល់​ការបណ្តុះបណ្តាល និង​ការកសាង​សមត្ថ​ភាព​ដល់​តំណាង​នៅ​ថ្នាក់ឃុំ សង្កាត់ ប្រធាន​ក្រុម និង​សមា​​ជិ​ក​។ ពួកគេ​ចូលរួម​យ៉ាងសកម្ម​និង​គាំទ្រ​ការប្រជុំ​ជា​ក្រុម​ប្រចាំខែ រៀបចំ​របាយការណ៍​ស្តីពី​ការកែលម្អ​ជីវិត​ក្រុម​ដោយ​សហការ​ជាមួយនឹង​អ្នកដឹកនាំ​ក្រុម​។ សមាជិក​ចូលរួម​ក្នុងការ​បង្កើត និង​បណ្តុះបណ្តាល​ក្រុម​លើកកម្ពស់​ជីវភាព​ទទួល​បាន​ដើមទុន​ធ្វើការ និង​នៅ​ទី​បំផុត​បង្កើត​សមាគម​គ្រប់គ្រង​ខ្លួនឯង​។​

​អ្នកស្រី លក្ខិណា បាន​លើក​​ឡើង​ថា សកម្មភាព​អនុវត្ត​ដោយ គ​.​ជ​.​អ​.​ប រួមមាន ចូលរួម​ជួយ​បង្កើត និង​បណ្តុះបណ្តាល​ក្រុម កែលម្អ​ជីវភាព ផ្តល់ទុន​បង្វិល និង​ក្រោយមក​បង្កើតជា​សមាគម​ដែល​អាច​គ្រប់គ្រង​ខ្លួនឯង​។ ក្រៅពីនោះ ក៏​ជំរុញ​ដល់​ឃុំ​-​សង្កាត់ និង​ស្រុក គាំទ្រ​បណ្តុះបណ្តាល​សមាជិក​ក្រុម​កែលម្អ​ជីវភាព​ក៏ដូចជា​ជួយ​រៀបចំ​ផែន​​ការ​មុខរបរ កសាង​ផ្លូវ​ជនបទ​ដឹកជញ្ជូន​កសិផល និង​កសាង​ប្រឡាយទឹក​សម្រាប់​ធ្វើស្រែ​ជាដើម​។​

​អ្នកស្រី​បាន​បន្ដថា សកម្មភាព​អនុវត្ត​ដោយ​ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ រួម​​មាន ការជួយ​ធ្វើឱ្យ​មានពូជ​ស្រូវ​ល្អ និង​បង្រៀន​ឱ្យ​បង្កើន​ទិន្នផល ជួយ​បង្ហាត់បង្ហាញ​លើ​ការងារ​កសិកម្ម រួមមាន ការចិញ្ចឹម​សត្វ ការដាំ​បន្លែបង្ការ និង​ជួយ​លើ​ការងារ​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​នានា និង​ជួយ​គាំទ្រ​ក្នុងការ​ស្វែងរក​ក៏ដូចជា​ទំនាក់ទំនង​ទីផ្សារ​កសិផល​ផងដែរ​៕