ភ្នំពេញៈ​ ក្រុមការងារ​ចម្រុះ​រាជ​ធានី​-ខេត្ត​ ដឹកនាំ​ដោយ​មន្ត្រី​ពន្ធ​ដារ​នឹង​ចុះ​ត្រួតពិនិត្យ​ការប្រកាស​បង់ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​ប្រចាំឆ្នាំ​ ២០២៣​ នៅតាម​គោល​​ដៅ​មួយចំនួន​លើ​កំណាត់​ផ្លូវ​សំខាន់ៗ​នៃ​រាជធានី ខេត្ត​ចាប់ពី​ថ្ងៃទី​ ១៥​ ខែមករា រហូតដល់​ថ្ងៃទី​ ៣១ ខែមីនា ឆ្នាំ​ ២០២៤​។​


​សេចក្តីជូនដំណឹង​ចុះ​ថ្ងៃទី​ ១៨ ​ខែធ្នូ​បញ្ជាក់ថា​៖ «​ក្នុងករណី​ម្ចាស់​យានយន្ត​ខកខាន​មិនបាន​ប្រកាស​បង់ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​ប្រចាំឆ្នាំ​ ២០២៣​ កន្លងទៅ​សូមមេត្តា​រួសរាន់​អញ្ជើញ​ទៅ​ប្រកាស​បង់ពន្ធ និង​បង់ពន្ធ​បន្ថែម​ចំពោះ​ការយឺតយ៉ាវ​ក្នុងការ​ប្រកាស​បង់ពន្ធ​តាមច្បាប់ ជាធរ​មាននៅ​អគ្គ​នាយកដ្ឋាន​ពន្ធដារ ឬ​នៅតាម​សាខា​ពន្ធដារ​ខេត្ត ខណ្ឌ ឬ​នៅតាម​ធនាគារ​មួយចំនួន​»​។

អគ្គ​នាយកដ្ឋាន​ពន្ធដារ ស្នើឱ្យ​ម្ចាស់​យានយន្ត ទាំងអស់​យកចិត្តទុកដាក់​បំពេញ​កាតព្វកិច្ច​សារពើពន្ធ ដោយ​រួសរាន់​ទាន់ពេលវេលា ស្របតាម​ច្បាប់ និង​លិខិត​បទ​ដ្ឋា​ន​គតិយុត្ត​ជា​ធរមាន​។​


​លោក​ សំ វិច្ឆិកា អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ថ្លែងថា ក្នុងករណី​មានការ​ស្នើសុំ​ពី​អគ្គនាយកដ្ឋាន​ពន្ធ​ដារ​ស្នងការដ្ឋាន​នគរបាល​រាជ​ធានី​ភ្នំពេញ​នឹង​ចាត់​កម្លាំង​នគរ​បាល​ចរាចរណ៍ ឱ្យ​ផ្តល់​កិច្ច​សហ​ការ​។

ការចុះ​ត្រួតពិនិត្យ​ការប្រកាស​បង់ពន្ធ​នេះ ជា​កាតព្វកិច្ច​របស់​អគ្គ​នាយកដ្ឋាន​ពន្ធដារ​លើ​ការផាកពិន័យ​ឬ​តម្រូវឱ្យ​បង់ពន្ធ​ផ្សេងៗ មិនមែនជា​កាតព្វកិច្ច​របស់​កងកម្លាំង​នោះទេ តែ​កង​​កម្លាំង​គ្រាន់តែ​ផ្តល់​កិច្ចសហការ​ដើម្បី​ធ្វើយ៉ាងណា ឱ្យ​ការប្រមូល​ពន្ធ​ចូលជាតិ ស្របតាម​ផែនការ​ប៉ុណ្ណោះ​៕