ភ្នំពេញ: សារមន្ទីរ​សេដ្ឋកិច្ច និង​រូបិយវត្ថុ ព្រះ​ស្រី​ឦសាន​វរ្ម័ន ដែល​គេ​ស្គាល់​ជា សសរ​​សារមន្ទីរ​ព្រះ​ស្រី​ឦសាន​វរ្ម័ន បានចេញ​ផ្សាយ​សៀវភៅ​កាតាឡុក​ដំបូងបង្អស់​របស់ខ្លួន​ក្រោយ​ការតាំង​ ​«​ពិព័រណ៍​ព្រះរាជដំណើរ​ព្រះ​បាទ​ស៊ីសុវត្ថិ​៖ ឥទ្ធិពល​វប្បធម៌​កម្ពុជា​នៅ​ប្រទេស​បារាំង ឆ្នាំ​ ១៩០៦» ចាប់​​ពី​ខែតុលា ឆ្នាំ ​២០២២ ដល់​ខែកក្កដា ឆ្នាំ​ ២០២៣​។​

​សៀវភៅ​កាតាឡុក ១៩១​ ទំព័រ​ដែលជា​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា បោះពុម្ព​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា គឺជា​ប្រភព​នៃ​ចំណេះដឹង និង​រូបភាព​នៃ​ព្រះរាជដំណើរ​ទស្សនកិច្ច​របស់​ព្រះ​បាទ​ស៊ីសុវត្ថិ​ទៅកាន់​ប្រទេស​បារាំង​។​

​វា​ផ្តល់នូវ​ការរុករក​ស៊ីជម្រៅ​នៃ​ប្រវត្តិ​​សាស្ត្រ​នៅពេលដែល​ព្រះបាទ​ស៊ីសុវត្ថិ​បាន​ក្លាយជា​ព្រះមហាក្សត្រ​ខ្មែរ​ដំបូង​គេ​ដែល​យាង​ទៅកាន់​បស្ចិមប្រទេស​។​
​កាតាឡុក ដែលមាន​ជា​ភាសា​ខ្មែរ អង់គ្លេស និង​បារាំង មាន​រូបថត​កម្រ អត្ថបទ​ដែល​ស៊ីជម្រៅ និង​ដំណើរ​ព្រះ​រាជកិច្ច​ដ៏​គួរឱ្យ​ទាក់ទាញ ដែល​រំលេច​ឡើង​នូវ​រូប​ភាពរស់រវើក​នៃ​ព្រឹត្តិការណ៍​នា​សម័យ​នោះ​។​


​លើសពីនេះ អ្នកអាន​អាច​ស្វែងយល់​កាន់តែ​ស៊ីជម្រៅ​ទៅក្នុង​ព័ត៌មាន​លម្អិត​នៃ​ព្រះរាជដំណើរ​ដោយ​ការ​ស្កែ​ន​កូដ QR ក្នុង​កាតាឡុក​ដើម្បី​ដោះ​សោ​ទស្សនា​វីដេអូ​ព័ត៌មាន​។​

​លោក Blaise Kilian ជា​សហ​នាយក សសរ​សារមន្ទីរ​ព្រះ​ស្រី​ឦ​សាន​វរ្ម័ន បាន​ចែករំលែក​ភាព​រីករាយ​របស់លោក​ចំពោះ​ការបោះពុម្ព​សៀវភៅ​កាតាឡុក​ជា​លើកដំបូង​នេះ​។


លោក​បាន​ថ្លែងថា​៖ «​យើង​មិន​គ្រាន់តែ​ផ្តល់​ទិដ្ឋភាព​នៃ​ប្រវត្តិសាស្ដ្រ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​បទពិសោធន៍​អន្តរ​កម្ម​ថែម​ទៀត​កាតាឡុក រួមមាន​អត្ថបទ​នៃ​ខ្សែ​វីដេអូ​ឯកសារ​ចំនួន​ ៤ ដែល​បង្ហាញ​ពី​សាស្ត្រាចារ្យ Olivier de Bernon ដ៏​គួរឱ្យ​គោរព ដែល​ត្រូវបាន​ផលិតឡើង​សម្រាប់តែ​ការតាំងពិព័រណ៍​»​។​

​ភាពយន្ត​ឯកសារ​ទាំងនេះ​ផ្តល់​ការ​យល់ដឹង​យ៉ាង​ទូលំទូលាយ​អំពី​ទិដ្ឋភាព​ផ្សេងៗ​នៃ​ព្រះរាជដំណើរ​របស់​ព្រះបាទ​​ស៊ីសុវត្ថិ រួមទាំង​បញ្ហា​ប្រឈម​ដែល​ជួបប្រទះ ផលប៉ះពាល់​វប្បធម៌ និង​អន្តរ​កម្ម​របស់​ព្រះមហាក្សត្រ​ជាមួយ​សង្គម​បារាំង​។​

​ការតាំងពិព័រណ៍​នេះ ដែល​បាន​ទាក់ទាញ​ទស្សនិកជន និង​បាន​បន្ថែម​ពេល​វេលា​នៃ​ការតាំង​បង្ហាញ ដោយសារតែ​មានការ​គាំទ្រ​ខ្ពស់ បង្ហាញ​វត្ថុ​បុរាណ​ចំនួន ៦៩ រួមទាំង​កាត​ប៉ុ​ស្តា​ល់​ដើម រូបថត អត្ថបទ​ព័ត៌មាន និង​កាក់​អនុស្សាវរីយ៍​។ វត្ថុ​បុរាណ​ទាំងនេះ ជាការ​ប្រមែ​ប្រមូលរបស់​សារមន្ទីរ និង​ការបរិច្ចាគ​ផ្សេងៗ ដែលមាន​ទំនាក់​ទំនង​ជាក់ស្តែង​ទៅនឹង​សម័យកាល​ប្រវត្តិសាស្ត្រ​។

​ចំណុច​សំខាន់​មួយ​នៃ​ការតាំងពិព័រណ៍​គឺ​ការបង្ហាញ​ពី​ព្រះ​ហឫទ័យ​របស់​ព្រះបាទ​ស៊ីសុវត្ថិ និង​ឥទ្ធិពល​ដ៏​ជ្រាលជ្រៅ​របស់​ព្រះអង្គ​នៅ​ប្រទេស​បារាំង​។ ចំណុច​ពិសេស​មួយទៀត​គឺ​ការនាំយក​របាំ​ព្រះរាជ​ទ្រព្យ​ទៅ​ក្រៅប្រទេស​កម្ពុជា ដែល​បង្ហាញ​ពី​ការ​ផ្លាស់ប្តូរ​វប្បធម៌​ដ៏​សម្បូរបែប​រវាង​កម្ពុជា និង​បារាំង​។​

​ការតាំងពិព័រណ៍​នេះ​ក៏​បង្ហាញ​ពី​ភាព​ខុសគ្នា និង​ព្រះរាជកិច្ច​បន្ត​គ្នា​រវាង​ព្រះ​បាទ​ស៊ីសុវត្ថិ និង​អតីតព្រះមហាក្សត្រ​នរោត្តម ដែល​ឆ្លុះបញ្ចាំង​ពី​ការវិវឌ្ឍ​នៃ​របបរា ជានិយម​រប​ស់​កម្ពុជា​។ សសរ​​សារមន្ទីរ​ព្រះ​ស្រី​ឦសាន​វរ្ម័ន​ដែល​ល្បីល្បាញ​ជា​សាល​វិចិត្រ​តាំងពិព័រណ៍​អន្ដរ​កម្ម​រួមបញ្ចូល​គ្នា​នូវ​បច្ចេកវិទ្យា​ឌីជីថល​ជាមួយ​វត្ថុ​បុរាណ ផ្តល់នូវ​បទពិសោធន៍​អប់រំ​ពិសេស​មួយ​ដែល​ផ្សារភ្ជាប់​អតីតកាល និង​បច្ចុប្បន្នកាល​។​

​ការបោះពុម្ព​សៀវភៅ​កាតាឡុក​នេះ​តំណាងឱ្យ​កិច្ចខិតខំ​ប្រឹងប្រែង​ដ៏​សំខាន់​មួយ​ក្នុង​ការបង្ហាញ​រឿងរ៉ាវ​ប្រវត្តិសាស្ត្រ​ហួស​ពី​ជញ្ជាំង​សារមន្ទីរ​។​

​កាតាឡុក​តម្លៃ ១០​ ម៉ឺន​រៀល​អាច​រក​ទិញ​បាន​នៅ សសរ​​សារមន្ទីរ​ព្រះ​ស្រី​ឦសាន​វរ្ម័ន​។ វា​តំណាងឱ្យ​ធនធាន​ដែល​មិនអាច​កាត់ថ្លៃ​បាន​សម្រាប់​អ្នក​​ប្រវត្តិសាស្ត្រ បញ្ញវន្ត និង​អ្នក​ដែល​ចាប់អារម្មណ៍​លើ​រូបភាព​ដ៏​សម្បូរបែប​នៃ​ប្រវត្តិសាស្ត្រ​កម្ពុជា និង​ទំនាក់ទំនង​ជាមួយ​ពិភពលោក​ដ៏​ធំ​ទូលាយ​។​

​ក្រោយ​ការតាំងពិព័រណ៍​បានបញ្ចប់​កាលពី​ថ្ងៃទី​ ៣១ ខែកក្កដា សៀវភៅ​​កាតាឡុក​នេះ​ក្លាយជា​សក្ខីភាព​ដ៏​យូរអង្វែង​មួយ​ចំពោះ​កេរដំណែល​ព្រះ​រាជដំណើរ​របស់​ព្រះបាទ​ស៊ីសុវត្ថិ និង​ស្ពាន​វប្បធម៌ រវាង​ប្រទេស​កម្ពុជា និង​បារាំង​។

សៀវភៅ​កាតាឡុក​នេះ​មិនមែន​គ្រាន់តែ​ជា​បណ្តុំ​រូបភាព និង​អត្ថបទ​ប៉ុណ្ណោះ​ទេ វា​ជា​ច្រកទ្វារ​ទៅកាន់​ពេល​វេលា​ដ៏​សំខាន់​មួយ​ក្នុង​ប្រវត្តិសាស្ត្រ ដែល​ផ្តល់ឱកាស​ឱ្យ​អ្នកអាន​បាន​ជ្រួត​ជ្រាប​ពី​ព្រះរាជដំណើរ​របស់​ព្រះបាទ​ស៊ីសុវត្ថិ និង​ការផ្លាស់ប្ដូរ​នយោបាយ និង​វប្បធម៌​យ៉ាង​ជ្រាលជ្រៅ ដែល​វា​ពាក់ព័ន្ធ​រវាង​កម្ពុជា និង​បារាំង​ក្នុង​ឆ្នាំ ១៩០៦៕