កណ្តាលៈ ក្នុងពេល​ចុះ​ពិនិត្យមើល​ទិន្នផល​ត្រី​ប្រហុក​នៅ​កំពង់ដ ស្ថិតក្នុង​ភូមិ​តា​ពៅ ឃុំ​កោះ​ចិន ស្រុក​ពញាឮ ខេត្តកណ្តាល​នា​ព្រឹក​ថ្ងៃទី ​១៩ ខែធ្នូ លោក ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ប៉ាន់​​ប្រមាណ​ថា ផល​ត្រី​ឆ្នាំនេះ​អាចមាន​ការកើនឡើង​ប្រមាណ ​៥% ដោយសារ​មានការ​បង្ក្រាប​បទ​​ល្មើស​នេសាទ ដោយ​ម៉ឺងម៉ាត់ ខណៈ​បច្ចុប្បន្ន​ក្រសួង​បាន​អនុ​​ញ្ញាត​ឱ្យមាន​ការកែច្នៃ​ប្រហុក​ជា​ច្រើន​ប្រភេទ​។​


​លោក​រដ្ឋមន្ត្រី​បាន​មាន​ប្រសា​​សន៍​ថា តាម​ការពិនិត្យ​ជាក់ស្តែង​ត្រី​ដែលមាន​ជាប់​នៅក្នុង​ដាយ ភាគច្រើន​ជា​ប្រភេទ​ត្រី​ស្លឹក​ឫស្សី​ប្រមាណ ៧០ ​ភាគរយ ត្រី​ឈ្វាត​ ១០​ភាគរយ និង​ត្រី​ចម្រុះ ២០ ​ភាគរយ​។ ក្នុងនោះ​ក៏មាន​ត្រី​កម្រ​ដូចជា​ប្រភេទ​ត្រី​រាជ​ជាដើម​ត្រូវបាន​ដោះលែង​ទៅវិញ​។​

​លោក​បន្ថែមថា ចំពោះ​ស្តង់ដា នៃ​ការកែច្នៃ​ប្រហុក​បច្ចុប្បន្ន​ក្រសួង​អនុញ្ញាតឱ្យ​មានការ​កែច្នៃ​ច្រើន​ប្រភេទ ដែលមាន​ទាំង​ប្រហុក​ធម្មតា រហូតដល់​ប្រភេទ​ប្រហុក​ស្ងួត ដែល​គេ​អាច​ធ្វើតាម​បច្ចេក​ទេស​ចាស់ ប៉ុន្តែ​បន្ថែម​បច្ចេក​ទេស​ថ្មី​មួយចំនួន​ដើម្បី​ធ្វើឱ្យ​រស​ជាតិ​អាច​ទទួលយកបាន​ជាល​ក្ខ​ណៈ​អន្តរជាតិ​។ ចំពោះ​ស្តង់ដា​ប្រហុក​នេះដែរ កាលពី​ឆ្នាំមុន​ក្រសួងកសិកម្ម ក៏បាន​សាកល្បង​ឱ្យមាន​ការប្រឡងប្រជែង​កែច្នៃ​ប្រហុក​ឆ្ងាញ់ ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន Conferel​។


​លោក​ ឌិ​ត ទីណា ថ្លែងថា​៖ «​ការ​​កែច្នៃ​ប្រហុក​នេះ​មើលទៅ​ជាប់​ទៅជា​កីឡា​មួយ​សម្រាប់​ក្រុមហ៊ុន​ក្នុងការ​កែច្នៃ​ហើយ ឆ្នាំ​ថ្មី​នេះ​ក៏​នឹងមាន​ការប្រឡងប្រណាំង​ការកែ​ច្នៃ​ប្រហុក​នេះ​មួយ​សា​ទៀត​»​។

​លោក​រដ្ឋមន្ត្រី​លើកឡើងថា ប្រជាពលរដ្ឋ​មួយចំនួន​មកពី​តាម​បណ្តា​ខេត្ត​ផ្សេងៗ ដើម្បី​រក​ទិញ​ត្រី​ធ្វើ​ប្រហុក​តាម​ប្រពៃណី​រក្សាទុក​សម្រាប់​បរិ​ភោគ​ជា​លក្ខណៈ​គ្រួ​សារ ប៉ុន្តែ​ដោយឡែក​ក៏មាន​សហគ្រាស​ធុន​តូច និង​មធ្យម​មួយចំនួន ដែល​បាន​សហការ​ជាមួយ​រដ្ឋបាល​ជលផល ក្នុងការ​​រៀបចំ​កែច្នៃ ដែល​អ្នក​ទាំងនោះ​សុទ្ធតែ​ដឹង​ពី​ស្តង់ដា​អនាម័យ និង​សុវត្ថិភាព​ចំណីអាហារ បានចាប់ផ្តើម​ស្នើសុំ​ស្លាក​សញ្ញា​សម្គាល់ សុវត្ថិភាព​ម្ហូបអាហារ ដើម្បី​ធានា​គុណភាព​សម្រាប់​ការនាំចេញ​ផងដែរ​។


រដ្ឋមន្ត្រី​និងថ្នាក់ដឹកនាំក្រសួង​កសិកម្ម​កំពុង​ពិនិត្យ​ត្រី​ប្រ​​ហុក​។ហុង មិនា

​លោក​ថ្លែងថា​៖ «​យើង​មិន​លក់​ប្រហុក​ដូច​មុន​ទៀត​ទេ ភាគច្រើន​ប្រហុក​មានការ​វេច​ខ្ចប់​ល្អ ដាក់​ក្នុង​ក្រឡ​ដែលមាន​ស្លាក​សញ្ញា ​[​សុវត្ថិភាព​ចំណីអាហារ​] មានការ​ថែរក្សា​ទុក​បាន​ល្អ ដែល ១ ​ឆ្នាំ ទៅ ១​ ឆ្នាំ​កាន់តែ​មាន​ភាព​​ល្អប្រសើរ​ឡើង​»​។

​កញ្ញា​ ជា ច​ន្នី អាយុ​ ៣៥ ​ឆ្នាំ មកពី​ខេត្តស្វាយរៀង ជា​អ្នករក​ទិញ​ត្រី​សម្រាប់ធ្វើ​ប្រហុក និយាយថា ជា​រៀងរាល់ឆ្នាំ​កញ្ញា​តែង​មករក​ទិញ​ត្រី​ដើម្បី​ធ្វើ​ប្រហុក​សម្រាប់​លក់​ក្នុងស្រុក​។ ឆ្នាំមុន​កញ្ញា​ទិញ​បាន​ត្រី​ធ្វើ​ប្រហុក​ជាង​ ១០០ ​តោន ដោយឡែក​ឆ្នាំនេះ កញ្ញា នៅ​មិនទាន់​ដឹងថា អាច​ទិញ​បាន​ប៉ុន្មាន​ទេ ដោយសារ​ត្រី​ទើបតែ​ចាប់ផ្តើម​ត្រូវបាន​ ២ ​ថ្ងៃ​។ ចំពោះ​ស្តង់ដា​ផលិត​ត្រី​ប្រហុក​នេះ​កញ្ញា​ប្រាប់ថា ជា​មុខរបរ​ចេះ​ត​ពី​ដូនតា​ច្រើន​ឆ្នាំ​មកហើយ​។​

​កញ្ញា​ច​ន្នី​ឱ្យដឹងថា ប្រហុក​ដែល​ផលិត​បាន គឺ​សម្រាប់​នាំទៅ​លក់​នៅ​ខេត្តរតនគិរី ក្រចេះ សៀមរាប ដែលជា​ខេត្ត​ដែលមាន​អ្នកទិញ​ច្រើនជាងគេ ដោយឡែក​នៅ​រាជធានី​ភ្នំពេញ ក៏មាន​អ្នក​​ទិញ​ដែរ ប៉ុន្តែ​មិន​ច្រើន​ទេ​។

កញ្ញា​បន្ថែមថា ត្រី​ប្រហុក​ដែល​កំពុង​ប្រមូល​ទិញ​នៅ​ថ្ងៃទី​ ១៩ ខែធ្នូ​នេះ នៅ​ដាយ​ត្រី​លេខ​ ១៥  ​គឺ​តម្លៃ​ជាង​ ១​ពាន់​រៀល ក្នុង ​១ ​គី​ឡូ​ក្រាម​។ យ៉ាងណាក៏ដោយ អ្នក​ទិញ​ត្រី​ធ្វើ​ប្រហុក​មកពី​ខេត្តស្វាយរៀង​រូបនេះ​ក៏បាន​ឱ្យដឹង​ផងដែរ​ថា នៅក្នុង​ឆ្នាំ​ ២០២៣ ​នេះ ដំណើរ​ការលក់​ប្រហុក មានការ​ថយចុះ​។ ការលក់​មិនសូវ​ដាច់​ដូច​មុន នេះ​អាច​បណ្តាលមកពី​បញ្ហា​ហិរញ្ញវត្ថុ កើតឡើង​ដោយ​សារ​តែ​បញ្ហា​វិបត្តិ​ជំងឺ​កូ​វីដ ​១៩​។​

​កញ្ញា​បញ្ជាក់ថា​៖ «​យើង​ធ្លាប់តែ​ថា ដល់ពេល​ចុងឆ្នាំ​ដល់​ខ្នើត​អ៊ីចឹង យើង​លក់​ចេញ​អស់ហើយ ដល់ពេល​ឥឡូវ ប្រហុក​ខ្ញុំ​ជាង ១០០​ តោន នៅសល់​ជាង​ ៣០ ​តោន​ដែរ​»​។​

​លោក ស៊ឺ ម៉ៅ អាយុ ​៣៩ ​ឆ្នាំ ជា​អ្នកគ្រប់គ្រង​ដាយ​ត្រី​លេខ​ ១៥ ​ឱ្យដឹងថា តាម​ការសង្កេត​ជាក់ស្តែង​ត្រី​ចាប់ផ្តើម​មាន​បណ្តើរៗ​ពីថ្ងៃ​ទី​ ១៦ ដល់​ថ្ងៃទី​ ១៨ ខែធ្នូ រហូតមកដល់​ថ្ងៃទី​ ១៩ ខែធ្នូ​នេះ ត្រី​ចាប់ផ្តើម​កើនឡើង ពោលគឺ​ត្រឹម​ថ្ងៃទី​ ១៨ ត្រី​លើក​ម្តង​បាន​ជាង ២០០ ​គីឡូក្រាម ប៉ុន្តែ​ថ្ងៃទី​ ១៩ លើក​ម្តង​បាន​ដល់​ទៅ​ជាង ៥០០​គីឡូក្រាម​។

លោក​បញ្ជាក់ថា នៅ​មិនទាន់មាន​អ្នកទិញ​ត្រី​ប្រហុក​មក​ច្រើន​នៅឡើយ​ទេ ដោយសារ​ត្រី​ត្រូវ​ដំបូង​ភាគច្រើន​ជា​ត្រី​ស្លឹក​ឫស្សី គេ​មិនសូវ​យកទៅ​ធ្វើជា​ត្រី​ប្រហុក រីឯ​ត្រី​ប្រហុក​ចំ​តួ គឺ​អ្នកទិញ​ត្រូវការ​ត្រី​រៀល ដែល​អាច​ត្រូវ​ច្រើន​នៅ​ថ្ងៃទី​ ២២ និង​ ២៣ ខែធ្នូ​៕ ​