ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បាន​លើកឡើងថា រាជរដ្ឋាភិបាល​កំពុង​ពិនិត្យ​លទ្ធភាព​ក្នុងការ​បង្កើត​សួន​​ឧស្សាហកម្ម​កម្ពុជា​-​ជប៉ុន ដើម្បី​ធានា​និរន្តរភាព​នៃ​បរិយាកាស​អំណោយផល​ស​ម្រា​ប់​ការធ្វើ​ធុរកិច្ច និង​វិនិយោគ​របស់​វិ​និ​យោ​​គិ​ន​ជប៉ុន​នៅ​កម្ពុជា​។​

​លោកនាយក​រដ្ឋមន្ត្រីបាន​ថ្លែង​បែបនេះ ក្នុងពេល​លោក​ជួបពិភាក្សា​ការងារ​ជាមួយ​លោក កៃ​នុ​ម៉ា យ៉ូ​ស៊ី​ហ៊ី​សា អគ្គនាយក​ក្រុមហ៊ុន​មី​នេ​បៀ មី​ត្សូ​មី (Minebea) កាលពី​ថ្ងៃទី​ ​១៨ ខែធ្នូ ឆ្នាំ​ ២០២៣ ក្នុងឱកាស​លោក​ចូល​រួម​កិច្ចប្រជុំ​កំពូល​រំឭក​ខួប​អនុ​​ស្សាវ​រី​យ៍​អាស៊ាន​-​ជប៉ុន លើក​ទី​៥០ ចាប់ពី​ថ្ងៃទី ​១៥-១៩ ខែធ្នូ ឆ្នាំ​ ២០២៣ នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន​។​


​តាមរយៈ​លទ្ធផល​នៃ​ជំនួប​នេះ លោក កៃ​នុ​ម៉ា យ៉ូ​ស៊ី​ហ៊ី​សា បានលើកឡើង​ពី​ភាព​រីកចម្រើន​នៃ​សកម្មភាព​អាជីវកម្ម​របស់​ក្រុមហ៊ុន ​Minebea និង​ពី​គម្រោង​នៃ​ការពង្រីក​វិនិយោគ​របស់ខ្លួន​បន្ថែមទៀត​នៅ​កម្ពុជា ដែល​ក្នុងនោះ​លោក ហ៊ុន ម៉ា​ណែ​ត បាន​ឆ្លើយតប​វិញ​ថា រាជរដ្ឋាភិបាល​​កម្ពុជា​បាន និង​កំពុង​យកចិត្ត​ទុកដាក់​នៅក្នុង​ការធានា​និរន្តរ​ភាព​នៃ​បរិយាកាស​អំណោយផល​ស​ម្រា​ប់​ធុរកិច្ច និង​វិនិយោគ តាមរយៈ​ការដាក់ចេញ​គោលនយោបាយ យន្តការ​អនុវត្តន៍ និង​ក្របខ័ណ្ឌ​គតិយុត្ត​ថ្មីៗ​ព្រម​ជាមួយនឹង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់ និង​ឡូ​ជី​ស្ទិ​ក​សំខាន់ៗ​។​

​ក្នុងនោះ​មានដូចជា ផ្លូវ​លឿន ផ្លូវដែក និង​កំពង់ផែ ជាដើម​ដើម្បី​ជួយ​សម្រួល និង​លើក​ទឹក​ចិត្ត​ប្រកបដោយ​ភាពអនុគ្រោះ​និង​ភាព​ទាក់ទាញ​ដល់​វិ​និ​យោ​​គិ​ន​ទាំង​ក្នុង និង​ក្រៅ​ស្រុក​។


លោក​បាន​បញ្ជាក់ថា​៖ «​រាជ​រដ្ឋា​ភិ​បាល ក៏​កំពុង​ពិនិត្យ​លទ្ធភាព​ក្នុងការ​បង្កើត​សួន​ឧស្សាហកម្ម​កម្ពុជា​-​ជប៉ុន និង​ការកសាង​ផែនការមេ​ក្នុង​វិស័យ​ឡូ​ជី​ស្ទិ​ក ដើម្បី​ប្រែក្លាយ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ទៅជា​កំពង់ផែ​ស្នូល​ដ៏​សំខាន់​មួយ​នៅក្នុង​តំបន់​។ លើសពីនេះ រាជ​រដ្ឋា​ភិ​បាល នីតិកាល​ទី៧​ នៃ​រដ្ឋសភា បាន​ប្តេជ្ញា​បន្ត​ពង្រឹង​បរិស្ថាន​វិ​និ​​យោគ​នៅ​កម្ពុជា​ឱ្យ​កាន់​តែមាន​ភាពបត់បែន ងាយស្រួល និង​អំណោយផល​បន្ថែមទៀត​»​។​

​នៅ​ថ្ងៃទី​ ១៩ ខែធ្នូ  ​ឆ្នាំ ២០២៣ មុន​នឹងធ្វើ​មាតុភូមិនិវត្តន៍​មកកាន់​ប្រទេស​កម្ពុជា​វិញ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ក៏បាន​ចូលរួម​ជា​អធិបតី​នៅក្នុង​សិក្ខាសាលា​វិនិយោគ​កម្ពុជាឆ្នាំ​ ២០២៣ ​ស្តីពី​បរិយាកាស​វិនិយោគ និង​សក្តានុពល​នៃ​ការ​ធើ្វ​ធុរកិច្ច​នៅ​កម្ពុជា​ផងដែរ​។​

លោកហ៊ុន ម៉ាណែត ពេលជួប​​ភាគីក្រុមហ៊ុនជប៉ុនពីថ្ងៃទី ១៩​ ធ្នូ។ រូប STPM

​តាមរយៈ​ហ្វេ​ស​ប៊ុ​កលោក ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់ថា​៖ «​សិក្ខាសាលា​នេះ នឹង​ដើរតួ​សំខាន់​ក្នុង​ការជំរុញ​លំហូរ​ពា​​ណិ​ជ្ជ​កម្ម និង​វិនិយោគ​,​កិច្ច​​សហប្រតិបត្តិការ​ធុរកិច្ច និង​ន​វា​​នុ​វត្ត​ន៍​,​ការយោគយល់​គ្នា​ទៅ​វិញ​ទៅមក និង​មិត្តភាព​រវាង​ប្រទេស​ទាំង​ ២ កម្ពុជា​-​ជប៉ុន​»​។​

​សិក្ខាសាលា​នេះ​ក៏មាន​វិ​និ​យោគិន​ចូលរួម​សរុប​ប្រមាណ​ជិត​ ៧០០ ​នាក់ ក្នុងនោះ​វិ​និ​យោ​គិ​ន​ជប៉ុន​ចូលរួម​ដោយផ្ទាល់ និង​តាម​អន​ទ្បា​ញ​មាន​ប្រ​​មាណ​ជាង​ ៦០០​នាក់ និង​វិ​និ​យោគិន​កម្ពុជា​ចំនួន​ប្រមាណ​ជាង ៨០​ នាក់​។​

​លោក ​លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា បានឱ្យដឹង​បន្ថែម​នៅ​ថ្ងៃទី​ ១៩ ខែធ្នូ​ថា ការរៀបចំ​សិក្ខាសាលា​វិនិយោគ​កម្ពុជា ឆ្នាំ​ ២០២៣ នេះ មាន​ក្រុមហ៊ុន​ជាច្រើន​បាន​ចាប់​អា​ម្មណ៍​ខ្លាំង​ក្នុងការ​វិនិយោគ​នៅ​កម្ពុជា​។​

​លោក​បាន​បញ្ជាក់ថា​៖ «​យើង​ឃើញថា សម្តេច​ធិបតីបាន​ខិតខំ​ទាក់ទាញ​អ្នកវិនិយោគ​ជប៉ុន​ឱ្យមក​វិនិយោគ​នៅ​កម្ពុជា ជាពិសេស​ទាក់ទាញ​អ្នក​វិ​និ​​យោគ​ឱ្យមក​បង្កើត​តំបន់​សេដ្ឋ​​កិច្ច​ពិសេស ឬ​ការបង្កើត​សួន​​ឧស្សាហកម្ម​កម្ពុជា​-​ជប៉ុន ដែលជា​ការវិនិយោគរ​វាង​ដៃគូ រដ្ឋ និង​ឯកជន​»​។​

​លោក ​លឹម ហេង បាន​បន្ថែមថា ប្រមុខ​រាជរដ្ឋាភិបាល​បាន​លើក​ពី​ការតភ្ជាប់​ហេ​ដ្ឋា​រចនា​​សម្ព័ន្ធ​យ៉ាងច្រើន​នៅ​កម្ពុជា ដែល​បាន​ជំនួយ​ពី​ប្រទេស​ជប៉ុន ជាពិសេស​ការតភ្ជាប់​ផ្លូវ​ក្នុង​មហា​អនុតំបន់​ទន្លេមេគង្គ វៀត​​ណា​ម ថៃ កម្ពុជា ដូចជា ផ្លូវជាតិ​លេខ ​៥ ដើម្បី​ត​ភ្ជាប់​ទៅខាង​ថៃ ស្ពាន​អ្នក​លឿង​ (​ស្ពាន​ត្សឹ​​បា​ស្សា​)​ ទៅខាង​វៀតណាម គឺ​ដើម្បី​ជំ​រុញឱ្យ​ក្រុមហ៊ុន​ជប៉ុន​គិតគូរ​ពិចារណា​លើ​កា​រវិ​និ​យោគ​បូក ​១​។​

​ដោយឡែក ក្នុងពេល​អម​ដំណើរ លោក ហ៊ុន ម៉ា​ណែ​ត ចូលរួម​កិច្ចប្រជុំ​កំពូល​រំឭក​ខួប​អនុស្សាវរីយ៍​លើក​ទី​៥០ ​នៃ​ទំនាក់ទំនង​អាស៊ាន​-​ជប៉ុន នៅ​ទីក្រុង​តូ​ក្យូ​ដែរនោះ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ជួបប្រជុំ​ទ្វេភាគី​ជាមួយ លោក SAITO Ken រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច ពាណិជ្ជ​កម្ម និង​ឧស្សាហកម្ម​ជប៉ុន ដើម្បី​ពិភាក្សា​ការងារ រឹតចំណង​មិត្តភាព និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ពាណិជ្ជ​​កម្ម​រវាង​ប្រទេស​ទាំង ​២​។​

​យោងតាម​ក្រសួងពាណិជ្ជកម្ម​បានឱ្យដឹងថា ជំនួប​ទ្វេភាគី​នេះ ភាគី​ទាំង ​២ ​បានកត់សម្គាល់​លើ​ការសម្រេចបាន​នូវ​លំហូរ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​-​ជប៉ុន នាពេល​កន្លងមក​។​

​នៅ​ក្នុងន័យនេះ ភាគី​ទាំង​ ២​ បាន​ពិភាក្សា​ផ្លាស់ប្ដូរ​យោបល់​ល្អៗ​ដើម្បី​ពង្រឹង និង​ជំរុញ​សកម្មភាព​ធុរកិច្ច និង​លំហូរ​ពាណិជ្ជកម្ម​បន្ថែមទៀត ជា​ពិ​សេស​បានបញ្ជាក់​ពី​ភាពចាំបាច់​ក្នុង​ការខិតខំ​ប្រឹងប្រែង​បន្ថែម​លើ​ការអនុវត្ត​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​​ជ្រោយ​អាស៊ាន​-​ជប៉ុន និង​កិច្ច​​ព្រមព្រៀង​អា​សិប​ដើម្បី​ពង្រឹង​បន្ថែម​នូវ​កិច្ចសហប្រតិបត្តិការ​និង​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង​ ២​។​

​លោកស្រី ចម និម្មល បាន​លើកឡើងថា ការចូលរួម​ពី​វិស័យ​ឯកជន​របស់​ជប៉ុន ពិត​ជាមាន​សារៈសំខាន់​ណាស់​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​កម្ពុជា ជាពិសេស​ក្នុងការ​បង្កើត​ឱកាស​ការងារ និង​ការធ្វើ​ពិពិធ​កម្ម​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​របស់​កម្ពុជា​។​

​លោកស្រីបាន​បញ្ជាក់ថា​៖ «​សូម​លើកទឹកចិត្ត​សហគមន៍​ធុរកិច្ច និង​វិនិយោគិន​ជប៉ុន​ឱ្យធ្វើ​ធុរកិច្ច និង​បណ្ដាក់ទុន​បន្ថែមទៀត​នៅ​កម្ពុជា ជាពិសេស​លើ​វិស័យ​ដែល​រដ្ឋាភិបាល​ចាត់ទុកថា ជា​វិស័យ​ដែលមាន​តម្លៃបន្ថែម​ខ្ពស់​ដល់​សេដ្ឋកិច្ចជាតិ​ដូចជា វិស័យ​កសិកម្ម និង​ឧស្សាហកម្ម​កែច្នៃ វាយ​ន​ភណ្ឌ​និង​កម្មន្ដសាល ទេសចរណ៍ ឧស្សាហកម្ម​ច្នៃប្រឌិត ស្រាវ​​ជ្រាវ និង​អភិវឌ្ឍន៍ ដឹកជញ្ជូន និង​ឡូ​ជី​ស្ទិ​ក បច្ចេកវិទ្យា​ឌីជីថល សេវា​ហិរញ្ញវត្ថុ និង​សេវា​អប់រំ ជាពិសេស​ការបង្កើត​តំបន់​​សេដ្ឋកិច្ច​ពិសេស និង​ឧទ្យាន​​ឧស្សាហកម្ម​ជាដើម​»៕