ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ និង​មជ្ឈមណ្ឌល​ជាតិ​បានរៀបចំ​ពិធី​ទទួល និង​បំពាក់​មេដាយ​ជូន​កងកម្លាំង​មួក​ខៀវ​កម្ពុជា​ដែល​បានបញ្ចប់​បេសកកម្ម​ដោយ​​ជោគជ័យ​មកពី​សាធារណ​រដ្ឋ​ម៉ាលី និង​ស៊ូដង់​ខាងត្បូង ក្នុង​បេសកកម្ម​មនុស្សធម៌​ក្រោម​ឆត្រ​អង្គការសហប្រជាជាតិ ខណៈ​កម្ពុជា​ប្តេជ្ញា​បន្ត​ផ្តល់​ការហ្វឹកហ្វឺន​ដល់​កងកម្លាំង​ជំនាន់​ក្រោយ​ឱ្យ​បន្ត​ទទួលបាន​ជោគជ័យ​នៅលើ​ឆាក​អន្តរជាតិ​។​


​ពិធី​ទទួល និង​បំពាក់​មេដាយ​នេះ​បាន​រៀបចំឡើង​កាលពី​ល្ងាច​ថ្ងៃទី​ ​១៨ ខែធ្នូ ឆ្នាំ​ ២០២៣ ដោយមាន​ការចូលរួម​ជា​អធិបតី​ពី​ឧ​ប​នាយករដ្ឋមន្ត្រី លោក ទៀ សីហា រដ្ឋមន្ត្រី​ក្រសួងការពារជាតិ លោក ចូ​សិប ស៊ូ​អើ (Joseph Scheuer)​ អ្នកសម្របសម្រួល​អង្គ​ការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា លោក សែម សុវណ្ណនី អនុប្រធាន​ទី​ ១ នៃ​គណៈកម្មាធិការ​ជាតិ និង​ជា​អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព រួមទាំង​មន្ត្រី​កម្ពុជា​ជាច្រើនរូប​ផងដែរ​។​

​យោងតាម​របាយការណ៍​របស់ លោក​ សែម សុវណ្ណនី បានឱ្យដឹងថា ការធ្វើ​មាតុភូមិនិវត្តន៍​របស់​កងកម្លាំង​មួក​ខៀវ​កម្ពុជា​នាពេលនេះ​មាន​ចំនួន ៣ កង រួមមាន កង​កម្ទេច​គ្រឿងផ្ទុះ​ចំនួន​ ១៤៤ ​នាក់​, កងវិស្វកម្ម​ព្រលានយន្តហោះ​ចំនួន​ ១២៩ ​នាក់ និង​កង​រាជ​​អាវុធហត្ថ​ចំនួន​ ៧៣​ នាក់ ដោយបាន​អនុវត្ត​ភារកិច្ច​ប្រកបដោយ​ផ្លែផ្កា ទទួលបាន​ជោគជ័យ​ដ៏​ត្រចះ​ត្រចង់ ជាមួយនឹង​លទ្ធផល​គួរ​ជាទី​មោទនៈ​។​


​បេសកកម្ម​នៅ​សាធារណរដ្ឋ​ម៉ាលី កម្លាំង​កម្ពុជាបាន​ប្រឈម​នឹង​បញ្ហា​ស្មុគស្មាញ ជា​លក្ខណៈ​ប្រពៃណី​ផង និង​មិន​ប្រពៃណី​ផង បង្កឡើង​ដោយ​តួអង្គ​រដ្ឋ និង​មិនមែន​រដ្ឋ ក៏ប៉ុន្តែ​កង​កម្លាំង​មួក​ខៀវ​កម្ពុជា តែងតែ​ស្វា​ហាប់ មិន​រាថយ ក្នុងការ​បំពេញ​តួនាទី​ភារកិច្ច​ឡើយ និង​សម្រេចបាន​លទ្ធផល​យ៉ាង​ល្អប្រសើរ​ជូន​ជាតិ​។

ចំណែក​នៅ​សាធារណរដ្ឋ​ស៊ូដង់​ខាងត្បូង ក៏មាន​ភាព​ស្មុគស្មាញ​ដូចគ្នា ដោយសារតែ​ជម្លោះ​កុលសម្ព័ន្ធ រួម​នឹង​ការ​ដណ្តើម​កាន់កាប់​តំបន់​យុទ្ធ​សា​ស្ត្រ​ធំៗ​មួយចំនួន​បង្ក​រាំងស្ទះ​ដល់​ការអនុវត្ត​កិច្ចព្រមព្រៀង​សន្តិភាព បង្អាក់ដំណើរ​ការរក្សា​សន្តិភាព និង​ការផ្តល់​ជំនួយ​មនុស្សធម៌​ជា​ដើម​។ រីឯ​បុគ្គលិក​របស់​អង្គការ​សហប្រជាជាតិ ទាំង​យោធា និង​ស៊ីវិល​ចំនួន ១១១​ នាក់ ក៏បាន​ពលី​ជីវិត ដើម្បី​បុព្វហេតុ​សន្តិភាព​ក្នុងប្រទេស​នេះ​ផងដែរ​។​


​យ៉ាងណាមិញ លោក សែម​ សុវណ្ណនី បញ្ជាក់ថា​៖ «​កម្ពុជា​ប្តេជ្ញា​បន្ត​ផ្តល់​ការហ្វឹកហ្វឺន ដល់​កង​កម្លាំង​ជំនាន់​ក្រោយ ឱ្យ​បន្ត​ទទួលបាន​ជោគជ័យ​ដោយ​ផ្អែកលើ​បទពិសោធន៍ និង​មេរៀន​ល្អៗ​ដែល​បាន​ដកស្រង់​ផ្ទា​ល់ពី​តំបន់ បេសកកម្ម ព្រម​ជាមួយនឹង​ទ្រឹស្ដី​មេរៀន ដែល​ត្រូវបាន​កែលម្អ ពី​អង្គការសហប្រជាជាតិ ដើម្បី​ស្របទៅនឹង​លក្ខណៈ​ទីតាំង​ភូមិសាស្ត្រ ជាក់ស្តែង​ក្នុង​តំបន់​ប្រតិបត្តិការ​»​។​

​លោក​រំលេច​ដែរ​ថា កងកម្លាំង​របស់​កម្ពុ​ជា​តែងតែបាន​ចែករំលែក​ជំនាញ និង​បទពិសោធន៍​ល្អៗ​ជាមួយ​បណ្តា​ប្រទេស ដែល​រង​​គ្រោះ​ដោយ​ជម្លោះ និង​អស្ថិរភាព ដើម្បី​រួមគ្នា​រក​ដំណោះស្រាយ​ក្នុងការ​ស្ដារឡើងវិញ​នូវ​សន្តិសុខ និង​សន្តិភាព​ក្នុង​តំបន់​បេសកកម្ម​។​

​យោងតាម​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព​លោក Joseph Scheuer បាន​ថ្លែង​នាឱកាស​នោះ​ដោយបាន​ស្ញប់ស្ញែង​ចំពោះ​ការលះបង់​របស់​កងក​ម្លាំ​ង​មួក​ខៀវ​កម្ពុជា​ក្នុង​ការកសាង​សន្តិ​ភាព សន្តិសុខ និង​មិត្តភាព​។​

​វត្តមាន​របស់លោក Joseph នាពេលនេះ មិន​ត្រឹមតែ​ស្វាគមន៍​ដំណើរ​មាតុភូមិនិវត្តន៍​របស់​កង​កម្លាំង​នោះទេ ប៉ុន្តែ​ក៏បាន​បញ្ជាក់​ពី​ការស្វាគមន៍​កងកម្លាំង​ទាំង​អស់​ជា​គ្រួសារ​របស់​អង្គការសហប្រជាជាតិ​។ កងកម្លាំង​ទាំង​​អស់ បាន​ពាក់មួក​ខៀវ​ដ៏​ល្បីល្បាញ បំពាក់​និមិត្តសញ្ញា​អង្គការ​សហ​​ប្រជាជាតិ​នៅលើ​ឯកសណ្ឋាន ​និង​ចូលរួម​អនុវត្ត​ភារកិច្ច​ក្រោម​ទង់​អង្គការសហប្រជាជាតិ​។

​ជាមួយគ្នា​នោះដែរ​លោក ទៀ​ សីហា​ បាន​ថ្លែងថា ការ​និវត្តន៍​របស់​កម្លាំង​រក្សា​សន្តិភាព​នេះ គឺជា​សមិទ្ធផល​ថ្មី​មួយ​ថែមទៀត​ក្នុងចំណោម​សមិទ្ធផល​ជាច្រើន ដែល​កងយោធពល​ខេមរភូមិន្ទ​សម្រេចបាន​លើ​វិស័យ​រក្សា​សន្តិ​ភាព​។​

​លោក​បញ្ជាក់ថា​៖ «​សមិទ្ធ​ផល​នេះ​បានបង្ហាញ​ពី​ឆន្ទៈ ការ​​គោរព​វិន័យ​ម៉ឺងម៉ាត់ សមត្ថភាព​ប្រកបដោយ​វិជ្ជាជីវៈ​របស់​កងទ័ពមួក​ខៀវ​កម្ពុជា ក្នុង​សកម្មភាព​មនុស្សធម៌​ក្រោម​ឆត្រ​អង្គការសហប្រជាជាតិ ជា​សក្តានុពល​ដ៏​ខ្លាំងក្លា​របស់​កងយោធពល​ខេមរភូមិន្ទ​»​។​

​បន្ថែម​ពីនេះ លោក ទៀ សីហា បាន​ថ្លែងអំណរគុណ​ដល់​ជនរួមជាតិ​ទាំងអស់​ដែល​បាន​លះបង់​កូនចៅ និង​សាច់​ញាតិ​ជាទី​ស្រឡាញ់​របស់ខ្លួន​ឱ្យចូល​រួមចំណែក​ដោយ​ស្ម័គ្រចិត្ត​ក្នុង​បេសកកម្ម​រក្សា​សន្តិភាព​អង្គ​​ការ​សហប្រជាជាតិ ដើម្បី​បុព្វ​​ហេតុ​សន្តិភាព និង​មនុស្សធម៌​ដ៏​ថ្លៃថ្លា​នេះ​៕