​ភ្នំពេញៈ​ លោក​ឧបនាយក​រដ្ឋ​មន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​បាន​ព្រមាន​ជាថ្មី​ចំពោះ​មន្ត្រីក្រោមឱវាទ ជាពិសេស​មន្ត្រី​កងកម្លាំងប្រដាប់អាវុធ​ដែល​តេស្ត​រកឃើញ​សារធាតុ​ញៀន​ក្នុង​ខ្លួន​ ឬ​ជាប់​ពាក់ព័ន្ធ​គ្រឿងញៀន នឹងត្រូវ​ប្រឈម​ការបណ្តេញ​ចេញពី​ក្របខ័ណ្ឌ​នគរបាលជាតិ​។​


​នៅឯ​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើ​ជា​ផ្លូវការ​មជ្ឈមណ្ឌល​សំចត និង​ស្តារនីតិសម្បទា​ជនរងគ្រោះ​ប៉ោយប៉ែត ខេត្ត​បន្ទាយ​មាន​ជ័យ​កាលពី​ថ្ងៃទី ១៨ ខែធ្នូ លោក ស សុខា បាន​ថ្លែងថា​៖ «​ខ្ញុំ​សូម​ប្រកាស​តែម្តង គ្រប់​មន្ត្រីក្រោមឱវាទ ជាពិសេស​មន្ត្រី​កងកម្លាំង​ប្រដាប់អាវុធ​ក្នុង​ក្របខ័ណ្ឌ​ក្រសួងមហាផ្ទៃ ចំពោះ​មន្ត្រី​កងកម្លាំង​​ប្រដាប់អាវុធ​ទាំងអស់​ឱ្យតែ​ធ្វើតេស្ត​រកឃើញ​សារធាតុ​ញៀន មិន​អនុញ្ញាតឱ្យ​នៅក្នុង​ក្របខ័ណ្ឌ​នគរបាល​ទៀត​ទេ​»​។​

​លោក​បាន​លើកឡើងថា វិធានការ​បោសសម្អាត​គ្រឿងញៀន​នេះ​ដើម្បី​បង្ហាញ​ដល់​យុវជន​ជំនាន់​ក្រោយ​ឱ្យ​ចៀស​ឆ្ងាយ​ពី​គ្រឿង​ញៀន ដែល​ស្របទៅនឹង​អាទិភាព​ការងារ​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី៧ ដែល​ដាក់ចេញ​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត លើ​កិច្ចការ​បោស​សម្អាត​គ្រឿងញៀន​ឱ្យខាងតែបាន​ពោលគឺ​ធ្វើយ៉ាងណា​ឱ្យ​ឈានដល់​ការកាត់បន្ថយ និង​លុបបំបាត់​ទៅ​ថ្ងៃក្រោយ​។​


​លោ​ក ស សុខា បាន​បញ្ជាក់ថា​៖ «​យើង​ចង់បង្ហាញ​ដល់​យុវជន​ជំនាន់​ក្រោយ ហើយ​បើ​យើង​អត់​យក​ពេលវេលា​នេះ​ដើម្បី​សម្អាតផ្ទះ ​(​គ្រឿងញៀន​)​ យើង​ទេ ដូច​សម្តេច​មហា​បវរ​ (​ហ៊ុន ម៉ា​ណែ​ត​)​ បានលើកឡើង យើង​អត់​មាន​ពេល​សម្អាត​ទៀត​ទេ​»​។​

​លោក​បាន​បន្តថា​៖ «​ចំពោះ​មន្ត្រី​ស៊ីវិល​យើង​មិនទាន់មាន​ការណែនាំ​ណា​រួម​ទេ ប៉ុន្តែ​គ្រាន់​​តែ​សូម​ផ្តាំផ្ញើ បើ​អ្នកពាក់ព័ន្ធ​សូម​ដើរចេញ​ឱ្យ​ឆ្ងាយ ហើយ​មន្ត្រី​កំពុង ឬក៏​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​សូមមេត្តា​សិក្សា​តាម​ស្វ័យ​សិក្សា​ខ្លួនឯង​ក្នុងការ​ផ្តាច់​ឱ្យបាន​លឿន​បំផុត ព្រោះ​ប្រវត្តិ​សាស្ត្រ​យើង​ឃើញ​ហើយ អ្នករកស៊ី​គ្រឿងញៀន​នេះ​មិនទាន់មាន​នរណា​មាន​កប់​ពពក ហើយ​រស់នៅ​សុខ​ ១ ​ជីវិត​ទេ​»​។​


​ពាក់ព័ន្ធ​គ្រឿងញៀន​នេះដែរ ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត​បាន​បង្ហោះ​សា​រលើ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា អនុវត្ត​វិន័យ ០០៦ របស់​កងកម្លាំង​នគរបាលជាតិ និង​អនុសាសន៍​ណែនាំ កង​កម្លាំង​ដាច់ខាត​មិនត្រូវ​ប្រើប្រាស់​និង​ចែកចាយ​គ្រឿងញៀន និង​ធ្វើជា​គំរូ​ល្អ​សម្រាប់​ពលរដ្ឋ​។​

​ប្រភព​ដដែល​បាន​បញ្ជាក់ថា​៖ «​ជាក់ស្តែង​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​នឹង​គោរព​ស្នើ​សុំ​គោលការណ៍​ពី​ថ្នាក់ដឹកនាំ​អគ្គស្នងការ​នគរបាល​ជាតិ និង​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ បណ្តេញ​ចេញពី​ក្របខ័ណ្ឌ​នគរបាលជាតិ​ចំពោះ​លោក​អនុ​សេនីយ៍​ឯក មាស ពិសិដ្ឋ អធិការរង​ក្រុង​កំពត​ដែល​បាន​ពាក់​​ព័ន្ធ​ប្រើប្រាស់​គ្រឿងញៀន និង​បានធ្វើឱ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​កិត្តិយស​កងកម្លាំង​នគរ​បាល​ជាតិ​»​។​

​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត បាន​បន្ថែមទៀតថា ការ​បណ្តេញចេញ​នេះ​ជា​សារ​ព្រ​មាន​ដល់​កងកម្លាំង​ទាំង​អស់នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត​ដាច់ខាត​មិនត្រូវ​ពាក់ព័ន្ធ​គ្រឿងញៀន​។

ជុំវិញ​គ្រឿងញៀន​នេះ លោក អំ សំអាត នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លីកាដូ បាន​ថ្លែង​ដែរ​ថា បញ្ហា​គ្រឿង​ញៀន​ត្រូវ​ផ្តើមចេញពី​បុគ្គល​នីមួយៗ ពោលគឺ​នៅ​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ទាំង​មន្ត្រី​អនុវត្តន៍​ច្បាប់​ក៏ដូចជា​ពលរដ្ឋ​ខ្លួនឯង​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ប្រសិនបើ​កងកម្លាំង​ទាំងអស់​ស្ថិតនៅ​ឆ្ងាយ​ពី​គ្រឿងញៀន គឺជា​ការចាប់ផ្តើម​មួយ​ក្នុងការ​ទប់​​ស្កាត់ ហើយ​វា​ជា​គុណ​តម្លៃ​នៃ​កងកម្លាំង​គ្រប់​ប្រភេទ​ប្រសិន​បើ​នៅ​ឆ្ងាយ​ពី​គ្រឿងញៀន​។​ដូច្នេះ​រាល់​ការដាក់​វិធានការ​ទាំង​អស់​គឺជា​រឿង​មួយ​ដើម្បី​ចូលរួម​ទប់ស្កាត់​គ្រឿងញៀន ព្រោះ​គ្រឿងញៀន​បំផ្លាញ​សង្គមជាតិ និង​ធនធានមនុស្ស​»​។​

​សូម​រំឭក​ដែរ​ថា ឧបនាយក​​រដ្ឋមន្ដ្រី នេ​ត សាវឿន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ធ្លាប់បាន​ក្រើនរំឭក​ជាថ្មី​ដល់​មន្ដ្រី​ទាំងអស់​របស់​អគ្គលេខា​ធិ​ការដ្ឋាន​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ត្រូវ​បង្កើន​ការសិក្សា ស្រាវជ្រាវ ណែនាំ​ដល់​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ និង​ដឹកនាំ​អនុវត្ត​ការងារ​ផ្សព្វផ្សាយ និង​អនុវត្តន៍​ច្បាប់ ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​គ្រឿង​ញៀន​។​

​លោក​បាន​ប្រៀបប្រដូច​ការ​​ប្រយុទ្ធប្រឆាំង​បទល្មើស​គ្រឿងញៀន​នៅ​កម្ពុជា​ទៅនឹង​ការ​ប្រយុទ្ធ​ក្នុង​សមរភូមិ​សង្គ្រាម​យ៉ាងដូច្នេះ​ដែរ ហើយ​លោក​បានផ្ដល់​អាទិភាព​ខ្ពស់​លើ​ការងារ​ផ្សព្វផ្សាយ​អប់រំ​ទៅគ្រប់​ម​ជ្ឈ​​ដ្ឋា​ន ដែលជា​ចំណែក​មួយ​ដ៏​សំខាន់​ក្នុងការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ឱ្យមាន​ប្រសិទ្ធ​​ភាព​ខ្ពស់​។​

​លោក នេ​ត សាវឿន បាន​អះអាងថា​៖ «​ការផ្សព្វផ្សាយ អប់រំ​ឱ្យ​ប្រជាពលរដ្ឋ​បាន​យល់​ដឹង​ពី​ផលប៉ះពាល់ និង​គ្រោះ​ថ្នាក់​នៃ​គ្រឿងញៀន និង​ល្បិច​កល​របស់​ក្រុម​ឧក្រិដ្ឋជន គឺជា​ការងារ​ដ៏​សំខាន់​ចាំបាច់​បំផុត​ក្នុងនោះ គឺត្រូវធ្វើ​ការកែទម្រង់​យន្ដការ​ផ្សព្វផ្សាយ អប់រំ​មួយចំនួន ដែល​មិនទាន់មាន​ប្រសិទ្ធ​ភាព​ខ្ពស់ ដោយ​ត្រូវ​ប្រើប្រាស់​នូវ​យន្ដការ​ថ្មីៗ​ធ្វើ​បែបណា​ឱ្យ​មហាជន​ទូទៅ​ឆាប់​ចាប់អារម្មណ៍​ទទួលយក​បាន ជាពិសេស​ក្នុង​ចង្កោម​យុវជន​ដែលជា​មុខ​សញ្ញា​ងាយ​រងគ្រោះថ្នាក់​»​។​

​សូមជម្រាបថា អគ្គនាយក​ដ្ឋា​ន​ពន្ធនាគារ​នៃ​ក្រសួង​មហា​ផ្ទៃ​កាលពី​ខែកញ្ញា ឆ្នាំ​ ២០២៣ បានចេញ​សេចក្តីណែនាំ​មួយ​ដោយ​ដាក់ចេញ​វិធានការ​ធ្វើតេស្ត​រកសារ​ធាតុ​ញៀន​លើ​មន្ត្រី​ពន្ធនាគារ​ជាទូទៅ និង​ជន​ជាប់​ឃុំ​ដែលមាន​ការសង្ស័យ​ប្រើ​ប្រាស់​គ្រឿងញៀន​ដើម្បី​រឹតបន្តឹង​ការធ្វើ​ចរាចរណ៍​គ្រឿងញៀន​នៅក្នុង​ពន្ធនាគារ​៕