ភ្នំពេញៈ លោក ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​លើកឡើងថា ក្រសួង​ត្រូវការ​ដៃគូ​ណា ដែល​អាច​ផ្តល់​កម្ចី ដែលមាន​អត្រា​ការប្រាក់​ទាប ជួយ​ដល់​សហគម​ន៍ក​សិ​​កម្ម​អាច​វិនិយោគ​ឈានទៅរក​ភាពរឹងមាំ និង​និរន្តរភាព​សេដ្ឋកិច្ច​ពិតប្រាកដ​។​


លោក​រដ្ឋមន្ត្រី​ថ្លែង​ក្នុងជំនួប​ពិភាក្សា​ការងារ ជាមួយ​លោក Jingyuan Xia ទីប្រឹក្សា​ពិសេស​របស់​អគ្គនាយក​អង្គ​​ការ​ស្បៀងអាហារ និង​កសិកម្ម​ (FAO) ប្រចាំ​ទីស្នាក់ការ​កណ្តាល​ទីក្រុង​រ៉ូម កាលពី​ថ្ងៃទី​ ១៨ ខែធ្នូ ឆ្នាំ ២០២៣ នា​ទីស្តីការ​ក្រសួងកសិកម្ម​។​

​ក្នុងជំនួប​នេះ លោក ឌិ​ត ទីណា បាន​ស្វាគមន៍​ចំពោះ​កិច្ចសហប្រតិបត្តិការ​ក្នុងការ​ចូលរួម​អភិវឌ្ឍ​វិស័យ​កសិកម្ម​នៅ​កម្ពុជា ជាពិសេស​ការការពារ និង​គ្រប់គ្រង​កត្តាចង្រៃ​លើ​ផលិតផល​កសិកម្ម និង​ការផ្សព្វផ្សាយ​ការងារ​ភូត​គា​ម​អនាម័យ (SPS)​។ នេះ​បើ​យោង​តាម​ហ្វេ​ស​ប៊ុ​ក​ក្រសួងកសិកម្ម​។​


​ក្នុងជំនួប​នោះ លោក​រដ្ឋមន្ត្រី បានបញ្ជាក់​ពី​គោលនយោបាយ​កសិកម្ម​ក្នុងការ​ជំរុញ​សហគមន៍​កសិកម្ម​ទំនើប និង​ការដាក់​ពង្រាយ​មន្ត្រី​ផ្សព្វផ្សាយ​ក​សិ​​កម្ម​តាម​ភូមិ​ឃុំ ដែល​ទើប​រៀប​ចំការ​​ប្រឡង​ជ្រើសរើស​ជំហាន​ដំបូង​ឆ្នាំ ​២០២៣ ចំនួន​ ២៥០ ​នាក់ ដើម្បី​ជួយ​កសិករ​លើ​បច្ចេកទេស ទីផ្សារ និង​បញ្ហា​ប្រឈម​ផ្សេងៗ​ឱ្យបាន​ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព ក្នុង​ផលិតកម្ម និង​ខ្សែ​ច្រវាក់​តម្លៃ ដើម្បីឱ្យ​ចំណាយ​ថ្លៃដើម​ទាប ទទួល​តម្លៃបន្ថែម​ខ្ពស់ និង​ចំ​​ណេ​ញ​ច្រើន​។​

​លោក ឌិ​ត ទីណា បាន​បញ្ជាក់ថា​៖ «​ក្រសួង​ត្រូវការ​ដៃគូ​ណា ដែល​អាច​ផ្តល់​កម្ចី ដែលមាន​អត្រា​ការប្រាក់​ទាប ជួយ​ដល់​សហគមន៍​កសិកម្ម​អាច​វិនិយោគ​ឈានទៅរក​ភាព​​រឹងមាំ និង​និរន្តរភាព​សេដ្ឋកិច្ច​ពិតប្រាកដ លើ​មុខ​ដំណាំ​សំ​ខាន់ៗ ដូចជា​អង្ករ ស្វាយចន្ទី និង​បន្លែ ព្រមទាំង​ផលិតផល​មាន​សក្តានុពល​ដទៃទៀត​»​។​


​ប្រធាន​សមាគម​ស្វាយចន្ទី​កម្ពុជា លោក អួន ស៊ី​ឡុ​ត បាន​ថ្លែង​នៅ​ថ្ងៃទី ​១៩ ខែធ្នូ​ថា កម្ចី​ការប្រាក់​ទាប ពិត​មាន​សារៈ​សំខាន់​ណាស់ សម្រាប់​កសិករ និង​សហគ្រាស​កែច្នៃ​គ្រាប់​​ស្វាយចន្ទី​នៅក្នុង​ស្រុក ព្រោះថា កន្លងទៅ​គ្រាប់ស្វាយចន្ទី​ស្រស់​ដែល​ហូរ​ចេញទៅ​វៀតណាម ប្រ​​មាណ ​៩០ ​ភាគរយ​នេះ គឺ​ដោយ​សារ​តែ​វិនិយោគិន​ក្នុងស្រុក​គ្មាន​ទុន​សម្រាប់​ប្រមូល​ទិញ​ស្តុក​ទុក​សម្រាប់​ការកែច្នៃ​។​

​លោក​ថា សមាគម​ទើបតែ​បាន​ចុះ​អនុស្សរណៈ​ជាមួយ​ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម ដែល​កិច្ចព្រមព្រៀង​នេះ បាន​ផ្តល់ឱ្យ​សមាជិក​របស់​សមាគម​នូវ​ដើមទុន ដែលជា​កម្ចី​មាន​អត្រា​ការប្រាក់​ទាប ពោលគឺ​ពី​អត្រា​ការប្រាក់​ធម្មតា ៩​ ទៅ​ ១២ ​ភាគរយ​មក​នៅត្រឹម ៥,៥ ​ភាគរយ​ក្នុង​ ១ ​ឆ្នាំ​។​

​លោក​បញ្ជាក់ថា​៖ «​ការផ្តល់​កម្ចីអនុគ្រោះ​នេះ គឺ​ពិត​ជាមាន​សារៈសំខាន់​ខ្លាំងណាស់ សម្រាប់​វិនិយោគិន នៅក្នុង​វិស័យ​ស្វាយចន្ទី ប្រើប្រាស់​សម្រាប់​ទិញ​ស្វាយចន្ទី​ស្តុក​ទុក កែច្នៃ និង​នាំចេញ ព្រោះ​សមាគម​ស្វាយចន្ទី​មាន​សមា​ជិ​ក ទាំង​ជា​កសិករ និង​ជា​សហគ្រិន​។ ដូច្នេះ​នៅពេល​មាន​ការជួយជ្រោមជ្រែង​ពី​រដ្ឋាភិបាល ជាពិសេស​ក្នុងការ​​អន្តរាគមន៍​លើ​ការស្វែងរក​ដៃគូ​ដែល​អាច​ផ្តល់​កម្ចី​ក្នុង​អត្រា​ការប្រាក់​កាន់តែ​ទាប ខ្ញុំ​យល់​យើង​នឹង​អាច​សម្រេចបាន​គោលដៅ​របស់​យើង ក្នុងការ​អភិវឌ្ឍ​ដំណាំ​ស្វាយចន្ទី​»​។​

​លោក ប៉ាត សាវឿន ប្រធាន​សហគមន៍​ឃុំ​អូរ​សារាយ នៅ​ខេត្តតាកែវ បាន​ប្រាប់ឱ្យដឹង​ដែរ​ថា កន្លងទៅ​សហគមន៍ តែងតែ​ទៅ​ស្នើសុំ​កម្ចី​ពី​ធនាគារពាណិជ្ជ ដែលមាន​អត្រា​ការ​​ប្រាក់​ខ្ពស់ និង​មិន​អាចបំពេញ​លក្ខខណ្ឌ​ទាំងនេះ​បាន​។​កង្វះ​ទុន គឺជា​បញ្ហា​ដ៏​សំខាន់​មួយ សម្រាប់​សហគមន៍ ជាពិសេស​នៅពេល​រដូវ​ប្រមូល​ផល​ម្តងៗ ដោយ​សមាជិក​របស់​ស​មា​គម​ត្រូវការ​លុយ​បង្វិល​ភ្លាមៗ ទូទាត់​ការចំណាយ​ថ្លៃដើម​របស់គាត់​៕