​មណ្ឌលគិរីៈ កុមារ​ចុះឈ្មោះ​ចូលរៀន​នៅតាម​សាលា​បឋម​សិក្សា​មួយចំនួន​នៅ​តំបន់​ដាច់​ស្រយាល​ក្នុង​ខេត្តមណ្ឌលគិរី សម្រាប់​ឆ្នាំ​សិក្សា​ ២០២៣-២០២៤ មានការ​កើនឡើង ខណៈ​នៅ​តំបន់​ខ្លះ​នៅ​មិនទាន់មាន​គ្រូ​បង្រៀន​គ្រប់​ចំនួន​នៅឡើយ​។​


​ភូមិ​ពូ​រ៉ា​ប៉េ​ត ឃុំក្រង់​តេះ ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី ជា​ភូមិ​មួយ​នៅ​ដាច់ស្រយាល​ឆ្ងាយ​ពី​ទីរួមស្រុក​ពេ​ជ្រា​ដា​ត្រូវបាន​លោក​​ស្រី​ ម៉ន ចាន់​ធី មេឃុំ​ក្រង់​តេះ ប្រាប់ថា ប្រជាពលរដ្ឋនៅក្នុង​ឃុំ​នេះ​ប្រហែល​ ៩០​ ភាគរយ​ ជា​ជន​ជាតិ​ដើម​ភាគតិច​ព្នង​ហើយ​របរ​របស់​ពួកគាត់​ធ្វើស្រែ​ចម្ការ​។​

​ចំណែក​កូនតូចៗ​របស់​ពួកគាត់ មិនសូវ​បាន​ចូល​សាលារៀន​ទេ ព្រោះ​គាត់​យកទៅ​ធ្វើ​ចម្ការ​ជា​មួយ​។ ប៉ុន្តែ​នៅ​ឆ្នាំនេះ​ឃើញថា កំណើន​នៃ​ការចុះឈ្មោះ​ចូលរៀន​មានការ​កើន​ជាង​ឆ្នាំមុន ព្រោះ​បច្ចុប្បន្ន​សាលារៀន​មាននៅ​ក្នុង​តំបន់​ដែល​ពួកគាត់​រស់នៅ​ដែរ​ហើយ​។ 


​លោកស្រី​ថ្លែងថា​៖ «​ក្មេងៗ​មិនសូវ​បាន​ចូលរៀន មកពី​កត្តា​ឪពុកម្តាយ​យកទៅ​តាម​ខ្លួន​ពេល​គាត់​ទៅធ្វើ​ចម្ការ និង​ទៅចៀរ​ជ័រកៅស៊ូ​ឱ្យគេ​។ បើ​ខ្ញុំ​ដឹង​តាមរយៈ​លោកស្រី​នាយក​សាលា នៅក្នុង​ឃុំក្រង់​តេះ​ប្រាប់ថា សិស្ស​តូចៗ​ចុះឈ្មោះ​ចូលរៀន​មាន​កំណើន​ច្រើនជាង​មុន​ពិសេស​កូន​បងប្អូន​ជនជាតិដើម​ភាគតិច​»​។​

​លោកស្រី ចាន់ ដែន នាយិកា​សាលាបឋមសិក្សា​ពូ​រ៉ា​ប៉េ​ត​ស្ថិតក្នុង​ឃុំក្រង់​តេះ​ប្រាប់ថា ដោយ​សារ​ក្រសួង​អប់រំ តាមរយៈ​មន្ទីរ​​អប់រំ​ខេត្តមណ្ឌលគិរី បាន​ពង្រីក​សាលាបឋមសិក្សា​ដល់​ក្នុង​មូល​ដ្ឋា​ន​បានធ្វើ​ឱ្យមាន​កំណើន​នៃ​ការ​ចុះឈ្មោះ​ចូលរៀន​មាន​ច្រើនជាង​មុន​។


លោកស្រី​បន្តថា កាលពី​ឆ្នាំមុនៗ​ក្មេងៗ​ជា​កូន​អ្នកភូមិ​មិនសូវ​ត្រូវបាន​ឪពុកម្តាយ​នាំមក​ចុះ​ឈ្មោះ​ចូលរៀន​ច្រើន​ទេ​។ «​ប៉ុន្តែ​ពេលនេះ​ពួកគាត់​បាន​នាំ​កូន​មក​ចុះឈ្មោះ​ចូលរៀន​បាន​ច្រើន​ដែរ​ហើយ ដោយសារ​មាន​សាលា​នៅក្នុង​ភូមិ​ហើយ​ម្យ៉ាងទៀត​ពួកគាត់​ក៏បាន​យល់ដឹង​ពីសា​រៈ​សំខាន់​នៃ​ការសិក្សា​ដែរ​»​។​

​លោក​ ទឹម សង្វាត ប្រធាន​មន្ទីរ​​អប់រំ យុវជន និង​កីឡា​ខេត្ត​មណ្ឌល​គិរី​ឱ្យដឹងថា នៅ​ខេត្តមណ្ឌលគិរី​មាន​សាលា​វិទ្យាល័យ​ចំនួន ​៦ ​នៅតាម​ស្រុក និង​ទី​រួម​ខេត្ត និង​មាន​អនុវិទ្យាល័យ​ចំនួន​ ៨ រីឯ​សាលា​បឋមសិក្សា​មាន​ចំនួន ​៨៨ ​សាលា ហើយ​សាលាបឋមសិក្សា​ត្រូវបាន​ពង្រីក​ដល់​តំបន់​ដាច់ស្រយាល​ដែរ​។

ហេតុដូច្នេះ​ប្រជាពលរដ្ឋ​ងាយស្រួល​ក្នុង​ការយក​កូន​ចូលរៀន​តែមាន​ផល​លំបាក​ខ្លះ​ដែរ​នៅ​តំបន់​ឆ្ងាយៗ​ដាច់ស្រយាល​ដែលមាន​ប្រជាជន​រស់នៅ​តិច​ដូចនេះ​ក៏មាន​ចំនួន​សិស្ស​តិច​ដែរ​។ តែ​នៅពេល​ពួកគាត់​ត្រូវ​ឡើង​ថ្នាក់​ទី​៧ គឺ​ត្រូវ​មក​រៀន​នៅ​អនុ​វិទ្យា​​ល័យ និង​វិទ្យាល័យ ហើយ​បើ​ផ្ទះ​សិស្ស​នៅ​តំបន់​ឆ្ងាយ​ត្រូវ​ស្នាក់​​នៅក្នុង​អន្តេវាសិកដ្ឋាន គឺ​ខាង​មន្ទីរ​អប់រំ​មាន​កន្លែង​ឱ្យ​ពួកគាត់​ស្នាក់​​នៅ​សមរម្យ តែបើ​កូន​គេ​អ្នកមាន​លទ្ធភាព​ធូរធារ​ក៏​ជួល​ផ្ទះ​ស្នាក់​នៅ​ដោយឡែក​ទៅ​។​

​ចំពោះ​គ្រូបង្រៀន​វិញ​ក៏​នៅ​ខ្វះ​ខ្លះ​ដែរ ដូចនេះ​មន្ទីរអប់រំ​ខេត្ត​​មណ្ឌលគិរី ក៏​នៅតែ​ត្រូវការ​គ្រូបង្រៀន​ជាប់កិច្ចសន្យា​ដែរ​ដើម្បី​ជួយ​បង្រៀន​ទាំង​នៅតាម​សាលា​នៅ​ទីប្រជុំជន និង​នៅតាម​តំបន់​ឆ្ងាយៗ​។

លោក​ប្រាប់ថា​៖ «​ចំពោះ​គ្រូ​គឺ​យើង​នៅ​ខ្វះ​មួយចំនួន​ដែរ​សម្រាប់​គ្រូ​បឋម គ្រូម​តេ្ត​យ្យ និង​គ្រូ​នៅ​វិទ្យាល័យ ហើយ​ការប្រើ​ប្រាស់​គ្រូ​ជាប់កិច្ចសន្យា​សម្រាប់​នៅ​សាលាបឋមសិក្សា​»​។ 

​បើតាម​លោក ​ទឹម សង្វាត សម្រាប់​ឆ្នាំ​ថ្មី​ ២០២៤​ លោក​មិនទាន់​ដឹងថា ក្រសួង​អប់រំ យុវជន និង​កីឡា​សម្រេច​ផ្តល់​គ្រូ​ជាប់កិច្ចសន្យា​មក​ខេត្តមណ្ឌលគិរី​ប៉ុន្មាន​នាក់​នៅឡើយ​ទេ តែ​ឆ្នាំនេះ​មន្ទីរអប់រំ​ខេត្ត​បាន​ប្រើប្រាស់​គ្រូ​ជាប់កិច្ចសន្យា​ជាង ​៣០​ នាក់​។ ដោយឡែក​ការ​ប្រឡង​ថ្នាក់​ទី១២​ ឆ្នាំនេះ បើ​ទោះ​ជា​សិស្ស​ក្នុង​ខេត្តមណ្ឌលគិរី​មិនបាន​ជាប់​និទ្ទេស A ក្តី តែ​បាន​និទ្ទេស B ចំនួន ៣៤ ​នាក់​ដែរ​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ត្រូវបាន​លោកស្រី​ឃួន វិច្ឆិកា អ្នកនាំពាក្យ​ក្រសួង​អប់រំ​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា ចំពោះ​ការអប់រំ​នៅតាម​តំបន់​ដាច់ស្រយាល គឺ​ក្រសួង​តែងតែ​យកចិត្តទុកដាក់​ដល់​សិ​ស្សា​នុ​សិស្ស និង​ផ្តល់​គ្រូបង្រៀន​គ្រប់​គ្រាន់ តែ​ជា​បញ្ហា​ខ្វះ​សិស្ស​ចូលរៀន​ទៅវិញ​។

ប៉ុន្តែ​ក្រសួង​បាន​ដោះស្រាយ​ដោយ​រៀបចំ​ជា​ថ្នាក់​​គួប ឧទាហរណ៍​ថា សិស្ស​កម្រិត​ថ្នាក់​ទី​ ១ ​មាន​ ២ ​នាក់ សិស្ស​ថ្នាក់​ទី​ ២ ​មាន ​៣ ​ទៅ​ ៤​ នាក់ ឬក៏​សិស្ស​ថ្នាក់​ទី​ ៣ ​មាន ​៥ ​នាក់​យកមក​បញ្ចូល​គ្នា​ដើម្បីឱ្យ​ពួកគាត់​មានឱកាស​បាន​ចូលរៀន​ធម្មតា​។​

​លោកស្រី​បន្តថា ក្នុងនោះដែរ ក្រសួង​បាន​យកចិត្តទុកដាក់​ទៅលើ​ក្មេងៗ​ដែលជា​កូន​របស់​ជនជាតិដើម​ភាគតិច​ដែល​មិនទាន់​ចេះ​ភាសា​ខ្មែរ គឺ​ក្រសួង​បាន​បើក​ថ្នាក់​បង្រៀន​ភាសា​កំណើត​របស់គាត់​ពី​ថ្នាក់​ទី​១​ ដល់​ថ្នាក់​ទី​ ៣ ​រយៈពេល​ ៣ ​ឆ្នាំ​។

ក្នុង​រយៈពេល​ ៣ ​ឆ្នាំនេះ​ពួកគាត់​ក៏បាន​ចេះ​ភា​សា និង​អក្សរ​ខ្មែរ​ច្បាស់​ដែរ លុះ​ចូលដល់​ថ្នាក់​ទី៤ ​ទើប​ឱ្យ​គាត់​រៀន​ដូច​ក្មេង​សិស្សសាលា​ដទៃទៀត​ដែរ​។ បើតាម​លោកស្រី ​វិច្ឆិកា សា​​លា​រៀន​ដែល​ដាក់​ជា​តំបន់​ដាច់​ស្រយាល​ឬក៏​កំពុង​ជួប​ការលំបាក​នោះ​បើ​ក្រសួង​សិក្សា​ទៅ​ឃើញថា មាន​តម្រូវការ​ជាក់ស្តែង នោះ​នឹង​ផ្តល់​ជា​អាហារ​ដល់​សិ​ស្សា​​នុ​សិស្ស​នៅតាម​សាលារៀន​ដែរ​។​

​រីឯ​លោកគ្រូ​-​អ្នកគ្រូ​ដែល​បង្រៀន​នៅ​ទីនោះ ក៏​ទទួលបាន​ប្រាក់​ឧបត្ថម្ភ​លើកទឹកចិត្ត​ដោយឡែក​លើសពី​គ្រូ​នៅតាម​សាលា​ផ្សេងៗ​ដែល​មកដល់​បច្ចុប្បន្ន​នេះ ការ​កសាង​សាលារៀន​កម្រិត​បឋម​សិក្សា​បាន​ដល់​តំបន់​ដាច់ស្រយាល​អស់ហើយ​។ «​ក្រសួង​អប់រំ​បាន​បង្កើត​វិទ្យាល័យ និង​អនុវិទ្យាល័យ​ទៅដល់​ជិត​ផ្ទះ​របស់​ប្រជាជន​។ ទន្ទឹមនឹងនេះ​ក្រសួង​មាន​រៀបចំ​ជា​អន្តេវាសិកដ្ឋាន​នៅតាម​សា​លា​រៀន​ដើម្បីឱ្យ​សិស្សានុសិស្ស​នៅ​ឆ្ងាយ​ក៏ដូចជា​លោកគ្រូ​អ្នកគ្រូ​បាន​ស្នាក់នៅ​ដែរ​»​។​

សិស្ស​សាលា​បឋមសិក្សាត្រាំងកិត​ក្នុងស្រុកកែវសីមា​​។ រូប យុវជនដើម្បីការអប់រំ

​កញ្ញា​ សយ ពិសី ជា​ជនជាតិ​ដើម​ភាគតិច​ព្រៅ រស់នៅ​ភូមិ ​៥ ​ឃុំ​ឡា​បាន​សៀក ស្រុក​បាន​លុង​ខេត្តរតនគិរី​បានឱ្យដឹងថា មានកូនៗ​របស់​ជនជាតិដើម​ភាគតិច​ភាគច្រើន​បាន​រៀន​ទាំង​ភាសា​ដើម​របស់គាត់ និង​ភាសា​ខ្មែរ​ ដែល​ខុស​ពីមុន​សាលា​នៅ​ឆ្ងាយ​គាត់​មិនសូវ​បាន​ចូលរៀន​ទេ​។ តែ​បច្ចុប្បន្ន​ដោយសារ​សាលា​បឋម​សិក្សា​ពង្រីក​ដល់​មូលដ្ឋាន​អ៊ីចឹង​កូនៗ​របស់​ជនជាតិដើម​ភាគតិច​បាន​ចូលរៀន​ច្រើនជាង​មុន​។

​កញ្ញា ​ពិសី​ ប្រាប់ថា​៖ «​ពួកគេ​បាន​ចូលរៀន​ច្រើន ព្រោះ​សាលារៀន​នៅ​កៀក​ផ្ទះ​ជាង​មុន ហើយ​ពួក​​គាត់​ត្រូវបាន​បង្រៀន​ទាំង​ភាសា​ជនជាតិដើម និង​ភាសា​ខ្មែរ​»​។​

​សម្រាប់​លោកស្រី ​ឃួន វិច្ឆិកា​ ថ្លែងថា ហេតុដូច្នេះ​ហើយ​ទើប​ក្រសួង​ត្រូវការ​ជ្រើសរើស​គ្រូ​បង្រៀន​ជាប់កិច្ចសន្យា​បំពេញ​​បន្ថែម​កន្លែង​ដែលមាន​តម្រូវការ ដែល​នេះ​ គឺជា​ដំណោះស្រាយ​មួយ​ដើម្បីឱ្យ​កុមារ​មាន​គ្រូ​គ្រប់គ្រាន់​។ គ្រូ​កិច្ចសន្យា​ភាគច្រើន​គឺ​សម្រាប់​កម្រិត​បឋមសិក្សា​ហើយ​ក្រសួង​តែងតែ​តម្រូវឱ្យ​គាត់​ធ្វើ​កិច្ចសន្យា​រៀងរាល់ ​១ ​ឆ្នាំ​ម្តង​ដើម្បី​ពង្រឹងគុណភាព​របស់គាត់​។

ក្នុងនោះ​បើ​ក្រសួង​វាយតម្លៃ​ទៅ​ឃើញថា មិនអាច​បំពេញការងា​រ​បាន​តាម​លក្ខខណ្ឌ​កំណត់​ក៏​នឹង​ពុំ​អាច​ទទួល​ការបន្ត​កុងត្រា​បាន​ទៀត​ដែរ​។ សម្រាប់​ឆ្នាំ ​២០២២ ​កន្លងទៅ មាន​គ្រូ​ជាប់កិច្ចសន្យា​ចំនួន ​១២ ៤១៨ ​នាក់​ហើយ​នៅ​ឆ្នាំ​ ២០២៣ ​មាន​ចំនួន​ ១៣ ៤៣០​ នាក់​។​

​អ្នកគ្រូ​ម្នាក់​ដែល​ស្នើសុំ​មិនឱ្យ​បញ្ចេញ​ឈ្មោះ បង្រៀន​នៅ​សា​លា​បឋមសិក្សា​ពីងពង់ ដែលជា​តំបន់​ដាច់ស្រយាល​មួយ​នៃ​ភូមិ​​ពីងពង់ ឃុំ​ល្វា ស្រុក​ប​វេ​ល ខេត្ត​បាត់ដំបង បាន​ប្រាប់ថា អ្នកគ្រូ​រៀន​ចប់​បរិញ្ញាបត្រ​នៅ​ខែមិថុនា​ឆ្នាំ​ ២០២៣​ ជំនាញ​គណនេយ្យ​ហើយ​បាន​ស្ម័គ្រចិត្ត​បម្រើការ​ជា​គ្រូ​ជាប់កិច្ចសន្យា​បាន​ ៣ ​ឆ្នាំ​ហើយ ​និង​កំពុង​បង្រៀន​សិស្ស​នៅ​សា​លា​បឋមសិក្សា​ពីងពង់​។ 

​អ្នកគ្រូ​ពោលថា​៖ «​តាមពិតទៅ​ខ្ញុំ​ធ្វើការ​នៅ​ធនាគារ​ទេ តែដោយសារ​ខ្ញុំ​ស្រឡាញ់​អាជីព​ជា​គ្រូ ខ្ញុំ​ក៏​ឈប់​ពី​ការងារ​សុខចិត្ត​ធ្វើ​គ្រូ​ជាប់​កិច្ច​សន្យា​ព្រោះតែ​ស្រឡាញ់​ក្មេងៗ​ចង់ឱ្យ​ពួកគាត់​មានចំណេះ ព្រោះ​ខ្ញុំ​ឃើញ​គាត់​រស់នៅ​តំបន់​ដាច់​ឆ្ងាយ​ពី​ទីប្រជុំជន​ខ្លាំង​»៕

សាលា​បឋមសិក្សាត្រាំងកិត​ក្នុងស្រុកកែវសីមា​​។ រូប យុវជនដើម្បីការអប់រំ