​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី អំពាវនាវ​ដល់​បងប្អូន​ជនរួមជាតិ​ទាំងអស់​បន្ត​លើកកម្ពស់​សិទ្ធិ និង​ការចូលរួម​របស់​ជន​មាន​ពិការភាព​កម្ពុជា ដោយ​មិនមាន​ការរើសអើង​ពី​សង្គម​និង​រួមគ្នា​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ដើម្បី​ជន​មាន​ពិការភាព​ទទួលបាន​សិទ្ធិ​ពេញលេញ​។ 
​ការអំពាវនាវ​នេះ​ធ្វើឡើង​តាមរយៈ​ព្រះរាជសារ នាឱកាស «​ទិវា​ជន​មាន​ពិការភាព​កម្ពុជា​លើក​ទី ២៥ និង​អន្តរជាតិ​លើក​ទី​៤១» ថ្ងៃទី ៣ ធ្នូ ឆ្នាំ ២០២៣​។


ព្រះមហាក្សត្រ បាន​សម្តែង​ព្រះទ័យ​ស្ងើចសរសើរ​ចំពោះ​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល ដោយបាន​ដាក់ចេញ​នូវ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម​២០១៦-២០២៥ សំដៅ​បង្កើត​មូលនិធិ​ជាតិ​ជំនួយ​សង្គម បង្កើន​ប្រសិទ្ធភាព​សេវាកម្ម​ប្រកបដោយ​តម្លាភាព សមធម៌ និង​បរិ​យាប​ន្ន ដែលជា​ការលើកកម្ពស់​សុខុមាលភាព​ជន​ងាយ​រងគ្រោះ ជាពិសេស ជន​មាន​ពិការភាព​ឱ្យមាន​លំនឹង​ជីវភាព​រស់នៅ​កាន់តែ​ប្រសើរ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។

ឆ្លៀត​ក្នុងឱកាស​នេះ ព្រះករុណា ផ្តាំផ្ញើ​ដល់​ជន​មាន​ពិការភាព​កម្ពុជា​សូម​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​អភិវឌ្ឍន៍​ចំណេះ ជំនាញ​ឱ្យទាន់​យុគសម័យ​អភិវឌ្ឍន៍​ជឿនលឿន ពិសេស​សម័យ បច្ចេកវិទ្យា​ទំនើប​ក្រោម​ដំបូល​នៃ​សន្តិភាព ដើម្បី​ប្រកួតប្រជែង​លើ​ទីផ្សារការងារ និង​មុខរបរ ឈានទៅ​សម្រេចបាន​នូវ​គុណភាព​ជីវិត​ល្អប្រសើរ​។ ក្នុងន័យនេះ ព្រះករុណា អំពាវនាវ​ដល់​បងប្អូន​ជនរួមជាតិ​ទាំងអស់​បន្ត​លើកកម្ពស់​សិទ្ធិ និង​ការចូលរួម​របស់​ជន​មាន​ពិការភាព​កម្ពុជា​យើង​ដោយ​មិនមាន​ការរើសអើង ដើម្បី​សង្គម​មួយ​សម្រាប់​ទាំងអស់គ្នា​។ ព្រះមហាក្សត្រ​គូសបញ្ជាក់ថា​៖«​ជន​មាន​ពិការភាព​របស់​យើង​ត្រូវការ​ភាពកក់ក្ដៅ ស្រឡាញ់ រាប់អាន ដែល​ប្រការនេះ​គឺជា​ការលើកទឹកចិត្ត​ដ៏​ធំធេង​ក្នុងការ​អភិវឌ្ឍ​ខ្លួន​របស់​ពួកគាត់ ដោយ​មិនមាន​ការរើសអើង​ពី​សង្គម និង​រួមគ្នា​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ដើម្បី​ជន​មាន​ពិការភាព​ទទួលបាន​សិទ្ធិ​ពេញលេញ​។


ជាមួយគ្នានេះដែរ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បានចេញ​សារលិខិត នាឱកាស ទិវា​ជន​មាន​ពិការភាព​កម្ពុជា ក្រោម​ប្រធានបទ «​ដំណោះស្រាយ​ប្រកបដោយ​នវានុវត្តន៍​ដើម្បី​សង្គម​មួយ​មាន​ផាសុក​វត្ថុ​និង​សមធម៌​»​។

សារលិខិត បញ្ជាក់ថា ព្រះរាជាណាចក្រ​កម្ពុជា មាន​មោទនភាព​ដោយបាន​ចូលរួម​រៀបចំ​ប្រារព្ធ​ទិវា​ដ៏​ឱឡារិក​នេះ ជាមួយ​ប្រជាជាតិ​ទូទាំង​ពិភពលោក ជាការ​អបអរសាទរ​ចំពោះ​ជោគជ័យ​ថ្មីៗ នៃ​វិស័យ​ពិការភាព​ដែល​បង្ហាញ​ពី​ឆន្ទៈ​ដ៏​មុះ​មុត និង​យកចិត្តទុកដាក់ របស់​រដ្ឋាភិបាល​នៃ​ប្រទេស​នីមួយៗ ជា​ប្រទេស​ហត្ថលេខី​នៃ​អនុសញ្ញា​ស្ដីពី​សិទ្ធិ​ជន​មាន​ពិការភាព​។


លោក ហ៊ុន ម៉ា​ណែ​ត បញ្ជាក់ថា​៖«​ឆ្នាំ​២០២៣​នេះ កម្ពុជា​បានជ្រើសរើស​យក​ប្រធានបទ​គន្លឹះ​មួយ ក្នុង​គោលដៅ​ជំរុញឱ្យមាន​ការគិតគូ​រ​សមស្រប ដើម្បី​សង្គម​មួយ​សម្រាប់​យើងទាំងអស់គ្នា ក្នុងឋានៈ​កម្ពុជា​ជា​ប្រទេស​កំពុង​អភិវឌ្ឍ​ប៉ុន្តែ​មានការ​យកចិត្ត ទុកដាក់​ក្នុង​យុទ្ធសាស្ត្រ​នយោបាយ​យ៉ាង​ជាក់លាក់ សម្រាប់​ការដាក់ចេញ​នូវ​ចក្ខុវិស័យ​ច្បាស់លាស់ ធ្វើយ៉ាងណា​ដើម្បី​ឈានទៅ​សម្រេច​ឱ្យបាន​នូវ​ដំណោះស្រាយ​ប្រកបដោយ​នាវា​នុ​វត្ត​ន៍​»​។

តាងនាម​រាជរដ្ឋាភិបាល​កម្ពុជា និង​ជា​ប្រធាន​កិ​តិ្ត​យស​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ លោក ហ៊ុន ម៉ា​ណែ​ត ប្តេជ្ញាចិត្ត​ខ្ពស់​អនុវត្ត​ប្រកបដោយ​ជោគជ័យ​នូវ​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​១​ផែនការ​យុទ្ធសាស្ត្រ​ជាតិ ស្តីពី​ពិការភាព ដែល​នឹងត្រូវ​ដាក់ឱ្យអនុវត្ត​ជា​បន្តបន្ទាប់​នាពេលខាងមុខ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ជាក់ស្តែង កាត់បន្ថយ​ហានិភ័យ​សេដ្ឋកិច្ច និង​ធានា​ដល់​សន្តិសុខ​ប្រាក់ចំណូល​របស់​ប្រជាជន ជាពិសេស​ជន​មាន​ពិការភាព​៕