កម្ពុជា​បាន​អបអរសាទរ និង​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៥ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា (០២ ធ្នូ ១៩៧៨-០២ ធ្នូ ២០២៣) ដែល​ត្រូវបាន​កើតឡើង​ដោយ​កម្លាំង​មហា​សាមគ្គី​ប្រជាជន​ទាំងមូល ទាំង​ក្នុង និង​ក្រៅប្រទេស ដែលមាន​លោក ហេង សំរិន លោក ជា ស៊ីម លោក ហ៊ុន សែន និង​វីរជន​ស្នេហា​ជាតិ​ជាច្រើនរូប​ទៀត ក្នុង​ការរៀបចំ​កម្លាំង​ផ្ដួលរំលំ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត និង​ទទួលបាន​ជ័យជម្នះ​លើ​របប​នេះ នៅ​ថ្ងៃទី​៧ មករា ឆ្នាំ ១៩៧៩​។


ក្នុង​សារ​អបអរសាទរ​របស់លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ត្រូវបាន​ផ្សព្វផ្សាយ​នៅ​បណ្តាញ​សង្គម​តេ​ឡេ​ក្រាម​នៅ​ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២៣ បញ្ជាក់ថា  «​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​» បច្ចុប្បន្ន​ត្រូវបាន​ដូរ​ឈ្មោះ​ជា «​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​» ដែលជា​អង្គការ​ចាត់តាំង​មហាជន​មួយ​ឈានមុខ របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​បដិសន្ធិ​ឡើង​នៅក្នុង​តំបន់​រំដោះ នា​ភូមិ​ជើង​ឃ្លូ ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្ដ​ក្រចេះ​។

នៅក្នុង​សារ​អបអរសាទរ​ដដែល​នេះ សង្កត់ធ្ងន់​ទៀតថា​៖«​ឆ្លើយតប​ទៅនឹង​ការអំពាវនាវ​របស់រ​ណ​សិរ្ស ប្រជាជន​គ្រប់ទិសទី បាន​ក្រោកឈរ​រួបរួមគ្នា ជា​កម្លាំង​មហា​សាមគ្គី​ជាតិ ដោយបាន​ទទួល​ការជួយឧបត្ថម្ភ​យ៉ាង​ធំធេង ពី​កងទ័ព​ស្ម័គ្រចិត្ដ​វៀតណាម និង​ការគាំទ្រ​ពី​មិ​ត្ដ​ភក្ដិ​ជិត​ឆ្ងាយ​លើ​សកលលោក ដើម្បី​ផ្ដួលរំលំ​របប​កម្ពុជា​ប្រជាធិបតេយ្យ រហូតដល់​ទទួលបាន​ជ័យជម្នះ​ដ៏​ត្រចះត្រចង់​នា​ថ្ងៃ​៧ មករា ឆ្នាំ​១៩៧៩»​។


បើតាម លោក ហ៊ុន សែន មហា​ជ័យជម្នះ ៧ មករា ១៩៧៩ បា​នប​ពា្ច​ប់​នូវ​សម័យកាល​ដ៏​ខ្មៅ​ងងឹត​បំផុត ដែល​ពុំ​ធ្លាប់មាន​នៅក្នុង​ប្រ​វ​ត្ដិ​សាស្ដ្រ​កម្ពុជា បាន​បើក​ឡើង​នូវ​សករាជ​ថ្មី ប្រជាជន​កម្ពុជា​យើង​ក៏បាន​ទទួល​មកវិញ​នូវ​សិទ្ធិសេរីភាព និង​ឱកាស​ដើម្បី​ស្ដារ​កសាង​មាតុភូមិ​របស់ខ្លួន​ឡើងវិញ​។ ប្រជាជន​គ្រប់រូប​សុទ្ធតែ​យល់ច្បាស់​ថា បើ​គ្មាន​ថ្ងៃកំណើត​រណសិរ្ស ២​ធ្នូ និង​ជ័យជម្នះ ៧ មករា ទេនោះ ក៏​គ្មានអ្វីៗ​ដូច​ថ្ងៃ​នេះដែរ «​នេះ​គឺជា​សច្ចធម៌ នៃ​ប្រ​វ​ត្ដិ​សាស្ដ្រ​»​។

ជាមួយគ្នានេះ នៅ​ព្រឹក​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០២៣ កម្ពុជា​បានរៀបចំ​កម្មវិធី មិ​ទ្ទិញ​មហាជន​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៥ នៃ​ថ្ងៃកំណើត «​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​» ក្រោម​អធិប​ភាព​លោកស្រី ម៉ែន សំអន ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ជា​ប្រធាន នៃ​ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា និង​លោក ជាម យៀប ប្រធានរដ្ឋសភាស្តីទី ដោយមាន​ការចូលរួម​ពី សមាជិក សមាជិកា រដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល តំណាង​អង្គទូត និង​បណ្តា​ស្ថាប័ន​ពាក់ព័ន្ធ នៅ​សាល​មហោស្រព​កោះ​ពេជ្រ រាជធានី​ភ្នំពេញ​។


ចំណែក លោក ស សុខា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក៏បាន​ចេញ​នូវ​សារ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៥ នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយបាន​សរសេរថា ៖«​ក្នុងនាម​យុវជន​ខ្មែរ​ជំនាន់​ក្រោយ​មួយរូប សូម​សម្តែង​នូវ​ការអបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៥ នៃ​ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា និង​ប្តេជ្ញា​ចងចាំ​ជានិច្ច​នូវ​គុណូបការៈ​ដ៏​ធំធេង​មិនអាច​កាត់ថ្លៃ​របស់​សម្តេច​ទាំងបី និង​វីរជន​ស្នេហា​ជាតិ​ទាំងអស់ ដែល​បាន​បូជា​កម្លាំងកាយ និង​អាយុជីវិត ដើម្បី​រំដោះជាតិ​មាតុភូមិ​កម្ពុជា​ពី​របប​ប្រល័យពូជសាសន៍ ប៉ុល ពត និង​បានធ្វើឱ្យ​ប្រទេសជាតិ មាន​សន្តិភាព និង​ការអភិវឌ្ឍ​គ្រប់​វិស័យ​ដូច​សព្វថ្ងៃនេះ​»៕