រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​អាជ្ញាធរ​មីន ពេញចិត្ត​នឹង​បន្ត​សហការ​ជាមួយ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​កូរ៉េ (​ក​យ​កា​-KOICA) ដោយបាន​ចាត់ទុក​ការរួមចំណែក ក​យ​កា គឺជា​ការបង្កើត​នូវ​ក្តីសង្ឃឹម​ថ្មី​ជូន​ដល់​ក្រុមគ្រួសារ​ក្រីក្រ​នៅក្នុង​សហគមន៍ ដែល​ទទួលបាន​ការគាំទ្រ​ផ្នែក​មនុស្សធម៌​លើ​ការងារ​បោសសម្អាត​មីន​។


នេះ​ជាការ​លើកឡើង របស់លោក លី ធុជ ទេសរដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី​១ អាជ្ញាធរ​មីន ក្នុងពេលដែល​លោក​បាន​ពិភាក្សា​ការងារ​ស្តីពី​សកម្មភាព​មីន​នៅ​កម្ពុជា ជាមួយ​លោកស្រី CHOI Moon Jung នាយក​ទីភ្នាក់ងារ​ក​យ​កា​ប្រចាំ​កម្ពុជា​តែងតាំង​ថ្មី ស្តីពី​ភាពជា​ដៃគូ និង​កិច្ចសហប្រតិបត្តិការ​ស​កម្ម​ភាព​មីន​នៅ​កម្ពុជា កាលពី​ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ​២០២៣ នៅ​ទីស្នាក់ការ​អាជ្ញាធរ​មីន​។ នេះ​បើតាម​អាជ្ញាធរ​មីន​។

លោក លី ធុជ បាន​ថ្លែងថា តំណាងឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា លោក​ពិតជា​អរគុណ​ដល់​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​កូរ៉េ តាមរយៈ​ទីភ្នាក់ងារ​ក​យ​កា​ប្រចាំ​កម្ពុជា ដែល​បាន​ចូលរួម​ដល់​សកម្មភាព​មីន​មនុស្សធម៌​នៅ​កម្ពុជា ហើយ​ការរួមចំណែក​នេះ នឹង​បាន​ជួយសង្គ្រោះ​ជីវិត​មនុស្ស​រួចផុត​ពី​ការ​គំរាម​ដោយសារ​មីន លើកកម្ពស់​ជីវភាពរ​ស់​នៅ​របស់​ប្រជាពលរដ្ឋ​នៅតាម​ជនបទ និង​រួមចំណែក​ដោយ​ការកាត់បន្ថយ​ភាពក្រីក្រ​នៅ​កម្ពុជា តាមរយៈ​ការប្រើប្រាស់​ដី​ប្រកបដោយ​សុវត្ថិភាព​។


លោក​បាន​បញ្ជាក់ថា​៖«​រដ្ឋាភិបាល​កម្ពុជា តាមរយៈ​អាជ្ញាធរ​មីន ពេញចិត្ត​នឹង​បន្ត​សហការ​ជាមួយ​ទីភ្នាក់ងារ​ក​យ​ការ លើ​ការងារ​បោសសម្អាត​មីន​នេះ សម្រាប់​ភាពជោគជ័យ​នៃ «​គម្រោង​បោសសម្អាត​មីន ដើម្បី​លទ្ធផល​ដំណាក់កាល​ទី​៤ (CFR-IV)-​សកម្មភាព​មីន​សម្រាប់​គម្រោង​អភិវឌ្ឍន៍​មនុស្ស​»​។

លោកស្រី CHOI Moon Jung បានលើកឡើង​ដែរ​ថា ទីភ្នាក់ងារ ក​យ​កា មាន​តួនាទី ក្នុងការ​គាំទ្រ​ដល់​កិច្ចការ​អភិវឌ្ឍន៍​នៅ​កម្ពុជា​លើ​វិស័យ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការថែទាំ​សុខភាព​ជាស​កល និង​ការអប់រំ​វិទ្យាសាស្ត្រ ដើម្បី​លើកកម្ពស់​ទេពកោសល្យ​នាពេល​អនាគត និង​លើកកម្ពស់​ភាព​ចម្រុះ​ឧស្សាហកម្ម និង​ការអភិវឌ្ឍ​ជនបទ ជាដើម​។


លោកស្រី Choi ក៏បាន​កោតសរសើរ​ដ​ល់​អាជ្ញាធរ​មីន ចំពោះ​ភាពជោគជ័យ​របស់ខ្លួន​ក្នុងការ​អនុវត្ត​គម្រោង​បោសសម្អាត​មីន​ដើម្បី​លទ្ធផល ដែល​បាន​ចូលរួម​ជួយ​ឱ្យមាន​វឌ្ឍនភាព​គួរឱ្យកត់សម្គាល់​ក្នុងការ​កាត់បន្ថយ​ការគំរាមកំហែង​ដោយសារ​គ្រាប់មីន​នៅក្នុង​ប្រទេស​។

គួររំឭកថា កាលពី​ចុងខែ​វិច្ឆិកា ឆ្នាំ​២០២៣​នេះ កម្ពុជា ទើបតែ​ត្រូវបាន​អង្គ​សន្និសីទ​រដ្ឋ​ភាគី​លើក​ទី​២១ នៃ​អនុសញ្ញា​ស្តីពី​ការហាម​ការប្រើប្រាស់​មីន​ប្រឆាំង​មនុស្ស​(​អនុសញ្ញា​អូ​តា​វ៉ា​) បោះឆ្នោត​ជ្រើសតាំង​ជា​ប្រធាន និង​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​ឡើងវិញ​លើក​ទី​៥ ឆ្នាំ​២០២៤ ដែល​កម្ពុជា​ប្រសិទ្ធ​នាម​ជា “​កិច្ចប្រជុំ​កំពូល​សៀមរាប​-​អង្គរ ស្តីពី​ពិភពលោក​មួយ​ដែល​គ្មាន​មីន​”​។ កាល​បោះឆ្នោត​ជ្រើសតាំង​នេះ ត្រូវបាន​ធ្វើឡើង នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វ៊ី​ស ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២៣​។

អាជ្ញាធរ​មីន បាន​បញ្ជាក់ថា ក្នុង​កិច្ចប្រជុំ​ឆ្នាំ​២០២៤ នឹងមាន​ការចូលរួម​ពីរ​ដ្ឋ​សមាជិក​ចំនួន ១៦៤ រដ្ឋ​អង្កេត​ការណ៍​ដទៃទៀត រួមទាំង​អង្គការ​-​ស្ថាប័ន​ពិភពលោក​ជាច្រើន​។

តាមរយៈ​សេចក្តី​ថ្លែង នៅក្នុង​អង្គ​សន្និសីទ លោក លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន  បាន​លើកឡើងថា កម្ពុជា គឺ ជា​ប្រទេស​ទី ៥ នៅលើ​សកលលោក និង ជា​ប្រទេស​ដំបូង​គេ បង្អស់ ក្នុង​តំបន់​អាស៊ី ដែល​ធ្វើជា​ប្រធាន​និង​ជា​ម្ចាស់ផ្ទះ​ដឹកនាំ​កិច្ចប្រជុំ​នេះ ៕