​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ប្រមុខ​នៃ​រាជរដ្ឋាភិបាល បានចេញ​អនុក្រឹត្យ​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​របស់​អគ្គ​លេខាធិការដ្ឋាន​នៃ​អាជ្ញាធរ​ជាតិដោះស្រាយ​វិវាទ ក្រៅ​ប្រព័ន្ធតុលាការ (​អ​.​ជ​.​ក​)  ដើម្បី​គាំទ្រ​ដល់​កិច្ចដំណើរការ​ងារ របស់ អ​.​ជ​.​ក ជាពិសេស​គ្រប់គ្រង​ការងាររដ្ឋបាល បុគ្គលិក និង​ហិរញ្ញវត្ថុ ជាដើម​។


អនុក្រឹត្យ​ដែល​ចុះហត្ថលេខា​នៅ​ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៣ បាន​បញ្ជាក់ថា​៖«(​អ​.​ជ​.​ក​) មាន​តួនាទី និង​ភារកិច្ច រៀបចំ​សេចក្តីព្រាង​គោលនយោបាយ ផែនការ​យុទ្ធសាស្ត្រ និង​លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ នឹង​ការងារ​សម្រុះសម្រួល​ផ្សះផ្សា​វិវាទ​ក្នុង​ក្របខ័ណ្ឌ អ​.​ជ​.​ក​. និង​រៀបចំ​សេចក្តីព្រាង​ក្រមសីលធម៌ ក្រម​ប្រតិបត្តិ សេចក្តីណែនាំ វិធាន និង​លិខិតបទដ្ឋាន​គតិយុត្ត​នានា សម្រាប់​អនុវត្ត​ការសម្រុះសម្រួល​ផ្សះផ្សា​វិវាទ​»​។

ស្ថាប័ន​នេះ ត្រូវ​រៀបចំ​យន្តការ​សម្រាប់​ទទួល​ពាក្យបណ្ដឹង និង​សំណុំរឿង​វិវាទ ដែល​ស្នើសុំ​ឱ្យមាន​ការសម្រុះសម្រួល ផ្សះផ្សា​វិវាទ ពិនិត្យ និង​ផ្តល់យោបល់​លើ​សំណើសុំ​នីតិសម្បទា​ជាម​ន្ត្រី​សម្រុះសម្រួល​ដោះស្រាយ​វិវាទ និង រៀបចំ អនុវត្ត​កម្មវិធី​បណ្តុះបណ្តាល​ដល់​មន្ត្រី​សម្រុះសម្រួល​ដោះស្រាយ​វិវាទ​។


អនុក្រឹត្យ​នេះ​បញ្ជាក់ថា​«​អ​.​ជ​.​ក ក៏​នឹង​ពិនិត្យ ស្រាវជ្រាវ ស៊ើបអង្កេត និង​ផ្តល់យោបល់​លើ​បណ្ដឹងតវ៉ា​ចំពោះ​កំណត់ហេតុ​ព្រមព្រៀង បញ្ចប់​វិវាទ​, ពិនិត្យ និង​ផ្តល់យោបល់​លើ​ទិដ្ឋភាព​ច្បាប់​ចំពោះ​ពាក្យបណ្ដឹង និង​សំណុំរឿង​វិវាទ ក្នុង​ក្របខ័ណ្ឌ អ​.​ជ​.​ក​. ធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​ជាតិ និង​អន្តរជាតិ​, រៀបចំ​ចងក្រង និង​បោះពុម្ពផ្សាយ​នូវ​ច្បាប់ លិខិតបទដ្ឋាន​គតិយុត្ត និង​ឯកសារ​ចាំបាច់​នានា ពាក់ព័ន្ធ​នឹង​ការងារ​សម្រុះសម្រួល​ផ្សះផ្សា​វិវាទ​ក្នុង​ក្របខ័ណ្ឌ អ​.​ជ​.​ក​.»​។

បើតាម​អនុក្រឹត្យ​នេះ អ​.​ជ​.​ក មាន​ភារកិច្ច​ក្នុងការ​ផ្សព្វផ្សាយ និង​បញ្ជ្រាប​ការយល់ដឹង​អំពី​ការសម្រុះសម្រួល​ផ្សះផ្សា​វិវាទ​ដល់​សាធារណជន និង អាជ្ញាធរ​ពាក់ព័ន្ធ​, រៀបចំ​ផែនការ​យុទ្ធសាស្ត្រ និង​ផែនការ​សកម្មភាព​រប​ស់អគ្គ​លេខាធិការដ្ឋាន​នៃ អ​.​ជ​.​ក​., រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ថវិកា និង​គម្រោង​ថវិកា​ប្រចាំឆ្នាំ​របស់ អ​.​ជ​.​ក​. ជាដើម​។


សូមបញ្ជាក់ថា នៅ​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០២៣​នេះ កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​ក្រោម​អធិបតីភាព លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បានអនុម័ត​ទាំងស្រុង​លើ​សេចក្តីព្រាង​ព្រះរាជក្រឹត្យ ស្តីពី​ការបង្កើត​ការរៀបចំ និង​កិច្ចដំណើរការ​របស់​អា​ជ្ញា​ធរ​ជាតិដោះស្រាយ វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ​។

បើតាម លោក កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ អាជ្ញាធរ​ជាតិដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ ត្រូវបាន​បង្កើតឡើង​ដើម្បី​ជា​យន្តការ​បំពេញបន្ថែម​ឱ្យ​ប្រព័ន្ធ​ដោះស្រាយ​វិវាទ​នៅ​កម្ពុជា សំដៅ​លើកកម្ពស់​គុណភាព ប្រសិទ្ធភាព និង​ភាព​ឆាប់រហ័ស នៃ​ការដោះស្រាយ​វិវាទ តាមរយៈ​ការសម្រុះសម្រួល ផ្សះផ្សា​ក្រៅ​ប្រព័ន្ធតុលាការ ក្នុង​គោលបំណង​ជួយ​កាត់បន្ថយ​ការកកស្ទះ​សំណុំរឿង​នៅតាម​សាលាជម្រះក្តី បង្ខិត​សេវា​ដោះស្រាយ​វិវាទ​ឱ្យ​កាន់តែ​ទៅ​កៀក​នឹង​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន និង​ធានាបាន​នូវ​ភាពសុខដុមរមនា និង​យុត្តិធម៌​ក្នុង​សង្គមជាតិ​៕​