កម្ពុជា និង​ថៃ សន្យា​នឹង​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​កងទ័ព​ប្រទេស​ទ្វេភាគី ព្រមទាំង​ការដោះមីន​នៅតាម​ព្រំដែន​ឱ្យអស់ ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​ការរស់នៅ​របស់​ប្រជាជន ក្នុងការ​បង្កបង្កើនផល ក៏ដូចជា​ការផ្លាស់ប្ដូរ​ពាណិជ្ជកម្ម និង​ការបើក​ច្រកព្រំដែន ដើម្បី​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ឱ្យ​កាន់​តែមាន​ភាពទូលំទូលាយ​ថែមទៀត​។


ការបង្ហាញ​ឆន្ទៈ​របស់​ភាគី​ថៃ ធ្វើឡើង​អំឡុងពេល លោក សុធី​ន ខ្លាំង​សែង (SUTIN KLUNGSANG) រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ថៃ បាន​ដឹកនាំ​គណៈប្រតិភូ​ទស្សនកិច្ច​នៅ​កម្ពុជា និង​បាន​ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត និង​លោក ហ៊ុន សែន ប្រធាន​ក្រុម​ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ ២០២៣​។

នៅក្នុង​ជំនួប​ជាមួយ​លោក ហ៊ុន ម៉ា​ណែ​ត នាពេលនោះ លោក សុធី​ន ខ្លាំង​សែង បាន​ថ្លែងថា ដើម្បី​ពង្រឹង​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ល្អ​លើ​គ្រប់​វិស័យ ជាពិសេស លើ​វិស័យ​ការពារជាតិ ឱ្យបាន​កាន់តែ​រឹងមាំ​ថែមទៀត ភាគី​ថៃ​នឹង​បន្ត​ផ្តល់​អាហារូបករណ៍​ដល់​សិក្ខាកាម​យោធា​កម្ពុជា​។


ជាការ​ឆ្លើយតប លោក ហ៊ុន ម៉ា​ណែ​ត បាន​អរគុណ​ដល់​ភាគី​មិត្ត​ថៃ ដែល​បន្ត​ផ្តល់នូវ​ការគាំទ្រ​ដល់​ការហ្វឹកហ្វឺន​បណ្តុះបណ្តាល​ធនធានមនុស្ស​កម្ពុជា​តាម​បណ្តា​យោធភូមិភាគ និង​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​នានា​។ លោក​បាន​បន្ថែមថា លោក ក៏បាន​គាំទ្រ​ផងដែរ​ដល់​ការបន្ត​រៀបចំ​លំ​ហាត់​រួម​គ្រប់​កម្រិត និង​ប្រភេទ​ទ័ព ព្រមទាំង​បានបញ្ជាក់​អំពី​ការគាំទ្រ​ដល់​កិច្ចសហប្រតិបត្តិការ​ដែល​បាន​ឯកភាពគ្នា​រវាង​ក្រសួងការពារជាតិ​នៃ​ប្រទេស​ទាំងពីរ កម្ពុជា​-​ថៃ​។ នេះ​បើតាម​គណនី​តេ​ឡេ​ក្រាម​ផ្លូវការ​របស់លោក ហ៊ុន ម៉ា​ណែ​ត​។

លោកនាយក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់ថា​៖«​កម្ពុជា និង​ថៃ នឹង​បន្ត​កិច្ចសហការ​ជិតស្និទ្ធ​តាម​ខ្សែបន្ទាត់​ព្រំដែន ក្នុងការ​គ្រប់គ្រង​គ្រោះមហន្តរាយធម្មជាតិ និង​ការទប់ស្កាត់​រាល់​បទល្មើស​ឆ្លងដែន​នានា សំដៅ​ធានាបាន​នូវ​តំបន់​ព្រំដែន​សន្តិភាព​ជូន​ប្រជាពលរដ្ឋ​ទាំងពីរ ដែល​កំពុង​រស់នៅ ប្រកបការងារ និង​ធ្វើ​ពាណិជ្ជកម្ម​ផ្សេងៗ ប្រកបដោយ​សុខ​សុវត្ថិភាព​»​។


នៅក្នុង​ជំនួប​ដាច់ដោយឡែក​មួយទៀត​រវាង លោក ហ៊ុន សែន ប្រធាន​ក្រុម​ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ជាមួយ​រដ្ឋមន្ត្រីក្រសួង​ការពារជាតិ​ថៃ នៅ​ថ្ងៃ​ដដែល​នោះដែរ​, លោក ហ៊ុន សែន បាន​លើកទឹកចិត្ត​រាជរដ្ឋាភិបាល​ប្រទេស​ទាំងពីរ កងទ័ព​ទាំងពីរ ដែលមាន​កិច្ចសហប្រតិបត្តិការ​ល្អ​ប្រសើរ​កន្លងមក បន្ត​កិច្ចសហប្រតិបត្តិការ​ថែមទៀត លើ​យន្តការ​ដែលមាន​ស្រាប់ បន្ថែម​លើ​យន្តការ JBC និង GBC គឺ​យើង​នៅមាន​យន្តការ​ជាច្រើន​ទៀត​ដូចជា​៖ GMS, ACMEC, CLMTV , ASEAN ។​ល​។ 
​លោក​បានបង្ហាញ​ពី​ក្តី​សង្ឃឹមថា ទស្សនកិច្ច​របស់​គណៈ​ប្រតិភូ​ក្រសួងការពារជាតិ​ថៃ​នៅពេលនេះ នឹង​ពង្រឹង​ថែមទៀត​នូវ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ ជាពិសេស រវាង​កងទ័ព​ទាំងពីរ​។

​សង្ឃឹមថា រដ្ឋាភិបាល​របស់​ថៃ​បច្ចុប្បន្ន និង​រដ្ឋាភិបាល​ថ្មី​ដឹកនាំ​ដោយ​អ្នក​បន្តវេន​នៅ​កម្ពុជា នឹង​បន្ត​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់តែ​ល្អប្រសើរ​ថែមទៀត ជាពិសេស​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម ធ្វើឱ្យ​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​កាន់តែ​មានកា​រ​រឹងមាំ និង​លូតលាស់​ជា​លំដាប់ តាមរយៈ​ការកើនឡើង​ទំហំ​ពាណិជ្ជកម្ម ការផ្លាស់ប្ដូរ​ទេសចរ​ណ៍​តាម​ព្រំដែន ជាពិសេស​តួនាទី​សំខាន់​របស់​កងទ័ព ដែលមាន​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​គ្នា​នឹង​គ្នា​»​។ នេះ​ជា​បញ្ជាក់បន្ថែម របស់លោក ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី​។

ជាមួយគ្នា​នោះដែរ លោក សុធី​ន ខ្លាំង​សែង (Sutin Klungsang) បាន​កោតសរសើរ​ចំពោះ​ទំនាក់ទំនង​ល្អប្រសើរ​រវាង​ប្រទេស​ទាំងពីរ ដែលមាន​ភាព​កាន់តែ​រលូន រឹងមាំ​ជា​លំដាប់ ដោយ​ប្រទេស​ទាំង​ពីរបាន​ប្រើ​យន្តការ​ដែលមាន​ស្រាប់​នាពេល​កន្លងមក ដូចជា​៖ យន្តការ JBC (Joint Boundary Committee) ក្នុងការ​ពង្រឹង​ទំនាក់​ទំនងជា​លំដាប់​។

លោក​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ថៃ បានចាត់ទុក​បទពិសោធ​ន៍​របស់លោក ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា ថា​មាន​សារៈសំខាន់​មិន​គ្រាន់តែ​នៅក្នុង​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ​នៅក្នុង​វេទិកា​ពិភពលោក ក៏ដូចជា​ក្នុង​វេទិកា​អាស៊ាន​ផងដែរ​។

លោក​រដ្ឋមន្ត្រី បាន​កោតសរសើរ និង​គាំទ្រ​ចំពោះ​គោលនយោបាយ​ប្រែក្លាយ​ព្រំដែន នៃ​ប្រទេស​ទាំងពីរ ឱ្យទៅជា​ព្រំដែន​មាន​សុខសន្តិភាព មាន​កិច្ច​សហ​ប្រ​ត្តិ​ការ និង​ការអភិវឌ្ឍ ហើយនឹង​គោលដៅ​ក្នុងការ​បញ្ចប់​មីន​នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០២៥​។ ក្នុង​រឿងនេះ លោក​បាន​ឯកភាព ហើយ​សន្យា​នឹង​ជំរុញ​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ កងទ័ព​ប្រទេស​ទាំងពីរ ក្នុងការ​ដោះមីន​នៅតាម​ព្រំដែន​ឱ្យអស់ ដើម្បី​បង្ក​ល់​លក្ខណៈ​ងាយស្រួល​ដល់​ការរស់នៅ​របស់​ប្រជាជន ក្នុងការ​បង្កបង្កើនផល ក៏ដូចជា​ការផ្លាស់ប្ដូរ​ពាណិជ្ជកម្ម និង​ការបើក​ច្រកព្រំដែន ដើម្បី​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ ឱ្យ​កាន់តែ​ទូលំទូលាយ​ថែមទៀត​៕