​រដ្ឋបាល​ជលផល​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​អង្គការ​ដៃគូ នឹង​រៀបចំ​សិក្ខាសាលា​បញ្ចប់​វគ្គប​ណ្តុះ​បណ្តាល​គ្រូ​បង្គោល​ស្ដីពី «​គោលការណ៍​ណែនាំ​ការគ្រប់គ្រង​ថវិកា​សម្រាប់​ដំណើរការ​អភិវឌ្ឍ​ន៍ស​ហគ​មន៍​នេសាទ និង​សហគមន៍​ស្រះ​ជម្រក​ត្រី​» នៅ​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ ២០២៣​ខាងមុខនេះ​។


សិក្ខាសាលា​នេះ គាំទ្រ​បច្ចេកទេស​ដោយ​អង្គការ​ស្បៀង និង​កសិកម្ម​សហប្រជាជាតិ (FAO) តាមរយៈ​កម្មវិធី CAPFISH-Capture ដែល​គាំទ្រ​ថវិកា​ដោយ​សហភាព​អឺរ៉ុប​។

សេចក្តីប្រកាស​ព័ត៌មាន​របស់ FAO បានឱ្យដឹងថា គោលការណ៍​ណែនាំ​ការគ្រប់គ្រង​ថវិកា​សម្រាប់​ដំណើរការ​អភិវឌ្ឍ​ន៍ស​ហគ​មន៍​នេសាទ ត្រូវបាន​បង្កើតឡើង​ដើម្បីឱ្យ​មានការ​គ្រប់គ្រង​កាន់តែ​ប្រសើរឡើង​នូវ​ថវិកា​ដែល​ផ្ដល់ជូន​សហគមន៍​នេសាទ និង​សហគមន៍​ស្រះ​ជម្រក​ត្រី តាមរយៈ​កម្មវិធី​ជំរុញ​កំណើន​វិស័យ​ជលផល ប្រកបដោយ​ចីរភាព និង​បរិ​យាប​ន្ន (CAPFISH-Capture)​។


សិក្ខាសាលា នឹងមាន​សុន្ទរកថា​ផ្លូវការ​របស់លោក ពុំ សុថា ប្រតិភូ​រាជរដ្ឋាភិបាល​ទ​ទួ​ក​បន្ទុក​ជា​ប្រធាន​រដ្ឋបាល​ជលផល លោក Everaert Koen អនុប្រធាន​ផ្នែក​សហប្រតិបត្តិការ​នៃ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា និង​លោកស្រី Rebekah Bell នាយក​ប្រចាំ​ប្រទេស​អង្គការ FA​។ តាមរយៈ​សិក្ខាសាលា​នេះ​ផងដែរ នឹងមាន​ធ្វើ​បទ​បង្ហាញ​នានា និង​ការប្រគល់​វិញ្ញាបនបត្រ​ចំនួន ៥៦៨ ដល់​សិក្ខាកាម​តំណាង​មកពី​ខណ្ឌ​រដ្ឋបាល​ជលផល សហគមន៍​នេសាទ និង​សហគមន៍​ស្រះ​ជម្រក​ត្រី​។

សូមជម្រាបថា កម្មវិធី​ជំរុញ​កំណើន​វិស័យ​ជលផល​ប្រកបដោយ​ចីរភាព និង​បរិ​យាប​ន្ន (​ផ្នែក​នេសាទ​) (CAPFISH-Capture) ដែលជា​កម្មវិធី​ជលផល​ដ៏​ធំ​បំផុត​មួយ​របស់​សហភាព​អឺរ៉ុប​។


កម្មវិធី​នេះ មាន​គោលបំណង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការគ្រប់គ្រង ការអភិរក្ស​ជលផល និង​ការអនុវត្ត​ច្បាប់ និង​បទ​ប្បញ្ញត្តិ​នានា​ស្តីពី​ជលផល រួមទាំង​ផែនការ​សកម្មភាព​ដើម្បី​ទប់ស្កាត់ និង​លុបបំបាត់​ការនេសាទ​ខុសច្បាប់ គ្មាន​របាយការណ៍ និង​គ្មាន​ការអនុញ្ញាត ក្នុង​ដែន​នេសាទ​សមុទ្រ និង​ទឹកសាប​។

ជាពិសេស​ពង្រឹង​ក្របខ័ណ្ឌ​គ្រប់គ្រង​ជលផល តាមរយៈ​ជួយ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ឱ្យសម្រេចបាន​នូវ​ការអភិវឌ្ឍ​ធនធាន​ជលផល​ទឹកសាប និង​សមុទ្រ​ឱ្យមាន​និរន្តរភាព រួមចំណែក​ដល់​សន្តិសុខ​ស្បៀង និង​ការកាត់បន្ថយ​ភាពក្រីក្រ តាមរយៈ​ការកែលម្អ​ការអភិរក្ស ការគ្រប់គ្រង និង​ការអនុលោម​តាមច្បាប់ និង​បទ​ប្បញ្ញត្តិ​ជលផល​ក្នុង​ដែន​នេសាទ​សមុទ្រ និង​ទឹកសាប រួមចំណែក ដល់​ការអភិវឌ្ឍ​ជលផល​ក្រោយ​ការប្រមូល​ផល និង​ការកែលម្អ​ភាព​ធន់​របស់​សហគម​ន៍​នេសាទ​បឹង ទន្លេសាប និង​តំបន់ឆ្នេរ​៕​