ភ្នំពេញៈ ​លោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី និង​ជា​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ​(​គ​.​ស​.​ម​.​ក​.) បាន​ថ្នាក់ដឹកនាំ​មន្ត្រី​នៃ​គ​.​ស​.​ម​.​ក​. ចុះទៅ​ពន្ធនាគារ​ខេត្តកណ្តាល ដើម្បី​ពិនិត្យ​ពី​ស្ថានភាព​នៃ​ការឃុំ​ឃាំង ការអនុវត្ត​សិទ្ធិមនុស្ស និង​សួរសុខទុក្ខ​ជន​ជាប់ឃុំ រួមទាំង​លោក ខៀវ សំផន ផងដែរ​។​


យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិកា​រ​សិទ្ធិមនុស្ស​កម្ពុជា ​(​គ​.​ស​.​ម​.​ក​.)​នៅ​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០២៣ ក្នុងឱកាស​នៃ​ការចុះពិនិត្យ​ស្ថានភាព​នេះ លោក កែវ រ៉េមី បាន​កោតសរសើរ​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រី​នៃ​ពន្ធនាគារ​ខេត្តកណ្តាល ដែល​បាន​បំពេញ​តួនាទី​ភារកិច្ច​ដោយ​ការយកចិត្តទុកដាក់​ខ្ពស់ ដែល​បង្ក​ឱ្យ​ស្ថានភាព​នៃ​ការរស់នៅ​របស់​ជន​ជាប់ឃុំ​មាន​លក្ខណៈ​ល្អប្រសើរ និង​ទទួលបាន​សិទ្ធិ​តាម​ការកំណត់​នៃ​ច្បាប់​ស្ដីពី​ពន្ធនាគារ​។ 

ប្រភព​ដដែល​បាន​បញ្ជាក់ថា​៖ «​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា អរគុណ​ដល់​ថ្នាក់ដឹកនាំ និង​មន្ដ្រី​ពន្ធនាគារ​ទាំងអស់ ដែល​តែងតែ​ផ្ដល់​ការសហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​នាពេល​កន្លងមក ក្នុងការ​លើកកម្ពស់ ការការពារ​សិទ្ធិ និង​សេរីភាព​របស់​ជន​ជាប់ឃុំ​»​។ 


ទន្ទឹមនេះ លោក​ក៏បាន​ផ្តាំផ្ញើ ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រី​ពន្ធនាគារ​ឱ្យ​យកចិត្តទុកដាក់​បន្ថែម​ទៀត ចៀសវាង​ការប្រើ​អំពើហិង្សា​និង​ការធ្វើ​ទារុណកម្ម ជាពិសេស​សូម​ប្រកាន់ខ្ជាប់​និង​គោរព​តាម​បទដ្ឋាន​សិទ្ធិ​មនុស្សជាតិ​និង​អន្តរជាតិ​។​

សូម​បញ្ជាក់ដែរថា លោក ខៀវ សំផន គឺជា​អតីត​ប្រមុខរដ្ឋ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ និង​ជា​អតីត​មេដឹកនាំ​ខ្មែរក្រហម​តែ​១​គត់​ដែល​នៅមាន​ជីវិត​នៃ​សំណុំរឿង ០០២/០២ របស់ សាលាក្តី​ខ្មែរក្រហម ហើយ​កំពុងតែ​អនុវត្ត​ទោស​ជាប់ពន្ធនាគារ​អស់ ១​ជីវិត នៅក្នុង​ពន្ធនាគារ​ខេត្តកណ្តាល​។ 


លោក ខៀវ សំផន ត្រូវបាន​ដាក់​ឃុំ​នៅ​អគារ​និង​បន្ទប់​ឃុំឃាំង​ដាច់ដោយឡែក​ពី​ជន​ជាប់ឃុំ​ផ្សេងទៀត និង​ទទួល​បានការ​មើលថែ​ដោយ​យកចិត្តទុកដាក់​ពី​សំណាក់​អ្នក​មើលថែ គ្រូពេទ្យ និង​មន្ត្រី​ពន្ធនាគារ ដោយមាន​សុខភាព​ធម្មតា​តាម​វ័យ​របស់គាត់​។​

ដោយឡែក​ទាក់ទង​នឹង​ពន្ធនាគារ​នេះដែរ យោងតាម​ហ្វេ​ស​ប៊ុ​ក​របស់​អគ្គនាយកដ្ឋាន​ពន្ធនាគារ បានឱ្យដឹងថា បច្ចុប្បន្ន​ជន​ជាប់ឃុំ​នៅ​ពន្ធនាគារ​កម្ពុជា កំពុងមាន​ស្ថានភាព​ចង្អៀត​ណែន ដោយសារ​កន្លែង​ស្នាក់នៅ​របស់​ជន​ជាប់ឃុំ​ទាំងនោះ ជា​មធ្យម​មាន​ជាង​១​ម៉ែត្រការ៉េ​ពីគ្នា​ប៉ុណ្ណោះ ខណៈដែល​តាម​ស្ដង់ដា​អន្តរជាតិ ជន​ជាប់ឃុំ​ទទួលបាន​កន្លែង​ស្នាក់​នៅមាន​ទំហំ​ជាង ៣​ម៉ែត្រការ៉េ​។​

ការលើកឡើង​បែបនេះ​ធ្វើឡើង​ដោយ​មន្ត្រី​ពន្ធនាគារ​រាជធានី​ខេត្ត និង​ប្រធាន​មណ្ឌល​កែប្រែ នៅក្នុង​ពិធី​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​អនុវត្តន៍​ការងារ​សម្រាប់​ឆ្នាំ​២០២៤ របស់​អគ្គនាយកដ្ឋាន​ពន្ធនាគារ កាលពី​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០២៣​នេះ​។​

អគ្គនាយកដ្ឋាន​ពន្ធនាគា​រ បាន​បញ្ជាក់ថា ៖ «​ការលើកឡើង​រួមគ្នា​ពី​ស្ថានភាព​ជាក់ស្តែង និង​បញ្ហា​ប្រឈម​នានា​នេះ ដើម្បី​ទាមទារ​រក​ដំណោះស្រាយ ខណៈ​បច្ចុប្បន្ននេះ ជន​ជាប់ឃុំ​ភាគច្រើន​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន ហេតុនេះ​សំណង់​ពន្ធនាគារ នៅ​មិនទាន់​ឆ្លើយតប​នឹង​ចំនួន​ជន​ជាប់ឃុំ ដែលជា​ហេតុ​ផ្តល់​ផលប៉ះពាល់​អវិជ្ជមាន​ដល់​ការងារ​សន្តិសុខ សុខភាព​មន្ត្រី និង​ជន​ជាប់ឃុំ​»​។​

លោក ឈន សា​ណាត អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ បាន​ថ្លែង​ក្នុង​ពិធី​សន្និបាត​នោះ​ដោយបាន​ណែនាំ​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រី​ទាំងអស់ ត្រូវ​រៀបចំ​ឱ្យមាន​កន្លែង​ដាក់​សម្ភារ​ជន​ជាប់ឃុំ ឱ្យនៅ​ខាងក្រៅ​បន្ទប់​ឃុំឃាំង និង​ត្រូវ​កាត់បន្ថយ​សម្ភារ​ផ្ទាល់ខ្លួន​របស់​ជន​ជាប់ឃុំ​ដែល​មិនចាំបាច់​ដាក់​ក្នុង​បន្ទប់​ឃុំឃាំង​ឡើយ​។ 

លោក​បានឱ្យដឹងថា​៖ «​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ កំពុង​សហការ​ជាមួយ​ក្រសួងយុត្តិធម៌ ដើម្បី​ចុះ​ស្រង់​ស្ថិតិ​ជន​ជាប់ឃុំ​ចាស់ជរា និង​ជន​វិបល្លាស​ស្មារតី ដើម្បី​ស្នើសុំ​ដោះលែង​ដោយមាន​លក្ខខណ្ឌ និង​អនុវត្តន៍​ទោស​សហគមន៍ ក្នុងការ​រួមចំណែក​កាត់បន្ថយ​ភាព​ចង្អៀត​ណែន​នៅក្នុង​ពន្ធនាគារ​»​។​

បើតាមលោក ឈន សា​ណាត ក្រៅពីនេះ ក៏ត្រូវ​រៀបចំ​បន្ថែម​ម៉ោង​ចេញ​ហាត់ប្រាណ​សម្រាប់​ជន​ជាប់ឃុំ ដើម្បី​កាត់បន្ថយ​ភាព​ចង្អៀត​ណែន ជាពិសេស​ត្រូវយក​ចិត្ត​ទុកដាក់​ខ្ពស់​ចំពោះ​ក្មេង​តាម​ម្តាយ និង​ស្ត្រី​មាន​ផ្ទៃពោះ និង​ជន​ងាយ​រងគ្រោះ​ផងដែរ​។​

លោក អំ សំអាត នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ បានឱ្យដឹង​នៅ​ថ្ងៃទី​២០ ខែធ្នូ​ថា កន្លងមក​អង្គការ​លោក និង​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន ក៏​ធ្លាប់​ផ្ដល់​អនុសាសន៍​រួចមកហើយ ខណៈដែល​ក្រសួងយុត្តិធម៌ ក៏បាន​បើក​យុទ្ធនាការ​ព​ន្លឿ​ន​នីតិវិធី​នៅតាម​សាលាដំបូង​រាជធានី​ខេត្ត និង​តុលាការ ក្នុង​គោលបំណង​ដើម្បី​ចូលរួម​កាត់បន្ថយ​ភាព​ចង្អៀត​ណែន​នៅក្នុង​ពន្ធនាគារ ប៉ុន្តែ​ដំណោះស្រាយ​ទាំងនេះ តែ​នៅ​មិនទាន់មាន​ការឆ្លើយតប​នៅឡើយ​ទេ​។ 

លោក​បន្តថា ចំណែក​ការពង្រីក​ពន្ធនាគារ​ប​ន្ថែ​ម វា​ក៏​មិនមែនជា​ការឆ្លើយតប​ល្អ​ដែរ ប៉ុន្តែ​អ្វី​ដែលជា​ដំណោះស្រាយ​ឆ្លើយតប​ល្អ​នោះ គឺ​ពិនិត្យមើល​ជន​ជាប់ឃុំ​ណា​ដែល​អាចអនុវត្ត​ទោស​សហគមន៍​បាន គួរតែរៀបចំ​ជន​ជាប់ឃុំ​ទាំងនោះ​។​
​ក្រៅពីនេះ ពិនិត្យមើល​ជន​ជាប់ឃុំ​ដែលជា​សកម្មជន​សិទ្ធិមនុស្ស សកម្មជន​ការងារ​សង្គម និង​សកម្មជន​នយោបាយ​ផ្សេងៗ គួរតែ​ដោះលែង​ឱ្យនៅ​ក្រៅ​ឃុំ​។ មួយវិញទៀត អាជ្ញាធរ ក៏ត្រូវ​ពិនិត្យមើល​ជន​ជាប់ឃុំ​ដែលជា​ជន​ចាស់ជរា និង​ជន​ជិត​ផុត​ទោស គួរតែ​ដោះលែង​ឱ្យនៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ដោយ​ធ្វើ​ការងារ​ជួយ​សហគមន៍​ជាដើម​។​

លោក អំ សំអាត បាន​បញ្ជាក់ថា​៖ «​ដូច្នេះ​ដំណោះស្រាយ​ទាំងអស់​ហ្នឹង វា​នឹង​ឆ្លើយតប​ក្នុង​ការជួយ​កាត់បន្ថយ​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​ផងដែរ ខណៈដែល​បញ្ហា​ចង្អៀត​ណែន​នេះ បានធ្វើឱ្យ​ជន​ជាប់ឃុំ ប្រឈម​នឹង​បញ្ហា​សុខភាព កើត​ជំងឺ​ថប់​អារម្មណ៍ និង​ជំងឺឆ្លង​ផ្សេងៗ​ទៀត​»​។​

​យោងតាម​របាយការណ៍​ស្តីពី​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២៣ និង​ទិសដៅ​ការងារ​បន្ត​ឆ្នាំ​២០២៤ របស់​អគ្គនាយកដ្ឋាន​ពន្ធនាគារ បង្ហាញថា គិត​ត្រឹម​ថ្ងៃទី​២៥  ខែវិច្ឆិកា ឆ្នាំ​២០២៣​នេះ ចំនួន​ជន​ជាប់ឃុំ​នៅ​ពន្ធនាគារ មាន​សរុប ៤២ ៦៦០​នាក់ (​ស្រី ២៥៦០​ នាក់​), ជនបរទេស​មាន​ចំនួន ២ ៣០៤​នាក់​(​ស្រី ២៥៥ ​នាក់​) អនីតិជន ២ ៣០៣​ នាក់ ចំណែក​ស្ត្រី​មាន​ផ្ទៃពោះ​មាន ២៧​ នាក់ កូន​តាម​ម្តាយ​មាន ១១៥​នាក់​។​

​របាយការណ៍​ដដែល​ប​ង្ហា​ញ​ទៀតថា ជន​ជាប់ឃុំ​ដែល​ប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន​មាន​ច្រើនជាងគេ គឺ ៤៨,៩៥​ ភាគរយ​, បទល្មើស​លួច​មាន​ស្ថាន​ទម្ងន់ទោស ១០,១៤​ ភាគរយ​, បទល្មើស​លួច ១១,៩៨​ ភាគរយ​, រំលោភ​សេពសន្ថវៈ ៥,៨១ ​ភាគរយ​, បទល្មើស​ឃាតកម្ម ៥,២៩​ ភាគរយ និង​បទល្មើស​ផ្សេងៗ​ទៀត​មាន ១៧,៨៣ ​ភាគរយ​។ ចំនួន​នេះ​មានការ​កើនឡើង​បើ​ធៀប​នឹង​ឆ្នាំ​២០២២ ក្នុង​អត្រា ១២,៧៣​ ភាគរយ ស្មើនឹង​ជន​ជាប់ឃុំ​ចំនួន ៤៨២០ ​នាក់​៕