​ភ្នំពេញៈ​ក្រសួង​ទេស​ចរណ៍​ បើក​កិច្ច​ពិភាក្សា​ជា​មួយ​ផ្នែក​ឯកជន​ក្នុង​វិស័យ​ទេស​ចរណ៍​ដើម្បី​ជំរុញ​កិច្ច​សហ​ការ​និង​ពិភាក្សា​ពី​សេច​ក្តី​ព្រាង ​អនុ​ក្រឹត្យ​ស្តីពី​ការ​កែ​សម្រួល​ក្រុ​មប្រឹក្សា​ភិបាល​សិក្សា​ទីផ្សារ ​និង​ផ្សព្វ​ផ្សាយ​ទីផ្សារ​ទេសច​រណ៍​កម្ពុជា​ឱ្យ​ទៅជា​ក្រុម​ប្រឹក្សា​ទេស​ចរណ៍​កម្ពុជា​ ដើម្បី​ប្រសិទ្ធ​ភាព​ការ​ងារ​ក្នុង​វិស័យ​នេះ​។​


​កិច្ច​ប្រជុំ​នេះ ​បាន​រៀបចំ​ឡើង​កាល​ថ្ងៃទី​១៨​ ខែធ្នូ​ ឆ្នាំ​២០២៣ ​ដោយមា​ន​ការចូល​រួម​ពី​សមា​គម​ចុង​ភៅ​កម្ពុជា ​សមា​គម​ទេស​ចរណ៍​អាស៊ី​ប៉ាស៊ី​ហ្វិក​កម្ពុជា​ សមា​គម​ទីភ្នាក់​ងារ​ទេស​ចរណ៍​កម្ពុជា ​សមា​គម​ភោជ​នីយ​ដ្ឋាន​កម្ពុជា ​និង​សមា​គម​សណ្ឋា​គារ​កម្ពុជា​ ដើម្បី​ទទួល​បាន​ឯក​ភាព​គ្នា​ជា​គោល​ការណ៍​លើ​ការ​បញ្ចប់​សេចក្ដី​ព្រាង​អនុក្រឹត្យជា​គោលដៅ​ទេស​ចរណ៍ប្រកប​ដោយ​ការ​ប្រកួត​ប្រជែង និរន្តរ​ភាពនិង​បរិ​យាប​ន្ន​។នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួ​ងទេស​ចរណ៍​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃទី​១៩​ ខែធ្នូ ​ឆ្នាំ​២០២៣​។​

​បើតាម​សេចក្តី​ប្រកាស​ព័ត៌​មាន​នេះ ​លោ​កសុខ សូកេន រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍​និង​ជា​ប្រធាន​ក្រុម​ការងារ​ទេស​ចរណ៍​ដែល​បាន​ដឹក​នាំ​កិច្ច​ប្រជុំ​បាន​លើក​ឡើង​ថា ​ដោយ​មាន​ការ​សហ​ការ​ពី​ផ្នែក​ឯកជន​ជា​បន្ត​បន្ទាប់​ ពិត​មាន​សារៈ​សំខាន់​ណាស់​ដើម្បី​ជំរុញ​សកម្ម​ភាព​ក្រុម​ប្រឹក្សា​ភិបាល​ទេស​ចរណ៍​កម្ពុជា​។ 


​លោក​បាន​បញ្ជាក់​ថា​៖«​រាជ​រដ្ឋាភិ​បាល​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ធានា​ការសម្រប​សម្រួល​ក្រប​ខ័ណ្ឌ​ខាង​លើនេះដើ​ម្បី​ធ្វើ​យ៉ាង​ណា​ជំរុញ​សកម្ម​ភាព​ក្រុម​ប្រឹក្សា​ទេស​ចរណ៍​កម្ពុជា​ឱ្យ​មាន​លក្ខណៈ​សម​ស្រប​តាម​តម្រូវ​ការ​នៃ​ការវិវឌ្ឍ​របស់​ឧស្សា​ហកម្ម​ទេសចរណ៍​កម្ពុជា​»​។

​លោក​សុខ សូកេន ​បាន​បន្ត​ថា៖ «​ការ​ជំរុញ​សកម្ម​ភាព​ក្រុម​ប្រឹក្សា​ទេស​ចរណ៍​កម្ពុជា​ បាន​បង្ហាញ​ពី​ជំហាន​ដ៏​សំខាន់​មួយ ​ដែល​ស្រប​តាម​ចក្ខុ​វិស័យ​ដ៏​ត្រឹម​ត្រូវ​របស់​រាជ​រដ្ឋាភិ​បាល​កម្ពុជា​ អាណត្តិ​ទី​៧ ក្រោម​ការ​ដឹក​នាំ​របស់​សម្ដេច​មហា​បវរ​ធិបតី​ ហ៊ុន ម៉ា​ណែ​ត នា​យក​រដ្ឋ​មន្ត្រីនៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​»​។ 

​លោក​បាន​បន្ថែម​ថា ​គំនិត​ផ្តួច​ផ្តើម​នេះ ​បាន​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការ​ជំរុញ​ភាព​ជា​ដៃគូ​រវាង​វិស័យ​សា​ធារណៈ​ ផ្នែក​ឯក​ជន​ និង​ប្រជា​ជន ​ដើម្បី​ត​ភ្ជាប់​ទីផ្សារ​ទេស​ចរណ៍​អាទិ​ភាព​ដែល​នាំ​ទៅ​ដល់​ការ​បង្កើន​សម្ទុះ​អភិ​វឌ្ឍន៍​ទេស​ចរណ៍ ​និង​ជំរុញ​សេដ្ឋ​កិច្ច និង​ផលិត​ផល​ក្នុង​ស្រុក​សរុប​។ 


​លោក ​ធួន ស៊ីណាន ប្រធាន​សមា​គម​ទេសចរ​ណ៍​អាស៊ី​ប៉ាស៊ី​ហ្វិក​កម្ពុជា​បាន​ប្រាប់​នៅ​ថ្ងៃទី​២០​ ខែធ្នូ ឆ្នាំ​២០២៣​ថា​ក្នុង​នាម​ផ្នែក​ឯក​ជន​នៃ​វិស័យ​ទេស​ចរណ៍ ​លោក​សាទរ​និង​កោត​សរសើរ​ចំពោះ​កិច្ច​ប្រឹង​ប្រែង​របស់​រាជ​រដ្ឋាភិ​បាល​ ជា​ពិសេស​ក្រសួង​ទេស​ចរណ៍ ក្នុង​រៀបចំ​រចនា​សម្ព័ន្ធ​ ផែន​ការ ​និង​សកម្ម​ភាព​នានា ​ដើម្បី​ភាព​រីក​ចម្រើន​នៃ​វិស័យ​ទេស​ចរណ៍​កម្ពុជា​។​

​លោក​បាន​ថ្លែង​ថា​៖«​យើង​ខ្ញុំ​រីករាយ​ដែលមា​ន​ឱកាស​ចូលរួម​ជាមួយ​ក្រសួង​ទេស​ចរណ៍ និង​រាជរដ្ឋាភិ​បាល​ក្នុង​អាណត្តិ​ទី​៧​ដើម្បី​រៀបចំ​និង​កែ​ឈ្មោះ​ក្រុម​ប្រឹក្សា​ផ្សព្វ​ផ្សាយ​ទេស​ចរណ៍​កម្ពុជា ​(CTB) ដែល «​ទាំង​អស់​គ្នា​ដើម្បី​កម្ពុជា​រួមគ្នា​ខ្លាំង​»​។​

​សូម​ជម្រាប​ថា ក្រុម​ប្រឹក្សា​ភិបាល​សិក្សា​ទីផ្សារ​និង​ផ្សព្វ​ផ្សាយ​ទេស​ចរណ៍​កម្ពុជា(​ក​.​ផ​.​ផ​) ជា​ស្ថា​ប័ន​ចម្រុះ​រវាង​រដ្ឋនិង​វិស័យ​ឯកជន​កំពុង​ពិចារ​ណា​ដាក់​សំណើ​មួយ​ចំនួន​ទាក់​ទង​នឹង​ការស​ម្រួលភ្ញៀវ​ទេស​ចរ​ទៅ​រដ្ឋាភិ​បាល​ដើម្បី​បង្កើន​ភាព​ទាក់​ទាញ​បន្ថែម​ទៀត​។​ក​.​ផ​.​ផ ត្រូវ​បាន​បង្កើត​ឡើង​កាលពី​អំឡុង​ឆ្នាំ​២០១៩ ​ដោយ​មាន​ការ​ចូល​រួម​ពី​ក្រសួង​ទេស​ចរណ៍ ​ក្រសួង​ការ​បរទេស រដ្ឋ​លេខា​ធិការ​ដ្ឋាន​អា​កាសចរណ៍​ស៊ីវិល​ សមា​គម​ទីភ្នាក់​ងារ​ទេស​ចរណ៍​កម្ពុជា ​សមា​គម​ទីភ្នាក់​ងារ​ទេស​ចរណ៍​អាស៊ី​ប៉ាស៊ី​ហ្វិក​ និង​ក្រុម​ហ៊ុន​អាកាស​ចរណ៍​អង្គរ​អ៊ែរ​៕