ភ្នំពេញៈ ក្រសួង​អប់រំ យុវជន និង​កីឡា និង​ដៃគូ​អភិវឌ្ឍន៍ បាន​បើក​សិក្ខាសាលា​ដល់​គ្រូបង្រៀន​ផ្នែក​អប់រំ​បច្ចេកទេស​ជំនាញ​មកពី ១៤​ សាលា ឱ្យ​យល់ដឹង​ពី​សុខភាព​តែ​១ សំដៅលើ​ការបង្ការ​ជំងឺឆ្លង កុំឱ្យ​ប៉ះពាល់​ដល់​សុខភាព មនុស្ស សត្វ និង​បរិស្ថាន ដើម្បី​ផ្សព្វផ្សាយ​បន្ត​ពី​គោល​គំនិត​នេះ​ដល់​សិស្សានុសិស្ស​នៅតាម​សាលារៀន​។​


​សិក្ខាសាលា​នេះ រៀបចំឡើង​រយៈពេល ២​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៩ ដល់​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០២៣ ក្រោម​កិច្ចសហការ​រៀបចំ​ដោយ​ក្រសួង​អប់រំ បណ្ដាញ​សាកលវិទ្យាល័យ​សុខភាព​តែ​១​អាស៊ីអាគ្នេយ៍ (SEAOHUN) និង​ទីភ្នាក់ងារ​ជំនួយ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍន៍​អន្តរជាតិ (USAID)​ ដោយបាន​ផ្ដល់​ការយល់ដឹង​ពី​សុខភាព​តែ​១ ដល់​បុគ្គលិក​អប់រំ និង​គ្រូបង្រៀន​ផ្នែក​អប់រំ​បច្ចេកទេស​ជំនាញ ក្សេត្រសាស្ត្រ ប​សុ​វប្បកម្ម និង​កែច្នៃ​អាហារ នៅតាម​វិទ្យាល័យ​ចំណេះ​ទូទៅ និង​បច្ចេកទេស ចំនួន ១៤​ សាលា​។ 

តាមរយៈ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រសួង​អប់រំ លោក ជួន ជីវិន រដ្ឋលេខាធិការ​នៃ​ក្រសួង​អប់រំ បាន​ថ្លែងថា លោក​គាំទ្រ​ចំពោះ​ការផ្សព្វផ្សាយ និង​លើកកម្ពស់​ការយល់ដឹង​សុខភាព​តែ​១ នៅតាម​សាលារៀន ក៏ដូចជា​សាធារណជន​ទូទៅ​។ ទន្ទឹមនេះ លោក​ក៏បាន​លើកយក​នូវ​បទពិសោធ​ន៍ផ្ទាល់ខ្លួន​លើ​វិស័យ​កសិកម្ម ដោយ​ការប្រើប្រាស់​សារធាតុ​គីមី  ក្នុងការ​ជំរុញ ផលិតភាព​នៃ​ទិន្នផល​កសិកម្ម ដែលជា​កត្តា​ជះឥទ្ធិពល​អាក្រក់​ដល់​សុខភាព មនុស្ស សត្វ និង​បរិស្ថាន​។ 


លោក​បាន​ថ្លែងថា​៖ «​សិក្ខាកាម និង​អ្នកចូលរួម​ទាំងអស់ តើ​ធ្វើយ៉ាងណា​ដើម្បី​ទទួលបាន​ទិន្នផល​ខ្ពស់ និង​មាន​ផលប៉ះពាល់​តិចតួច​ដល់​សុខភាព មនុស្ស សត្វ និង​បរិស្ថាន​? ខ្ញុំ​សូម​លើកទឹកចិត្ត​ឱ្យ​អង្គសិក្ខាសាលា​ពិភាក្សា​លើ គុណសម្បត្តិ និង​គុណវិបត្តិ​នៃ​ការធ្វើ​កសិកម្ម​តាមបែប​ប្រពៃណី និង​បែប​សម័យ​ទំនើប​»​។​

ជាមួយគ្នានេះ លោក​ក៏បាន​លើកទឹកចិត្ត​ដល់​បុគ្គលិក​អប់រំ និង​គ្រូបង្រៀន​ផ្នែក​អប់រំ​បច្ចេកទេស​ជំនាញ​ទាំងនោះ ក្រោយពី​ទទួលបាន​ចំណេះដឹង​លើ​ប្រធានបទ «​សុខភាព​តែ​១» ហើយ អាច​យកទៅ​ចែករំលែក និង​បន្ត​ការផ្សព្វផ្សាយ​ពី​គោល​គំនិត​សុខភាព​តែ​១ ដល់​គ្រូបង្រៀន​ផ្សេងទៀត ជាពិសេស​សិស្សានុសិស្ស​នៅតាម​សាលារៀន​។​


យោងតាម​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​បញ្ជាក់ថា សុខភាព​តែ​១​គឺជា​វិធីសាស្ត្រ​រួម​ប​ញ្ចូលគ្នា ដើម្បី​ធ្វើឱ្យមាន​តុល្យភាព និង​បង្កើន​ប្រសិទ្ធភាព​សុខភាព​របស់​មនុស្ស សត្វ និង​បរិស្ថាន ហើយ​វា​មាន​សារៈសំខាន់ ក្នុងការ​ទប់ស្កាត់ និង​ឆ្លើយតប ពី​ការរកឃើញ​ជំងឺឆ្លង​ផ្សេងៗ ដែល​គំរាមកំហែង​ផ្នែក​សុខភាព​សកល ដូចជា​ជំងឺ​កូ​វីដ​១៩ ​ជាដើម​។​

អង្គការ​ដដែល​បាន​បញ្ជាក់ថា សុខភាព​តែ​១ វា​ក៏​ពាក់ព័ន្ធ​នឹង​វិស័យ​សុខភាព​សាធារណៈ បសុពេទ្យ និង​ផ្នែក​បរិស្ថាន ហើយ​ជាពិសេស​វា​ទាក់ទង​នឹង​សុវត្ថិភាព​ចំណីអាហារ ទឹក និង​ការគ្រប់គ្រង​ជំងឺ​ដែល​អាច​ឆ្លង​រីក​រាលដាល​រវាង​សត្វ ទៅ​មនុស្ស ដូចជា​ ជំងឺ​គ្រុនផ្តាសាយ និង​ជំងឺ​ឆ្កែឆ្កួត​ជាដើម​៕