ភ្នំពេញៈ កម្ពុជា​-​ចិន តាមរយៈ​ស្ថាប័ន​សភា​បាន​វាយតម្លៃ​ខ្ពស់ និង​បាន​សម្តែង​ការពេញចិត្ត​ជាខ្លាំង​ចំពោះ​សមិទ្ធផល​ជា​ប្រវត្តិសាស្ត្រ​ជាច្រើន​នៃ​ប្រទេស​ទាំង​២ និង​កិច្ចសហប្រតិបត្តិការ «​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​»​និង​សហគមន៍​វាសនា​រួម​កម្ពុជា​-​ចិន​ប្រកបដោយ​គុណភាព​ខ្ពស់ កម្រិត​ខ្ពស់ និង​ស្តង់ដា​ខ្ពស់​។​


ការវាយតម្លៃ​ខ្ពស់​នេះ​បាន​ធ្វើឡើង​តាមរយៈ​ជំនួប​រវាង​ប្រមុខរដ្ឋស្តីទី លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា បានទទួល​ជួប​លោក កៅ យុន​ឡុង (GaoYunlong) អនុ​ប្រធានសភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ចិន​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន កាលពី​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ ២០២៣ ក្នុងឱកាស​ដែល​លោក​បាន​ដឹកនាំ​​គណៈប្រតិភូ​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​កម្ពុជា​។​

បើ​សេចក្តីប្រកាស​ព័ត៌មាន​របស់​ព្រឹទ្ធសភា​ស្តីពី​ជំនួប​នោះ​លោក សាយ ឈុំ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​គណៈប្រតិភូ ដែល​បានមក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​កម្ពុជា​នាពេលនេះ ពិតជា​បានរួម​ចំណែក​ដ៏​ធំធេង​ក្នុងការអភិវឌ្ឍ​ចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស និង​សភា​ទាំង​២ ឱ្យ​កាន់តែ​រឹងមាំ​ស៊ីជម្រៅ​ថែមទៀត ដែល​នាំមក​នូវ​ផលប្រយោជន៍​ទៅវិញទៅមក​សម្រាប់​ប្រជាជន​ទាំង​២ ទាំង​ពេលបច្ចុប្បន្ន និង​ពេលអនាគត​។ 


លោក សាយ ឈុំ បាន បញ្ជាក់ថា​៖ «​ឆ្នាំ​២០២៣​នេះ គឺជា ឆ្នាំ​មិត្តភាព​កម្ពុជា​-​ចិន និង​ជា​ខួប​អនុស្សាវ​រី​យ៍​លើក​ទី​៦៥ ឆ្នាំ នៃ​ថ្ងៃ​បង្កើត​ទំនាក់ទំនង​ការទូត​កម្ពុជា​-​ចិន​។ ប្រទេស និង​ប្រជាជន​ទាំង​២ បាន​រួមគ្នា​ប្រារព្ធ​ពិធី​អបអរសាទរ​ជាច្រើន ដើម្បី​បង្កើន​ការយល់ដឹង​ពី​វប្បធម៌ និង​ជីវភាព​រស់នៅ​រវាង​គ្នា​ទៅវិញទៅមក ហើយ​ថ្នាក់ដឹកនាំ​ប្រទេស​ទាំង​២​បានកំណត់​យក​ឆ្នាំ​២០២៤ ជា​ឆ្នាំ​នៃ​ការផ្លាស់ប្ដូរ​ប្រជាជន​កម្ពុជា​-​ចិន​»​។​

លោក សាយ ឈុំ ក៏បាន​ថ្លែង​ដោយ​កត់សម្គាល់​ផងដែរ​ថា តាមរយៈ​កិច្ចព្រមព្រៀង​នានា កម្ពុជា​បាននិងកំពុង​ទទួល​នូវ​ប្រយោជន៍​ដ៏​ធំធេង​សម្រាប់​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​លើ​គ្រប់​វិស័យ ហើយ​តាមរយៈ​ការជួយឧបត្ថម្ភ​គាំទ្រ​ពីស​ភា ប្រឹក្សា​នយោបាយ​ប្រជាជន​ចិន​ដល់​ព្រឹទ្ធសភា​កម្ពុជា ក៏បាន​រួមចំណែក​ដ៏​ខ្លាំងក្លា​ដល់​លើកកម្ពស់​សមត្ថភាព​ស្ថាប័ន ក៏ដូចជា​លើកកម្ពស់​សមត្ថភាព​ម​ន្ត្រី​រាជការ​ដែល​ធ្វើការ​នៅក្នុង​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា​ផងដែរ​។​


តាមរយៈ​សេចក្តីប្រកាស​នោះដែរ​ លោក កៅ យុន​ឡុង បាន​វាយតម្លៃ​ខ្ពស់​ ចំពោះ​សមិទ្ធផល​យ៉ាងច្រើន​នៃ​ទំនាក់ទំនង​ចិន​-​កម្ពុជា ដែល​ឆ្លុះបញ្ចាំង​ពី​មិត្តភាព​ដែកថែប តាមរយៈ​ការជួប​តំណាង​សមាគម និង​ប្រជាជន​នៅ​មូលដ្ឋាន​។​

ក្នុងនាម​គណៈប្រតិភូ លោក​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​កម្ពុជា​ដែល​បាន​គាំទ្រ​ផលប្រយោជន៍​ស្នូល​របស់​ចិន និង​គាំទ្រ​ចិន​នៅលើ​ឆាក​អន្តរជាតិ ព្រមទាំង​គាំទ្រ​ដល់​គំនិត​ផ្តួច​ផ្ដើមផ្លូវ និង​ខ្សែក្រវាត់។ ជាមួយគ្នា​នោះ​លោក​សង្ឃឹមថា ការផ្លាស់ប្ដូរ​រវាង​ព្រឹទ្ធសភា​កម្ពុជា និង​សភា​ប្រឹក្សា នយោបាយ​ប្រជាជន​ចិន រវាង​សង្គម​ស៊ីវិល និង​រវាង​សហគ្រាស​នៃ​ប្រទេស​ទាំង​២ កាន់តែ​ត្រូវបាន​ពង្រឹងពង្រីក​ឱ្យ​រឹងមាំ និង​ល្អប្រសើរ​ថែមទៀត​។​

លោក កៅ យុន​ឡុង​ក៏បាន​លើកឡើង​ពី​គោលបំណង​ចំនួន​៣​ នៃ​ដំណើរ​ទស្សនកិច្ច​នាពេលនេះ​ផងដែរ​ ដោយ​ក្នុងនោះ​១.​ដើម្បី​ចូលរួម​អនុវត្ត​ជាក់ស្ដែង​នៃ​ការជំរុញ​ទំនាក់ទំនង​ចិន​-​កម្ពុជា និង​ការជំរុញ​ការកសាង​សហគមន៍​ជោគ​វេស​នា​រួម ចិន​-​កម្ពុជា​ ឱ្យ​កាន់តែ​ស៊ីជម្រៅ​។ ២. ពង្រឹងពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ព្រឹទ្ធសភា​កម្ពុជា និង​សភា​ប្រឹក្សា​​នយោបាយ​ប្រជាជន​ចិន និង​៣.​ចូលរួម​ការដាក់​ដំណើរការ​កិច្ចសហប្រតិបត្តិការ​ក​ម្ពុ​ជា​និង​ចិន ដើម្បី​ផលប្រយោជន៍​​ប្រជាជន​ក្រោម​ក្របខ័ណ្ឌ​ប្រតិបត្តិ​ការជំរុញ​ការតភ្ជាប់​ប្រជាជន​និង​ប្រជាជន​តាមផ្លូវ​សូត្រ​។​

សូម​ជម្រាប​ដែរ​ថា នៅ​ថ្ងៃទី​២០ ខែធ្នូ លោក កៅ យុន​ឡុង (GaoYunlong) ក៏បាន​ចូលរួម​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយនឹង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ​ផងដែរ​៕