ភ្នំពេញៈក្រសួងបរិស្ថាននៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ បានចេញផ្សាយសៀវភៅ ១០០ ថ្ងៃ ដំបូងដែលមានកម្រាស់ ៤៤៥ ទំព័រនៅលើប្រព័ន្ធ Digital របស់ខ្លួន ស្ដីពីសមិទ្ធផលការងារក្រោយពេលលោក អ៊ាង សុផល្លែត ទទួលតំណែងជារដ្ឋមន្ត្រីក្រសួងនេះដោយក្នុងសៀវភៅនោះបានផ្តោតលើវិស័យការពារបរិស្ថាននិងធនធានធម្មជាតិព្រមទាំងកិច្ចសហការជាមួយអង្គការជាតិនិងអន្តរជាតិផងដែរ។
នៅក្នុងអារម្ភកថានៃសៀវភៅ១០០ថ្ងៃនេះ បានបញ្ជាក់ថា សកម្មភាពការងាររបស់លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីបរិស្ថាន អំឡុងពេល ១០០ ថ្ងៃ ត្រូវបានចងក្រងចាប់តាំងពីថ្ងៃដំបូង ដែលលោកឡើងជារដ្ឋមន្ត្រី បន្ទាប់ពីស្បថចូលកាន់តំណែងរបស់សមាជិកសភាអាណត្តិថ្មី នីតិកាលទី៧ ក្រោមព្រះរាជាធិបតី ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣។
នៅក្នុងអារម្ភកថាបានលើកឡើងថា៖«យើងខ្ញុំសង្ឃឹមថា កម្រងព័ត៌មាន និងរូបភាព១០០ថ្ងៃ ដំបូងរបស់ឯកឧត្តម រដ្ឋមន្ត្រី អាចនឹងក្លាយជាផ្នែកខ្លះដើម្បីស្រាយចម្ងល់របស់មិត្តអ្នកអានដែលឆ្ងល់ថា រដ្ឋមន្ត្រីបរិស្ថានបានធ្វើការងារអ្វីខ្លះ?មានសមិទ្ធផលអ្វីខ្លះកើតឡើង? មានទំនាក់ទំនងការបរទេសដូចម្តេច?ហើយបានឆ្លើយតបនិងដោះស្រាយបញ្ហាអ្វីខ្លះជាមួយប្រជាពលរដ្ឋ?យ៉ាងហោចណាស់មិត្តអ្នកអាននឹងបានស្វែងយល់ ឬដឹងអំពីបញ្ហាដែលជាចម្ងល់ខាងលើតាមរយៈទំព័រនីមួយៗនៃសៀវភៅនេះ »។
បើតាមក្រសួងបរិស្ថាន យុទ្ធសាស្ត្របញ្ចកោណគឺជាយុទ្ធសាស្ត្រសម្លឹងទៅមុខក្នុងរយៈពេល២៥ឆ្នាំ ដោយបានគិតគូរនិងដាក់ចេញជា៥ដំណាក់កាលដើម្បីតម្រង់ទិសអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនៃនីតិកាលនីមួយៗនៃរដ្ឋសភា។ភាពច្បាស់លាស់ ឥតស្រពេចស្រពិលនេះ គឺជាត្រីវិស័យបង្ហាញផ្លូវដល់ថ្នាក់ដឹកនាំ ក្រសួងស្ថាប័នរដ្ឋ ឱ្យចាប់ផ្តើមតម្រង់ចង្កូតនាវា ឆ្ពោះទៅគោលដៅរួមរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយក្នុងនោះក្រសួងបរិស្ថាន ដឹកនាំដោយ លោក អ៊ាង សុផល្លែត បានដាក់ចេញនូវយុទ្ធសាស្ត្រចក្រារបស់ខ្លួន ដោយផ្តោតលើការងារអាទិភាពចម្បង៣ គឺ ភាពស្អាត ភាពបៃតង និងចីរភាព។
ជុំវិញ្ញបញ្ហានេះ លោក ហេង គឹមហុង ប្រធានផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្តាញយុវជនកម្ពុជា នៅថ្ងៃទី២០ ខែធ្នូ បានទទួលស្គាល់ថា ក្នុងរយៈពេលនៃការអនុវត្ត ១០០ ថ្ងៃ ដំបូងរបស់ក្រសួងបរិស្ថាននៃរដ្ឋាភិបាលអាណត្តិថ្មីនេះ មានភាពសកម្ម និងល្អប្រសើរជាងក្នុងអាណត្តិមុន។
ជាមួយគ្នានេះ លោកនៅតែគាំទ្រនិងលើកទឹកចិត្តឱ្យក្រសួងបរិស្ថានបន្តពង្រឹងនិងពង្រីកភាពសកម្មរបស់ខ្លួនបន្ថែមទៀតជាពិសេសគឺការបើកចំហនូវសិទ្ធិសេរីភាពឱ្យមានការចូលរួមពីភាគីពាក់ព័ន្ធលើការការពារធនធានធម្មជាតិ និងបរិស្ថាន។
លោក ហេង គឹមហុង បានថ្លែងថា៖ «យើងឃើញថា ការដាក់ទិសដៅបង្ក្រាបបទល្មើស និងការអនុវត្តដោយគ្មានការលើកលែងចំពោះបទល្មើសធនធានធម្មជាតិ ការដាក់ចេញនូវគោលនយោបាយ និងយុទ្ធនាការជាច្រើនផ្សេងទៀតរបស់ក្រសួងបរិស្ថានគឺជារឿងល្អ ប៉ុន្តែទន្ទឹមនឹងនេះដែរ ក្រសួងបរិស្ថានគួរតែពង្រឹងភាពសកម្មរបស់ខ្លួននៅក្នុងអាណត្តិ៥ឆ្នាំ នេះ ឱ្យដូចទៅនឹងការប្តេជ្ញាចិត្ត ១០០ថ្ងៃនេះ»។
ក្រៅពីនោះលោកហេង គឹមហុង ក៏ចង់ឃើញភាពសកម្មនៃក្រសួងបរិស្ថានក្រោមការដឹកនាំរបស់លោក អ៊ាង សុផល្លែត លើកិច្ចសហការជាមួយដៃគូពាក់ព័ន្ធប្រកបដោយតម្លាភាព គុណភាព និងគណនេយ្យភាពផងដែរ ជាពិសេសទទួលយកនូវមតិយោបល់របស់ពលរដ្ឋ និងពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីជំរុញការងាររបស់ខ្លួនឱ្យមានប្រសិទ្ធភាពលើការការពារធនធានធម្មជាតិ។
នៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០១៤ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ លោក អ៊ាង សុផល្លែត ក៏បានលើកឡើងដែរថាក្នុងរយៈពេលជាង ១០០ ថ្ងៃ នៃរាជរដ្ឋាភិបាលទី៧នៃរដ្ឋសភាក្រសួងបរិស្ថាននិងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពសម្រេចបានសមិទ្ធផលជាច្រើននិងធ្វើដណើរឆ្ពោះទៅសុក្រឹតកម្មបរិស្ថានកិច្ចឈរលើមូលដ្ឋានយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានដោយមានគោលនយោបាយ យុទ្ធសាស្ត្រ និងការផ្សព្វផ្សាយជាស្នូលឆ្ពោះទៅរកភាពស្អាត បៃតង និងចីរភាព។
លោកបានបញ្ជាក់ថា៖«ក្នុងរយៈពេល១០០ថ្ងៃនេះយើងសម្រេចបានលទ្ធផលគួរជាមោទន: ដូចជា យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក,យុទ្ធនាការដាំដើមឈើ១លានដើមក្នុង១ឆ្នាំ,ដាក់វិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ គឺមិនមានវប្បធម៌ចុះកិច្ចសន្យាដោះលែងទេ,យុទ្ធសាស្ត្រវិស័យចក្រាវិស័យបរិស្ថាន២០២៣-២០២៨រួមនឹងលទ្ធផលជាច្រើនទៀត៕