ភ្នំពេញៈ សម្ព័ន្ធហិរញ្ញវត្ថុយុត្តិធម៌កម្ពុជា ថ្មីៗនេះបានចេញផ្សាយការសិក្សាលម្អិតមួយស្តីពី «ការអនុវត្តគោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG)»នៃឧស្សាហកម្មរ៉ែមាសនៅកម្ពុជា ដោយតាមរយៈការសិក្សានេះបានផ្តល់ជាអនុសាសន៍មួយចំនួនដល់ស្ថាប័នរាជរដ្ឋាភិបាល ដើម្បីធានាដល់ការវិនិយោគរ៉ែមាសប្រកបដោយបរិយាបន្ន និងមិនប៉ះពាល់បរិស្ថាន។
សេចក្តីប្រកាសព័ត៌មានរួម រវាងសម្ព័ន្ធហិរញ្ញវត្ថុយុត្តិធម៌កម្ពុជា អង្គការអុកហ្វាម (OXFAM) និងវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា (NGO Forum) ដែលបានចេញផ្សាយនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា ការសិក្សានេះ មានបំណងបង្កើនការយល់ដឹងអំពីគោលនយោបាយ បទប្បញ្ញត្តិ និងការអនុវត្តដែលទាក់ទងនឹង ESG ដែលមានស្រាប់ដែលប្រើប្រាស់ដោយការវិនិយោគរ៉ែមាសនៅកម្ពុជា។
សេចក្តីប្រកាសរួមបញ្ជាក់ថា៖«វាមានគោលបំណងបន្ថែមទៀតដើម្បីផ្តល់ជូនអនុសាសន៍ជាក់ស្តែងសម្រាប់ការចាត់វិធានការសមស្រប ដើម្បីដោះស្រាយបញ្ហាប្រឈមណាមួយ ដែលទាក់ទងនឹងការអនុវត្ត ESG នៅក្នុងវិស័យរុករករ៉ែ។ បញ្ហាប្រឈមទាំងនេះ រួមមានកង្វល់ទាក់ទងនឹងសិទ្ធិមនុស្ស យេនឌ័រ សុខភាព និងសុវត្ថិភាព និងសុខុមាលភាពរបស់ជនជាតិដើមភាគតិច»។
ប្រភពដដែលបន្តថា ដោយសារឧស្សាហកម្មនិស្សារណកម្ម ដើរតួនាទីសំខាន់ក្នុងការបង្កើតប្រាក់ចំណូលជាតិ វាកាន់តែមានសារៈសំខាន់សម្រាប់កម្ពុជា ដោយសារតែការប្រាថ្នាចង់ផ្លាស់ប្តូរទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។
វាមានសារៈសំខាន់ណាស់ក្នុងការធានាថា កំណើនសេដ្ឋកិច្ចមិនកើតឡើង ដោយសារការចំណាយរបស់ធនធានធម្មជាតិ និងសុខុមាលភាពបរិស្ថានរបស់ប្រទេសនោះទេ។ ដូច្នេះហើយ ការទទួលយកការអនុវត្ត ESG នៅក្នុងឧស្សាហកម្មដែលកំពុងពង្រីកនេះ គឺមានសារៈសំខាន់បំផុតនាពេលបច្ចុប្បន្ន។
លោក សឿង សាវឿន នាយកប្រតិបត្តិនៃវេទិកាអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា បានចូលរួមអបអរសាទរ និងលើកទឹកចិត្តដល់ស្ថាប័នរាជរដ្ឋាភិបាលពាក់ព័ន្ធ ជាពិសេសក្រសួងបរិស្ថាន និងក្រសួងរ៉ែ និងថាមពល ដែលមានកាតព្វកិច្ចផ្លូវច្បាប់ និងស្ថាប័នក្នុងការគ្រប់គ្រង ត្រួតពិនិត្យ និងសវនកម្មលើការអនុវត្តអាជីវកម្មរ៉ែ មាស និងក្រុមហ៊ុន។
លោកបានបញ្ជាក់ថា៖«វាចាំបាច់ណាស់ក្នុងការធានាឱ្យមានការអនុលោមតាមច្បាប់ និងស្ដង់ដាយ៉ាងតឹងរ៉ឹង ដើម្បីការពារទាំងប្រព័ន្ធ អេកូធម្មជាតិ និងមនុស្ស។ ការទទួលយកគោលការណ៍ ESG គឺជាវិធីសាស្ត្រដែលត្រូវបានណែនាំជាសកលដែលអាចជួយទាំងរដ្ឋាភិបាល និងវិស័យឯកជនក្នុងការរៀបចំផ្នែកខាងក្នុងរបស់ខ្លួន ពីផលប៉ះពាល់ និងលើកកម្ពស់ការអនុវត្តប្រកបដោយការទទួលខុសត្រូវ»។
ប្រភពដដែលបានបន្តថា៖«គោលនយោបាយ និងអនុក្រឹត្យមួយចំនួន ដូចជាច្បាប់ស្តីពីការការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ ច្បាប់ស្តីពីការគ្រប់គ្រង និងការធ្វើអាជីវកម្មធនធានរ៉ែ និងច្បាប់ស្ដីពីព្រៃឈើ ត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព»។
យោងតាមសេចក្តីប្រកាសព័ត៌មានរួមដដែលនេះ បានឱ្យដឹងថា ការសិក្សានេះបង្ហាញពីអនុសាសន៍គោលនយោបាយទូលំទូលាយចំនួន៥ សម្រាប់រដ្ឋាភិបាល និងនិយតករ អនុវត្តក្នុងនោះក្រសួងរ៉ែ និងថាមពល និងក្រសួងបរិស្ថាន គួរតែធ្វើការរួមគ្នាដើម្បីបង្កើតគោលនយោបាយ និងគោលការណ៍ណែនាំដ៏ទូលំទូលាយសម្រាប់សមាហរណកម្មបវិស្ថាន សង្គម និងអភិបាលកិច្ច (ESG) នៅក្នុងឧស្សាហកម្មរ៉ែរបស់កម្ពុជា។
ស្តង់ដាអប្បបរមាគួរតែត្រូវបានបង្កើតឡើងសម្រាប់ការជីកយករ៉ែមាស ដើម្បីធានាបានការអនុលោមតាមសិទ្ធិការងារ សិទ្ធិសហគមន៍ សមភាពយេនឌ័រ និងការពិចារណាលើបរិស្ថាន។
ក្រសួងរ៉ែ និងថាមពល គួរតែបង្កើតមូលដ្ឋានទិន្នន័យដែលអាចដំណើរការបានជាសាធារណៈរបស់ក្រុមហ៊ុនរុករករ៉ែមាស រួមទាំងទម្រង់សាជីវកម្ម អាជ្ញាប័ណ្ណ របាយការណ៍ និងរបាយការណ៍ហិរញ្ញវត្ថុ។ ក្រសួងរ៉ែ គួរតែបង្កើតយន្តការដោះស្រាយបណ្ដឹង និងដំណោះស្រាយដែលមានប្រសិទ្ធភាពជាងមុន ដើម្បីដោះស្រាយបញ្ហា និងកង្វល់ដែលលើកឡើងដោយភាគីពាក់ព័ន្ធ ជាពិសេសសហគមន៍មូលដ្ឋាន។
ដូចគ្នានេះដែរ ក្រសួងបរិស្ថាន គួរតែបន្តធ្វើបច្ចុប្បន្នភាព និងផ្សព្វផ្សាយព័ត៌មានអំពីមូលនិធិបរិស្ថាន និងសង្គម ដែលពាក់ព័ន្ធនឹងគម្រោងការជីកយករ៉ែមាសទៅកាន់ភាគីពាក់ព័ន្ធទាំងអស់ តាមរយៈគេហទំព័ររបស់ខ្លួន ឬការប្រកាសតាមកាលកំណត់។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ផៃ ប៊ុនឈឿន មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣។ ប៉ុន្តែ លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល នាវេទិកាពិភាក្សាស្តីពី «គោលនយោបាយរ៉ែ និងថាមពលនៅកម្ពុជា»កាលពីថ្ងៃ២១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានថ្លែងថា ផ្អែកតាមគោលការណ៍រាជរដ្ឋាភិបាលអាណត្តិថ្មីនេះ កម្ពុជាមិនចេញអាជ្ញាប័ណ្ណធនធានរ៉ែគ្រប់ប្រភេទបន្ថែមទៀតទេ លើកលែងតែក្រុមហ៊ុនចំនួន២ដែលមានគោលការណ៍ពីអាណត្តិមុនមករួចហើយ។
លោកបន្តថា បន្ថែមពីនេះអាជ្ញាធរមានសមត្ថកិច្ចនឹងពិនិត្យលទ្ធភាពកាត់បន្ថយផ្ទៃដីដែលសិក្សារួច និងមិនមានសក្តានុពលសម្រាប់ធ្វើអាជីវកម្មធនធានរ៉ែ ហើយមិនអនុញ្ញាតឱ្យមានការពង្រីកផ្ទៃដីអាជ្ញាប័ណ្ណបន្ថែមផងដែរ។
សូមជម្រាបដែរថា កម្ពុជារកចំណូលបានជាង ១៥លានដុល្លារពីធនធានរ៉ែមាស ដែលក្រុមហ៊ុនមានអាជ្ញាប័ណ្ណចម្រាញ់បានប្រមាណជាង ៥,៣ពាន់តោនគិតត្រឹមដំណាច់ឆ្នាំ២០២២ បន្ទាប់ពីអាជីវកម្មរុករកនេះត្រូវបានចាប់ផ្តើមលើកដំបូងកាលពីខែមិថុនា ឆ្នាំ២០២១៕