ភ្នំពេញៈ មនុស្ស​ពី​​ ២០-៣០​ នាក់ បាន​បំបែក​គ្នា​ជា​ក្រុម​តូចៗ ពិនិត្យមើល​គំនរ​ត្រី​ដែល​អ្នកនេសាទ​ស្រង់​ចេញពី​ទូក នៅតាម​មាត់ច្រាំង​ទន្លេ​ក្នុង​តំបន់​គីឡូ​លេខ​ ៩ ​នៃ​សង្កាត់​ច្រាំង​ចំរេះ​ ១ បង្ហាញ​ពី​សកម្មភាព​អ្នក​និយម​ទិញ​ត្រី​យកទៅ​ធ្វើ ប្រហុក ផ្អក និង​ត្រីឆ្អើរ ក្នុង​រដូវ​នេសាទ​ឆ្នាំ​ ២០២៣- ២០២៤ ដែល​ត្រី​ចាប់ផ្ដើម​បម្លាស់​ទី​ចេញពី​បឹង​ទន្លេសាប បឹង ស្ទឹង និង​ព្រែក​នានា ចូល​ទន្លេសាប ទន្លេមេគង្គ និង​ទន្លេបាសាក់ ដែល​អំណោយផល​ដល់​ការធ្វើ​នេសាទ​បាន​ត្រី​ច្រើន នៅក្នុង​ភូមិសាស្ត្រ​ខេត្តកណ្ដាល និង​រាជ​ធានី​ភ្នំពេញ ក្នុង​ខែ​មិគសិរ ចាប់ពី​ថ្ងៃទី​ ១៩-២៥ ខែធ្នូ ក្នុងករណី​មេឃ​ស្រឡះ​ល្អ គ្មាន​ភ្លៀង​កក់ខែ ឬ​មិន​ទទួលរង​ឥទ្ធិពល​ព្យុះភ្លៀង​។​


​រដូវ​ធ្វើ​ត្រី​ប្រហុក ផ្អក និង​ធ្វើ​ត្រីឆ្អើរ​ចូលដល់​ជាង​ពាក់កណ្តាល​ខែធ្នូ​នេះ​ហាក់​កំពុង​ត្រូវ​បណ្តើរៗ​ហើយ​សម្រាប់​នៅ​តំបន់​ព្រែក​ព្នៅ និង​ស្រុក​ពញាឮ ខេត្តកណ្តាល ហើយ​បើតាម​មន្ត្រី​នៃ​មន្ទីរ​កសិកម្ម​រាជធានី​ភ្នំពេញ​អះអាងថា​សម្រាប់​គន្លង​ដាយ​ត្រី​ ១​ អាច​ចាប់​ត្រី​បាន​ចន្លោះ​ពី ​១០០ ​ទៅ ​១៥០ ​គីឡូ​ក្រាម​ក្នុង​កន្លះ​ម៉ោង​ម្តង ដូច្នេះ​រដ្ឋបាល​ជលផល​នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ កាលពី​ថ្ងៃទី​ ១៨ ខែធ្នូ ឆ្នាំ ​២០២៣ បានចេញ​សេចក្ដីជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​រួសរាន់​ធ្វើដំណើរ​ទៅ​ទិញ​ត្រី​តាម​ពេលវេលា​។​

​លោក ប៊ុន គឹម​ហ៊ាង អាយុ​ ៤៥ ​ឆ្នាំ ដែល​បានធ្វើ​ដំណើរ​មកពី​ស្រុក​ត្រាំ​កក់ ខេត្តតាកែវ បាន​ស្នាក់នៅ​តំបន់​ច្រាំង​ចំរេះ រង់ចាំ ​២-៣​ ថ្ងៃ ដើម្បី​ទិញ​ត្រី​យកទៅ​ធ្វើ​ត្រី​ប្រហុក​សម្រាប់​ទុក​លក់​បន្ត​នៅ​ខេត្ត​។​


​លោក គឹម​ហ៊ាង ថ្លែងថា ត្រី​ដែល​ត្រូវ​ច្រើន​ពេលនេះ​ជា​ប្រភេទ​ត្រី​រៀល​ដែល​អ្នកនេសាទ ឬ​ឈ្មួញ​លក់ ក្នុង​ ១ ​គីឡូក្រាម​ថ្លៃ​ ១ ២០០​ រៀល មិនទាន់​ធ្វើ និង​ត្រី​ធ្វើ​រួច​ថ្លៃ​៤ ២០០ ​រៀល​។​

​លោក​ថ្លែងថា​៖ «​សម្រាប់​ឆ្នាំនេះ​ក៏ដូចជា​ឆ្នាំមុនៗ​ដែរ​គឺ​ខ្ញុំ​ទិញ​ត្រី​ពី​ ២-៣​ តោន​ សម្រាប់ធ្វើ​ប្រហុក​ទុក​ ១​ ឆ្នាំ ខ្ញុំ​មក​ទិញ​ត្រី​ធ្វើ​ប្រហុក​ជា​រៀងរាល់ឆ្នាំ​មិនដែល​ខាន​ទេ​ ហើយ​បើ​ខ្ញុំ​មិនបាន​មក​ក៏​ប្រពន្ធ​ខ្ញុំ​មក​ដែរ​ព្រោះ​យើង​មានឱកាស​តែ​រដូវ​ត្រី​ត្រូវ​ទេ​តែបើ​ខុសពី​រដូវ​ត្រី​ត្រូវ​អត់​មានឱកាស​ទិញ​ត្រី​បាន​ច្រើន​បែបនេះ​ទេ​»​។​


​លោក គឹម​ហ៊ាង ប្រាប់​បន្តថា ចំពោះ​តម្លៃ​ត្រី​រៀល​ក្នុងឆ្នាំនេះ​ក៏​មិនសូវ​ខុសគ្នា​ពី​ឆ្នាំមុនៗ​ប៉ុន្មាន​ដែរ​ហើយ​តម្លៃ​ឆ្នាំនេះ​ក៏​អាច​ទទួលយកបាន​ដើម្បី​យកទៅ​ធ្វើ​ប្រហុក​តាម​ធម្មជាតិ ដោយ​មិន​ប្រើ​សារធាតុ​គីមី​នោះទេ ហើយ​ប្រហុក​ដែល​ត្រូវ​លក់​ចេញ​ចន្លោះ​ពី​៨​ពាន់​ទៅ​ ១ ​ម៉ឺន​រៀល​ក្នុង​ ១ ​គីឡូក្រាម​។​

កម្មករជញ្ជូនត្រីចេញពីទូកក្នុងតំបន់ស្រុកពញ្ញាឮ ខេត្តកណ្ដាល។ហុង មិនា

​អ្នកស្រី លី ណា អាយុ​ ៤០ ​ឆ្នាំ ជា​ខ្មែរ​អ៊ិ​ស្លាម ដែលជា​ឈ្មួញកណ្តាល​ទិញ​ត្រី​ពី​ដាយ បាន​ថ្លែងថា ត្រី​លក់​ចេញ​វិញ​ក្នុង​ ១​ គីឡូក្រាម​ថ្លៃ ​២ ៨០០ ​ទៅ​ ៣​ ពាន់​រៀល ​(​ត្រី​មិនទាន់​កាត់​ក្បាល​)​ តែបើ​ត្រី​កាត់​ក្បាល​យក​អាចម៍​អស់ថ្លៃ​ ៤ ២០០-៤ ៥០០​ រៀល​ក្នុង​ ១ ​គីឡូក្រាម​។​​ អ្នកស្រីបានឱ្យដឹងថា ដើមរដូវ​ត្រី​ត្រូវ​នេះ​មិនទាន់មាន​អ្នក​មកពី​ខេត្ត​ឆ្ងាយៗ​ទិញ​ទេ​ព្រោះ​ប្រហែលជា​អាច​រវល់​ច្រូតស្រូវ​។​

​អ្នកស្រី​ប្រាប់ថា​៖ «​បើ​ប្រៀបធៀប​ដើមរដូវ​ត្រី​ត្រូវ​ឆ្នាំមុន​និង​ឆ្នាំនេះ​ខ្ញុំ​ឃើញថា នៅ​ដើមរដូវ​ត្រី​ត្រូវ​ឆ្នាំនេះ​ច្រើនជាង​ឆ្នាំមុន​។​ខ្ញុំ​ឃើញ​ទឹក​ឡើង​ជាង​ឆ្នាំ​ទៅហើយ​ត្រី​វា​សម្បូរ​ហ្មង​ហ្នឹង​ត្រី​មានតែ​មិនទាន់មាន​អ៊ុំៗ​យាយៗ​មក​ប្រហែល​គាត់​ជាប់​ច្រូត​ទេ​ដឹង​»​។​

​យុវតី​លក់​អំបិល​ម្នាក់​ក្នុង​សង្កាត់​ច្រាំង​ចំរេះ​ ១ គីឡូ​លេខ​ ៩ ឈ្មោះ ហ័​រ រី ថ្លែងថា អំបិល​ម៉ដ្ត​សម្រាប់​ប្រឡាក់ត្រី​ប្រហុក​ក្នុង​ ១ ​គីឡូក្រាម​ថ្លៃ ​១​ ពាន់​រៀល ប៉ុន្តែ​ពេលនេះ​លក់​មិនទាន់​ដាច់​ទេ​អាចមកពី​អ្នកស្រែ​ជាប់​ប្រមូល​ផល​ស្រូវ​ក្នុង​រដូវ​ច្រូ​វ​កាត់​។​

​យុវតី ហ័​រ រី ប្រាប់ថា​៖ «​ពេលនេះ​ខ្ញុំ​លក់​អំបិល​មិនសូវ​ដាច់​ទេ​នៅ​ស្ងាត់​អ្នក​មក​ទិញ​ត្រី​ប្រហុក​នៅឡើយ ប៉ុន្តែ​ជា​រៀងរាល់ឆ្នាំ​ចាប់ពី​ថ្ងៃទី​ ២០ ខែធ្នូ ទៅ​មាន​មនុស្ស​មក​ទិញ​ត្រី​ប្រហុក​ច្រើន​ឆ្នាំនេះ​អាច​ដូច​ឆ្នាំមុន​ដែរ​»​។​

​លោក ចាន់ រិទ្ធី ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ រាជធានី​ភ្នំពេញ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា សម្រាប់​ឆ្នាំនេះ​មាន​ដាយ​ត្រី​ទាំងអស់​ ៥ ​ជួរ ចាប់ពី​ឫស្សីកែវ​រហូតដល់​ព្រែក​ព្នៅ​ហើយ​ភាគច្រើន​ចាប់ពី​ខែខ្នើត​ទៅ​ គឺ​ត្រី​ចាប់ផ្តើម​ត្រូវ​រហូតដល់​ខែមករា​ឬ​អាច​ចូលដល់​ខែ​កុ​ម្ភះ​ផង​។

ដាយ​ជួរ​ខ្លះ​អាច​ក្នុង​កន្លះ​ម៉ោង​លើក​ម្តង អាច​ចាប់​ត្រី​រៀល​បាន​ចន្លោះ​ពី ​១០០​ ទៅ​ ១៥០​ គីឡូក្រាម​ដែល​អាច​សន្និដ្ឋានបានថា ត្រី​ត្រូវ​ល្អ​មិនមាន​បញ្ហា​អ្វី​ទេ សង្ឃឹមថា​នឹងមាន​អ្នក​មក​ធ្វើ​ប្រហុក​ច្រើន​។​

​លោក​ ហេង សុភា​រិ​ទ្ធ នាយ​ខណ្ឌ​រដ្ឋ​បាល​ជលផល​នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ​ខេត្តកណ្តាល​បានឱ្យដឹងថា សម្រាប់​នៅ​ស្រុក​ពញាឮ ​ក្នុង​ខេត្តកណ្តាល ​មាន​ជាង​ ២០ ​មាត់​តែ​ត្រី​វា​មាន​ពេលវេលា​ដែល​វា​ចុះ​ដែល​វា​អាច​ចុះ​ ១​ ឆាវៗ​ហើយ​បើ​អាកាសធាតុ​មេឃងងឹត​ឬ​មាន​ភ្លៀវ​គឺ​ត្រី​មិន​ចុះ​តែម្តង​។​ប៉ុន្តែ​ពេលនេះ​នៅ​គន្លង​ដៃ​ផ្នែក​ខាងលើ​អាច​លើក​ម្តង​បាន ​៧០០​ ទៅ​ ៨០០ ​គីឡូក្រាម​ដែល​ចាត់ទុកថា​ត្រី​ត្រូវ​គួរសម​ហើយ​។​

​លោក​បញ្ជាក់ថា​៖ «​ត្រី​សម្រាប់ធ្វើ​ប្រហុក​គឺ​បានតែ​ត្រី​រៀល​ទេ​តែ​ឥឡូវ​សម្បូរ​ត្រី​ស្លឹក​ឫស្សី​ច្រើន​ដែរ​ហើយ​ត្រី​ស្លឹក​ឫស្សី​នេះ​មិនអាច​ធ្វើ​ប្រហុក​បានទេ​តែ​ប្រភេទ​ត្រី​រៀល​ត្រូវ​ច្រើន​ហើយ​មាន​បងប្អូន​យើង​មក​ទិញយក​ទៅផ្ទះ​ធ្វើ​ប្រហុក​បណ្តើរៗ​ហើយ​»​។​

លោក ឌិ​ត ទីណា ចុះត្រួតពិនិត្យត្រីធ្វើ​ប្រហុក ផ្អក ​និងត្រី​ឆ្អើរ នៅស្រុកពញ្ញាឮ ខេត្តកណ្ដាល។ហុង មិនា

​កាលពី​ព្រឹក​ថ្ងៃទី​ ១៩ ខែធ្នូ ឆ្នាំ ​២០២៣ លោក ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​មន្ត្រី បាន​ចុះ​ពិនិត្យ​ការ​ប្រមូល​ផល​ត្រី​ប្រហុក​នៅ​ដាយ​ត្រី ស្ថិតក្នុង​ភូមិ​តា​ពៅ ឃុំ​កោះ​ចិន ស្រុក​ពញាឮ ខេត្តកណ្តាល បានឱ្យដឹងថា ផល​ត្រី​ដែលមាន​ការកើនឡើង ហើយ​ប្រជាពលរដ្ឋ​សប្បាយចិត្ត​ក្នុងការ​ទិញយក​ទៅធ្វើ​ប្រហុក​បាន​កាន់តែច្រើន ហើយ​ក្រសួង​បាន​និង​បន្ត​ចុះ​ពិនិត្យ​ការប្រមូល​ផល​ត្រី​ជា​រៀងរាល់ឆ្នាំ ក្នុងឆ្នាំនេះ ផល​ត្រី​មានការ​កើនឡើង​ជាង​ឆ្នាំមុន​ប្រមាណ ៥% ដោយសារ​ការ​សហការ​បង្ការ​និង​បង្ក្រាប​បទល្មើស​នេសាទ​ប្រកបដោយ​ភាពម៉ឺងម៉ាត់ ច្បាស់លាស់ និង​ប្រកបដោយ​ការ​ទទួលខុសត្រូវ​ខ្ពស់​។​

​លោក ឌិ​ត ទីណា ថ្លែងថា ផល​ត្រី​ដែល​ប្រមូល​បានជា​ប្រភេទ​ត្រី​ប្រហុក ហើយ​ភាគច្រើន​នៅ​ដើមដៃ​នេះ ត្រី​ប្រមាណ ៧០% ជា​ប្រភេទ​ត្រី​ស្លឹក​ឫស្សី ១០%​ ត្រី​ឆ្វៀ​ត និង​ ២០%​ ត្រី​ចម្រុះ​។ ចំពោះ​ស្តង់ដា​នៃ​ការកែច្នៃ​ប្រហុក​វិញ គឺ​ត្រូវគោរព​តាម​គោលការណ៍​ភូតគាម​អនាម័យ (SPS) សម្រាប់​ផ្នែក​បច្ចេក​ទេស និង​ស្តង់ដា​ទីផ្សារ​នាំចេញ​។ ការធ្វើ​ប្រហុក រហូតមកទល់​ពេលនេះ ប្រជា​ពលរដ្ឋ​ភាគច្រើន​នៅតែ​បន្តធ្វើ​ប្រហុក​តាមបែប​ប្រពៃណី​សម្រាប់​ការប្រើប្រាស់​ប្រចាំ​គ្រួសារ​។​

​រីឯ​សហគ្រិន​ខ្នាតតូច និង​មធ្យម​វិញ កំពុង​កែច្នៃ​ប្រហុក​ស្ងួត​តាម​តម្រូវការ​ទីផ្សារ ហើយ​បច្ចុប្បន្នកំពុង​ស្នើសុំ​វិញ្ញាបនបត្រ​បញ្ជាក់​គុណភាព សុវត្ថិ​​ភាព ដើម្បី​បង្កើន​ទំនុកចិត្ត និង​តម្លៃបន្ថែម​សម្រាប់​ការនាំចេញ​។ លើសពីនេះ​ទៀត ក្រសួង​បានចាប់ផ្តើម​សាក​ល្បង​ឱ្យមាន​ការប្រកួតប្រជែង​ការកែច្នៃ​ប្រហុក​ឆ្ងាញ់​កាលពី​ឆ្នាំ​កន្លងទៅ ដោយមាន​ការគាំទ្រ​ពី​ក្រុមហ៊ុន ​Conferel៕