ភ្នំពេញៈ អង្គការ​យូ​នី​សេ​ហ្វ (UNICEF) និង​ដៃគូ​នៃ​សម្ព័ន្ធ​សម្រាប់​ការកែ​លម្អ​អាហារ​បំពេញបន្ថែម​នៅ​អាស៊ី​អា​គ្នេ​យ៍ (COMMIT)​​ រកឃើញថា ៧២% នៃ​អាហារសម្រន់ និង​នំចំណី​សម្រាប់​ក្មេង​អាយុ​ក្រោម ៣ ​ឆ្នាំ​នៅ​ប្រទេស​ចំនួន​ ៧ មាន​បន្ថែម​សារធាតុ​ផ្អែម​ដែល​អាចធ្វើឱ្យ​កុមារ​តូចៗ​ពុក​ធ្មេញ​ និង​ឡើង​ទម្ងន់​។​


​ប្រទេស​ទាំងនោះ​រួមមាន​៖ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន ថៃ និង​វៀតណាម ដែល​បាន​វាយតម្លៃ​ទៅលើ​អាហារសម្រន់ និង​នំចំណី​សម្រាប់​ក្មេងៗ មាន​ផ្ទុក​សារជាតិ​ផ្អែម​នៅក្នុង​នោះ ហើយ​បាន​ដាក់លក់ និង​ផ្សាយពាណិជ្ជកម្ម​នៅលើ​ទីផ្សារ​ឱ្យ​កុមារ​តូចៗ​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​។ នេះ​បើ​យោងតាម​ការសិក្សា​ថ្មី​មួយ​របស់​អង្គការ​យូ​នី​សេ​ហ្វ និង​ដៃគូ​នៃ​សម្ព័ន្ធ​សម្រាប់​ការកែលម្អ​អាហារ​បំពេញបន្ថែម​នៅ​អាស៊ីអាគ្នេយ៍ (COMMIT) បានចេញ​សេចក្តីប្រកាស​កាលពី​ថ្ងៃទី​ ១៤ ខែធ្នូ ឆ្នាំ​ ២០២៣​។​

​សេចក្តីប្រកាស​បញ្ជាក់ថា​៖ «​ការស្រាវជ្រាវ​បាន​រកឃើញថា ជិត​ពាក់កណ្តាល​នៃ​ផលិតផល​ដែល​បាន​សិក្សា (៤៤ ​ភាគរយ​) មាន​បន្ថែម​ជាតិ​ស្ករ និង​សារធាតុ​ផ្អែម ក្នុងចំណោម​អាហារសម្រន់ និង​នំចំណី​សម្រាប់​ក្មេងៗ បាន​កើន​ឡើងដល់ ៧២​ ភាគរយ ហើយ​ការ​ទទួលទាន​អាហារ​មាន​ជាតិ​ស្ករ​ក្នុង​វ័យក្មេង​នេះ អាច​នាំឱ្យ​កុមារ​តូចៗ ពុក​ធ្មេញ ការឡើង​ទម្ងន់​និង​ទម្លាប់​ទទួល​​ទាន​អាហារ​មិនល្អ​ជាដើម​»​។​


​លើសពីនេះ​ជិត​ ៩០​ ភាគរយ នៃ​ស្លាក​នៅលើ​ផលិតផល​ដែល​បាន​សិក្សា​ស្រាវជ្រាវ រកឃើញថា មានការ​បំភាន់ ឬ​បញ្ឆោត​ពី​សមាសភាព​របស់​អាហា​រ​សម្រន់​ និង​នំចំណី​ទាំងនោះ ​ខណៈដែល​ការសិក្សា​នេះ ក៏បាន​កត់សម្គាល់ថា គ្មាន​ប្រទេស​ណាមួយ​ក្នុងចំណោម​ប្រទេស​ទាំង ​៧ ​នេះ​មាន​គោលនយោបាយ​ជាតិ​ស្តីពី​សមាសភាព ​និង​ការដាក់​ស្លាក​សញ្ញា​អាហារ​បំពេញបន្ថែម ដែល​អនុវត្តតាម​ការ​ណែនាំ​របស់​អន្តរជាតិ​ទាំងអស់​។ ទន្ទឹមនេះ ប្រទេស​ទាំងនោះ ក៏​មិនទាន់មាន​វិធានការ​ផ្លូវច្បាប់​ក្នុងការ​គ្រប់គ្រង​បរិមាណ​ជាតិ​ស្ករ​ឬ​អំបិល​ដែលមាន​នៅក្នុង​អាហារសម្រន់ និង​នំចំណី​នោះដែរ​។​

​លោកស្រី​ ដេ​បូរ៉ា ខូ​មី​នី​ នាយិកា​អង្គ​ការ​យូ​នី​សេ​ហ្វ​ប្រចាំ​តំបន់​អាស៊ី​បូព៌ា​និង​ប៉ាស៊ីហ្វិក បាន​ថ្លែង​ក្នុង​សេចក្ដី​ប្រកាសថា នៅ​កម្ពុជា ហ្វីលីពីន​និង​ឡាវ ផលិត​ផល​ភាគច្រើន​ត្រូវ​បានដាក់​ស្លាក​តែ​ជា​ភាសា​អង់គ្លេស ឬ​មិនមែនជា​ភាសាជាតិ ដែល​ធ្វើឱ្យ​សមត្ថភាព​របស់​អាណា​ព្យា​បាល​មួយចំនួន ពិបាក​ក្នុង​ការទទួល​ព័ត៌មាន​ពី​ផលិតផល​ទាំងអស់នោះ​ ដើម្បី​ធានាបាន​នូវ​របប​អាហារ​មាន​ជីវជាតិ​សម្រាប់​កូន​របស់​ពួកគេ​។


«​ផលិតផល​ម្ហូបអាហារ​ច្រើនពេក​ដែល​ត្រូវបាន​ដាក់លក់​លើ​ទីផ្សារ​សម្រាប់​ក្មេងស្រី​ និង​ក្មេងប្រុស​ដែលជា​កុមារ​តូចៗ គឺ​មិនល្អ​ចំពោះ​សុខភាព និង​ត្រូវ​បានដាក់​ស្លា​កថា អាច​បោកប្រាស់​អាណាព្យាបាល​»​។​

​លោកស្រី​បញ្ជាក់ថា៖ «​រដ្ឋាភិបាល និង​អ្នក​ផលិត​អាហារ អាច​នឹងត្រូវ​ដើរតួនាទី​កាន់តែ​សំខាន់ ក្នុងការ​ការពារ​សុខ​ភាព​របស់​កុមារ​តូចៗ ពីព្រោះ​ការផ្ដល់​អាហារូបត្ថម្ភ​ល្អ​នៅ​វ័យក្មេង ជួយ​ដល់​កុមារ​ឱ្យ​លូតលាស់​និង​ផ្តល់​ថា​ម​ពល​ប្រាជ្ញា​»​។ ម្យ៉ាងវិញទៀត អាហា​​រូប​ត្ថ​ម្ភ​មិនល្អ​វា​នឹង​បង្កើន​ហានិភ័យ​ដល់​កុមារ​តូចៗ មាន​ភាព​ក្រិន កង្វះ​មីក្រូ​សារជាតិ លើស​ទម្ងន់ ធាត់ និង​ជំងឺ​ផ្សេងទៀត ដែល​ធ្វើឱ្យប៉ះពាល់​ដល់​សេដ្ឋកិច្ច​គ្រួសារ និង​សេដ្ឋកិច្ចជាតិ​។​

​អង្គការ UNICEF និង​ដៃគូ COMMIT បាន​អំពាវនាវ​ឱ្យ​រាជរដ្ឋាភិបាល​ប្រទេស​ទាំងនោះ ហាមឃាត់​ការប្រើ​​ប្រាស់​ជាតិ​ស្ករ​បន្ថែម និង​សារធាតុ​ផ្អែម នៅក្នុង​អាហារសម្រន់ និង​នំចំណី​សម្រាប់​ក្មេង​ហើយ​រដ្ឋាភិបាល ក៏ត្រូវ​ត្រួតពិនិត្យ​យ៉ាង​តឹងរ៉ឹង និង​ការអនុវត្ត​បទ​ប្បញ្ញត្តិ​ជាតិ​ស្តីពី​អាហារ​បំពេញបន្ថែម​ដែល​ផលិត​ផ្សាយពាណិជ្ជកម្ម​។​

​ជាមួយគ្នានេះដែរ លោកនាយក​រដ្ឋ​​មន្ត្រី​ ហ៊ុន ម៉ា​ណែ​ត ក៏បាន​លើកឡើង​កាលពី​ថ្ងៃទី​ ១៩ ខែធ្នូ​ដែរ​ថា ការអភិវឌ្ឍ​ធនធានមនុស្ស ចាំបាច់​ត្រូវ​ផ្អែកលើ​កត្តា​ចំណេះដឹង សមត្ថភាព និង​សុខភាព ដូច្នេះ​ការផ្គត់ផ្គង់​ចំណីអាហារ​ប្រកបដោយ​គុណភាព និង​សុវត្ថិភាព ជា​កត្តា​អាទិភាព​ចម្បង​។

លោក​លើកឡើង​បែបនេះ នាឱកាស​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក កា​ត្សឹ​ណា​រី ម៉ា​ត្សឹ​ដា (Katsunari Matsuda) នាយក​ក្រុមហ៊ុន Meiji Co., Ltd ជប៉ុន​ដែលមាន​បំណង​ចង់​មក​វិនិយោគ និង​បើក​អាជីវកម្ម​លើ​ភាពសម្បូរ​បែប​នៃ​ផលិត​​ផល និង​ទាំង​លើ​បច្ចេកវិទ្យា​ទំនើប នៅក្នុង​ប្រទេស​កម្ពុ​ជានា​ពេលខាងមុខ​។​

​លោក​ ហ៊ុន ម៉ា​ណែ​ត ​លើកឡើងថា៖ «​រាជរដ្ឋាភិបាល​កម្ពុជា​បាននិងកំពុង​យកចិត្តទុកដាក់​លើ​ការអភិវឌ្ឍ​ធនធានមនុស្ស ដែល​ចាំបាច់​ត្រូវ​ផ្អែកលើ​កត្តា​ចំណេះដឹង សមត្ថភាព និង​សុខភាព ដូច្នេះ​ការផ្គត់ផ្គង់​ចំណីអាហារ​ប្រកបដោយ​គុណភាព និង​សុវត្ថិភាព ជា​កត្តា​អាទិភាព​ចម្បង​»៕