ភ្នំពេញៈ​ មន្ត្រី​អង្គការ​សុខភាព​ពិភព​​លោក​បាន​អះអាងថា ការដំឡើង​ពន្ធ​ថ្នាំជក់​នឹង​នាំឱ្យ​រដ្ឋាភិបាល​ទទួលបាន​ប្រាក់ចំណូល​ពន្ធ​បន្ថែម និង​កាត់បន្ថយ​អ្នកស្លាប់ ឈឺ ពិការ ដោយសារ​ជំងឺ​បង្កឡើង​ដោយ​ថ្នាំជក់ តែ​ក្រុមហ៊ុន​ថ្នាំជក់​បាន​រារាំង​ឬ​ពន្យារពេល​ក្នុងការ​ដំឡើង​ពន្ធ​ថ្នាំជក់​ដោយ​ប្រើ​យុទ្ធសាស្ត្រ​បំភ័យ (SCARE Tactics) ដើម្បី​ការពារ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។​


​នេះ​ជាការ​លើកឡើង​របស់លោក យ៉ិ​ល ដារ៉ាវុធ មន្ត្រី​បច្ចេកទេស​នៃ​អង្គការ​សុខភាព​ពិភពលោក (WHO) នៅក្នុង​វេទិកា​ពិភាក្សា​តុមូល​ស្តីពី​វិធាន​ការ​ពន្ធ​លើ​ថ្នាំជក់​កាលពី​ថ្ងៃទី​​​ ១៩ ខែធ្នូ ឆ្នាំ​ ២០២៣ ​ដែល​បាន​រៀបចំឡើង​ដោយ​វិទ្យាស្ថាន​សិក្សា​ចិន​នៃ​រាជ​​បណ្ឌិត្យសភា​កម្ពុជា​។ វេទិកា​នេះ​មានការ​ចូលរួម​ពី​អ្នកជំនាញ​និង​អ្នកសិក្សា​ស្រាវជ្រាវ​ពាក់ព័ន្ធ​នឹង​បញ្ហា​ថ្នាំជក់​នៅ​កម្ពុជា​,​មជ្ឈមណ្ឌល​ជាតិ​សុខភាព​សា​ធារ​ណៈ​,​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញ​​វត្ថុ​, អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា​,​ក្រុមប្រឹក្សា​សេដ្ឋកិច្ច សង្គម និង​វប្បធម៌​រាជបណ្ឌិត្យសភាកម្ពុជា​។​

​លោក​ យ៉ិ​ល ដារ៉ាវុធ បាន​អះអាងថា ក្រុមហ៊ុន​ថ្នាំជក់​បាន​រារាំង​ឬ​ពន្យារពេល​ក្នុងការ​ដំឡើង​ពន្ធ​ថ្នាំជក់​ដោយ​ប្រើ​យុទ្ធសាស្ត្រ​បំភ័យ​ (SCARE Tactics)​ មាន​ជាអាទិ៍​៖ ​ការដំឡើង​ពន្ធ​នឹង​នាំឱ្យមាន​បារី​គេចពន្ធ ចាត់វិធានការ​ផ្លូវច្បាប់​ចំពោះ​វិធាន​ការដំឡើង​ពន្ធ​ខ្ពស់ ពន្ធ​បារី​ខ្ពស់​ប៉ះពាល់​អ្នកមាន​ប្រាក់ចំណូល​ទាប ដំឡើង​ពន្ធ​បារី​រដ្ឋ​បាត់​​បង់​ចំណូល​ពន្ធ ពន្ធ​បារី​ខ្ពស់​បាត់បង់​ការងារ​ចំពោះ​ប្រជាពលរដ្ឋ​។​


​លោក​បាន​បញ្ជាក់ថា​៖«​ដូច​យើង​ដឹង​ហើយ​ថា ប្រទេស​ថៃ និង​ប្រទេស​ហ្វីលីពីន​មាន​បន្ទុក​ពន្ធ​បារី​ ៧៨ ​ភាគរយ និង ​៧១ ​ភាគរយ ប៉ុន្តែ​មាន​បារី​គេចពន្ធ​ត្រឹម ​៥,៥​ ភាគរយ​ និង ​៦,៥​ ភាគរយ​រៀង​គ្នា ទាប​ជាងគេ​ក្នុង​តំបន់​អាស៊ាន​។ ការដំឡើង​ពន្ធ​បារី មិន​ជាប់ទាក់ទង​នឹង​ការរត់ពន្ធ​បារី​ខុសច្បាប់​ទេ ប៉ុន្តែ​វា​ពាក់​ព័ន្ធ​នឹង​អភិបាលកិច្ច​របស់​អាជ្ញា​ធរ​របស់​ប្រទេស​នីមួយៗ​។ ម្យ៉ាងវិញទៀត គ្មាន​ប្រទេស​ណាមួយ​ដែល​ទទួលបាន​ប្រាក់ចំណូល​ពន្ធ​តិចជាង​មុន ក្រោយពេល​ដំឡើង​ពន្ធ ប្រសិនបើ​ប្រទេស​នោះ​មាន​អភិបាលកិច្ច​ល្អ​លើ​ការប្រមូល​ពន្ធ​»​។​

​លោក​បាន​បន្ថែមថា ដោយ​ឃើញ​លទ្ធភាព​ទិញ​បារី​របស់​ប្រជាពលរដ្ឋ​នៅមានកម្រិត​ខ្ពស់ ទើប​ក្រុមហ៊ុន​បារី​មួយចំនួន​បាន​ដំឡើងថ្លៃ​បារី​ក្នុង​រយៈ​ពេល ​៦ ​ខែ​នេះ មុន​អត្រាពន្ធ​បារី​ត្រូវបាន​ដំឡើង​។ ​បើតាម​ការវិភាគ​រប​ស់​សម្ព័ន្ធ​គ្រប់គ្រង​ថ្នាំជក់​អាស៊ីអាគ្នេយ៍​ (SEATCA) ​ការដំឡើងថ្លៃ​បារី​លក់​នៅ​ទីផ្សារ​មុន​អត្រាពន្ធ​បារី​ត្រូវបាន​ដំឡើង ធ្វើឱ្យ​ក្រុមហ៊ុន​ចំណេញ​ថែម​ប្រមាណ​ ៨ ​លាន​ដុល្លារ​សហរដ្ឋអាមេរិក ចំពោះ​បារី​ផលិត​ក្នុងស្រុក​។​


​ជាមួយគ្នានេះ លោក​វេជ្ជបណ្ឌិត មុំ គង់ នាយក​ប្រតិបត្តិ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា​បានឱ្យដឹង​ដែរ​ថា យោងតាម​ការសិក្សា​ស្រាវជ្រាវ និង​របាយការណ៍​រប​ស់​ក្រសួងសុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក គេ​បាន​ប្រមូល​ទិន្នន័យ​ទាក់ទង​នឹង​ការ​គាំទ្រ​ក្នុង​ការដំឡើង​ពន្ធ​លើ​ផលិត​ផល​ថ្នាំជក់​។​

​លោក​បាន​បន្ថែមថា នៅក្នុង​របាយការណ៍​បាន​បង្ហាញថា អ្នកគាំទ្រ​ឱ្យមាន​ការដំឡើង​ពន្ធ​លើ​ផលិតផល​ថ្នាំជក់​មាន​ប្រមាណ​ ៩៤ ​ភាគរយ ខណៈ​អ្នក​មិន​គាំទ្រ​មាន​ប្រមាណ​ត្រឹមតែ​៦​ភាគរយ​ប៉ុណ្ណោះ​។​

​លោក មុំ គង់ បាន​បញ្ជាក់ថា​៖ «​កម្ពុ​ជាមាន​បន្ទុក​ពន្ធ​លើ​ផលិតផល​ថ្នាំជក់​នៅ​កម្រិត​ទាប​នៅឡើយ ដោយ​យកពន្ធ​ត្រឹម ២៥​ ភាគរយ សម្រាប់​បារី​ក្នុងស្រុក និង​ ៣១​ ភាគរយ សម្រាប់​បារី​នាំចូល ធៀប​នឹង​តម្លៃ​លក់រាយ​។ បន្ទុក​ពន្ធ​បារី​ទាប​បែបនេះ​ធ្វើឱ្យ​តម្លៃ​បារី​នៅលើ​ទីផ្សារ​មានតម្លៃ​ថោក ដែល​ជំរុញ​ឱ្យ​យុវជន​ចាប់ផ្ដើម​ជក់បារី​និង​អ្នក​កំពុង​ជក់បារី​ឱ្យ​ជក់​កាន់តែច្រើន​»​។​

​ជាមួយគ្នា​នោះដែរ លោក គី សេរី​វឌ្ឍន៍ ប្រធាន​វិទ្យាស្ថាន​សិក្សា​ចិន និង​ជា​អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើង​ដែរ​ថា បរិយាកាស​នៃ​ការប្រើប្រាស់​ថ្នាំជក់ បាន​ផ្លាស់​ចេញពី​ការទទួល​ទាន​បារី មកជា​ការ​ទទួលទាន​បារី​អេឡិចត្រូនិក​សម្រាប់​យុវជន​ដែល​អាច​នឹងធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​សុខភាព​របស់គាត់ និង​រួម​​ចំណែក​ក្នុង​រារាំង​ដល់​ការរីកចម្រើន​នៃ​អាយុ​សង្ឃឹម​រស់​ឬ​ហៅថា​អាយុ​មធ្យម របស់​ប្រជាពលរដ្ឋ​។​

​លោក​ គី សេរី​វឌ្ឍន៍ បាន​ថ្លែងថា​៖ «​ចំណុច​មួយទៀត​ដែរ​ដែល​ខ្ញុំ​ចាប់​អារម្មណ៍ គឺ​ការចំណាយ​លើ​សេវា​សុខភាព​ប្រជាពលរដ្ឋ នឹង​អាច​ក្លាយជា​បន្ទុក​ធំ​ក្នុងការ​ចំណាយ​របស់​រា​ជ​​រដ្ឋាភិបាល ប្រសិនបើ​ប្រជាពលរដ្ឋ​រង​ជំងឺ ដោយសារ​ការជក់បារី​ដោយ​បច្ចុប្បន្ន​ការចំណាយ​របស់​រដ្ឋាភិបាល​គឺ​ពឹង​ផ្អែកលើ​ហិរញ្ញវត្ថុ​ដែល​រដ្ឋា​ភិ​
​បាល​មាន​គោលការណ៍​បង្កើន​ចំណាយ​សាធារណៈ​ជា​រៀងរាល់ឆ្នាំ​។ បច្ចុប្បន្ន​ពន្ធ​លើ​ថ្នាំជក់​រួមមាន​អាករ​ពិសេស អាករ​បំភ្លឺ​សាធារណៈ អាករ​លើ​តម្លៃបន្ថែម​ពន្ធ​នាំចូល​និង​ពន្ធ​លើ​ប្រាក់​ចំណូល​ប្រាក់ចំណេញ​»​។​

​តាម​ការសិក្សា​ស្រាវជ្រាវ​សេដ្ឋកិច្ច​សកលលោក​បង្ហា​ញ​ថា អាយុ​មធ្យម​ដែល​ប្រជាពលរដ្ឋ​អាច​រកចំណូលបាន​ខ្ពស់​ជាងគេ​ក្នុង ​១ ​ជីវិត​មនុស្ស គឺ​ចន្លោះ​ពី​ ៤៥ ទៅ​ ៦០​ ឬ​ ៦៥ ឆ្នាំ ហើយ​ប្រសិនបើ​អាយុ​មធ្យម​របស់​ពលរ​ដ្ឋ​មាន​ត្រឹមតែ ​៦៧ ​ឆ្នាំ មានន័យ​ចូលមក​ដល់​អាយុ​ត្រូវ​រកចំណូលបាន​ខ្ពស់ បែរជា​ធ្លាក់​​ខ្លួន​ឈឺ និង​ឈានទៅដល់​មរណភាព ដែល​គួរ​ពិចារណា​លើ​ចំណុច​នេះ​។​

​បើតាម​របាយការណ៍​ពី​អង្គការ​សុខភាព​ពិភពលោក​នៅ​កម្ពុជា ប្រជា​ពលរដ្ឋ​ ១៥ ០០០​ នាក់ បាន​ស្លាប់​ជា​រៀង​រាល់​ឆ្នាំ​បណ្តាលមកពី​ជំងឺ​បង្កដោយ​ការប្រើប្រាស់​ថ្នាំជក់ រួមមាន ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ជំងឺ​ស្ទះ​សរសៃឈាម​បេះដូង ជំងឺឆ្លង​ផ្លូវដង្ហើម​ផ្នែក​ខាងក្រោម ជំងឺ​ត្បៀត​ទងសួត​រ៉ាំរ៉ៃ និង​ជំងឺមហារីក​សួត ទងសួត​និង​បំពង់ខ្យល់ ហើយ​ ៣៣​ ភាគរយ​នៃ​អ្នកស្លាប់​ទាំង​អស់​កើតឡើង​ចំពោះ​អ្នកមាន​ប្រាក់ចំណូល​ទាប​បំផុត​។ លើសពីនេះ​ទៀត ការប្រើ​ថ្នាំជក់​បណ្តាលឱ្យ​ខាតបង់​ ៦៤៩ លាន​ដុល្លារ ​[​ក្នុង​ ១​ ឆ្នាំ​]​ ដែល​ស្មើនឹង​ ៣ ​ភាគរយ​នៃ​ GDP ​របស់​កម្ពុជា​៕